‏ 1 Timothy 2

1ដូច្នេះខ្ញុំ​សូម​ដាស់តឿន​ជា​ដំបូង​ថា​ចូរ​ទូល​សុំ​អធិស្ឋាន​ហើយ​ទូលអង្វរ​ព្រមទាំង​អរ​ព្រះគុណ​សម្រាប់​មនុស្ស​ទាំងអស់ 2គឺទាំង​សម្រាប់​ស្ដេច​និង​អ្នក​កាន់​អំណាច​គ្រប់​គ្នា​ផង​ដើម្បី​ឲ្យ​យើង​រស់​នៅ​បាន​សុខសាន្ដ​ហើយ​ស្ងប់ស្ងាត់​ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​និង​ដោយ​ថ្លៃថ្នូរ​គ្រប់យ៉ាង 3ដ្បិតនេះ​ជា​ការ​ល្អ​ហើយ​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង 4ដែលព្រះអង្គ​ចង់​ឲ្យ​មនុស្ស​ទាំងអស់​ទទួល​បាន​សេចក្ដីសង្គ្រោះ​និង​ស្គាល់​សេចក្ដីពិត 5ដ្បិតមាន​ព្រះជាម្ចាស់​តែមួយ​ហើយ​មាន​អ្នក​សម្រុះ​សម្រួល​តែមួយ​រវាង​ព្រះជាម្ចាស់​និង​មនុស្ស​គឺ​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​ជា​មនុស្ស 6ព្រះអង្គបាន​ប្រគល់​អង្គទ្រង់​ទុក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្ស​ទាំងអស់​គឺ​ជា​សេចក្ដី​បន្ទាល់​ដែល​ប្រទាន​មក​នៅ​ពេល​កំណត់។ 7ព្រះអង្គបាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​និង​ជា​សាវក​សម្រាប់​សេចក្ដី​បន្ទាល់​នោះ​គឺ​ជា​គ្រូ​បង្រៀន​សាសន៍ដទៃ​អំពី​ជំនឿ​និង​សេចក្ដីពិត។ ​ខ្ញុំ​និយាយ​ពិត​ឥត​កុហក​ទេ។ 8ដូច្នេះខ្ញុំ​ចង់​ឲ្យ​ប្រុសៗ​អធិស្ឋាន​ទាំង​លើក​ដៃ​បរិសុទ្ធ​ឡើង​នៅ​គ្រប់​ទីកន្លែង​ដោយ​គ្មាន​កំហឹង​ឬ​ប្រកែក​គ្នា​ឡើយ 9រីឯស្រីៗ​វិញ​ក៏​ដូច្នោះ​ដែរ​ត្រូវ​តុបតែង​ខ្លួន​ដោយ​សម្លៀក​បំពាក់​សមរម្យ​សុភាព​រាបសា​មិន​ឆើត​ឆាយ​ហើយ​មិន​មែន​ដោយ​ក្រង​សក់​ពាក់​មាស​ពាក់​គជ់​ឬ​សម្លៀក​បំពាក់​ថ្លៃៗ​ឡើយ 10ផ្ទុយទៅវិញត្រូវ​តុបតែង​ខ្លួន​ដោយ​អំពើ​ល្អ​ឲ្យ​សម​ជា​ស្រ្ដី​ដែល​ប្រកាស​ខ្លួន​ថា​ជា​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់។ 11ត្រូវឲ្យ​ស្រីៗ​រៀន​ដោយ​ស្ងៀម​ស្ងាត់​និង​ចុះចូល​ទាំងស្រុង។ 12ខ្ញុំមិន​អនុញ្ញាត​ឲ្យ​ស្រ្ដី​ណា​បង្រៀន​ឬ​មាន​សិទ្ធិ​អំណាច​លើ​បុរស​ឡើយ​គឺ​ឲ្យ​នាង​នៅ​ស្ងៀមស្ងាត់​វិញ 13ដ្បិតព្រះជាម្ចាស់​បាន​បង្កើត​លោក​អ័ដាម​មុន​រួច​ទើប​បង្កើត​នាង​អេវ៉ា 14ហើយមិន​មែន​លោក​អ័ដាម​ទេ​ដែល​ចាញ់​បញ្ឆោត​គឺ​ស្រ្ដី​ទេ​ដែល​ចាញ់​បញ្ឆោត​នោះ​ហើយ​បាន​ប្រព្រឹត្ដ​ល្មើស 15ប៉ុន្ដែបើ​នាង​នៅ​ជាប់​ក្នុង​ជំនឿ​សេចក្ដី​ស្រលាញ់​និង​សេចក្ដី​បរិសុទ្ធ​ទាំង​មាន​អត្ដចរិត​ត្រឹមត្រូវ​នោះ​នាង​នឹង​បាន​សង្គ្រោះ​នៅពេល​ដែល​នាង​សម្រាល​កូន។
Copyright information for KhmKCB