‏ 2 Corinthians 1

1ខ្ញុំប៉ូល​ជា​សាវក​ម្នាក់​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​តាម​បំណង​របស់​ព្រះជាម្ចាស់​ព្រមទាំង​ធីម៉ូថេ​ជា​បងប្អូន​ជូន​ចំពោះ​ក្រុម​ជំនុំ​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​កូរិនថូស​រួមទាំង​ពួក​បរិសុទ្ធ​ទាំងអស់​នៅ​ស្រុក​អាខៃ​ទាំងមូល 2សូមឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះ​គុណ​និង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា។ 3គួរសរសើរ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ដែល​ជា​ព្រះ​វរ​បិតា​នៃ​សេចក្ដី​មេត្តាករុណា​ជា​ព្រះជាម្ចាស់​នៃ​ការ​កម្សាន្ដ​ចិត្ដ​គ្រប់​បែបយ៉ាង 4ជាព្រះ​ដែល​កម្សាន្ដ​ចិត្ដ​យើង​ក្នុង​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​យើង​អាច​កម្សាន្ដ​ចិត្ដ​អស់​អ្នក​ដែល​ជួប​សេចក្ដី​វេទនា​គ្រប់​បែប​យ៉ាង​បាន​តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ 5ដ្បិតការ​រងទុក្ខ​របស់​ព្រះ​គ្រិស្ដ​មាន​កាន់តែ​ច្រើន​ដល់​យើង​យ៉ាងណា​ការ​កម្សាន្ដ​ចិត្ដ​ដល់​យើង​តាមរយៈ​ព្រះ​គ្រិស្ដ​ក៏​មាន​កាន់តែ​ច្រើន​យ៉ាង​នោះ​ដែរ។ 6បើយើង​ត្រូវ​រងទុក្ខ​នោះ​គឺ​ដើម្បី​ជា​ការ​កម្សាន្ដ​ចិត្ដ​និង​សេចក្ដី​សង្គ្រោះ​របស់​អ្នករាល់គ្នា​ឬ​បើ​យើង​ទទួល​ការ​កម្សាន្ដ​ចិត្ត​វិញ​ក៏​ដើម្បី​ជា​ការ​កម្សាន្ដ​ចិត្ត​ដល់​អ្នករាល់គ្នា​ដែរ​ដែល​កើត​ពី​ការ​ស៊ូទ្រាំ​នឹង​ការ​រងទុក្ខ​តែ​មួយ​ដែល​យើង​ក៏​រងទុក្ខ​ដែរ 7ហើយយើង​មាន​សេចក្ដី​សង្ឃឹម​មុតមាំ​ចំពោះ​អ្នករាល់គ្នា​ដោយ​ដឹង​ថា​អ្នករាល់គ្នា​ជា​អ្នក​រួមចំណែក​ក្នុង​ការ​រងទុក្ខ​ជា​យ៉ាងណា​អ្នករាល់គ្នា​ក៏​រួម​ចំណែក​ក្នុង​ការ​កម្សាន្ដ​ចិត្ដ​ជា​យ៉ាងនោះ​ដែរ។ 8ដ្បិតបងប្អូន​អើយ! ​យើង​មិន​ចង់​ឲ្យ​អ្នករាល់គ្នា​នៅតែ​មិនដឹង​អំពី​សេចក្ដី​វេទនា​របស់​យើង​ដែល​កើតឡើង​នៅ​ស្រុក​អាស៊ី​គឺ​យើង​មាន​បន្ទុក​ធ្ងន់ធ្ងរ​លើស​កម្លាំង​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​នឹង​រស់​នៅ​ទៀត 9ប៉ុន្ដែយើង​មាន​ទោស​ប្រហារ​ជីវិត​ជាប់​ខ្លួន​ដើម្បី​កុំ​ឲ្យ​យើង​ទុក​ចិត្ត​លើ​ខ្លួន​ឯង​ឡើយ​គឺ​ឲ្យ​ទុកចិត្ត​លើ​ព្រះជាម្ចាស់​ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់ឡើងវិញ 10ព្រះអង្គបាន​សង្គ្រោះ​យើង​ពី​សេចក្ដី​ស្លាប់​ដ៏​ធំ​សម្បើម​ហើយ​នឹង​សង្គ្រោះ​យើង​ទៀត។ ​យើង​សង្ឃឹម​លើ​ព្រះអង្គ​ថា​ព្រះអង្គ​ក៏​នឹង​នៅតែ​សង្គ្រោះ​ដែរ។ 11អ្នករាល់គ្នាក៏​រួម​ចំណែក​ជួយ​យើង​ដែរ​តាមរយៈ​ការ​ទូល​អង្វរ​ហើយ​តាមរយៈ​ការ​ទូល​អង្វរ​របស់​មនុស្ស​ជា​ច្រើន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​អរព្រះគុណ​ជំនួស​យើង​សម្រាប់​អំណោយ​ទាន​ដែល​បាន​ផ្ដល់ឲ្យ​យើង។ 