‏ 1 Timothy 4

1ប៉ុន្ដែព្រះ​វិញ្ញាណ​មានបន្ទូល​យ៉ាង​ច្បាស់​ថា​នៅ​គ្រា​ចុង​ក្រោយ​នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ជំនឿ​ហើយ​ចាប់អារម្មណ៍​នឹង​វិញ្ញាណ​បោក​បញ្ឆោត​និង​សេចក្ដី​បង្រៀន​របស់​ពួក​អារក្ស 2ដោយសារពាក្យ​ពុតត្បុត​របស់​ពួក​កុហក​ដែល​មនសិការ​របស់​ពួកគេ​បាន​ស្ពឹក​អស់​ហើយ 3ពួកគេហាម​ឃាត់​មិន​ឲ្យ​រៀបការ​ហើយ​ឲ្យ​តម​អាហារ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សម្រាប់​ពួក​អ្នក​ជឿ​និង​ពួក​អ្នក​ដែល​ស្គាល់​សេចក្ដីពិត​បាន​បរិភោគ​ទាំង​អរ​ព្រះគុណ 4ដ្បិតអ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​សុទ្ធតែ​ល្អ​ដូច្នេះ​មិន​ត្រូវ​ចោល​អ្វី​ឡើយ​នៅ​ពេល​ទទួល​ដោយ​អរ​ព្រះគុណ​ហើយ 5ព្រោះអាហារ​ទាំងនោះ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​និង​ពាក្យ​ទូលអង្វរ។ 6បើអ្នក​បង្ហាញ​សេចក្ដី​ទាំងនេះ​ដល់​ពួក​បងប្អូន​ឲ្យ​ស្គាល់​នោះ​អ្នក​នឹង​ត្រលប់ជា​អ្នក​បម្រើ​ដ៏​ល្អ​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​ហើយ​ជា​អ្នក​ដែល​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ព្រះ​បន្ទូល​នៃ​ជំនឿ​និង​សេចក្ដី​បង្រៀន​ដ៏​ប្រសើរ​ដែល​អ្នក​បាន​កាន់​តាម។ 7ចូរបដិសេធ​រឿង​ព្រេង​ខាង​លោកិយ​របស់​ស្រី​ចាស់ៗ​ផ្ទុយទៅវិញ​ចូរ​បង្វឹក​ខ្លួន​ខាង​ឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ចុះ 8ព្រោះការ​បង្វឹក​ខ្លួន​ប្រាណ​មាន​ប្រយោជន៍​បន្ដិច​បន្ដួច​ទេ​ប៉ុន្ដែ​ការ​បង្វឹក​ខាងឯ​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​មាន​ប្រយោជន៍​សព្វ​បែបយ៉ាង​ដ្បិត​មាន​ទាំង​សេចក្ដី​សន្យា​សម្រាប់​ជីវិត​បច្ចុប្បន្ន​និង​ជីវិត​អនាគត​ផង។ 9ពាក្យនេះ​គួរ​ឲ្យ​ជឿ​ហើយ​សម​នឹង​ទទួល​យក​ទាំងស្រុង។ 10ដោយហេតុនេះ​ហើយ​បាន​ជា​យើង​ធ្វើការ​នឿយហត់​ទាំង​តយុទ្ធ​ព្រោះ​យើង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ដែល​ជា​ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំងអស់​ជា​ពិសេស​របស់​ពួក​អ្នក​ជឿ។ 11ចូរបង្គាប់​និង​បង្រៀន​សេចក្ដី​ទាំងនេះ​ចុះ។ 12កុំឲ្យ​អ្នក​ណា​មើលងាយ​អ្នក​ដោយព្រោះ​អ្នក​នៅ​ក្មេង​ឡើយ​ផ្ទុយទៅវិញ​ចូរ​ធ្វើ​ជា​គំរូ​ដល់​ពួក​អ្នក​ជឿ​ខាងឯ​ពាក្យ​សំដី​ការ​ប្រព្រឹត្ដិ​សេចក្ដី​ស្រលាញ់​ជំនឿ​និង​សេចក្ដី​បរិសុទ្ធ។ 13ចូរយក​ចិត្ដ​ទុក​ដាក់​នឹង​ការ​អាន​គម្ពីរ​ការ​លើក​ទឹកចិត្ដ​និង​សេចក្ដី​បង្រៀន​ទម្រាំ​ខ្ញុំ​មក​ដល់។ 14កុំធ្វេស​ប្រហែស​នឹង​អំណោយ​ទាន​ដែល​ស្ថិត​នៅក្នុង​អ្នក​ឡើយ​ជា​អំណោយ​ទាន​ដែល​បាន​ប្រទាន​មក​អ្នក​តាមរយៈ​ការ​ថ្លែង​ព្រះ​បន្ទូល​ដោយ​មាន​ក្រុម​ចាស់​ទុំ​បាន​ដាក់​ដៃ​លើ​អ្នក​ទៀត​ផង 15ចូររិះគិត​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ប្រព្រឹត្ដ​ដោយ​ឧស្សាហ៍​ចុះ​ដើម្បី​ឲ្យ​គ្រប់គ្នា​បាន​ឃើញ​ការ​រីក​ចម្រើន​របស់​អ្នក។ 16ចូរប្រយ័ត្ន​ខ្លួន​អ្នក​និង​សេចក្ដី​បង្រៀន​របស់​អ្នក​ចូរ​កាន់ខ្ជាប់​សេចក្ដី​ទាំងនេះ​ដ្បិត​ធ្វើ​ដូច្នេះ​អ្នក​នឹង​សង្គ្រោះ​ខ្លួនឯង​ផង​និង​ពួក​អ្នក​ដែល​ស្ដាប់​អ្នក​ផង។
Copyright information for KhmKCB