‏ 2 Corinthians 5

1យើងដឹង​ថា​បើ​រោង​ដែល​ជា​លំនៅ​របស់​យើង​នៅ​ផែនដី​នេះ​ត្រូវ​រើចោល​នោះ​យើង​មាន​វិមាន​មក​ពី​ព្រះជាម្ចាស់​ជា​លំនៅ​អស់កល្ប​ជានិច្ច​នៅ​ស្ថានសួគ៌​ដែល​មិន​ធ្វើ​ដោយ​ដៃ​មនុស្ស​ទេ 2ដ្បិតនៅក្នុង​លំនៅ​នេះ​យើង​ថ្ងូរ​ចង់​ពាក់​លំនៅ​របស់​យើង​ដែល​មក​ពី​ស្ថានសួគ៌​នោះ​ណាស់ 3បើបាន​ពាក់​ហើយ​នោះ​យើង​នឹង​ឃើញ​ថា​មិន​នៅ​អាក្រាត​ទៀត​ទេ។ 4ដ្បិតពេល​យើង​កំពុង​នៅ​ក្នុង​រោង​នេះ​យើង​ថ្ងូរ​ណាស់​ដោយ​មាន​បន្ទុក​ធ្ងន់​ប៉ុន្ដែ​មិន​មែន​ដោយសារ​យើង​ចង់​ដោះ​ចេញ​ទេ​គឺ​ចង់​ពាក់​វិញ​ដើម្បី​ឲ្យ​ជីវិត​លេប​យក​អ្វី​ដែល​តែងតែ​ស្លាប់។ 5ព្រះអង្គដែល​បង្កើត​យើង​សម្រាប់​ការ​នេះ​គឺ​ជា​ព្រះជាម្ចាស់​ដែល​បាន​ប្រទាន​ព្រះ​វិញ្ញាណ​មក​យើង​ទុកជា​របស់​បញ្ចាំ​ចិត្ដ 6ដូច្នេះហើយ​យើង​មាន​ចិត្ដ​ក្លាហាន​ជានិច្ច​ហើយ​ដឹង​ថា​ពេល​យើង​នៅ​ក្នុង​រូបកាយ​នេះ​នៅ​ឡើយ​នោះ​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​ព្រះអម្ចាស់ 7ដ្បិតយើង​រស់នៅ​ដោយ​ជំនឿ​មិន​មែន​ដោយ​ការ​មើល​ឃើញ​ទេ 8ហេតុនេះហើយ​យើង​មាន​ចិត្ដ​ក្លាហាន​ហើយ​ពេញចិត្ដ​នឹង​ចាកចេញ​ពី​រូបកាយ​នេះ​ទៅ​នៅ​ជាមួយ​ព្រះអម្ចាស់​ប្រសើរ​ជាង 9ដូច្នេះហើយ​មិនថា​នៅ​ក្ដី​ឬ​ចាកចេញ​ទៅ​ក្ដី​យើង​មាន​បំណង​ឲ្យ​គាប់​ព្រះហឫទ័យ​ព្រះអង្គ​ណាស់ 10ព្រោះយើង​ទាំងអស់​គ្នា​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​ទី​ជំនុំ​ជម្រះ​របស់​ព្រះ​គ្រិស្ដ​ដើម្បី​ឲ្យ​ម្នាក់ៗ​ទទួល​ផល​តាម​អ្វី​ដែល​បាន​ប្រព្រឹត្ត​តាមរយៈ​រូបកាយ​នេះ​មិន​ថា​ល្អ​ឬ​អាក្រក់​ឡើយ។ 11ហេតុនេះហើយ​ដោយ​ស្គាល់​ពី​ការ​កោត​ខ្លាច​ព្រះអម្ចាស់​បាន​ជា​យើង​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ជឿ។ ​យើង​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​នៅ​ចំពោះ​ព្រះជាម្ចាស់​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ដល់​មនសិការ​របស់​អ្នករាល់គ្នា​ដែរ។ 