‏ 2 Corinthians 8

1បងប្អូនអើយ! ​យើង​ប្រាប់​អ្នករាល់គ្នា​ឲ្យ​ដឹង​ពី​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​ដែល​បាន​ផ្ដល់​ឲ្យ​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​ស្រុក​ម៉ាសេដូន 2ថាក្នុង​ពេល​មាន​ការ​ល្បង​យ៉ាងខ្លាំង​តាមរយៈ​សេចក្ដី​វេទនា​ភាព​ហូរហៀរ​នៃ​អំណរ​និង​ភាព​ក្រ​តោកយ៉ាក​របស់​ពួកគេ​ក៏​បង្ហូរ​ចេញ​សេចក្ដី​សប្បុរស​ដ៏​បរិបូរ 3ខ្ញុំសូម​ធ្វើបន្ទាល់​ថា​ពួកគេ​ស្ម័គ្រចិត្ដ​តាម​សមត្ថភាព​របស់​ពួកគេ​និង​ហួស​ពី​សមត្ថភាព​របស់​ពួកគេ​ទៅទៀត 4ពួកគេសូម​អង្វរ​យើង​យ៉ាង​ទទូច​ដើម្បី​អនុគ្រោះ​ឲ្យ​ពួកគេ​មាន​ចំណែក​នៅក្នុង​ការ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ 5ហើយហួស​ពី​ការ​ស្មាន​របស់​យើង​មុនដំបូង​ពួកគេ​បាន​ថ្វាយ​ខ្លួន​ដល់​ព្រះអម្ចាស់​បន្ទាប់មក​ដល់​យើង​ដែរ​តាម​បំណង​របស់​ព្រះជាម្ចាស់។ 6ដូច្នេះហើយ​យើង​ក៏​ដាស់តឿន​លោក​ទីតុស​ឲ្យ​បង្ហើយ​ការ​ប្រមូល​ជំនួយ​នេះ​ដែល​គាត់​បាន​ចាប់ផ្ដើម​ធ្វើ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ពីមុន​ហើយ។ 7ដូចដែល​អ្នករាល់គ្នា​បាន​ចម្រើន​ឡើង​នៅក្នុង​កិច្ចការ​ទាំងឡាយ​គឺ​ទាំង​នៅក្នុង​ជំនឿ​ពាក្យ​សំដី​ចំណេះ​ដឹង​និង​សេចក្ដី​ឧស្សាហ៍​ទាំងអស់​ព្រមទាំង​សេចក្ដី​ស្រលាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះ​យើង​ជា​យ៉ាងណា​នោះ​នៅក្នុង​ការ​ប្រមូល​ជំនួយ​នេះ​ចូរ​ឲ្យ​អ្នករាល់គ្នា​ចម្រើន​ឡើង​ជា​យ៉ាងនោះ​ដែរ 8ខ្ញុំមិន​មែន​និយាយ​បែប​បង្គាប់​ទេ​ប៉ុន្ដែ​ដើម្បី​ពិសោធ​សេចក្ដី​ស្រលាញ់​ដ៏​ស្មោះត្រង់​របស់​អ្នករាល់គ្នា​តាមរយៈ​សេចក្ដី​ឧស្សាហ៍​របស់​អ្នក​ដទៃ​វិញ។ 9ដ្បិតអ្នករាល់គ្នា​ស្គាល់​ព្រះ​គុណ​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ហើយ​គឺ​ថា​ទោះបី​ព្រះអង្គ​ជា​អ្នក​មាន​ក៏ដោយ​ក៏​ព្រះអង្គ​បាន​ត្រលប់ជា​អ្នកក្រ​ដោយព្រោះ​អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រលប់​ជា​អ្នក​មាន​ដោយសារ​ភាព​ក្រ​របស់​ព្រះអង្គ។ 10ខ្ញុំសូម​ផ្ដល់​យោបល់​នៅក្នុង​រឿង​នេះ​ចុះ​ដោយព្រោះ​ការ​នេះ​ជា​ប្រយោជន៍​ដល់​អ្នករាល់គ្នា​ដែល​មិន​គ្រាន់តែ​ចាប់ផ្ដើម​ធ្វើ​ការ​នេះ​តាំង​ពី​ឆ្នាំ​មុន​មក​ទេ​ថែមទាំង​ចង់​ធ្វើ​ទៀត​ផង 11ដូច្នេះឥឡូវនេះ​ចូរ​បំពេញ​កិច្ចការ​នេះ​ចុះ​គឺ​អ្នករាល់គ្នា​មាន​ចិត្ដ​សង្វាត​ចង់​ធ្វើ​ជា​យ៉ាង​ណា​ក៏​បំពេញ​ជា​យ៉ាង​នោះ​ចុះ​ទៅ​តាម​អ្វី​ដែល​អ្នករាល់គ្នា​មាន។ 12ដ្បិតបើ​មាន​ចិត្ត​សង្វាត​មែន​នោះ​អាច​ទទួល​យក​បាន​ហើយ​គឺ​តាម​អ្វី​ដែល​អ្នក​នោះ​មាន​មិន​មែន​តាម​អ្វី​ដែល​អ្នក​នោះ​គ្មាន​ទេ 