‏ 2 Corinthians 3

1តើយើង​ចាប់ផ្ដើម​លើក​តម្កើង​ខ្លួន​ទៀត​ហើយ​ឬ? ​ឬ​មួយ​យើង​ត្រូវការ​សំបុត្រ​ណែនាំ​ខ្លួន​បង្ហាញ​អ្នករាល់គ្នា​ឬ​ពី​អ្នករាល់គ្នា​ដូច​ជា​អ្នក​ខ្លះ​ដែរ​ឬ? 2អ្នករាល់គ្នាទេ​តើ​ជា​សំបុត្រ​របស់​យើង​ដែល​បាន​កត់ត្រា​ទុក​នៅក្នុង​ចិត្ដ​របស់​យើង​ដែល​មនុស្ស​ទាំងអស់​បាន​អាន​និង​បាន​ដឹង​គ្រប់គ្នា 3ទាំងបង្ហាញ​ឲ្យ​ឃើញ​ថា​អ្នករាល់គ្នា​ជា​សំបុត្រ​របស់​ព្រះ​គ្រិស្ដ​ដែល​យើង​បាន​សរសេរ​គឺ​មិន​បាន​សរសេរ​នឹង​ទឹក​ខ្មៅ​ទេ​ប៉ុន្តែ​នឹង​ព្រះ​វិញ្ញាណ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ហើយ​មិន​មែន​នៅ​លើ​បន្ទះ​ថ្ម​ទេ​គឺ​នៅក្នុង​ចិត្ដ​ខាង​សាច់​ឈាម​វិញ 4ហើយយើង​មាន​ការ​ទុកចិត្ដ​បែបនេះ​ចំពោះ​ព្រះជាម្ចាស់​ដោយសារ​ព្រះ​គ្រិស្ដ 5មិនមែន​ថា​យើង​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ដើម្បី​ចាត់ទុក​ថា​អ្វី​មួយ​មក​ពី​ខ្លួន​យើង​ទេ​ព្រោះ​សមត្ថភាព​របស់​យើង​មក​ពី​ព្រះជាម្ចាស់។ 6ព្រះអង្គក៏​បាន​ធ្វើ​ឲ្យ​យើង​មាន​សមត្ថភាព​ធ្វើ​ជា​អ្នកបម្រើ​កិច្ចព្រមព្រៀង​ថ្មី​ដែល​មិន​មែន​សរសេរ​ជា​អក្សរ​ទេ​ប៉ុន្ដែ​ដោយ​ព្រះ​វិញ្ញាណ​វិញ​ដ្បិត​អក្សរ​សម្លាប់​ប៉ុន្ដែ​ព្រះ​វិញ្ញាណ​ផ្ដល់​ជីវិត។ 7បើអក្សរ​ចារឹក​លើ​ថ្ម​ដែល​ជា​មុខងារ​បម្រើ​សេចក្ដី​ស្លាប់​មាន​សិរីរុងរឿង​រហូត​ធ្វើ​ឲ្យ​កូនចៅ​អ៊ីស្រាអែល​មិន​អាច​សម្លឹង​មើល​មុខ​លោក​ម៉ូសេ​ចំ​ដោយព្រោះតែ​សិរីល្អ​នៅ​លើ​មុខ​របស់​គាត់​ដែល​នឹង​សាបសូន្យ​ទៅ 8ចុះទម្រាំ​បើ​មុខងារ​បម្រើ​ព្រះ​វិញ្ញាណ​វិញ​នឹង​មាន​សិរីរុងរឿង​លើស​ជាង​យ៉ាងណា​ទៀត។ 9បើមុខងារ​បម្រើ​ការ​ផ្ដន្ទាទោស​មាន​សិរីរុងរឿង​នោះ​មុខងារ​បម្រើ​សេចក្ដី​សុចរិត​នឹង​មាន​សិរីរុងរឿង​កាន់តែ​ច្រើន​ជាង​ទៅ​ទៀត 10ដោយព្រោះតែ​សិរីរុងរឿង​ដ៏​លើស​លុប​នៅពេល​នេះ​នោះ​អ្វី​ដែល​ធ្លាប់​មាន​សិរីរុងរឿង​គ្មាន​សិរីរុងរឿង​ទៀត​ទេ 11ហើយបើ​អ្វី​ដែល​នឹង​បាត់​ទៅ​មាន​សិរីរុងរឿង​នោះ​អ្វី​ដែល​នៅ​ស្ថិតស្ថេរ​នឹង​មាន​សិរីរុងរឿង​លើសជាង​ទៅ​ទៀត។ 12ដូច្នេះដោយ​មាន​សង្ឃឹម​បែបនេះ​ហើយ​ទើប​យើង​និយាយ​ដោយ​ក្លាហាន 13មិនមែន​ដូច​លោក​ម៉ូសេ​ដែល​បាំង​ស្បៃ​មុខ​របស់​ខ្លួន​ដើម្បី​កុំ​ឲ្យ​កូនចៅ​អ៊ីស្រាអែល​មើល​ឃើញ​ទីបញ្ចប់​នៃ​អ្វី​មួយ​ដែល​នឹង​សាបសូន្យ​ទៅ 14ប៉ុន្ដែគំនិត​របស់​ពួកគេ​ត្រូវ​បាន​ធ្វើ​ឲ្យ​រឹងរូស​ដ្បិត​ពេល​អាន​កិច្ចព្រមព្រៀង​ចាស់​ស្បៃ​ដដែល​នោះ​នៅ​មាន​រហូតដល់​សព្វថ្ងៃ​នេះ​មិន​ទាន់​ដោះ​ចេញ​នៅ​ឡើយ​ទេ​ព្រោះ​វា​នឹង​ត្រូវ​ដោះ​ចេញ​នៅក្នុង​ព្រះ​គ្រិស្ដ 15រហូតដល់សព្វ​ថ្ងៃ​នេះ​ពេលណា​ក៏​ដោយ​ដែល​ពួកគេ​អាន​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នោះ​មាន​ស្បៃ​បាំង​ចិត្ដ​របស់​ពួកគេ។ 16ប៉ុន្ដែស្បៃ​នោះ​ត្រូវ​បាន​ដោះចេញ​ពេលណា​ដែល​ពួកគេ​បែរមក​រក​ព្រះអម្ចាស់ 17រីឯព្រះអម្ចាស់​ជា​ព្រះ​វិញ្ញាណ​ហើយ​កន្លែង​ណា​មាន​ព្រះ​វិញ្ញាណ​របស់​ព្រះអម្ចាស់​កន្លែង​នោះ​មាន​សេរីភាព 18ដូច្នេះយើង​ទាំងអស់​គ្នា​កំពុង​ឆ្លុះ​ឲ្យ​ឃើញ​សិរីរុងរឿង​របស់​ព្រះអម្ចាស់​ដោយ​គ្មាន​ស្បៃ​បាំង​មុខ​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ពី​សិរីរុងរឿង​ទៅ​សិរីរុងរឿង​ឲ្យ​មាន​រូបរាង​ដូច​ព្រះអង្គ​នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ដ៏​ជា​ព្រះ​វិញ្ញាណ។
Copyright information for KhmKCB