‏ 1 Timothy 6

1ចូរឲ្យ​អស់​អ្នក​ដែល​នៅ​ក្រោម​នឹម​ជា​បាវ​បម្រើ​ចាត់​ទុក​ចៅហ្វាយ​ខ្លួន​ថា​ជា​អ្នក​ដែល​ស័ក្ដិសម​ទទួល​កិត្ដិយស​គ្រប់​បែបយ៉ាង​ដើម្បី​កុំ​ឲ្យ​គេ​ប្រមាថ​ព្រះ​នាម​និង​សេចក្ដី​បង្រៀន​របស់​ព្រះជាម្ចាស់​ឡើយ។ 2អ្នកណា​ដែល​មាន​ចៅហ្វាយ​ជា​អ្នក​ជឿ​អ្នក​នោះ​មិន​ត្រូវ​បង្ហាញ​ការ​មិន​គោរព​ចៅហ្វាយ​នោះ​ដោយព្រោះតែ​ជា​បងប្អូន​នឹង​គ្នា​ឡើយ​ផ្ទុយទៅវិញ​ត្រូវ​បម្រើ​ចៅហ្វាយ​នោះ​ឲ្យ​កាន់​តែ​ប្រសើរ​ដោយព្រោះ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ការ​បម្រើ​ដ៏​ល្អ​នោះ​ជា​អ្នក​ជឿ​ហើយ​ជា​អ្នក​ជា​ទី​ស្រលាញ់​ទៀត​ផង។ ​ចូរ​បង្រៀន​និង​ដាស់តឿន​គេ​អំពី​សេចក្ដី​ទាំងនេះ​ចុះ។ 3បើអ្នក​ណា​បង្រៀន​សេចក្ដី​ណា​ផ្សេង​ទៀត​ហើយ​មិន​យល់ស្រប​នឹង​ព្រះ​បន្ទូល​ដ៏​ត្រឹមត្រូវ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​និង​សេចក្ដី​បង្រៀន​អំពី​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 4អ្នកនោះ​កើត​មាន​ចិត្ដ​ធំ​ហើយ​គេ​មិន​យល់​អ្វី​ទាំងអស់​គឺ​វក់​តែ​នឹង​ការ​សួរ​ដេញ​ដោល​គ្នា​ហើយ​ប្រកែក​គ្នា​អំពី​ពាក្យ​ដែល​នាំ​ឲ្យ​មាន​ការ​ឈ្នានីស​ការ​បាក់បែក​ការ​ជេរ​ប្រមាថ​ការ​សង្ស័យ​ដ៏​អាក្រក់ 5និងការ​ឈ្លោះ​ប្រកែក​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​របស់​មនុស្ស​ដែល​មាន​គំនិត​ស្អុយ​រលួយ​ហើយ​គ្មាន​សេចក្ដីពិត​ក្នុង​ខ្លួន​ព្រោះ​ពួកគេ​ស្មាន​ថា​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជា​មធ្យោបាយ​នាំ​ឲ្យ​បាន​កម្រៃ 6ប៉ុន្ដែការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដោយ​ចិត្ដ​ស្កប់ស្កល់​នោះ​ជា​កម្រៃ​មួយ​ធំ​បំផុត។ 7ដ្បិតយើង​មិន​បាន​យក​អ្វី​ចូល​មក​ក្នុង​ពិភពលោក​នេះ​ទេ​ហើយ​ក៏​មិន​អាច​យក​អ្វី​ចេញ​ពី​ពិភព​លោក​នេះ​បាន​ដែរ 8ដូច្នេះបើ​យើង​មាន​អាហារ​និង​សម្លៀក​បំពាក់​នោះ​យើង​ស្កប់​ចិត្ត​ហើយ។ 9រីឯពួក​អ្នក​ដែល​ចង់​ធ្វើ​ជា​អ្នក​មាន​គេ​ធ្លាក់​ចូល​ក្នុង​សេចក្ដី​ល្បួង​និង​អន្ទាក់​ព្រមទាំង​សេចក្ដី​ប៉ងប្រាថ្នា​ដ៏​ល្ងង់ខ្លៅ​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​សេចក្ដី​ទាំងនេះ​ពន្លិច​មនុស្ស​ទៅក្នុង​សេចក្ដី​វិនាស​និង​សេចក្ដី​អន្តរាយ។ 10ដ្បិតការ​ស្រលាញ់​លុយ​ជា​ឫស​នៃ​អំពើ​អាក្រក់​គ្រប់​បែបយ៉ាង​ហើយ​អ្នក​ខ្លះ​ដោយ​លោភ​ចង់បាន​លុយ​ក៏​ត្រូវ​វង្វេង​ចេញ​ពី​ជំនឿ​ហើយ​បាន​ចាក់​ទម្លុះ​ខ្លួន​ដោយ​សេចក្ដី​ទុក្ខព្រួយ​ជាច្រើន​ផង។ 