13ប៉ុន្ដែមិន​មែន​ឲ្យ​អ្នក​ផ្សេង​មាន​ភាព​ធូរស្បើយ​ហើយ​ឲ្យ​អ្នករាល់គ្នា​មាន​សេចក្ដី​វេទនា​នោះ​ទេ​ផ្ទុយទៅវិញ​ឲ្យ​ស្មើ​ភាព​គ្នា 14គឺនៅ​ពេល​បច្ចុប្បន្ននេះ​ឲ្យ​ភាព​ហូរហៀរ​របស់​អ្នករាល់គ្នា​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នក​ទាំងនោះ​ដើម្បី​ឲ្យ​ភាព​ហូរហៀរ​របស់​អ្នក​ទាំងនោះ​អាច​នឹង​ផ្គត់ផ្គង់​ដល់​ភាព​ខ្វះខាត​របស់​អ្នករាល់គ្នា​វិញ​ដូច្នេះ​ទើប​ស្មើ​ភាព​គ្នា 15ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«អ្នក​ដែល​ប្រមូល​បាន​ច្រើន​ក៏​មិន​មាន​ច្រើន​ណាស់​ណា​ឯ​អ្នក​ដែល​ប្រមូល​បាន​តិច​ក៏​មិន​ខ្វះ​ដែរ»។ 16ប៉ុន្ដែសូម​អរព្រះគុណ​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​សេចក្ដី​ឧស្សាហ៍​នោះ​នៅក្នុង​ចិត្ដ​ចំពោះ​អ្នករាល់គ្នា​ដែរ 17ដ្បិតគាត់​បាន​ទទួល​ពាក្យ​អង្វរ​របស់​យើង​ហើយ​កាន់តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែមទៀត​រួច​គាត់​ក៏​មក​ឯ​អ្នករាល់គ្នា​ដោយ​ស្ម័គ្រចិត្ដ 18រីឯយើង​ក៏​បាន​ចាត់​បងប្អូន​ម្នាក់​ដែល​មាន​ការ​សរសើរ​ពី​ក្រុម​ជំនុំ​ទាំងអស់​នៅក្នុង​ការ​ប្រកាស​ដំណឹងល្អ​ឲ្យ​មក​ជាមួយ​គាត់​ដែរ 19មិនត្រឹមតែ​ប៉ុណ្ណោះ​ទេ​ក្រុម​ជំនុំ​ទាំង​ឡាយ​ក៏​បាន​ជ្រើសរើស​អ្នក​នោះ​ឲ្យ​រួម​ដំណើរ​ជាមួយ​យើង​នៅក្នុង​ការ​ប្រមូល​ជំនួយ​ដែល​យើង​កំពុង​ចាត់ចែង​ដើម្បី​ថ្វាយ​សិរីរុងរឿង​ដល់​ព្រះអម្ចាស់​ផ្ទាល់​និង​ដើម្បី​បង្ហាញ​ពី​ចិត្ដ​សង្វាត​របស់​យើង​ដែរ 20ព្រមទាំងចៀសវាង​កុំ​ឲ្យ​អ្នក​ណា​ម្នាក់​រិះគន់​យើង​បាន​ឡើយ​ចំពោះ​ជំនួយ​ដ៏​ច្រើន​ដែល​យើង​កំពុង​ចាត់ចែង 21ដ្បិតយើង​តាំង​ចិត្ដ​ធ្វើ​ការ​ល្អ​មិន​មែន​តែ​នៅ​ចំពោះ​ព្រះអម្ចាស់​ប៉ុណ្ណោះ​ទេ​គឺ​នៅ​ចំពោះ​មុខ​មនុស្ស​ដែរ។ 22យើងចាត់​បងប្អូន​ម្នាក់​ទៀត​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ព្រោះ​យើង​បាន​ពិសោធ​អ្នក​នោះ​ជា​ញឹកញាប់​ហើយ​ឃើញ​ថា​គាត់​មាន​សេចក្ដី​ឧស្សាហ៍​នៅក្នុង​កិច្ចការ​ជា​ច្រើន​ឥឡូវ​នេះ​គាត់​កាន់តែ​មាន​សេចក្ដី​ឧស្សាហ៍​ថែម​ទៀត​ដោយ​ការ​ទុកចិត្ដ​ជាខ្លាំង​លើ​អ្នករាល់គ្នា។ 23ចំពោះលោក​ទីតុស​គាត់​ជា​គូកន​របស់​ខ្ញុំ​និង​ជា​អ្នក​រួម​ការងារ​ជាមួយ​ខ្ញុំ​សម្រាប់​អ្នករាល់គ្នា​រីឯ​ពួក​បងប្អូន​របស់​យើង​ផ្សេង​ទៀត​ពួកគេ​ជា​សាវក​របស់​ក្រុម​ជំនុំ​ទាំង​ឡាយ​និង​ជា​សិរីរុងរឿង​របស់​ព្រះ​គ្រិស្ដ 24ដូច្នេះចូរ​បង្ហាញ​ភស្ដុតាង​ពី​សេចក្ដី​ស្រលាញ់​របស់​អ្នករាល់គ្នា​និង​មោទនៈភាព​របស់​យើង​អំពី​អ្នករាល់គ្នា​ឲ្យ​ពួកគេ​បាន​ឃើញ​នៅ​ចំពោះមុខ​ក្រុម​ជំនុំ​ទាំង​ឡាយ​ចុះ។
Copyright information for KhmKCB