‏ 1 Thessalonians 2

1បងប្អូនអើយ! ​អ្នករាល់គ្នា​ដឹង​ហើយ​ថា​ការ​ដែល​យើង​មកឯ​អ្នករាល់គ្នា​នេះ​មិនមែន​ឥតប្រយោជន៍​ទេ 2គឺដូច​ដែល​អ្នករាល់គ្នា​បាន​ដឹង​ស្រាប់​ហើយ​ថា​ក្រោយ​ពេល​ដែល​យើង​រងទុក្ខលំបាក​និង​ត្រូវ​គេ​ប្រមាថ​នៅ​ក្រុង​ភីលីព​រួច​មក​នោះ​យើង​មាន​សេចក្ដី​ក្លាហាន​នៅក្នុង​ព្រះជាម្ចាស់​របស់​យើង​ដើម្បី​ប្រកាស​ប្រាប់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​របស់​ព្រះអង្គ​ទោះបី​មាន​ការ​តយុទ្ធ​យ៉ាងខ្លាំង​ក៏ដោយ។ 3ដ្បិតសេចក្ដី​ទូន្មាន​របស់​យើង​មិនមែន​មកពី​សេចក្ដី​បោកប្រាស់​សេចក្ដី​ស្មោក​គ្រោក​ឬ​ល្បិចកល​ឡើយ 4ផ្ទុយទៅវិញព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ផ្ទុកផ្ដាក់​ដំណឹងល្អ​ឲ្យ​យើង​ប្រកាស​យ៉ាងណា​យើង​ក៏​ប្រកាស​យ៉ាងនោះ​គឺ​មិនមែន​ដើម្បី​ផ្គាប់ចិត្ដ​មនុស្ស​ទេ​គឺ​ដើម្បី​ឲ្យ​ព្រះជាម្ចាស់​ដែល​ពិសោធ​ចិត្ដ​របស់​យើង​សព្វព្រះហឫទ័យ​វិញ។ 5អ្នករាល់គ្នាដឹង​ស្រាប់​ហើយ​ថា​យើង​មិន​ដែល​ប្រើ​ពាក្យ​សំដី​បញ្ចើច​បញ្ចើ​ឬ​មាន​ពុត​ដោយព្រោះ​សេចក្ដី​លោភលន់​ឡើយ​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់ 6ហើយយើង​ក៏​មិន​បាន​រក​ការ​សរសើរ​ពី​មនុស្ស​ដែរ​ទោះបី​ពី​អ្នករាល់គ្នា​ឬ​ពី​អ្នកដទៃ​ក្ដី។ 7យើងអាច​អាង​សិទ្ធិអំណាច​ដែល​ជា​សាវក​របស់​ព្រះ​គ្រិស្ដ​ក៏​បាន​ដែរ​ប៉ុន្ដែ​យើង​ប្រព្រឹត្ដ​ស្លូតបូត​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ប្រៀប​ដូចជា​ម្ដាយ​ថ្នាក់ថ្នម​កូន​របស់​ខ្លួន។ 8យើងស្រលាញ់​អ្នករាល់គ្នា​ខ្លាំងណាស់​បានជា​យើង​មិន​ត្រឹមតែ​ពេញចិត្ដ​ប្រគល់​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នករាល់គ្នា​ប៉ុណ្ណោះ​ទេ​គឺ​ថែម​ទាំង​ជីវិត​របស់​យើង​ទៀត​ផង​ព្រោះ​អ្នករាល់គ្នា​បាន​ត្រលប់ជា​អ្នកជាទីស្រលាញ់​របស់​យើង។ 9បងប្អូនអើយ! ​អ្នករាល់គ្នា​ពិតជា​នៅ​ចាំ​អំពី​ការ​លំបាក​និង​ការ​នឿយហត់​របស់​យើង​មិន​ខាន​គឺ​នៅពេល​យើង​ប្រកាស​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នករាល់គ្នា​យើង​បាន​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​យើង​ត្រលប់ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​ឡើយ។ 10អ្នករាល់គ្នានិង​ព្រះជាម្ចាស់​ជា​សាក្សី​ស្រាប់​អំពី​របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា​ដែល​ជា​អ្នក​ជឿ​គឺ​ប្រព្រឹត្ដ​ដោយ​បរិសុទ្ធ​សុចរិត​ហើយ​ឥត​បន្ទោស​បាន។ 