‏ 1 Corinthians 3

1បងប្អូនអើយ! ​ខ្ញុំ​មិន​អាច​និយាយ​ទៅកាន់​អ្នករាល់គ្នា​ដូច​ជា​មនុស្ស​ខាង​វិញ្ញាណ​បាន​ទេ​ប៉ុន្តែ​ត្រូវ​និយាយ​ដូចជា​មនុស្ស​ខាង​សាច់ឈាម​វិញ​គឺ​ដូចជា​និយាយ​ទៅកាន់​ទារក​នៅក្នុង​ព្រះ​គ្រិស្ដ 2ខ្ញុំបាន​ឲ្យ​ទឹកដោះ​អ្នករាល់គ្នា​ផឹក​មិន​មែន​អាហាររឹង​ទេ​ដ្បិត​អ្នករាល់គ្នា​មិន​ទាន់​អាច​បរិភោគ​បាន​ឡើយ​ហើយ​ឥឡូវនេះ​ក៏​នៅតែ​មិន​អាច​ដែរ 3ដ្បិតអ្នករាល់គ្នា​នៅ​តែ​ជា​មនុស្ស​ខាង​សាច់ឈាម​ព្រោះ​មាន​សេចក្ដី​ច្រណែន​និង​ការ​ឈ្លោះប្រកែក​នៅក្នុង​ចំណោម​អ្នករាល់គ្នា។ ​តើ​អ្នករាល់គ្នា​មិន​មែន​ជា​មនុស្ស​ខាង​សាច់ឈាម​ហើយ​រស់នៅ​តាម​បែប​មនុស្ស​ទេ​ឬ? 4ដ្បិតពេល​ម្នាក់​និយាយ​ថា​ខ្ញុំ​ជា​សិស្ស​របស់​លោក​ប៉ូល​ហើយ​ម្នាក់​ទៀត​ថា​ខ្ញុំ​ជា​សិស្ស​របស់​លោក​អ័ប៉ុឡូស​តើ​អ្នករាល់គ្នា​មិន​មែន​ជា​មនុស្ស​ទេ​ឬ? 5ដូច្នេះតើ​លោក​អ័ប៉ុឡូស​ជា​អ្វី? ​ហើយ​លោក​ប៉ូល​ជា​អ្វី? ​គឺ​ជា​អ្នកបម្រើ​ដែល​នាំ​ឲ្យ​អ្នករាល់គ្នា​ជឿ​ហើយ​ម្នាក់ៗ​ធ្វើ​តាម​ដែល​ព្រះអម្ចាស់​ប្រទានឲ្យ។ 6ខ្ញុំបាន​ដាំ​លោក​អ័ប៉ុឡូស​បាន​ស្រោច​ទឹក​ប៉ុន្តែ​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​ដុះ​ឡើង 7ដូច្នេះអ្នក​ដាំ​និង​អ្នក​ស្រោច​ទឹក​មិន​សំខាន់​ទេ​គឺ​ព្រះជាម្ចាស់​ដែល​ជា​អ្នក​ធ្វើ​ឲ្យ​ដុះ​ឡើង​ទេ​ទើបសំខាន់ 8ឯអ្នក​ដាំ​និង​អ្នក​ស្រោច​ទឹក​ដូច​គ្នា​ទេ​គឺ​ម្នាក់ៗ​នឹង​ទទួល​រង្វាន់​តាម​ពលកម្ម​របស់​ខ្លួន 9ដ្បិតយើង​ជា​អ្នក​ធ្វើ​ការ​រួមគ្នា​រីឯ​អ្នករាល់គ្នា​ជា​ស្រែ​របស់​ព្រះជាម្ចាស់​និង​ជា​ដំណាក់​របស់​ព្រះជាម្ចាស់។ 10ស្របតាមព្រះ​គុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ប្រទានឲ្យ​ខ្ញុំ​ខ្ញុំ​បាន​ចាក់​គ្រឹះ​ដូចជា​ជាង​ដ៏​ចំណាន​ម្នាក់​ហើយ​មាន​អ្នក​ផ្សេងទៀត​សង់​ពីលើ​នោះ​ប៉ុន្តែ​ម្នាក់ៗ​ត្រូវ​ប្រយ័ត្ន​អំពី​របៀប​ដែល​ខ្លួន​សង់លើ​គ្រឹះ​នោះ 11ដ្បិតគ្មាន​អ្នកណា​ម្នាក់​អាច​ចាក់​គ្រឹះ​ផ្សេង​ទៀត​បាន​ទេ​ក្រៅពី​គ្រឹះ​ដែល​បាន​ចាក់​រួច​ហើយ​គឺជា​ព្រះ​យេស៊ូ​គ្រិស្ត។ 12បើអ្នកណា​ម្នាក់​យក​មាស​ប្រាក់​ត្បូង​ដ៏មានតម្លៃ​ឈើ​ចំបើង​ឬ​ស្បូវ​មក​សង់​លើ​គ្រឹះ​នោះ 