‏ 1 Timothy 1

1ខ្ញុំប៉ូល​ជា​សាវក​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​ស្របតាម​សេចក្ដី​បង្គាប់​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​និង​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​ជា​ក្ដី​សង្ឃឹម​របស់​យើង 2ជូនចំពោះ​ធីម៉ូថេ​ជា​កូន​ពិត​ប្រាកដ​របស់​ខ្ញុំ​ខាង​ឯ​ជំនឿ។ ​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​និង​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ប្រទាន​ព្រះ​គុណ​សេចក្ដី​មេត្ដា​ករុណា​និង​សេចក្ដី​សុខសាន្ដ​ដល់​អ្នក។ 3ពេលខ្ញុំ​រៀប​ទៅ​ស្រុក​ម៉ាសេដូន​ខ្ញុំ​បាន​លើក​ទឹកចិត្ដ​អ្នក​ឲ្យ​ស្នាក់នៅ​ក្នុង​ក្រុង​អេភេសូរ​ដើម្បី​ឲ្យ​អ្នក​បង្គាប់​អ្នក​ខ្លះ​កុំ​ឲ្យ​បង្រៀន​សេចក្ដី​ផ្សេង 4ឬចាប់​អារម្មណ៍​នឹង​រឿង​ព្រេង​និង​បញ្ជី​វង្ស​ត្រកូល​ដែល​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ​ឡើយ​ព្រោះ​រឿង​ទាំង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​ជាជាង​ការ​បម្រើ​ព្រះជាម្ចាស់​ដោយ​ជំនឿ។ 5គោលបំណង​របស់​សេចក្ដី​បង្គាប់​នេះ​គឺ​ឲ្យ​មាន​សេចក្ដី​ស្រលាញ់​ដែល​កើត​ចេញ​ពី​ចិត្ដ​បរិសុទ្ធ​ពី​មនសិការ​ល្អ​និង​ពី​ជំនឿ​ដ៏​ឥត​ពុតត្បុត 6ដ្បិតអ្នក​ខ្លះ​បាន​វង្វេង​ចេញ​ពី​សេចក្ដី​ទាំងនេះ​ហើយ​បែរ​ទៅ​រក​ការ​និយាយ​ឥត​ប្រយោជន៍​វិញ 7ពួកគេចង់​ធ្វើ​ជា​គ្រូ​គម្ពីរ​វិន័យ​ប៉ុន្ដែ​ពួកគេ​មិន​យល់​សេចក្ដី​ដែល​ពួកគេ​និយាយ​ឬ​សេចក្ដី​ដែល​ពួកគេ​អះអាង​ផង។ 8យើងដឹង​ថា​គម្ពីរវិន័យ​ល្អ​បើ​គេ​ប្រើ​បាន​ត្រឹមត្រូវ 9យើងក៏​ដឹង​ការ​នេះ​ដែរ​ថា​ក្រឹត្យ​វិន័យ​មិន​មែន​បង្កើត​មក​សម្រាប់​មនុស្ស​សុចរិត​ទេ​គឺ​សម្រាប់​មនុស្ស​ល្មើស​ច្បាប់​មនុស្ស​មិន​ស្ដាប់​បង្គាប់​មនុស្ស​មិន​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​មនុស្ស​បាប​មនុស្ស​មិន​បរិសុទ្ធ​មនុស្ស​ប្រមាថ​ព្រះជាម្ចាស់​មនុស្ស​សម្លាប់​ឪពុក​ម្ដាយ​មនុស្ស​សម្លាប់​គេ 10មនុស្សប្រព្រឹត្ដ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ​មនុស្ស​រួម​ភេទ​ជាមួយ​ភេទ​ដូចគ្នា​ពួក​ជួញ​ដូរ​មនុស្ស​ពួក​កុហក​ពួក​ស្បថ​បំពាន​និង​ការ​អ្វី​ផ្សេង​ទៀត​ដែល​ប្រឆាំង​នឹង​សេចក្ដី​បង្រៀន​ត្រឹម​ត្រូវ 11ដែលស្របទៅតាម​ដំណឹងល្អ​ដ៏​រុងរឿង​របស់​ព្រះជាម្ចាស់​ដ៏​មាន​ពរ​គឺ​ជា​ដំណឹងល្អ​ដែល​បាន​ផ្ទុកផ្ដាក់​ដល់​ខ្ញុំ។ 