‏ 2 Corinthians 11

1ខ្ញុំចង់​ឲ្យ​អ្នករាល់គ្នា​ទ្រាំ​នឹង​សេចក្ដី​ចម្កួត​បន្ដិចបន្ដួច​របស់​ខ្ញុំ​នេះ​គឺ​អ្នករាល់គ្នា​កំពុង​ទ្រាំ​នឹង​ខ្ញុំ​ស្រាប់​ហើយ 2ដ្បិតខ្ញុំ​ប្រច័ណ្ឌ​នឹង​អ្នករាល់គ្នា​ដោយ​សេចក្ដី​ប្រច័ណ្ឌ​របស់​ព្រះជាម្ចាស់​ព្រោះ​ខ្ញុំ​បាន​ឲ្យ​អ្នករាល់គ្នា​ភ្ជាប់​ពាក្យ​នឹង​បុរស​តែ​ម្នាក់​គត់​ទុក​ជា​ក្រមុំ​បរិសុទ្ធ​សម្រាប់​ថ្វាយ​ដល់​ព្រះ​គ្រិស្ដ 3ប៉ុន្ដែខ្ញុំ​ខ្លាច​ក្រែងលោ​គំនិត​របស់​អ្នករាល់គ្នា​ត្រូវ​បំផ្លាញ​ពី​ក្ដី​ស្មោះ​ស្ម័គ្រ​និង​ក្ដី​បរិសុទ្ធ​នៅក្នុង​ព្រះ​គ្រិស្ដ​ដូចជា​សត្វ​ពស់​បញ្ឆោត​នាង​អេវ៉ា​ដោយ​ល្បិច​កល​របស់​វា។ 4ដ្បិតបើ​មាន​អ្នកណា​ម្នាក់​មក​ប្រកាស​អំពី​ព្រះ​យេស៊ូ​មួយ​ទៀត​ដែល​យើង​មិន​បាន​ប្រកាស​ឬ​ឲ្យ​អ្នករាល់គ្នា​ទទួល​វិញ្ញាណ​ផ្សេង​ទៀត​ដែល​អ្នករាល់គ្នា​មិន​បាន​ទទួល​ឬ​ឲ្យ​ទទួល​ដំណឹងល្អ​ផ្សេងទៀត​ដែល​អ្នករាល់គ្នា​មិន​បាន​ទទួល​នោះ​អ្នករាល់គ្នា​ទ្រាំ​បាន​យ៉ាង​ងាយ។ 5ខ្ញុំយល់​ឃើញ​ថា​ខ្ញុំ​គ្មាន​អ្វី​អន់​ជាង​ពួក​កំពូល​សាវក​ទាំងនោះ​ទេ 6ដ្បិតទោះបី​ខ្ញុំ​មិន​ពូកែ​ខាង​សំដី​មែន​ប៉ុន្ដែ​មិន​មែន​ខាង​ចំណេះ​ដឹង​ទេ​ផ្ទុយទៅវិញ​យើង​បាន​បង្ហាញ​ឲ្យ​អ្នករាល់គ្នា​ឃើញ​គ្រប់​បែប​យ៉ាង​នៅក្នុង​គ្រប់​ការ​ទាំងអស់ 7ឬមួយ​ការ​ដែល​ខ្ញុំ​បន្ទាប​ខ្លួន​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រូវ​បាន​លើក​តម្កើង​ដោយ​ការ​ប្រកាស​ដំណឹងល្អ​របស់​ព្រះជាម្ចាស់​ដល់​អ្នករាល់គ្នា​ដោយ​ឥត​គិតថ្លៃ​នោះ​តើ​ខ្ញុំ​ប្រព្រឹត្ដ​បាប​ឬ? 8ខ្ញុំបាន​ប្លន់​ក្រុម​ជំនុំ​ផ្សេងៗ​ដោយ​យក​ថ្លៃ​ឈ្នួល​ដើម្បី​ឧបត្ថម្ភ​អ្នករាល់គ្នា 9ពេលខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ហើយ​មាន​ភាព​ខ្វះខាត​នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ទេ​ព្រោះ​ពួក​បងប្អូន​ដែល​មក​ពី​ស្រុក​ម៉ាសេដូន​បាន​បំពេញ​ភាព​ខ្វះខាត​របស់​ខ្ញុំ​នៅក្នុង​គ្រប់​ការ​ទាំងអស់​ខ្ញុំ​បាន​រក្សា​ខ្លួនខ្ញុំ​មិន​ឲ្យ​ត្រលប់ជា​បន្ទុក​ដល់​អ្នករាល់គ្នា​ទេ​ហើយ​ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ​ទៀត។ 