‏ 2 Corinthians 7

1ហេតុនេះហើយ​បងប្អូន​ជា​ទីស្រលាញ់​អើយ! ​ដោយ​មាន​សេចក្ដី​សន្យា​ទាំងនេះ​ចូរ​យើង​សំអាត​ខ្លួន​ពី​ភាព​ស្មោកគ្រោក​ទាំងឡាយ​ខាង​សាច់​ឈាម​និង​ខាង​វិញ្ញាណ​ទាំង​បំពេញ​សេចក្ដី​បរិសុទ្ធ​ដោយ​ការ​កោតខ្លាច​ព្រះជាម្ចាស់។ 2សូមទទួល​យើង​ផង​យើង​មិន​បាន​ធ្វើ​ខុស​នឹង​អ្នក​ណា​ទេ​យើង​មិន​បាន​បំផ្លាញ​អ្នក​ណា​ទេ​ហើយ​យើង​ក៏​មិន​បាន​បោក​ប្រាស់​អ្នក​ណា​ដែរ។ 3ខ្ញុំនិយាយ​នេះ​មិន​មែន​ជា​ការ​ផ្ដន្ទា​ទោស​ដល់​អ្នករាល់គ្នា​ទេ​ដ្បិត​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​ជាមុន​រួចហើយ​ថា​អ្នករាល់គ្នា​នៅ​ក្នុង​ចិត្ដ​របស់​យើង​ដើម្បី​បាន​ស្លាប់​រស់​ជាមួយ​គ្នា 4ខ្ញុំនិយាយ​ទៅ​កាន់​អ្នករាល់គ្នា​ដោយ​ក្លាហាន​ហើយ​មាន​មោទនៈភាព​យ៉ាងខ្លាំង​ដោយព្រោះ​អ្នករាល់គ្នា​ខ្ញុំ​បាន​ទទួល​ការ​កម្សាន្ដ​ចិត្ដ​យ៉ាង​ពោរពេញ​ហើយ​ខ្ញុំ​ក៏​មាន​អំណរ​យ៉ាង​បរិបូរ​ដែរ​នៅក្នុង​សេចក្ដី​វេទនា​គ្រប់​បែបយ៉ាង។ 5ម្យ៉ាងទៀត​កាល​យើង​បាន​មក​ដល់​ស្រុក​ម៉ាសេដូន​នោះ​រូបកាយ​របស់​យើង​គ្មាន​ភាព​ធូរ​ស្បើយ​សោះ​ប៉ុន្ដែ​ត្រូវ​រងទុក្ខ​លំបាក​គ្រប់​បែបយ៉ាង​គឺ​ខាងក្រៅ​មាន​ការ​តទល់​រីឯ​ខាងក្នុង​មាន​សេចក្ដី​ភ័យខ្លាច 6ប៉ុន្ដែព្រះជាម្ចាស់​ដែល​កម្សាន្ដ​ចិត្ដ​ពួក​អ្នក​ដែល​បាក់​ទឹកចិត្ដ​បាន​កម្សាន្ដ​ចិត្ដ​យើង​ដែរ​តាមរយៈ​ការ​មកដល់​របស់​លោក​ទីតុស 7មិនត្រឹមតែ​តាមរយៈ​ការ​មកដល់​របស់​គាត់​ប៉ុណ្ណោះ​ទេ​គឺ​តាមរយៈ​ការ​កម្សាន្ដ​ចិត្ដ​ដែល​អ្នករាល់គ្នា​បាន​កម្សាន្ដ​ចិត្ដ​គាត់​ដែរ​គាត់​បាន​ប្រាប់​យើង​ពី​ការ​ទន្ទឹង​មើល​ផ្លូវ​ពី​ទុក្ខព្រួយ​និង​ភាព​ប្ដូរ​ផ្ដាច់​របស់​អ្នករាល់គ្នា​ដែល​មាន​ចំពោះ​យើង​ដូច្នេះ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ត្រេក​អរ​ថែម​ទៀត។ 8បើខ្ញុំ​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ព្រួយ​ចិត្ដ​ដោយសារ​សំបុត្រ​នោះ​ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ទេ​ទោះបី​ខ្ញុំ​ស្ដាយ​ក្រោយ​ក៏​ដោយ​ដោយព្រោះ​ខ្ញុំ​យល់​ឃើញ​ថា​សំបុត្រ​នេះ​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ព្រួយ​ចិត្ដ​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ 9ឥឡូវនេះខ្ញុំ​ត្រេក​អរ​ណាស់​ប៉ុន្ដែ​មិន​មែន​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយ​ចិត្ដ​ទេ​គឺ​ដោយព្រោះ​អ្នករាល់គ្នា​ព្រួយចិត្ដ​រហូតដល់​មាន​ការ​ប្រែចិត្ដ​ដ្បិត​អ្នករាល់គ្នា​ព្រួយ​ចិត្ដ​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ដូច្នេះ​អ្នករាល់គ្នា​មិន​បាន​ទទួល​ការ​ខាតបង់​អ្វី​មួយ​ដោយសារ​យើង​ទេ 10ព្រោះការ​ព្រួយ​ចិត្ដ​ដែល​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ចិត្ដ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​នោះ​មិន​គួរ​ស្ដាយក្រោយ​ឡើយ​ប៉ុន្ដែ​ការ​ព្រួយ​ចិត្ដ​របស់​លោកិយ​វិញ​ធ្វើ​ឲ្យ​មាន​សេចក្ដី​ស្លាប់ 11ដ្បិតមើល៍​ការ​ព្រួយ​ចិត្ដ​បែប​នេះ​ដែល​ស្រប​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នា​ឧស្សាហ៍​មាន​ការ​ការពារ​ខ្លួន​ការ​ឈឺ​ចិត្ដ​ការ​ភ័យខ្លាច​ការ​ទន្ទឹង​មើល​ផ្លូវ​ភាព​ប្ដូរ​ផ្ដាច់​និង​យុត្ដិធម៌! ​ដូច្នេះ​ចំពោះ​បញ្ហា​នេះ​អ្នករាល់គ្នា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ខ្លួន​បរិសុទ្ធ​ក្នុង​គ្រប់​ការ​ទាំងអស់។ 12ទោះបីខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​មែន​ក៏ដោយ​ក៏​មិន​មែន​ដើម្បី​អ្នក​ដែល​ធ្វើ​ខុស​ឬ​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​ខុស​លើ​នោះ​ដែរ​ប៉ុន្ដែ​ដើម្បី​បង្ហាញ​ឲ្យ​អ្នករាល់គ្នា​ឃើញ​ពី​សេចក្ដី​ឧស្សាហ៍​របស់​អ្នករាល់គ្នា​ដែល​មាន​ចំពោះ​យើង​នៅ​ចំពោះ​ព្រះជាម្ចាស់ 13ដោយព្រោះការ​នេះ​យើង​ត្រូវ​បាន​កម្សាន្ដ​ចិត្ដ​ប៉ុន្ដែ​លើស​ពី​ការ​កម្សាន្ដ​ចិត្ដ​នេះ​យើង​កាន់តែ​ត្រេកអរ​ថែម​ទៀត​ចំពោះ​អំណរ​របស់​លោក​ទីតុស​ដ្បិត​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើ​ឲ្យ​វិញ្ញាណ​របស់​គាត់​ធូរ​ស្បើយ​។​ 14ទោះបីខ្ញុំ​បាន​អួត​គាត់​ខ្លះៗ​អំពី​អ្នករាល់គ្នា​ក៏ដោយ​ក៏​ខ្ញុំ​មិន​មាន​សេចក្ដី​ខ្មាស​ដែរ​ព្រោះ​សេចក្ដី​ទាំងឡាយ​ដែល​យើង​ប្រាប់​ដល់​អ្នករាល់គ្នា​ជា​សេចក្ដីពិត​យ៉ាងណា​នោះ​ការ​ដែល​យើង​អួត​លោក​ទីតុស​អំពី​អ្នករាល់គ្នា​ក៏​ជា​សេចក្ដីពិត​យ៉ាងនោះ​ដែរ 15ហើយគាត់​កាន់តែ​មាន​ចិត្ដ​ស្រលាញ់​ចំពោះ​អ្នករាល់គ្នា​ខ្លាំង​ឡើងៗ​ដោយ​នឹកចាំ​ពី​ការ​ស្ដាប់​បង្គាប់​របស់​អ្នករាល់គ្នា​ពេល​អ្នករាល់គ្នា​បាន​ទទួល​គាត់​ដោយ​ចិត្ដ​កោតខ្លាច​និង​ញាប់ញ័រ 16ខ្ញុំត្រេកអរ​ណាស់​ដែល​ខ្ញុំ​ទុកចិត្ត​លើ​អ្នករាល់គ្នា​គ្រប់​បែបយ៉ាង។
Copyright information for KhmKCB