12យើងមិន​មែន​លើក​តម្កើង​ខ្លួន​នៅ​ចំពោះ​អ្នករាល់គ្នា​ទៀត​ទេ​គឺ​ផ្ដល់​ឱកាស​ឲ្យ​អ្នករាល់គ្នា​មាន​មោទនភាព​អំពី​យើង​វិញ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ឆ្លើយតប​នឹង​ពួក​អ្នក​ដែល​កំពុង​អួត​ពី​សំបក​ក្រៅ​ប៉ុន្ដែ​មិន​មែន​ពី​ក្នុង​ចិត្ដ 13ដ្បិតបើ​យើង​វង្វេងស្មារតី​គឺ​ដើម្បី​ព្រះជាម្ចាស់​ហើយ​បើ​យើង​មាន​ស្មារតី​ត្រឹមត្រូវ​គឺ​ដើម្បី​អ្នករាល់គ្នា 14ព្រោះសេចក្ដី​ស្រលាញ់​របស់​ព្រះ​គ្រិស្ដ​ជំរុញ​យើង​យើង​ក៏​វិនិច្ឆ័យ​ដូច្នេះ​ថា​មនុស្ស​ម្នាក់​បាន​ស្លាប់​ជំនួស​មនុស្ស​ទាំងអស់​ហេតុនេះ​មនុស្ស​ទាំងអស់​ក៏​បាន​ស្លាប់​ដែរ 15ហើយព្រះអង្គ​បាន​សោយទិវង្គត​ជំនួស​មនុស្ស​ទាំងអស់​នោះ​មនុស្ស​ដែល​រស់​នៅ​មិន​រស់​ដើម្បី​ខ្លួនឯង​ទៀត​ទេ​គឺ​រស់​ដើម្បី​ព្រះអង្គ​ដែល​បាន​សោយទិវង្គត​និង​បាន​រស់ឡើងវិញ​សម្រាប់​ពួកគេ 16ដូច្នេះហើយ​ចាប់​ពី​ពេលនេះ​តទៅ​យើង​ឈប់​ស្គាល់​អ្នកណា​ម្នាក់​តាម​បែប​សាច់ឈាម​ទៀត​ហើយ​ទោះបី​យើង​ធ្លាប់​ស្គាល់​ព្រះ​គ្រិស្ដ​តាម​បែប​សាច់ឈាម​ក៏ដោយ​ក៏​ឥឡូវនេះ​យើង​មិន​ស្គាល់​ព្រះអង្គ​តាមបែប​នោះ​ទៀត​ទេ។ 17ដូច្នេះបើ​អ្នក​ណា​នៅក្នុង​ព្រះ​គ្រិស្ដ​អ្នក​នោះ​បាន​កើត​ជា​ថ្មី​ហើយ​អ្វីៗ​ដែល​ចាស់​បាន​កន្លង​ផុត​ទៅ​មើល៍​អ្វីៗ​ត្រលប់ជា​ថ្មី​វិញ 18អ្វីៗទាំងអស់​មក​ពី​ព្រះជាម្ចាស់​ដែល​បាន​ផ្សះផ្សា​យើង​ជាមួយ​ព្រះអង្គ​តាមរយៈ​ព្រះ​គ្រិស្ដ​ព្រមទាំង​បាន​ប្រទាន​មុខងារ​បម្រើ​ខាង​ការ​ផ្សះផ្សា​នោះ​មក​យើង​ទៀត​ផង 19គឺនៅក្នុង​ព្រះ​គ្រិស្ដ​ព្រះជាម្ចាស់​កំពុង​ផ្សះផ្សា​លោកិយ​នេះ​ជាមួយ​ព្រះអង្គ​ដោយ​មិន​ប្រកាន់​កំហុស​របស់​ពួកគេ​ឡើយ​ហើយ​ព្រះអង្គ​បាន​ប្រគល់​ព្រះបន្ទូល​នៃ​ការ​ផ្សះផ្សា​នោះ​ដល់​យើង 20ហេតុនេះយើង​ជា​ទូត​របស់​ព្រះ​គ្រិស្ដ​ហាក់ដូចជា​ព្រះជាម្ចាស់​កំពុង​ដាស់តឿន​តាមរយៈ​យើង​ដូច្នេះ​យើង​តំណាង​ឲ្យ​ព្រះ​គ្រិស្ដ​សូម​អង្វរ​ថា​ចូរ​ផ្សះផ្សា​ជាមួយ​ព្រះជាម្ចាស់​ចុះ 21ដ្បិតព្រះអង្គ​បាន​ធ្វើ​ឲ្យ​ព្រះ​មួយ​អង្គ​ដែល​គ្មាន​បាប​សោះ​ត្រលប់ជា​បាប​ជំនួស​យើង​ដើម្បី​ឲ្យ​យើង​ត្រលប់ជា​មនុស្ស​សុចរិត​របស់​ព្រះជាម្ចាស់​នៅក្នុង​ព្រះ​មួយ​អង្គ​នោះ។
Copyright information for KhmKCB