10ដោយសេចក្ដីពិត​របស់​ព្រះ​គ្រិស្ដ​ដែល​នៅ​ក្នុង​ខ្ញុំ​មោទនៈភាព​របស់​ខ្ញុំ​នេះ​នឹង​មិន​ត្រូវ​ស្ងប់​នៅក្នុង​តំបន់​នៃ​ស្រុក​អាខៃ​ឡើយ។ 11ហេតុអ្វី? ​ដោយព្រោះ​ខ្ញុំ​មិន​ស្រលាញ់​អ្នករាល់គ្នា​ឬ? ​ព្រះជាម្ចាស់​ជ្រាប​ហើយ 12ដូច្នេះខ្ញុំ​នឹង​បន្ដ​ធ្វើ​អ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​នេះ​ទៀត​ដើម្បី​ដក​ឱកាស​ចេញ​ពី​ពួក​អ្នក​ដែល​ចង់​បាន​ឱកាស​ឲ្យ​គេ​គិត​ថា​ខ្លួន​ស្មើ​នឹង​យើង​នៅក្នុង​ចំណុច​ដែល​ពួកគេ​អួត​នោះ។ 13ដ្បិតពួក​មនុស្ស​បែប​នេះ​ជា​ពួក​សាវក​ក្លែង​ក្លាយ​ជា​ពួក​អ្នក​ធ្វើការ​ឆបោក​ដែល​ក្លែង​ខ្លួន​ជា​សាវក​របស់​ព្រះ​គ្រិស្ដ 14ប៉ុន្ដែកុំ​ឆ្ងល់​ឡើយ​ព្រោះ​អារក្ស​សាតាំង​ក៏​ក្លែង​ខ្លួន​ជា​ទេវតា​នៃ​ពន្លឺ​ដែរ 15ដូច្នេះមិន​មែន​ជា​រឿង​ធំ​អ្វី​ទេ​បើ​អ្នក​បម្រើ​របស់​វា​ក្លែង​ខ្លួន​ជា​អ្នក​បម្រើ​នៃ​សេចក្ដី​សុចរិត​នោះ​ឯ​ទី​បញ្ចប់​របស់​ពួកវា​នឹង​ទៅ​តាម​កិច្ចការ​របស់​ពួកវា។ 16ខ្ញុំប្រាប់​ម្ដងទៀត​ថា​កុំ​ឲ្យ​អ្នកណា​ម្នាក់​គិត​ថា​ខ្ញុំ​ជា​មនុស្ស​ល្ងង់​ឡើយ​ប៉ុន្ដែ​បើ​ដូច្នោះ​មែន​ចូរ​ទទួល​ខ្ញុំ​ដូច​ជា​មនុស្ស​ល្ងង់​ចុះ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​អួត​បន្ដិច 17អ្វីដែល​ខ្ញុំ​និយាយ​នេះ​មិន​មែន​និយាយ​ស្របតាម​ព្រះអម្ចាស់​ទេ​គឺ​តាម​សេចក្ដី​ចម្កួត​ដែល​ទុកចិត្ដ​លើ​ការ​អួតអាង 18ដ្បិតមាន​មនុស្ស​ជា​ច្រើន​អួត​ខ្លួន​ទៅ​តាម​សាច់ឈាម​ដូច្នេះ​ខ្ញុំ​នឹង​អួត​ដែរ 19ព្រោះអ្នករាល់គ្នា​ឆ្លាត​ដែល​ទ្រាំ​នឹង​ពួក​មនុស្ស​ល្ងង់​ដោយ​ពេញចិត្ដ 20ទោះបីមាន​អ្នកណា​ម្នាក់​យក​អ្នករាល់គ្នា​ទៅ​ធ្វើ​ជា​ទាសករ​ឬ​មាន​អ្នកណា​ម្នាក់​បំផ្លាញ​អ្នករាល់គ្នា​ឬ​មាន​អ្នកណា​ម្នាក់​រឹបអូស​អ្នករាល់គ្នា​ឬ​មាន​អ្នកណា​ម្នាក់​លើកតម្កើង​ខ្លួន​ឬ​មាន​អ្នកណា​ម្នាក់​វាយ​មុខ​អ្នករាល់គ្នា​ក៏ដោយ​ក៏​អ្នករាល់គ្នា​ទ្រាំ​ដែរ 21ខ្ញុំនិយាយ​ដោយ​សេចក្ដី​អាម៉ាស់​ថា​យើង​ខ្សោយ​ណាស់​ចំពោះ​សេចក្ដី​ទាំងនេះ​បើ​អ្នក​ណា​ហ៊ាន​អួត​អំពី​អ្វី​មួយ​នោះ​ខ្ញុំ​និយាយ​ដោយ​សេចក្ដី​ចម្កួត​ថា​ខ្ញុំ​ក៏​ហ៊ាន​ដែរ។ 22តើពួកគេ​ជា​ជនជាតិ​ហេព្រើរ​ឬ? ​ខ្ញុំ​ក៏​ជនជាតិ​ហេព្រើរ​ដែរ។ ​តើ​ពួកគេ​ជា​ជនជាតិ​អ៊ីស្រាអែល​ឬ? ​ខ្ញុំ​ក៏​ជនជាតិ​អ៊ីស្រាអែល​ដែរ។ ​តើ​ពួកគេ​ជា​ពូជពង្ស​លោក​អ័ប្រាហាំ​ឬ? ​ខ្ញុំ​ក៏​ពូជពង្ស​លោក​អ័ប្រាហាំ​ដែរ។ 23តើពួកគេ​ជា​អ្នក​បម្រើ​ព្រះ​គ្រិស្ដ​ឬ? ​ខ្ញុំ​និយាយ​ដូច​ជា​មនុស្ស​ឆ្កួត​ថា​ខ្ញុំ​លើស​ពួកគេ​ទៅ​ទៀត​ខ្ញុំ​បាន​ធ្វើការ​នឿយហត់​យ៉ាង​លើសលប់​ជាប់​ឃុំឃាំង​ជា​ញឹកញាប់​ត្រូវ​គេ​វាយ​ជា​ញឹកញាប់​ហើយ​ជិត​ស្លាប់​ជា​ច្រើន​លើក​ច្រើន​សា 24ជនជាតិយូដា​បាន​វាយ​ខ្ញុំ​សែសិប​រំពាត់​ខ្វះ​មួយ​ចំនួន​ប្រាំ​ដង​ហើយ 25ខ្ញុំត្រូវ​គេ​វាយ​នឹង​ដំបង​បី​ដង​ត្រូវ​គេ​គប់​នឹង​ដុំ​ថ្ម​មួយ​ដង​លិច​សំពៅ​បី​ដង​រសាត់​នៅ​មហា​សមុទ្រ​អស់​មួយ​ថ្ងៃ​មួយ​យប់ 26ខ្ញុំបាន​ធ្វើ​ដំណើរ​ជា​ញឹកញាប់​ប្រថុយ​នឹង​គ្រោះថ្នាក់​នៅ​តាម​ទន្លេ​គ្រោះថ្នាក់​ដោយសារ​ចោរប្លន់​គ្រោះថ្នាក់​ដោយសារ​ជនជាតិ​ឯង​គ្រោះថ្នាក់​ដោយសារ​សាសន៍​ដទៃ​គ្រោះថ្នាក់​នៅ​តាម​ក្រុង​គ្រោះថ្នាក់​នៅ​តាម​ទីរហោឋាន​គ្រោះថ្នាក់​នៅ​តាម​សមុទ្រ​និង​គ្រោះថ្នាក់​ដោយសារ​បងប្អូន​ក្លែងក្លាយ 27ទាំងមាន​ការ​នឿយ​ហត់​និង​លំបាក​អត់​ងងុយ​ជា​ញឹកញាប់​ស្រេក​ឃ្លាន​តម​អាហារ​ជា​ញឹកញាប់​រងា​និង​នៅ​អាក្រាត​ទៀត​ផង។ 28ក្រៅពី​សេចក្ដី​ទាំងនេះ​ខ្ញុំ​មាន​បន្ទុក​ជា​រៀង​រាល់​ថ្ងៃ​ដែល​ជា​ការ​ខ្វល់ខ្វាយ​ចំពោះ​ក្រុម​ជំនុំ​ទាំងអស់ 29បើមាន​អ្នក​ណា​ម្នាក់​ខ្សោយ​តើ​ខ្ញុំ​មិន​ខ្សោយ​ទេ​ឬ? ​បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ធ្វើ​ឲ្យ​ជំពប់ដួល​តើ​ខ្ញុំ​មិន​ឆេះឆួល​ទេ​ឬ? 30បើខ្ញុំ​ត្រូវ​អួត​ខ្ញុំ​នឹង​អួត​ពី​ភាព​កម្សោយ​របស់​ខ្ញុំ 31ហើយព្រះជាម្ចាស់​និង​ព្រះវរបិតា​របស់​ព្រះអម្ចាស់​យេស៊ូ​ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះពរ​អស់កល្ប​ជានិច្ច​ព្រះអង្គ​ជ្រាប​ថា​ខ្ញុំ​មិន​កុហក​ទេ។ 32នៅក្រុង​ដាម៉ាស់​ចៅហ្វាយ​ក្រុង​របស់​ស្ដេច​អើរេតាស​បាន​យាម​នៅ​ទ្វារ​ក្រុង​ដាម៉ាស់​ដើម្បី​ចាប់​ខ្ញុំ 33ប៉ុន្ដែមាន​គេ​ដាក់​ខ្ញុំ​នៅក្នុង​កញ្ជើ​រួច​សម្រូត​ចុះ​តាម​បង្អួច​កំផែង​ហើយ​ខ្ញុំ​ក៏​បាន​រួច​ផុត​ពី​ដៃ​របស់​គាត់។
Copyright information for KhmKCB