‏ 2 Corinthians 10

1ខ្ញុំប៉ូល​ដែល​តាម​សំបក​ក្រៅ​ជា​មនុស្ស​សុភាព​ពេល​នៅ​ជាមួយ​អ្នករាល់គ្នា​ប៉ុន្ដែ​មោះមុត​ចំពោះ​អ្នករាល់គ្នា​ពេល​មិន​នៅ​ជាមួយ​ខ្ញុំ​សូម​លើក​ទឹកចិត្ដ​អ្នករាល់គ្នា​ដោយ​ចិត្ដ​ស្លូតបូត​និង​សេចក្ដី​ប្រណី​របស់​ព្រះ​គ្រិស្ដ 2គឺខ្ញុំ​សូម​អង្វរ​ថា​ពេល​ខ្ញុំ​មក​ដល់​កុំ​ឲ្យ​ខ្ញុំ​មោះមុត​ដោយ​ការ​ទុកចិត្ដ​ដែល​ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​មិន​ខ្លាច​ពួក​អ្នក​ខ្លះ​ដែល​គិត​ថា​យើង​រស់​នៅ​តាម​សាច់ឈាម​នោះ​ឡើយ 3ដ្បិតទោះបី​យើង​រស់​នៅ​ខាង​សាច់ឈាម​ក៏​ដោយ​ក៏​យើង​មិន​តយុទ្ធ​តាម​សាច់ឈាម​ដែរ 4ព្រោះគ្រឿង​សឹក​សង្គ្រាម​របស់​យើង​មិន​មែន​ខាង​សាច់​ឈាម​ទេ​ផ្ទុយទៅវិញ​ជា​អំណាច​មក​ពី​ព្រះជាម្ចាស់​សម្រាប់​បំផ្លាញ​បន្ទាយ​ទាំងឡាយ​ហើយ​ក៏​បំផ្លាញ​អស់​ទាំង​គំនិត 5និងអស់​ទាំង​កម្ពស់​ដែល​ងើប​ប្រឆាំង​នឹង​ចំណេះ​ដឹង​របស់​ព្រះជាម្ចាស់​ព្រមទាំង​នាំ​គ្រប់​ទាំង​គំនិត​ឲ្យ​ចុះចូល​ស្ដាប់​បង្គាប់​ព្រះ​គ្រិស្ដ 6ហើយត្រៀម​ជាស្រេច​ដាក់​ទោស​ការ​មិន​ស្ដាប់​បង្គាប់​ទាំងឡាយ​នៅពេល​ដែល​ការ​ស្ដាប់​បង្គាប់​របស់​អ្នករាល់គ្នា​បាន​ពោរ​ពេញ។ 7អ្នករាល់គ្នាមើល​អ្វីៗ​តាម​សំបក​ក្រៅ​ប៉ុណ្ណោះ​បើ​អ្នកណា​ជឿ​ជាក់​ថា​ខ្លួន​ជា​របស់​ព្រះ​គ្រិស្ដ​ចូរ​ឲ្យ​អ្នក​នោះ​គិត​ពី​សេចក្ដី​នេះ​ដោយ​ខ្លួន​ឯង​ម្ដងទៀត​ចុះ​ថា​យើង​ក៏​ជា​របស់​ព្រះ​គ្រិស្ដ​ដូច​គេ​ដែរ។ 8ទោះបីខ្ញុំ​អួត​ជ្រុល​អំពី​សិទ្ធិអំណាច​របស់​យើង​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​សម្រាប់​ស្អាង​ចិត្ដ​មិន​មែន​សម្រាប់​បំផ្លាញ​អ្នករាល់គ្នា​ក៏ដោយ​ក៏​ខ្ញុំ​មិន​ខ្មាស​ដែរ 9ដើម្បីកុំ​ឲ្យ​មើល​ទៅ​ហាក់​ដូចជា​ខ្ញុំ​បំភ័យ​អ្នករាល់គ្នា​តាមរយៈ​សំបុត្រ​របស់​ខ្ញុំ 