‏ 1 Timothy 5

1មិនត្រូវ​ស្ដី​បន្ទោស​ប្រុស​ចាស់ៗ​ឡើយ​ផ្ទុយទៅវិញ​ដាស់តឿន​គាត់​ដូចជា​ឪពុក​ហើយ​ប្រុស​ក្មេងៗ​ដូចជា​បងប្អូន​ប្រុស 2ស្រីចាស់ៗ​ដូចជា​ម្ដាយ​ហើយ​ស្រី​ក្មេងៗ​ដូចជា​បងប្អូន​ស្រី​ដោយ​សេចក្ដី​បរិសុទ្ធ​ទាំងស្រុង។ 3ចូរគោរព​ស្រ្ដី​មេម៉ាយ​ដែល​ពិតជា​ស្រ្ដី​មេម៉ាយ​មែន។ 4ប៉ុន្ដែបើ​ស្រ្ដី​មេម៉ាយ​ណា​មាន​កូន​មាន​ចៅ​ចូរ​ឲ្យ​កូនចៅ​ទាំងនោះ​រៀន​បង្ហាញ​ភាព​កតញ្ញូ​ដល់​ក្រុម​គ្រួសារ​របស់​ខ្លួន​ជាមុនសិន​ព្រមទាំង​សង​គុណ​ដល់​ឪពុក​ម្ដាយ​ដ្បិត​ធ្វើ​ដូច្នេះ​ទើប​សព្វ​ព្រះហឫទ័យ​ព្រះជាម្ចាស់។ 5រីឯស្រ្ដី​មេម៉ាយ​ពិតប្រាកដ​ហើយ​រស់នៅ​ឯកោ​ស្រ្ដី​នោះ​នឹង​សង្ឃឹម​លើ​ព្រះជាម្ចាស់​ទាំង​ព្យាយាម​ទូល​អង្វរ​ហើយ​អធិស្ឋាន​ទាំង​យប់​ទាំង​ថ្ងៃ 6ប៉ុន្ដែស្រ្ដី​មេម៉ាយ​ណា​ដែល​រស់នៅ​ក្នុង​សេចក្ដី​ស្រើបស្រាល​ទោះបី​នៅរស់​ក៏​ដោយ​ក៏​ឈ្មោះ​ថា​ស្លាប់​ហើយ​ដែរ។ 7ចូរទូន្មាន​ពួកគេ​អំពី​សេចក្ដី​ទាំងនេះ​ដើម្បី​ឲ្យ​ពួកគេ​ឥត​បន្ទោស​បាន 8ប៉ុន្ដែបើ​អ្នក​ណា​មិន​ផ្គត់ផ្គង់​សាច់ញាតិ​របស់​ខ្លួន​ជា​ពិសេស​ក្រុម​គ្រួសារ​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​បាន​បោះបង់​ចោល​ជំនឿ​ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។ 9ស្រ្ដីមេម៉ាយ​ដែល​ត្រូវ​រាប់​ចូល​ក្នុង​បញ្ជី​ត្រូវ​មាន​អាយុ​ចាប់ពី​ហុកសិប​ឆ្នាំ​ឡើង​ទៅ​និង​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ 10ហើយគាត់​មាន​​​កេរ្តិ៍ឈ្មោះ​​ល្អ​ដោយព្រោះ​អំពើ​ល្អ​ទាំងឡាយ​គឺ​បាន​ចិញ្ចឹម​កូន​បាន​ទទួល​អ្នក​ដទៃ​ដោយ​រាក់​ទាក់​បាន​លាង​ជើង​ឲ្យ​ពួក​បរិសុទ្ធ​បាន​ជួយ​អ្នក​រង​ទុក្ខលំបាក​និង​បាន​ខំ​ប្រព្រឹត្ដ​ល្អ​គ្រប់​បែបយ៉ាង។ 11រីឯស្រ្ដី​មេម៉ាយ​ក្មេងៗ​វិញ​មិន​ត្រូវ​ចុះ​ក្នុង​បញ្ជី​ឡើយ​ដ្បិត​នៅពេល​ពួក​នាង​ឃ្លាត​ចេញ​ពី​ព្រះ​គ្រិស្ដ​ដោយ​មាន​ចិត្ដ​ស្រើប​ស្រាល​ពួកនាង​ចង់​រៀបការ​ទៀត 12ហើយបណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ដោយព្រោះ​បំពាន​សេចក្ដី​ដែល​ខ្លួន​បាន​សច្ចា​ពី​មុន។ 13ម្យ៉ាងទៀតពួក​នាង​ចេះ​តែ​ដើរ​ចុះ​ឡើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​មិន​ធ្វើការ​អ្វី​ទេ​ហើយ​មិន​គ្រាន់​តែ​មិន​ធ្វើការ​ប៉ុណ្ណោះ​ទេ​ថែមទាំង​និយាយ​បេះបួយ​និង​ជ្រៀត​ជ្រែក​កិច្ចការ​អ្នក​ដទៃ​ព្រមទាំង​និយាយ​ពី​ការ​ផ្សេងៗ​ដែល​មិន​គួរ​និយាយ​ទៀត​ផង។ 