11រីឯអ្នក​វិញ​ឱ​អ្នក​សំណប់​របស់​ព្រះជាម្ចាស់​អើយ! ​ចូរ​គេច​ចេញ​ពី​សេចក្ដី​ទាំងនេះ​ហើយ​ដេញតាម​សេចក្ដី​សុចរិត​ការ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ជំនឿ​សេចក្ដី​ស្រលាញ់​សេចក្ដី​អត់ធ្មត់​និង​សេចក្ដី​ស្លូតបូត​ចុះ។ 12ចូរតយុទ្ធ​ខាង​ជំនឿ​ឲ្យ​បាន​ល្អ​ចូរ​ឈោង​ចាប់​ជីវិត​អស់កល្ប​ជានិច្ច​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​អ្នក​ឲ្យ​មក​ទទួល​ចុះ​ហើយ​អ្នក​ក៏​បាន​ប្រកាស​យ៉ាង​ល្អ​នៅចំពោះ​មុខ​សាក្សី​ជា​ច្រើន​ដែរ។ 13នៅចំពោះព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ជីវិត​ដល់​អ្វីៗ​ទាំងអស់​និង​នៅចំពោះ​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​បាន​ធ្វើបន្ទាល់​ដោយ​សេចក្ដី​ប្រកាស​ដ៏​ល្អ​នៅ​ចំពោះមុខ​លោក​ប៉ុនទាស​ពីឡាត់​ខ្ញុំ​បង្គាប់​អ្នក​ថា 14ចូរកាន់​តាម​បញ្ញត្ដិ​ឲ្យ​បាន​ល្អ​ឥតខ្ចោះ​ឥត​បន្ទោស​បាន​រហូត​ដល់​ពេល​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​យាង​មក 15ដែលព្រះជាម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅពេល​កំណត់។ ​ព្រះជាម្ចាស់​ជា​ព្រះ​ដ៏​មាន​ពរ​ហើយ​ជា​ព្រះ​តែ​មួយ​គត់​មាន​សិទ្ធិអំណាច​ធំ​ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ 16ជាព្រះ​តែ​មួយ​គត់​ដែល​មិន​សោយទិវង្គត​ព្រះអង្គ​គង់​នៅ​ក្នុង​ពន្លឺ​ដែល​មិន​អាច​ចូល​ទៅ​ជិត​បាន​ឡើយ​ហើយ​ជា​ព្រះ​ដែល​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ឃើញ​ឬ​អាច​មើល​ឃើញ​បាន​ដែរ​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ​កិត្ដិយស​និង​ព្រះ​ចេស្ដា​អស់កល្ប​ជានិច្ច​អាម៉ែន។ 17ចូរបង្គាប់​ពួក​អ្នក​មាន​នៅក្នុង​ពិភពលោក​នេះ​កុំ​ឲ្យ​មាន​ឫក​ខ្ពស់​ឬ​ទុកចិត្ដ​ទ្រព្យសម្បត្ដិ​ដែល​មិន​ទៀង​ទាត់​ឡើយ​ផ្ទុយទៅវិញ​ត្រូវ​ទុកចិត្ដ​ព្រះជាម្ចាស់​ដែល​ប្រទាន​អ្វីៗ​ទាំងអស់​យ៉ាង​បរិបូរ​ដល់​យើង​ដើម្បី​ឲ្យ​យើង​មាន​អំណរ 18ចូរឲ្យ​ពួកគេ​ប្រព្រឹត្ដ​ល្អ​ធ្វើ​ជា​អ្នក​មាន​ខាង​ការ​ល្អ​មាន​ចិត្ដ​សប្បុរស​ហើយ​មាន​ចិត្ដ​ចែករំលែក​ផង 19ឲ្យពួកគេ​សន្សំ​ទ្រព្យ​ដែល​ជា​គ្រឹះ​ដ៏​ល្អ​ទុក​សម្រាប់​ខ្លួន​នា​ពេល​អនាគត​ដើម្បី​ឈោង​ចាប់​ជីវិត​ដ៏​ពិត​ប្រាកដ។ 20ឱធីម៉ូថេ​អើយ! ​ចូរ​រក្សា​សេចក្ដី​ដែល​បាន​ផ្ញើ​ទុក​នឹង​អ្នក​ចុះ​ចូរ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ព្រមទាំង​ពាក្យ​សំដី​ជំទាស់​ដែល​គេ​ច្រឡំ​ថា​ជា​ចំណេះ​ដឹង 21ទាំងមាន​អ្នក​ខ្លះ​ប្រកាស​អំពី​ចំណេះ​បែប​នេះ​ហើយ​វង្វេង​ចេញ​ពី​ជំនឿ។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ។
Copyright information for KhmKCB