‏ 2 Corinthians 4

1ហេតុនេះ​ដោយសារ​យើង​បាន​ទទួល​សេចក្ដី​មេត្ដា​ករុណា​ទើប​យើង​មាន​មុខងារ​បម្រើ​នេះ​យើង​មិន​រសាយ​ចិត្ដ​ទេ 2ប៉ុន្ដែយើង​លះបង់​អំពើ​លាក់​កំបាំង​ទាំង​ឡាយ​ដែល​គួរ​ខ្មាស​ហើយ​មិន​រស់​នៅ​ដោយ​មាន​ល្បិចកល​ឬ​បំភ្លៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឡើយ​ផ្ទុយទៅវិញ​យើង​បង្ហាញ​ខ្លួន​យើង​ដល់​មនសិការ​របស់​មនុស្ស​គ្រប់គ្នា​ដោយ​បើកសំដែង​អំពី​សេចក្ដីពិត​នៅចំពោះ​ព្រះជាម្ចាស់ 3បើដំណឹងល្អ​របស់​យើង​ត្រូវ​បាន​លាក់​បាំង​មែន​នោះ​គឺ​ត្រូវ​បាន​លាក់​បាំង​នៅក្នុង​ចំណោម​ពួក​អ្នក​ដែល​កំពុង​វិនាស 4ជាពួក​អ្នក​ដែល​ព្រះ​នៃ​លោកិយ​នេះ​បាន​ធ្វើ​ឲ្យ​គំនិត​របស់​ពួក​អ្នក​គ្មាន​ជំនឿ​ទៅ​ជា​ងងឹត​ដើម្បី​កុំ​ឲ្យ​ពន្លឺ​ដំណឹងល្អ​នៃ​សិរីរុងរឿង​របស់​ព្រះ​គ្រិស្ដ​ដែល​ជា​រូបអង្គ​របស់​ព្រះជាម្ចាស់​បាន​ចែងចាំង​ឡើយ 5ព្រោះយើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ​គឺ​អំពី​ព្រះ​យេស៊ូ​គ្រិស្ដ​ដ៏​ជា​ព្រះអម្ចាស់​វិញ​ហើយ​ដោយព្រោះ​ព្រះ​យេស៊ូ​ខ្លួន​យើង​ត្រលប់​ជា​បាវបម្រើ​អ្នករាល់គ្នា 6ពីព្រោះព្រះជាម្ចាស់​ដែល​បាន​មានបន្ទូល​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្ដី​ងងឹត​ព្រះអង្គ​បាន​ផ្ដល់​ពន្លឺ​មក​ក្នុង​ចិត្ដ​របស់​យើង​ដើម្បី​បំភ្លឺ​ការ​យល់​ដឹង​អំពី​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ដែល​នៅ​លើ​ព្រះ​ភក្រ្ដ​ព្រះ​យេស៊ូ​គ្រិស្ដ។ 7ដូច្នេះយើង​មាន​ទ្រព្យសម្បត្ដិ​នៅក្នុង​ភាជនៈ​ដី​នេះ​ដើម្បី​បញ្ជាក់​ថា​អំណាច​ដ៏​ឧត្ដុង្គ​ឧត្ដម​មក​ពី​ព្រះជាម្ចាស់​មិន​មែន​មក​ពី​យើង​ទេ។ 8យើងត្រូវ​គេ​សង្កត់សង្កិន​គ្រប់​បែបយ៉ាង​ប៉ុន្ដែ​មិន​ទាន់​ទាល់ច្រក​ទេ​ហើយ​យើង​ស្មុគស្មាញ​ប៉ុន្ដែ​មិន​ទាន់​ទាល់​គំនិត​ឡើយ 9ត្រូវគេ​បៀតបៀន​ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​បោះបង់ចោល​ឡើយ​ហើយ​ត្រូវ​គេ​វាយ​ឲ្យ​ដួល​ប៉ុន្ដែ​មិន​ទាន់​ត្រូវ​បាន​សម្លាប់​ឡើយ។ 