‏ 2 Corinthians 2

1ខ្ញុំសម្រេច​ចិត្ដ​ដូច្នេះ​ថា​ខ្ញុំ​មិន​មក​ជួប​អ្នករាល់គ្នា​ទាំង​មាន​ការ​ព្រួយ​ចិត្ដ​ទៀត​ឡើយ 2បើខ្ញុំ​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ព្រួយ​តើ​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ខ្ញុំ​អរ​សប្បាយ​បាន​ក្រៅពី​អ្នក​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​ព្រួយ​ប៉ុណ្ណោះ 3ដូច្នេះខ្ញុំ​បាន​សរសេរ​សេចក្ដី​នេះ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​មាន​ការ​ព្រួយ​ចិត្ដ​ដោយសារ​អស់​អ្នក​ដែល​គួរ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រេក​អរ​នៅ​ពេល​ខ្ញុំ​មក​ដល់។ ​ខ្ញុំ​ជឿ​ជាក់​ចំពោះ​អ្នក​ទាំងអស់​គ្នា​ថា​អំណរ​របស់​ខ្ញុំ​ជា​អំណរ​របស់​អ្នក​ទាំងអស់​គ្នា​ដែរ។ 4ខ្ញុំបាន​សរសេរ​មក​អ្នករាល់គ្នា​ទាំង​ស្រក់​ទឹក​ភ្នែក​ដោយ​មាន​សេចក្ដី​វេទនា​ជា​ច្រើន​និង​ឈឺចាប់​ក្នុង​ចិត្ដ​មិន​មែន​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ព្រួយ​ទេ​គឺ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹង​ពី​សេចក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មាន​យ៉ាង​លើស​លប់​ចំពោះ​អ្នករាល់គ្នា។ 5ប៉ុន្ដែបើ​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ព្រួយ​អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ​ប៉ុន្ដែ​ឲ្យ​អ្នក​ទាំងអស់​គ្នា​ព្រួយ​ខ្លះ​គឺ​ខ្ញុំ​មិន​បំផ្លើស​ទេ 6ហើយការ​ដាក់ទោស​សម្រាប់​មនុស្ស​បែបនេះ​ពី​មនុស្ស​ភាគ​ច្រើន​នោះ​ល្មម​ហើយ 7ដូច្នេះអ្នករាល់គ្នា​គួរ​លើកលែង​ទោស​ព្រមទាំង​កម្សាន្ដ​ចិត្ដ​គាត់​វិញ​ក្រែងលោ​ការ​ព្រួយ​ចិត្ដ​ហួស​ប្រមាណ​លេប​យក​អ្នក​នោះ​ទៅ 8ហេតុនេះខ្ញុំ​សូម​ដាស់តឿន​អ្នករាល់គ្នា​ឲ្យ​បញ្ជាក់​ពី​សេចក្ដី​ស្រលាញ់​ចំពោះ​គាត់។ 9ខ្ញុំក៏​បាន​សរសេរ​សេចក្ដី​នេះ​ដើម្បី​ឲ្យ​ខ្ញុំ​ដឹង​ពី​ភាព​ស្មោះត្រង់​របស់​អ្នករាល់គ្នា​ថា​តើ​អ្នករាល់គ្នា​ស្ដាប់​បង្គាប់​តាម​គ្រប់​បែបយ៉ាង​ដែរ​ឬ​ទេ 10បើអ្នករាល់គ្នា​លើកលែង​ទោស​រឿង​អ្វី​មួយ​ឲ្យ​អ្នកណា​ម្នាក់​ខ្ញុំ​ក៏​លើកលែង​ទោស​ឲ្យ​អ្នក​នោះ​ដែរ​ហើយ​រឿង​អ្វី​មួយ​ដែល​ខ្ញុំ​បាន​លើកលែង​ទោស​ហើយ​នោះ​បើ​ខ្ញុំ​លើកលែង​ទោស​រឿង​អ្វី​មួយ​មែន​គឺ​ខ្ញុំ​បាន​លើកលែង​ទោស​ដោយសារ​អ្នករាល់គ្នា​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះ​គ្រិស្ដ 11ក្រែងលោអារក្ស​សាតាំង​បោក​ប្រាស់​យើង​ដ្បិត​យើង​មិន​មែន​មិនដឹង​ពី​គំនិត​របស់​វា​ទេ។ 12ពេលខ្ញុំ​ទៅ​ក្រុង​ទ្រអាស​ដើម្បី​ប្រកាស​ដំណឹងល្អ​អំពី​ព្រះ​គ្រិស្ដ​នោះ​ព្រះអម្ចាស់​បាន​បើក​ទ្វារ​ឲ្យ​ខ្ញុំ 13ប៉ុន្ដែខ្ញុំ​មិន​មាន​ភាព​ធូរ​ស្បើយ​នៅក្នុង​វិញ្ញាណ​របស់​ខ្ញុំ​សោះ​ព្រោះ​មិន​បាន​ជួប​លោក​ទីតុស​ជា​បងប្អូន​របស់​ខ្ញុំ​ដូច្នេះ​ខ្ញុំ​ក៏​លា​ពួកគេ​មក​ឯ​ស្រុក​ម៉ាសេដូន។ 14ប៉ុន្ដែអរ​ព្រះគុណ​ព្រះជាម្ចាស់​ដែល​តែងតែ​នាំ​យើង​ចូល​ក្នុង​ក្បួន​ជ័យ​ជម្នះ​របស់​ព្រះ​គ្រិស្ដ​ជានិច្ច​ហើយ​ព្រះអង្គ​សាយភាយ​ក្លិន​ដែល​នាំ​ឲ្យ​ស្គាល់​ព្រះអង្គ​នៅ​គ្រប់​ទីកន្លែង​តាមរយៈ​យើង 15ព្រោះយើង​ជា​ក្លិនពិដោរ​របស់​ព្រះ​គ្រិស្ដ​សម្រាប់​ព្រះជាម្ចាស់​ក្នុងចំណោម​ពួក​អ្នក​ដែល​ទទួល​បាន​សេចក្ដីសង្គ្រោះ​និង​ពួក​អ្នក​ដែល​កំពុង​វិនាស 16សម្រាប់ពួក​អ្នក​ដែល​កំពុង​វិនាស​យើង​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់​ដែល​នាំ​ឲ្យ​ស្លាប់​ប៉ុន្ដែ​សម្រាប់​ពួក​អ្នក​ដែល​ទទួល​បាន​សេចក្ដី​សង្គ្រោះ​យើង​ជា​ក្លិន​នៃ​ជីវិត​ដែល​នាំ​ឲ្យ​មាន​ជីវិត​តើ​អ្នក​ណា​ស័ក្ដិសម​នឹង​កិច្ចការ​ទាំង​នេះ? 17ដ្បិតយើង​មិន​ដូច​ជា​មនុស្ស​ជាច្រើន​ដែល​រក​ចំណេញ​ពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទេ​ប៉ុន្ដែ​យើង​និយាយ​ដោយ​អស់​ពី​ចិត្ត​នៅក្នុង​ព្រះ​គ្រិស្ដ​នៅ​ចំពោះ​ព្រះជាម្ចាស់​ដូច​ជា​អ្នក​ដែល​ព្រះជាម្ចាស់​បាន​ចាត់​ឲ្យ​មក។
Copyright information for KhmKCB