‏ 2 Corinthians 12

1ខ្ញុំត្រូវតែ​អួត​ទោះបី​គ្មាន​ប្រយោជន៍​ក៏ដោយ​ប៉ុន្ដែ​ខ្ញុំ​នឹង​បន្ដ​អួត​អំពី​និមិត្ដ​និង​ការ​បើក​សំដែង​របស់​ព្រះអម្ចាស់ 2ខ្ញុំស្គាល់​មនុស្ស​ម្នាក់​នៅក្នុង​ព្រះ​គ្រិស្ដ​ដែល​កាលពី​ដប់បួន​ឆ្នាំ​មុន​ត្រូវ​បាន​ឆក់​យក​ទៅ​ស្ថានសួគ៌​ទីបី​(​ទោះបី​គាត់​ទៅ​ទាំង​នៅក្នុង​រូបកាយ​ឬ​ក្រៅ​រូបកាយ​នោះ​ខ្ញុំ​មិន​ដឹង​ទេ​ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប​) 3ហើយខ្ញុំ​ដឹង​ទៀត​ថា​មនុស្ស​បែប​នេះ​(​ទោះបី​គាត់​ទៅ​ទាំង​នៅក្នុង​រូបកាយ​ឬ​ក្រៅ​រូបកាយ​នោះ​ខ្ញុំ​មិន​ដឹង​ទេ​ប៉ុន្ដែ​ព្រះជាម្ចាស់​ជ្រាប​) 4ត្រូវបាន​ឆក់​យក​ទៅ​ស្ថានសួគ៌​ហើយ​បាន​ឮ​ពាក្យ​ដែល​មិន​អាច​បរិយាយ​បាន​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​និយាយ​ឡើយ។ 5ខ្ញុំនឹង​អួត​អំពី​មនុស្ស​បែប​នេះ​ប៉ុន្ដែ​ចំពោះ​ខ្លួន​ខ្ញុំ​ខ្ញុំ​មិន​អួត​ទេ​លើកលែងតែ​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ 6ព្រោះទោះបី​ខ្ញុំ​ចង់​អួត​ក៏​ខ្ញុំ​មិន​មែន​ជា​មនុស្ស​ល្ងង់​ដែរ​ដ្បិត​ខ្ញុំ​និយាយ​សេចក្ដីពិត​ប៉ុន្ដែ​ខ្ញុំ​ចៀស​ទៅ​ចុះ​ក្រែងលោ​មាន​អ្នក​ណា​ម្នាក់​វាយ​តម្លៃ​ខ្ញុំ​លើស​ពី​អ្វី​ដែល​គេ​បាន​ឃើញ​ឬ​បាន​ឮ​អំពី​ខ្ញុំ 7និងដោយព្រោះ​ភាព​ឧត្ដុង្គឧត្ដម​នៃ​ការ​បើកសំដែង​នេះ​។​​ដូច្នេះ​ហើយ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក​ទើប​ខ្ញុំ​ទទួល​បាន​បន្លា​មួយ​នៅក្នុង​សាច់​របស់​ខ្ញុំ​ជា​ទេវតា​របស់​អារក្ស​សាតាំង​ដែល​វាយ​ខ្ញុំ​គឺ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ពេក។ 8ចំពោះសេចក្ដី​នេះ​ខ្ញុំ​បាន​សូម​អង្វរ​ព្រះអម្ចាស់​បី​ដង​មក​ហើយ​ដើម្បី​ដក​វា​ចេញ​ពី​ខ្ញុំ 9ប៉ុន្ដែព្រះអង្គ​មានបន្ទូល​មក​ខ្ញុំ​ថា៖ ​«គុណ​របស់​យើង​ល្មម​ដល់​អ្នក​ហើយ​ដ្បិត​ចេស្ដា​របស់​យើង​នឹង​សម្រេច​នៅក្នុង​ភាព​កម្សោយ»។ ​ដូច្នេះ​ហើយ​ខ្ញុំ​នឹង​អួត​អំពី​ភាព​កម្សោយ​របស់​ខ្ញុំ​ដោយ​អំណរ​បំផុត​ដើម្បី​ឲ្យ​ព្រះ​ចេស្ដា​របស់​ព្រះ​គ្រិស្ដ​បាន​សណ្ឋិត​លើ​ខ្ញុំ 10ហេតុនេះហើយ​ដោយ​ព្រោះ​ព្រះ​គ្រិស្ដ​ខ្ញុំ​ពេញចិត្ដ​នឹង​ភាព​កម្សោយ​ការ​ត្មះតិះដៀល​ការ​លំបាក​ការ​បៀត​បៀន​ព្រមទាំង​សេចក្ដី​ទុក្ខព្រួយ​ដ្បិត​ពេល​ណា​ខ្ញុំ​ខ្សោយ​ពេល​នោះ​ខ្ញុំ​រឹងមាំ។ 11ខ្ញុំបាន​ត្រលប់​ជា​មនុស្ស​ល្ងង់​ដោយសារ​អ្នករាល់គ្នា​បង្ខំ​ខ្ញុំ​តាម​ពិត​ខ្ញុំ​គួរ​ទទួល​បាន​ការ​លើក​តម្កើង​ពី​អ្នករាល់គ្នា​ព្រោះ​ទោះបី​ខ្ញុំ​មិន​មែន​ជា​អ្វី​ក៏ដោយ​ក៏​ខ្ញុំ​គ្មាន​អ្វី​ចាញ់​ពួក​កំពូល​សាវក​ទាំងនោះ​ដែរ។ 12មានទីសំគាល់​ច្បាស់​អំពី​មុខងារ​ជា​សាវក​របស់​ខ្ញុំ​ដែល​បាន​បង្ហាញ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​តាមរយៈ​ការ​អត់ធ្មត់​គ្រប់​បែបយ៉ាង​តាមរយៈ​ទីសំគាល់​ព្រមទាំង​ការ​អស្ចារ្យ​និង​កិច្ចការ​ដ៏​មាន​អំណាច​ទាំងឡាយ។ 13តើអ្នករាល់គ្នា​មាន​អ្វី​អន់​ជាង​ក្រុម​ជំនុំ​ផ្សេង​ទៀត​ក្រៅពី​ការ​ដែល​ខ្លួន​ខ្ញុំ​មិន​មែន​ជា​បន្ទុក​ដល់​អ្នករាល់គ្នា​នោះ? ​សូម​លើកលែង​ទោស​ឲ្យ​ខ្ញុំ​ចំពោះ​កំហុស​នេះ​ផង។ 14មើល៍ខ្ញុំ​ត្រៀម​មក​ជួប​អ្នករាល់គ្នា​ជា​លើក​ទី​បី​ហើយ​ប៉ុន្ដែ​ខ្ញុំ​ក៏​មិន​ធ្វើ​ជា​បន្ទុក​ដែរ​ដ្បិត​ខ្ញុំ​មិន​ចង់​បាន​អ្វី​ជា​របស់​អ្នករាល់គ្នា​ឡើយ​គឺ​ចង់​បាន​អ្នករាល់គ្នា​វិញ​ព្រោះ​មិន​មែន​កូនៗ​ទេ​ដែល​ត្រូវ​សន្សំ​អ្វី​ទុក​ឲ្យ​ឪពុក​ម្ដាយ​គឺ​ឪពុក​ម្ដាយ​ទេ​ដែល​ត្រូវ​សន្សំ​ទុក​ឲ្យ​កូនៗ​វិញ។ 15រីឯខ្ញុំ​វិញ​ដើម្បី​ព្រលឹង​របស់​អ្នករាល់គ្នា​ខ្ញុំ​នឹង​ចំណាយ​ទ្រព្យ​ដោយ​អំណរ​បំផុត​សូម្បីតែ​ត្រូវ​ចំណាយ​ខ្លួនខ្ញុំ​ឲ្យ​អស់​ក្ដី​បើ​ខ្ញុំ​ស្រលាញ់​អ្នករាល់គ្នា​កាន់តែ​ខ្លាំង​ឡើងៗ​តើ​អ្នករាល់គ្នា​ស្រលាញ់​ខ្ញុំ​កាន់​តែ​តិច​ទៅៗ​ឬ? 