10យើងតែងតែ​ផ្ទុក​ការ​សោយទិវង្គត​របស់​ព្រះ​យេស៊ូ​ក្នុង​រូបកាយ​របស់​យើង​ជានិច្ច​ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែរ 11ហើយដោយព្រោះ​ព្រះ​យេស៊ូ​យើង​ដែល​នៅ​រស់​នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឯ​សេចក្ដី​ស្លាប់​ជានិច្ច​ដើម្បី​ឲ្យ​ជីវិត​របស់​ព្រះ​យេស៊ូ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាមរយៈ​រូបកាយ​របស់​យើង​ដែល​តែងតែ​ស្លាប់​នេះ 12ដូច្នេះហើយ​បានជា​សេចក្ដី​ស្លាប់​ធ្វើការ​ក្នុង​យើង​ប៉ុន្ដែ​ជីវិត​ធ្វើការ​ក្នុង​អ្នករាល់គ្នា​វិញ 13គឺយើង​មាន​វិញ្ញាណ​នៃ​ជំនឿ​តែ​មួយ​ស្រប​តាម​សេចក្ដី​ដែល​បាន​ចែង​ទុក​ថា៖ ​«ខ្ញុំ​ជឿ​បានជា​ខ្ញុំ​និយាយ» ​ដូច្នេះ​យើង​ក៏​ជឿ​ដែរ​បានជា​យើង​និយាយ 14ដោយដឹង​ថា​ព្រះអង្គ​ដែល​ប្រោស​ព្រះអម្ចាស់​យេស៊ូ​ឲ្យ​រស់ឡើងវិញ​ក៏​ប្រោស​យើង​ឲ្យ​រស់ឡើងវិញ​ជាមួយ​នឹង​ព្រះ​យេស៊ូ​ដែរ​ព្រមទាំង​ឲ្យ​ឈរ​នៅ​ជាមួយ​អ្នករាល់គ្នា​ទៀត​ផង។ 15ដូច្នេះអ្វីៗ​ទាំងអស់​ជា​ប្រយោជន៍​សម្រាប់​អ្នករាល់គ្នា​ដើម្បី​ឲ្យ​ព្រះ​គុណ​មាន​កាន់តែ​ហូរហៀរ​ដល់​មនុស្ស​ជាច្រើន​និង​ឲ្យ​មាន​ការ​អរព្រះគុណ​កាន់តែ​ច្រើន​សម្រាប់​ជា​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​ដែរ។ 16ហេតុនេះយើង​មិន​រសាយ​ចិត្ដ​ឡើយ​ដ្បិត​ទោះបី​រូបកាយ​ខាង​ក្រៅ​របស់​យើង​ខ្សោយ​ទៅៗ​ក៏ដោយ​ក៏​មនុស្ស​ខាង​ក្នុង​របស់​យើង​ត្រូវ​បាន​ផ្លាស់ប្រែ​ជា​ថ្មី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ 17ដ្បិតសេចក្ដី​វេទនា​ដ៏​ស្រាល​របស់​យើង​តែ​មួយ​ភ្លែត​នេះ​បាន​ធ្វើ​ឲ្យ​យើង​មាន​សិរីរុងរឿង​ដ៏​លើសលប់​អស់កល្ប​ជានិច្ច​ប្រៀប​ផ្ទឹម​មិន​បាន​ឡើយ។ 18ដូច្នេះហើយ​យើង​មិន​សម្លឹង​មើល​អ្វី​ដែល​មើល​ឃើញ​ទេ​គឺ​អ្វី​ដែល​មើល​មិន​ឃើញ​វិញ​ព្រោះ​អ្វី​ដែល​មើល​ឃើញ​នៅ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ​ប៉ុន្ដែ​អ្វី​ដែល​មើល​មិន​ឃើញ​នៅ​អស់កល្ប​ជានិច្ច។
Copyright information for KhmKCB