12មោទនភាពរបស់​យើង​គឺ​បែប​នេះ​មនសិការ​របស់​យើង​ធ្វើ​បន្ទាល់​ថា​យើង​មាន​អាកប្បកិរិយា​ក្នុង​ពិភពលោក​នេះ​ដោយ​សេចក្ដី​សប្បុរស​និង​សេចក្ដី​ស្មោះត្រង់​របស់​ព្រះជាម្ចាស់​មិន​មែន​ដោយសារ​ប្រាជ្ញា​ខាង​សាច់ឈាម​ទេ​ប៉ុន្ដែ​ដោយសារ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​វិញ​ជាពិសេស​ចំពោះ​អ្នករាល់គ្នា។ 13យើងមិន​សរសេរ​អ្វី​ផ្សេង​មក​អ្នករាល់គ្នា​ទេ​លើកលែង​តែ​អ្វី​ដែល​អ្នករាល់គ្នា​អាច​អាន​ឬ​អាច​យល់​បាន​ប៉ុណ្ណោះ 14ដូចដែល​អ្នករាល់គ្នា​បាន​ស្គាល់​យើង​ខ្លះ​ហើយ​ប៉ុន្ដែ​នៅ​ថ្ងៃ​របស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ខ្ញុំ​សង្ឃឹម​ថា​អ្នករាល់គ្នា​នឹង​យល់​សព្វគ្រប់​ថា​យើង​ជា​មោទនភាព​របស់​អ្នករាល់គ្នា​យ៉ាងណា​អ្នករាល់គ្នា​ក៏​ជា​មោទនភាព​របស់​យើង​យ៉ាងនោះ​ដែរ។ 15ដោយការ​ទុកចិត្ដ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​មានបំណង​មក​ជួប​អ្នករាល់គ្នា​ជា​មុន​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គុណ​ទ្វេ​ដង 16ហើយទៅ​ស្រុក​ម៉ាសេដូន​ដោយ​ឆ្លង​កាត់​អ្នករាល់គ្នា​រួច​សឹម​ត្រលប់​ពី​ស្រុក​ម៉ាសេដូន​មក​ជួប​អ្នករាល់គ្នា​ម្ដងទៀត​ហើយ​ឲ្យ​អ្នករាល់គ្នា​ជូន​ដំណើរ​ខ្ញុំ​បន្ដ​ទៅ​ស្រុក​យូដា។ 17ពេលខ្ញុំ​សម្រេច​ចិត្ដ​ដូច្នេះ​តើ​ខ្ញុំ​ធ្វើ​ដោយ​ខ្ជីខ្ជា​ឬ? ​ឬ​មួយ​អ្វី​ដែល​ខ្ញុំ​សម្រេច​ចិត្ដ​ខ្ញុំ​សម្រេច​ចិត្ដ​តាម​សាច់​ឈាម​បានជា​ខ្ញុំ​«បាទ» ​ផង​«ទេ» ​ផង​ដូច្នេះ? 18ប៉ុន្ដែព្រះជាម្ចាស់​ស្មោះ​ត្រង់​បាន​ជា​ពាក្យ​សំដី​របស់​យើង​ទៅ​កាន់​អ្នករាល់គ្នា​មិន​មែន​បាទ​ផង​ទេ​ផង​នោះ​ទេ 19ដ្បិតព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​ដែល​ពួក​យើង​មាន​ខ្ញុំ​លោក​ស៊ីលវ៉ាន​និង​លោក​ធីម៉ូថេ​បាន​ប្រកាស​ក្នុងចំណោម​អ្នករាល់គ្នា​នោះ​មិន​មែន​បាទ​ផង​ទេ​ផង​នោះ​ទេ​គឺ​នៅក្នុង​ព្រះអង្គ​មាន​តែ​បាទ​ប៉ុណ្ណោះ 20ដ្បិតសេចក្ដី​សន្យា​ទាំង​ឡាយ​របស់​ព្រះជាម្ចាស់​សុទ្ធតែ​ជា​«បាទ» ​នៅក្នុង​ព្រះអង្គ​ដូច្នេះ​ហើយ​បាន​ជា​យើង​ថា​«អាម៉ែន» ​ដែរ​តាមរយៈ​ព្រះអង្គ​សម្រាប់​សិរីរុងរឿង​របស់​ព្រះជាម្ចាស់។ 21គឺព្រះជាម្ចាស់​ហើយ​ដែល​បាន​ចាក់​ប្រេង​តាំង​ព្រមទាំង​ធ្វើ​ឲ្យ​យើង​នៅ​ខ្ជាប់ខ្ជួន​ជាមួយ​អ្នករាល់គ្នា​ក្នុង​ព្រះ​គ្រិស្ដ 22ព្រះអង្គបាន​បោះត្រា​លើ​យើង​ព្រមទាំង​ប្រទាន​ព្រះ​វិញ្ញាណ​មក​ក្នុង​ចិត្ត​របស់​យើង​ទុកជា​របស់​បញ្ចាំ​ចិត្ដ។ 23ខ្ញុំសុំ​ព្រះជាម្ចាស់​ធ្វើ​ជា​សាក្សី​អំពី​ចិត្ដ​របស់​ខ្ញុំ​ថា​ដែល​ខ្ញុំ​មិន​មក​ក្រុង​កូរិនថូស​ទៀត​គឺ​ដើម្បី​អត់ឱន​ឲ្យ​អ្នករាល់គ្នា 24មិនមែន​យើង​ត្រួតត្រា​លើ​ជំនឿ​របស់​អ្នករាល់គ្នា​ទេ​ប៉ុន្ដែ​យើង​ជា​អ្នករួម​ការងារ​ជាមួយ​អ្នករាល់គ្នា​សម្រាប់​អំណរ​របស់​អ្នករាល់គ្នា​វិញ​ព្រោះ​អ្នករាល់គ្នា​បាន​ឈរ​មាំ​មួន​ដោយ​ជំនឿ​រួច​ហើយ។
Copyright information for KhmKCB