11អ្នករាល់គ្នាក៏​ដឹង​ដែរ​ថា​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នករាល់គ្នា​ដូចជា​ឪពុក​ប្រព្រឹត្ត​ចំពោះ​កូន​របស់​ខ្លួន 12គឺយើង​បាន​ទូន្មាន​លើកទឹកចិត្ត​ហើយ​ជម្រុញ​អ្នករាល់គ្នា​ឲ្យ​រស់នៅ​តាម​បែប​ស័ក្ដិសម​នឹង​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​អ្នករាល់គ្នា​មក​ក្នុង​នគរ​និង​សិរីរុងរឿង​របស់​ព្រះអង្គ។ 13យើងអរព្រះគុណ​ព្រះជាម្ចាស់​ឥតឈប់ឈរ​ដោយព្រោះ​ពេល​ដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដែល​យើង​បាន​ប្រកាស​អ្នករាល់គ្នា​មិន​បាន​ទទួល​ទុកជា​ពាក្យ​របស់​មនុស្ស​ទេ​ផ្ទុយទៅវិញ​ទុក​ជា​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ពិតប្រាកដ​មែន​ដែល​ធ្វើការ​នៅក្នុង​អ្នករាល់គ្នា​ដែល​ជឿ។ 14បងប្អូនអើយ! ​អ្នករាល់គ្នា​បាន​យក​តម្រាប់​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​នៅ​ស្រុកយូដា​ដ្បិត​អ្នករាល់គ្នា​បាន​ទទួល​រងទុក្ខ​ពី​ជនរួមជាតិ​របស់​ខ្លួន​ដូចដែល​ក្រុមជំនុំ​ទាំងនោះ​បាន​ទទួល​ពី​ជនជាតិយូដា​ដែរ 15ពួកគេបាន​សម្លាប់​ព្រះអម្ចាស់​យេស៊ូ​និង​ពួក​អ្នកនាំព្រះបន្ទូល​ព្រមទាំង​បៀតបៀន​យើង​ទៀត​ផង។ ​ពួកគេ​មិន​បាន​ធ្វើ​ឲ្យ​ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ទេ​ហើយ​ទាស់​នឹង​មនុស្ស​ទាំងអស់ 16ពួកគេបាន​រារាំង​យើង​មិន​ឲ្យ​ប្រកាស​ដំណឹងល្អ​ប្រាប់​សាសន៍ដទៃ​ទេ​ដើម្បី​កុំ​ឲ្យ​សាសន៍ដទៃ​ទទួល​បាន​សេចក្ដីសង្គ្រោះ​ពួកគេ​ធ្វើ​ដូច្នេះ​បាប​របស់​ពួកគេ​កាន់តែ​កើន​ឡើង​ជានិច្ច​ហើយ​នៅ​ទីបំផុត​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់​បាន​ធ្លាក់​មក​លើ​ពួកគេ។ 17រីឯយើង​វិញ​បងប្អូន​អើយ! ​ទោះបី​យើង​ឃ្លាត​ពី​អ្នករាល់គ្នា​មួយរយៈ​មែន​ប៉ុន្ដែ​យើង​ឃ្លាត​តែ​រូបកាយ​ប៉ុណ្ណោះ​មិន​បាន​ឃ្លាត​ចិត្ត​ទេ​ដូច្នេះ​ធ្វើ​ឲ្យ​យើង​កាន់តែ​សង្វាត​ចង់​ជួប​មុខ​អ្នករាល់គ្នា​យ៉ាងខ្លាំង 18ហេតុនេះហើយ​បានជា​យើង​ចង់​មក​ឯ​អ្នករាល់គ្នា​ណាស់​ខ្ញុំ​ប៉ូល​ចង់​មក​ឯ​អ្នករាល់គ្នា​មួយ​លើក​ពីរ​លើក​ហើយ​តែ​អារក្ស​សាតាំង​បាន​រារាំង​យើង 19ដ្បិតតើ​អ្នកណា​ជា​សេចក្ដី​សង្ឃឹម​និង​ជា​អំណរ​ឬ​ជា​មកុដ​ដែល​នាំ​ឲ្យ​យើង​មាន​មោទនៈភាព​នៅចំពោះ​ព្រះអម្ចាស់​យេស៊ូ​នៅ​ពេល​ព្រះអង្គ​យាងមក​វិញ? ​តើ​មិន​មែន​អ្នករាល់គ្នា​ទេ​ឬ? 20ព្រោះអ្នករាល់គ្នា​ជា​សិរីរុងរឿង​និង​ជា​អំណរ​របស់​យើង​មែន។
Copyright information for KhmKCB