13កិច្ចការរបស់​គេ​ម្នាក់ៗ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ដ្បិត​នឹង​ធ្វើ​ឲ្យ​ដឹង​ច្បាស់​នៅ​ថ្ងៃ​ចុងក្រោយ​ពីព្រោះ​កិច្ចការ​នោះ​ត្រូវ​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​ភ្លើង​គឺ​ភ្លើង​នឹង​ពិសោធ​កិច្ចការ​របស់​គេ​ម្នាក់ៗ​ឲ្យ​ឃើញ​ជា​យ៉ាង​ណា 14បើកិច្ចការ​របស់​អ្នកណា​ម្នាក់​ដែល​បាន​សង់លើ​គ្រឹះ​នៅ​ស្ថិតស្ថេរ​អ្នក​នោះ​នឹង​ទទួល​បាន​រង្វាន់ 15បើកិច្ចការ​របស់​អ្នកណា​ម្នាក់​ត្រូវ​ឆេះ​អស់​អ្នក​នោះ​នឹង​ត្រូវ​ខាតបង់​វិញ​ប៉ុន្តែ​ខ្លួន​គាត់​នឹង​ទទួល​បាន​សេចក្ដីសង្គ្រោះ​ដូចជា​ទើប​ឆ្លង​កាត់​ភ្លើង​ដូច្នេះ​ដែរ 16តើអ្នករាល់គ្នា​មិន​ដឹង​ទេ​ឬ​ថា​អ្នករាល់គ្នា​ជា​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​ហើយ​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​គង់​នៅ​ក្នុង​អ្នករាល់គ្នា? 17បើអ្នកណា​ម្នាក់​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​ព្រះជាម្ចាស់​នឹង​បំផ្លាញ​អ្នកនោះ​ដ្បិត​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បរិសុទ្ធ​គឺ​ជា​អ្នករាល់គ្នា​នេះ​ហើយ។ 18ចូរកុំ​បញ្ឆោត​ខ្លួនឯង​ឡើយ​បើ​អ្នកណា​ម្នាក់​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ស្មាន​ថា​ខ្លួន​មាន​ប្រាជ្ញា​នៅក្នុង​លោកិយ​នេះ​ចូរ​ឲ្យ​អ្នកនោះ​ត្រលប់ជា​ល្ងង់ខ្លៅ​ចុះ​ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា 19ព្រោះប្រាជ្ញា​របស់​លោកិយ​នេះ​ជា​សេចក្ដី​ល្ងង់ខ្លៅ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដ្បិត​មាន​សេចក្ដីចែង​ទុក​ថា៖ ​«​​ព្រះអង្គ​ចាប់​ពួក​អ្នកប្រាជ្ញ​ដោយសារ​ល្បិចកល​របស់​គេ» 20ហើយមាន​ចែង​ទុក​ទៀត​ថា៖ ​«ព្រះអម្ចាស់​ជ្រាប​ថា​គំនិត​របស់​ពួក​អ្នកប្រាជ្ញ​គ្មាន​ប្រយោជន៍​ឡើយ​»​ 21ដូច្នេះកុំ​អួត​អំពី​មនុស្ស​ឡើយ​ដ្បិត​អ្វីៗ​ទាំងអស់​ជា​របស់​អ្នករាល់គ្នា 22មិនថាលោក​ប៉ូល​លោក​អ័ប៉ុឡូស​លោក​កេផាស​ពិភពលោក​នេះ​ជីវិត​សេចក្ដី​ស្លាប់​អ្វីៗ​នា​បច្ចុប្បន្ន​ឬ​អ្វីៗ​នា​អនាគត​គឺ​ជា​របស់​អ្នករាល់គ្នា​ទាំងអស់ 23ហើយអ្នករាល់គ្នា​ជា​របស់​ព្រះ​គ្រិស្ដ​ហើយ​ព្រះ​គ្រិស្ដ​ជា​របស់​ព្រះជាម្ចាស់។
Copyright information for KhmKCB