16ខ្ញុំមិន​មែន​ជា​បន្ទុក​ដល់​អ្នករាល់គ្នា​ទេ​ក៏ដោយ​ប៉ុន្ដែ​គេ​ថា​ខ្ញុំ​ជា​មនុស្ស​មាន​ល្បិច​បោកប្រាស​យក​ពី​អ្នករាល់គ្នា 17តើខ្ញុំ​បាន​បោក​ប្រាស់​អ្នករាល់គ្នា​តាមរយៈ​អ្នកណា​ម្នាក់​ដែល​ខ្ញុំ​បាន​ចាត់​ឲ្យ​មក​ឯ​អ្នករាល់គ្នា​ដែរ​ឬ​អត់? 18ខ្ញុំបាន​លើក​ទឹក​ចិត្ដ​លោក​ទីតុស​និង​បាន​ចាត់​បងប្អូន​ម្នាក់​ឲ្យ​មក​ជាមួយ​គ្នា​តើ​លោក​ទីតុស​បាន​បោកប្រាស់​អ្នករាល់គ្នា​ដែរ​ឬ​អត់? ​តើ​យើង​មិន​បាន​ដើរ​តាម​វិញ្ញាណ​តែ​មួយ​និង​តាម​លំអាន​តែ​មួយ​ទេ​ឬ? 19អ្នករាល់គ្នាស្មាន​ជា​រហូត​មក​ថា​យើង​ដោះសា​នឹង​អ្នករាល់គ្នា​ប៉ុន្តែ​យើង​និយាយ​នៅក្នុង​ព្រះ​គ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​វិញ​បងប្អូន​ជា​ទីស្រឡាញ់​អើយ! ​សេចក្ដី​ទាំងអស់​នោះ​គឺ​សម្រាប់​ស្អាង​ចិត្ដ​អ្នករាល់គ្នា​ទេ។ 20ដ្បិតខ្ញុំ​ខ្លាច​ក្រែងលោ​ពេល​ខ្ញុំ​មក​ដល់​ខ្ញុំ​ឃើញ​ថា​អ្នករាល់គ្នា​មិន​ដូច​ជា​អ្វី​ដែល​ខ្ញុំ​ប៉ង​រីឯ​អ្នករាល់គ្នា​ក៏​ឃើញ​ថា​ខ្ញុំ​មិន​ដូច​ជា​អ្វី​ដែល​អ្នករាល់គ្នា​ប៉ង​ដែរ​ឬ​ក្រែងលោ​មាន​ការ​ឈ្លោះ​ប្រកែក​ការ​ឈ្នានីស​កំហឹង​ការ​ប្រជែង​ការ​និយាយ​បង្ខូច​ការ​បរិហារកេរ្តិ៍​ការ​ក្រអឺត​ក្រទម​និង​សេចក្ដី​វឹកវរ 21ឬក្រែងលោ​ពេល​ខ្ញុំ​មក​ម្ដងទៀត​នោះ​ព្រះជាម្ចាស់​របស់​ខ្ញុំ​នឹង​បន្ទាប​ខ្ញុំ​នៅ​ចំពោះ​មុខ​អ្នករាល់គ្នា​ហើយ​ខ្ញុំ​ត្រូវ​កើត​ទុក្ខ​ចំពោះ​មនុស្ស​ជា​ច្រើន​ដែល​បាន​ប្រព្រឹត្ដ​បាប​ពី​មុន​ប៉ុន្ដែ​មិន​ប្រែចិត្ដ​ពី​សេចក្ដី​ស្មោក​គ្រោក​អំពើ​អសីលធម៌ខាងផ្លូវភេទ​និង​អំពើ​ល្មោភ​កាម​ដែល​គេ​បាន​ប្រព្រឹត្ដ។
Copyright information for KhmKCB