‏ 2 Corinthians 6

1ដោយយើង​ធ្វើការ​ជាមួយ​ព្រះអម្ចាស់​យើង​សូម​ដាស់តឿន​អ្នករាល់គ្នា​ដែរ​ថា​កុំ​ទទួល​ព្រះ​គុណ​របស់​ព្រះអង្គ​ដោយ​ឥត​ប្រយោជន៍​ឡើយ 2ដ្បិតព្រះអង្គ​មានបន្ទូល​ថា៖ ​«យើង​បាន​ស្ដាប់​អ្នក​នៅ​គ្រា​មាន​សេចក្ដី​មេត្ដា​ហើយ​យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ​‍»។ ​មើល៍​ឥឡូវនេះ​ជា​ពេល​នៃ​សេចក្ដី​មេត្ដា​មើល៍​ឥឡូវនេះ​ជា​ថ្ងៃ​នៃ​សេចក្ដី​សង្គ្រោះ។ 3យើងមិន​ផ្ដល់​សេចក្ដី​ដែល​នាំ​ឲ្យ​អ្នក​ណា​ម្នាក់​ជំពប់ដួល​ក្នុង​កិច្ចការ​អ្វី​ឡើយ​ដើម្បី​កុំ​ឲ្យ​មុខងារ​បម្រើ​នោះ​ត្រូវ​រិះគន់​ឡើយ 4ផ្ទុយទៅវិញយើង​បង្ហាញ​ខ្លួន​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​នៅក្នុង​គ្រប់​ការ​ទាំងអស់​ដោយ​ការ​ស៊ូទ្រាំ​ជា​ច្រើន​ក្នុង​ការ​លំបាក​សេចក្ដី​វេទនា​សេចក្ដី​ទុក្ខព្រួយ 5ការវាយដំ​ការ​ជាប់​ឃុំឃាំង​ភាព​ចលាចល​ការ​នឿយហត់​ការ​អត់ងងុយ​ការ​តមអាហារ 6ដោយចិត្ដ​បរិសុទ្ធ​ចំណេះ​ដឹង​សេចក្ដី​អត់ធ្មត់​សេចក្ដី​សប្បុរស​ព្រះ​វិញ្ញាណ​បរិសុទ្ធ​សេចក្ដី​ស្រលាញ់​ឥត​ពុតត្បុត 7និងដោយ​ព្រះ​បន្ទូល​នៃ​សេចក្ដីពិត​ដោយ​អំណាច​អស្ចារ្យ​របស់​ព្រះជាម្ចាស់​តាមរយៈ​គ្រឿង​សឹក​នៃ​សេចក្ដី​សុចរិត​ដែល​កាន់​នៅ​ដៃ​ស្ដាំ​និង​នៅ​ដៃ​ឆ្វេង 8ទាំងមាន​កិត្តិយស​ឬ​អាប់យស​ទាំង​មាន​ការ​បង្អាប់បង្អោន​ឬ​ការ​សរសើរ​ហើយ​ត្រូវ​គេ​ចាត់ទុក​ជា​ជន​បោកប្រាស់​ប៉ុន្ដែ​តាមពិត​ទៀងត្រង់​ទេ 9ជាអ្នក​គ្មាន​គេ​ស្គាល់​ប៉ុន្ដែ​មាន​គេ​ស្គាល់​ច្បាស់​ជា​អ្នក​ជិតស្លាប់​ប៉ុន្ដែ​យើង​នៅ​រស់​ជា​អ្នក​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ប៉ុន្ដែ​មិន​ត្រូវ​បាន​សម្លាប់​ឡើយ 10ជាអ្នក​ព្រួយ​ចិត្ដ​ប៉ុន្ដែ​ត្រេក​អរ​ជានិច្ច​ជា​អ្នក​ក្រក្សត់​ប៉ុន្ដែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ចម្រុង​ចម្រើន​ជា​អ្នក​គ្មាន​អ្វី​សោះ​ប៉ុន្ដែ​មាន​សព្វគ្រប់។ 11បងប្អូននៅ​ក្រុង​កូរិនថូស​អើយ! ​យើង​បាន​និយាយ​ដោយ​ស្មោះត្រង់​ទៅ​កាន់​អ្នករាល់គ្នា​រីឯ​ចិត្ត​របស់​យើង​ក៏​ទូលំទូលាយ​ដែរ 12យើងមិន​បាន​បង្ខាំង​អ្នករាល់គ្នា​ទេ​ប៉ុន្ដែ​ចិត្ដ​អ្នករាល់គ្នា​បង្ខាំង​អ្នករាល់គ្នា​វិញ។ 13ឥឡូវនេះខ្ញុំ​និយាយ​ដូចជា​និយាយ​ទៅ​កូនៗ​របស់​ខ្ញុំ​ថា​ចូរ​អ្នករាល់គ្នា​មាន​ចិត្ដ​ទូលាយ​ទុក​ជា​ការ​តបស្នង​ដូចគ្នា​ដែរ​ចុះ។ 14មិនត្រូវ​ទឹម​នឹម​ស្រៀក​ជាមួយ​អ្នក​មិន​ជឿ​ឡើយ​ដ្បិត​តើ​សេចក្ដី​សុចរិត​និង​សេចក្ដី​ទុច្ចរិត​ប្រកប​គ្នា​យ៉ាង​ដូចម្ដេច​បាន? ​តើ​ពន្លឺ​លាយឡំ​នឹង​សេចក្ដី​ងងឹត​យ៉ាង​ដូចម្ដេច​បាន? 15តើព្រះ​គ្រិស្ដ​និង​អារក្ស​បេលាល​ស្រុះស្រួល​គ្នា​យ៉ាង​ដូចម្ដេច​បាន? ​តើ​អ្នក​ជឿ​មាន​ចំណែក​ជាមួយ​អ្នក​មិន​ជឿ​យ៉ាង​ដូចម្ដេច​បាន? 16តើព្រះ​វិហារ​របស់​ព្រះជាម្ចាស់​និង​រូប​ព្រះ​រួមគ្នា​យ៉ាង​ដូចម្ដេច​បាន? ​ដ្បិត​យើង​ជា​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ដូច​ដែល​ព្រះជាម្ចាស់​បាន​មានបន្ទូល​ថា៖ ​«យើង​នឹង​គង់នៅ​ក្នុង​ចំណោម​ពួកគេ​ហើយ​នឹង​ដើរ​ជាមួយ​ពួកគេ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួកគេ​ហើយ​ពួកគេ​នឹង​ធ្វើ​ជា​ប្រជារាស្រ្ដ​របស់​យើង» 17ដូច្នេះហើយ​ព្រះអម្ចាស់​មានបន្ទូល​ថា​៖​​«ចូរ​ចាកចេញ​ពី​ក្នុងចំណោម​ពួកគេ​ព្រមទាំង​ញែក​ខ្លួន​ចេញ​ផង​រួច​កុំ​ពាល់​របស់​មិនស្អាត​ឡើយ​នោះ​យើង​នឹង​ទទួល​អ្នករាល់គ្នា 18យើងនឹង​ធ្វើ​ជា​ឪពុក​របស់​អ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​នឹង​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី​របស់​យើង​គឺ​ព្រះអម្ចាស់​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​មានបន្ទូល​ដូច្នេះ»។
Copyright information for KhmKCB