10ដ្បិតមាន​គេ​និយាយ​ថា​សំបុត្រ​របស់​គាត់​ធ្ងន់ៗ​និង​មាន​អំណាច​ណាស់​ប៉ុន្ដែ​ពេល​ជួប​រូបកាយ​របស់​គាត់​ខ្សោយ​ហើយ​ការ​និយាយ​ស្ដី​គួរ​ឲ្យ​មើល​ងាយ​ទៀត​ផង។ 11ចូរឲ្យ​មនុស្ស​បែប​នេះ​ដឹង​ការ​នេះ​ចុះ​ថា​ពេល​យើង​មិន​នៅ​ជាមួយ​សំដី​នៅក្នុង​សំបុត្រ​យ៉ាងណា​នោះ​ពេល​យើង​នៅ​ជាមួយ​ការ​ប្រព្រឹត្ដិ​ក៏​យ៉ាង​នោះ​ដែរ 12យើងមិន​ហ៊ាន​រាប់​ឬ​ប្រៀប​ផ្ទឹម​ខ្លួន​នឹង​អ្នក​ខ្លះ​ដែល​លើកតម្កើង​ខ្លួន​នោះ​ឡើយ​ប៉ុន្ដែ​ការ​ដែល​ពួកគេ​វាស់​ស្ទង់​ខ្លួន​នៅក្នុង​ចំណោម​ពួកគេ​ហើយ​ប្រៀប​ផ្ទឹម​ខ្លួន​នឹង​ខ្លួន​ឯង​នោះ​ពួកគេ​គ្មាន​ការ​យល់ដឹង​សោះ 13រីឯយើង​វិញ​យើង​នឹង​មិន​អួត​ឲ្យ​ហួស​ខ្នាត​ឡើយ​ផ្ទុយទៅវិញ​គឺ​តាម​ខ្នាត​នៃ​ដែន​កំណត់​ដែល​ព្រះជាម្ចាស់​បាន​បែង​ចែក​ដល់​យើង​ទុកជា​ខ្នាត​មួយ​ដែល​យើង​បាន​មក​ដល់​អ្នករាល់គ្នា 14ដ្បិតយើង​មិន​បាន​ទៅ​ឲ្យ​ហួស​ខ្នាត​ហាក់​បី​ដូច​ជា​យើង​មិន​បាន​មក​ឯ​អ្នករាល់គ្នា​នោះ​ឡើយ​ព្រោះ​យើង​បាន​មក​ដល់​អ្នករាល់គ្នា​ជាមួយ​នឹង​ដំណឹងល្អ​របស់​ព្រះ​គ្រិស្ដ 15ហើយយើង​មិន​អួត​ហួស​ខ្នាត​អំពី​ការ​នឿយហត់​របស់​អ្នក​ដទៃ​ឡើយ​ប៉ុន្ដែ​យើង​មាន​សង្ឃឹម​ថា​នៅ​ពេល​ជំនឿ​របស់​អ្នករាល់គ្នា​ចម្រើន​ឡើង​នោះ​ដែន​កំណត់​របស់​យើង​ក្នុងចំណោម​អ្នករាល់គ្នា​នឹង​រីក​ចម្រើន​ឡើង​យ៉ាង​ធំ 16ដើម្បីប្រកាស​ដំណឹង​ល្អ​ដល់​តំបន់​ដែល​នៅ​ហួស​អ្នករាល់គ្នា​ដោយ​មិន​មែន​អួត​អំពី​អ្វី​ដែល​បាន​ធ្វើ​រួច​រាល់​នៅក្នុង​ដែន​កំណត់​របស់​អ្នក​ដទៃ​ឡើយ។ 17ដូច្នេះអ្នក​ណា​ដែល​អួត​ចូរ​អួត​នៅក្នុង​ព្រះអម្ចាស់​ចុះ 18ដ្បិតមិន​មែន​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ប៉ុន្ដែ​ជា​អ្នក​ដែល​ព្រះជាម្ចាស់​លើក​តម្កើង​វិញ។
Copyright information for KhmKCB