Revelation of John 2
1«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងអេភេសូរថាព្រះអង្គដែលកាន់ផ្កាយទាំងប្រាំពីរនៅព្រះហស្ដស្ដាំហើយដែលយាងដើរនៅកណ្ដាលជើងចង្កៀងមាសទាំងប្រាំពីរមានបន្ទូលដូច្នេះថា 2យើងស្គាល់ការប្រព្រឹត្ដិការនឿយហត់ព្រមទាំងការស៊ូទ្រាំរបស់អ្នកហើយទាំងដឹងថាអ្នកមិនអាចទ្រាំទ្រនឹងពួកមនុស្សអាក្រក់បានឡើយ។អ្នកបានល្បងលពួកអ្នកដែលហៅខ្លួនឯងថាជាសាវកប៉ុន្ដែពួកគេមិនមែនជាសាវកទេគឺអ្នកបានឃើញថាពួកគេជាអ្នកភូតភរវិញ។ 3អ្នកបានអត់ធ្មត់ហើយស៊ូទ្រាំដោយព្រោះឈ្មោះរបស់យើងឥតនឿយណាយឡើយ 4ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះគឺអ្នកបានបោះបង់ចោលសេចក្ដីស្រលាញ់ដើមរបស់អ្នកហើយ។ 5ដូច្នេះចូរនឹកចាំពីកន្លែងដែលអ្នកបានធ្លាក់ចុះរួចប្រែចិត្ដហើយប្រព្រឹត្ដអំពើដែលអ្នកធ្លាប់ប្រព្រឹត្ដកាលពីដើមនោះវិញបើមិនដូច្នេះទេយើងនឹងមកឯអ្នកហើយដកយកជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វាលើកលែងតែអ្នកប្រែចិត្ដ។ 6ប៉ុន្ដែអ្នកមានសេចក្ដីនេះគឺអ្នកស្អប់ការប្រព្រឹត្ដិរបស់ពួកនីកូឡាសដែលយើងក៏ស្អប់ដែរ។ 7អ្នកណាមានត្រចៀកចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះយើងនឹងឲ្យអ្នកនោះបរិភោគពីដើមជីវិតដែលនៅស្ថានសួគ៌ជាស្ថានរបស់ព្រះជាម្ចាស់»។ 8«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងស្មឺណាថាព្រះដ៏ជាមុនគេនិងជាក្រោយគេដែលបានស្លាប់ហើយរស់ឡើងវិញមានបន្ទូលដូច្នេះថា 9យើងស្គាល់សេចក្ដីវេទនានិងភាពក្រីក្ររបស់អ្នកហើយប៉ុន្ដែអ្នកជាអ្នកមានវិញហើយយើងស្គាល់ការជេរប្រមាថរបស់ពួកអ្នកដែលហៅខ្លួនថាជាជនជាតិយូដាដែរប៉ុន្ដែពួកគេមិនមែនជាជនជាតិយូដាទេគឺជាក្រុមជំនុំរបស់អារក្សសាតាំងវិញ។ 10កុំខ្លាចសេចក្ដីដែលអ្នករាល់គ្នាត្រូវរងទុក្ខនោះឡើយមើល៍អារក្សសាតាំងបម្រុងនឹងបោះអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុកហើយដើម្បីល្បងលអ្នករាល់គ្នាហើយអ្នករាល់គ្នានឹងត្រូវរងទុក្ខវេទនាអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់ស្លាប់ចុះនោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។ 11អ្នកណាមានត្រចៀកចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះសេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ»។ 12«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងពើកាម៉ុសថាព្រះអង្គដែលមានដាវមុខពីរដ៏មុតមានបន្ទូលដូច្នេះថា 13យើងស្គាល់កន្លែងដែលអ្នករស់នៅហើយគឺជាកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំងប៉ុន្ដែអ្នកនៅតែស្មោះស្ម័គ្រនឹងឈ្មោះរបស់យើងហើយមិនបានលះបង់ចោលជំនឿលើយើងឡើយទោះបីជាក្នុងពេលដែលអាន់ទីប៉ាសជាសាក្សីដ៏ស្មោះត្រង់របស់យើងត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នាជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ 14ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីខ្លះពីព្រោះក្នុងចំណោមអ្នកមានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់បាឡាមដែលបានបង្រៀនបាឡាកឲ្យដាក់អន្ទាក់នៅពីមុខពួកកូនចៅអ៊ីស្រាអែលដើម្បីនាំពួកគេឲ្យបរិភោគសំណែនដល់រូបព្រះហើយឲ្យប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទ 15ហើយក្នុងចំណោមអ្នកក៏មានអ្នកដែលកាន់តាមសេចក្ដីបង្រៀនរបស់ពួកនីកូឡាសយ៉ាងដូច្នោះដែរ។ 16ដូច្នេះចូរប្រែចិត្ដបើមិនដូច្នោះទេយើងនឹងមកឯអ្នកយ៉ាងឆាប់ហើយច្បាំងនឹងពួកគេដោយដាវដែលចេញពីមាត់របស់យើង។ 17អ្នកណាមានត្រចៀកចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ។ អ្នកណាមានជ័យជម្នះយើងនឹងឲ្យនំម៉ាណាដែលបានលាក់ទុកដល់អ្នកនោះហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះនៅលើក្រួសនោះមានសរសេរឈ្មោះថ្មីមួយដែលគ្មានអ្នកណាស្គាល់ឡើយលើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ»។ 18«ចូរសរសេរទៅទេវតារបស់ក្រុមជំនុំនៅក្រុងធាទេរ៉ាថាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ដែលមានព្រះនេត្រដូចជាអណ្ដាតភ្លើងនិងបាទាដូចជាលង្ហិនដ៏ភ្លឺរលោងមានបន្ទូលដូច្នេះថា 19យើងស្គាល់ការប្រព្រឹត្ដិសេចក្ដីស្រលាញ់ជំនឿការបម្រើនិងការស៊ូទ្រាំរបស់អ្នកហើយទាំងដឹងថាការប្រព្រឹត្ដិរបស់អ្នកនៅគ្រាចុងក្រោយនេះប្រសើរជាងមុនទៅទៀត 20ប៉ុន្ដែយើងប្រកាន់នឹងអ្នកអំពីសេចក្ដីនេះគឺអ្នកបានបណ្ដោយឲ្យយេសិបិលជាស្រ្ដីដែលហៅខ្លួនឯងថាជាអ្នកនាំព្រះបន្ទូលបង្រៀនហើយនាំពួកបាវបម្រើរបស់យើងឲ្យវង្វេងទៅប្រព្រឹត្ដអំពើអសីលធម៌ខាងផ្លូវភេទនិងបរិភោគសំណែនដល់រូបព្រះទៀតផង 21យើងបានផ្ដល់ឱកាសឲ្យនាងប្រែចិត្ដប៉ុន្ដែនាងមិនចង់ប្រែចិត្ដពីអំពើអសីលធម៌ខាងផ្លូវភេទរបស់នាងឡើយ។ 22មើល៍យើងនឹងបោះនាងទៅលើគ្រែហើយបោះពួកអ្នកដែលប្រព្រឹត្ដអំពើផិតក្បត់ជាមួយនាងទៅក្នុងសេចក្ដីវេទនាជាខ្លាំងលើកលែងតែពួកគេប្រែចិត្ដពីការប្រព្រឹត្ដិរបស់នាង។ 23យើងនឹងសម្លាប់កូនចៅរបស់នាងរីឯក្រុមជំនុំទាំងអស់នឹងដឹងថាយើងនេះហើយដែលឈ្វេងយល់ពីចិត្ដគំនិតហើយយើងនឹងសងអ្នករាល់គ្នាតាមការប្រព្រឹត្ដិរៀងៗខ្លួន 24ប៉ុន្ដែអ្នកផ្សេងទៀតក្នុងចំណោមអ្នករាល់គ្នានៅក្រុងធាទេរ៉ាដែលមិនបានកាន់តាមសេចក្ដីបង្រៀននោះគឺដែលមិនបានស្គាល់សេចក្ដីជ្រៅជ្រះរបស់អារក្សសាតាំងដូចដែលគេហៅយើងប្រាប់អ្នករាល់គ្នាថាយើងនឹងមិនដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នាទេ 25ប៉ុន្ដែចូរកាន់ខ្ជាប់សេចក្ដីដែលអ្នករាល់គ្នាមានរហូតដល់យើងមកចុះ។ 26អ្នកណាមានជ័យជម្នះហើយបំពេញកិច្ចការរបស់យើងរហូតដល់ទីបញ្ចប់យើងនឹងឲ្យអ្នកនោះមានសិទ្ធិអំណាចលើជនជាតិទាំងឡាយ 27អ្នកនោះនឹងគ្រប់គ្រងពួកគេដោយដំបងដែកនិងកម្ទេចពួកគេដូចជាភាជនៈធ្វើពីដីឥដ្ឋ 28គឺដូចដែលយើងបានទទួលសិទ្ធិអំណាចពីព្រះវរបិតារបស់យើងដែរហើយយើងនឹងឲ្យផ្កាយព្រឹកដល់អ្នកនោះ។ 29អ្នកណាមានត្រចៀកចូរស្ដាប់សេចក្ដីដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ក្រុមជំនុំទាំងនោះចុះ»។
Copyright information for
KhmKCB