14ដូច្នេះខ្ញុំ​ចង់​ឲ្យ​ស្រ្ដី​មេម៉ាយ​ក្មេងៗ​រៀបការ​បង្កើត​កូន​និង​គ្រប់គ្រង​ផ្ទះ​សំបែង​ទៅ​ដើម្បី​កុំ​ឲ្យ​អ្នក​ប្រឆាំង​មាន​ឱកាស​និយាយ​បង្ខូច​បាន​ឡើយ។ 15ដ្បិតមាន​ស្រ្ដី​មេម៉ាយ​មួយ​ចំនួន​បាន​បែរ​ទៅ​តាម​អារក្ស​សាតាំង​ហើយ។ 16បើមាន​ស្រ្ដី​អ្នក​ជឿ​ម្នាក់​មាន​សាច់ញាតិ​ជា​ស្រ្ដី​មេម៉ាយ​ចូរ​ឲ្យ​ស្រ្ដី​នោះ​ជួយ​ស្រ្ដី​មេម៉ាយ​នោះ​ចុះ​មិន​ត្រូវ​ដាក់​បន្ទុក​លើ​ក្រុម​ជំនុំ​ទេ​ដើម្បី​ឲ្យ​ក្រុម​ជំនុំ​ជួយ​ពួក​ស្រ្ដី​មេម៉ាយ​ពិតប្រាកដ។ 17ចាស់ទុំទាំងឡាយ​ណា​ដែល​ដឹកនាំ​បាន​ល្អ​នោះ​ត្រូវ​រាប់​ជា​ស័ក្ដិសម​នឹង​ទទួល​កិត្ដិយស​ទ្វេដង​ជា​ពិសេស​ពួក​ចាស់​ទុំ​ដែល​ធ្វើការ​នឿយហត់​ក្នុង​ការ​ប្រកាស​ព្រះបន្ទូល​និង​ការ​បង្រៀន។ 18ដ្បិតបទ​គម្ពីរ​ចែង​ទុក​ថា​មិន​ត្រូវ​ឃ្លុំ​មាត់​គោ​ពេល​បញ្ជាន់​ស្រូវ​ឡើយ​ហើយ​ចែង​ទុក​ទៀត​ថា​អ្នក​ធ្វើការ​ស័ក្ដិសម​នឹង​ទទួល​បាន​ឈ្នួល​របស់​ខ្លួន។ 19មិនត្រូវ​ទទួល​យក​ពាក្យ​ចោទ​ប្រកាន់​ទាស់​នឹង​ចាស់ទុំ​ណា​ម្នាក់​ឡើយ​លើក​លែង​តែ​មាន​សាក្សី​ពីរ​ឬ​បី​នាក់។ 20រីឯអ្នក​ដែល​ប្រព្រឹត្ដ​បាប​ចូរ​ស្ដី​បន្ទោស​អ្នក​នោះ​នៅ​ចំពោះ​មុខ​មនុស្ស​ទាំងអស់​ដើម្បី​ឲ្យ​អ្នក​ផ្សេង​ទៀត​ខ្លាច​ដែរ។ 21នៅចំពោះ​ព្រះជាម្ចាស់​និង​ព្រះ​គ្រិស្ដ​យេស៊ូ​ព្រមទាំង​ពួក​ទេវតា​ដែល​ព្រះអង្គ​បាន​ជ្រើសរើស​ខ្ញុំ​សូម​ដាស់តឿន​យ៉ាង​ម៉ឹងម៉ាត់​ថា​អ្នក​ត្រូវ​កាន់តាម​សេចក្ដី​ទាំងនេះ​ដោយ​មិន​រើស​មុខ​អ្នក​ណា​ឬ​ធ្វើ​អ្វី​ដោយ​លំអៀង​ឡើយ។ 22កុំប្រញាប់​ដាក់​ដៃ​លើ​អ្នក​ណា​ម្នាក់​ហើយ​មិន​ត្រូវ​រួម​ចំណែក​ក្នុង​បាប​របស់​អ្នក​ដទៃ​ឡើយ​ផ្ទុយទៅវិញ​ចូរ​រក្សា​ខ្លួន​ឲ្យ​បរិសុទ្ធ។ 23កុំផឹក​តែ​ទឹក​ឡើយ​ចូរ​ផឹក​ស្រា​ទំពាំង​បាយ​ជូរ​បន្ដិចបន្ដួច​ផង​ដោយព្រោះ​ក្រពះ​និង​ជំងឺ​ដែល​អ្នក​មាន​ជា​រឿយៗ។ 24បាបរបស់​មនុស្ស​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​មុន​ការ​ជំនុំ​ជម្រះ​ប៉ុន្ដែ​បាប​របស់​មនុស្ស​ខ្លះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​តាម​ក្រោយ 25រីឯការ​ល្អ​វិញ​ក៏​ឃើញ​ច្បាស់​ដូច្នោះ​ដែរ​ហើយ​ទោះបី​មិន​ឃើញ​ច្បាស់​ក៏​មិន​អាច​លាក់​បាំង​បាន​ដែរ។
Copyright information for KhmKCB