12ខ្ញុំសូម​អរ​ព្រះគុណ​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ដែល​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ដ្បិត​ព្រះអង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​ស្មោះត្រង់​ហើយ​បាន​តែងតាំង​ខ្ញុំ​ឲ្យ​បម្រើ​ព្រះអង្គ 13ទោះបីកាល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ​ព្រះជាម្ចាស់​ជា​អ្នក​បៀតបៀន​ហើយ​ជា​មនុស្ស​ព្រហើន​ក៏ដោយ​ក៏​ព្រះអង្គ​បាន​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដែរ​ព្រោះ​ខ្ញុំ​បាន​ប្រព្រឹត្ដ​ដោយ​មិន​យល់​និង​ដោយ​គ្មាន​ជំនឿ។ 14ព្រះអម្ចាស់របស់​យើង​បាន​ប្រទាន​ព្រះ​គុណ​ដល់​ខ្ញុំ​យ៉ាង​ច្រើន​ហួស​ប្រមាណ​ព្រម​ជាមួយ​នឹង​ជំនឿ​និង​សេចក្ដី​ស្រលាញ់​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ផង។ 15ពាក្យនេះ​គួរ​ឲ្យ​ជឿ​ហើយ​សម​នឹង​ទទួល​យក​ទាំងស្រុង​គឺ​ថា​ព្រះ​គ្រិស្ដ​យេស៊ូ​បាន​យាង​មក​ក្នុង​ពិភពលោក​នេះ​ដើម្បី​សង្គ្រោះ​មនុស្ស​បាប​ហើយ​ក្នុង​ចំណោម​នោះ​ខ្ញុំ​ជា​មនុស្ស​បាប​បំផុត 16ប៉ុន្ដែព្រះអង្គ​អាណិត​មេត្ដា​ដល់​ខ្ញុំ​ដូច្នេះ​គឺ​ដើម្បី​ឲ្យ​ព្រះ​គ្រិស្ដ​យេស៊ូ​បង្ហាញ​សេចក្ដី​អត់ធ្មត់​ដ៏​ពេញ​លេញ​របស់​ព្រះអង្គ​ដល់​ខ្ញុំ​ដែល​ជា​មនុស្ស​បាប​បំផុត​និង​ទុក​ជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះអង្គ​ដើម្បី​ឲ្យ​បាន​ជីវិត​អស់កល្ប​ជានិច្ច។ 17សូមឲ្យ​ព្រះ​មហា​ក្សត្រ​ដែល​គង់​នៅ​អស់កល្ប​ជានិច្ច​ជា​ព្រះជាម្ចាស់​តែ​មួយ​ដែល​មាន​ព្រះជន្ម​មិន​ចេះ​សាប​សូន្យ​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ​បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយស​និង​សិរីរុងរឿង​អស់កល្ប​ជានិច្ច​អាម៉ែន។ 18ធីម៉ូថេកូន​អើយ! ​ខ្ញុំ​ប្រគល់​សេចក្ដី​បង្គាប់​នេះ​ដល់​អ្នក​ស្របតាម​ព្រះ​បន្ទូល​ដែល​បាន​ថ្លែង​ទុក​អំពី​អ្នក​ដើម្បី​ឲ្យ​អ្នក​តយុទ្ធ​បាន​យ៉ាង​ល្អ​ដោយសារ​សេចក្ដី​ទាំង​នេះ 19និងដើម្បី​ឲ្យ​អ្នក​រក្សា​ជំនឿ​និង​មនសិការ​ល្អ​ដ្បិត​អ្នក​ខ្លះ​បាន​បោះបង់​ចោល​សេចក្ដី​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ជំនឿ​របស់​ពួកគេ​លិច​លង់។ 20ក្នុងចំណោម​អ្នក​ទាំងនោះ​មាន​លោក​ហ៊ីមេនាស​និង​លោក​អាឡិចសន់ឌើ​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អារក្ស​សាតាំង​ដើម្បី​ប្រដៅ​ពួកគេ​កុំ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ទៀត។
Copyright information for KhmKCB