‏ 2 Corinthians 9

1ចំពោះការ​ឧបត្ថម្ភ​ដល់​ពួក​បរិសុទ្ធ​នោះ​មិន​ចាំបាច់​ឲ្យ​ខ្ញុំ​សរសេរ​ប្រាប់​អ្នករាល់គ្នា​ទេ 2ដ្បិតខ្ញុំ​បាន​ស្គាល់​ចិត្ដ​សង្វាត​របស់​អ្នករាល់គ្នា​ហើយ​បាន​ជា​ខ្ញុំ​អួត​ពួក​អ្នក​ស្រុក​ម៉ាសេដូន​ពី​អ្នករាល់គ្នា​ថា​ពួក​អ្នក​នៅ​ស្រុក​អាខៃ​បាន​ត្រៀម​តាំង​ពី​ឆ្នាំ​មុន​មក​ម៉្លេះ​ដូច្នេះ​ហើយ​ភាព​ប្ដូរផ្ដាច់​របស់​អ្នករាល់គ្នា​បាន​ជំរុញ​ទឹក​ចិត្ដ​មនុស្ស​ជា​ច្រើន។ 3ខ្ញុំបាន​ចាត់​បងប្អូន​ទាំង​នោះ​ឲ្យមក​ដើម្បី​កុំ​ឲ្យ​មោទនភាព​របស់​យើង​អំពី​អ្នករាល់គ្នា​ត្រង់​ចំនុច​នេះ​ត្រលប់ជា​ឥត​ប្រយោជន៍​ហើយ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ត្រៀម​ដូច​ដែល​ខ្ញុំ​បាន​និយាយ​មែន 4ក្រែងលោបើ​សិន​ជា​មាន​ពួក​អ្នក​ស្រុក​ម៉ាសេដូន​មក​ជាមួយ​ខ្ញុំ​ហើយ​ឃើញ​អ្នករាល់គ្នា​មិន​បាន​ត្រៀម​នោះ​មិន​ត្រឹមតែ​អ្នករាល់គ្នា​ទេ​សូម្បីតែ​យើង​ដែល​មាន​ការ​ទុកចិត្ដ​នេះ​ក៏​មាន​សេចក្ដី​ខ្មាស​ដែរ។ 5ដូច្នេះខ្ញុំ​យល់​ឃើញ​ថា​ត្រូវ​ជំរុញ​បងប្អូន​ទាំង​នោះ​ឲ្យ​មក​ឯ​អ្នករាល់គ្នា​មុន​ហើយ​រៀបចំ​ជាមុន​នូវ​អំណោយ​ដែល​អ្នករាល់គ្នា​បាន​សន្យា​ពីមុន​នោះ​ឲ្យ​បាន​រួច​រាល់​ដើម្បី​ឲ្យ​អំណោយ​នោះ​ជា​អំណោយ​មែន​មិន​មែន​ជា​ការ​ជំរិត​ឡើយ។ 6គឺបែប​នេះ​អ្នក​ណា​ដែល​ព្រោះ​ដោយ​កំណាញ់​អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​កំណាញ់​ឯ​អ្នក​ណា​ដែល​ព្រោះ​ដោយ​សប្បុរស​អ្នក​នោះ​នឹង​ច្រូត​បាន​ដោយ​សប្បុរស។ 7ចូរម្នាក់ៗ​ឲ្យ​តាម​ដែល​បាន​សម្រេច​ចិត្ដ​ចុះ​មិន​មែន​ឲ្យ​ដោយ​ស្ដាយ​ឬ​ដោយ​ការ​បង្ខិតបង្ខំ​ឡើយ​ដ្បិត​ព្រះជាម្ចាស់​ស្រលាញ់​អ្នក​ដែល​ឲ្យ​ដោយ​អំណរ។ 8ព្រះជាម្ចាស់អាច​ធ្វើ​ឲ្យ​គ្រប់ទាំង​ព្រះ​គុណ​បាន​ចម្រើន​ឡើង​ដល់​អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​មាន​ភាព​គ្រប់​គ្រាន់​ជានិច្ច​នៅក្នុង​គ្រប់​កិច្ចការ​ទាំងអស់​ព្រមទាំង​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើន​ឡើង​នៅក្នុង​ការ​ល្អ​គ្រប់​ជំពូក 9ដូចមាន​សេចក្ដីចែង​ទុក​ថា៖ ​«គាត់​បាន​ចែក​ចាយ​គាត់​បាន​ឲ្យ​ទាន​ដល់​ពួក​អ្នកក្រ​ហើយ​សេចក្ដី​សុចរិត​របស់​គាត់​នៅ​ស្ថិតស្ថេរ​អស់កល្ប​ជានិច្ច» 10រីឯព្រះ​ដែល​ផ្គត់ផ្គង់​គ្រាប់​ពូជ​ដល់​អ្នក​ព្រោះ​ពូជ​ព្រមទាំង​អាហារ​សម្រាប់​បរិភោគ​ផង​ព្រះអង្គ​នឹង​ផ្គត់ផ្គង់​ហើយ​ធ្វើ​ឲ្យ​គ្រាប់​ពូជ​របស់​អ្នករាល់គ្នា​មាន​ច្រើន​ឡើងៗ​និង​ធ្វើ​ឲ្យ​ផល​នៃ​សេចក្ដី​សុចរិត​របស់​អ្នករាល់គ្នា​បាន​កើន​ច្រើន​ឡើង 11ព្រមទាំងឲ្យ​អ្នករាល់គ្នា​ចម្រុងចម្រើន​ក្នុង​ការ​គ្រប់​ទាំងអស់​សម្រាប់​សេចក្ដី​សប្បុរស​គ្រប់​បែបយ៉ាង​ដែល​ធ្វើ​ឲ្យ​មាន​ការ​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​តាមរយៈ​យើង 12ព្រោះការ​ឧបត្ថម្ភ​ជំនួយ​នេះ​មិន​ត្រឹមតែ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ពួក​បរិសុទ្ធ​ប៉ុណ្ណោះ​ទេ​គឺ​កាន់តែ​ចម្រើន​ឡើង​តាមរយៈ​ការ​អរព្រះគុណ​ជាច្រើន​ដល់​ព្រះជាម្ចាស់​ទៀត​ផង។ 13តាមរយៈភស្ដុតាង​នៃ​ការ​ឧបត្ថម្ភ​នេះ​ពួកគេ​នឹង​សរសើរ​តម្កើង​ព្រះជាម្ចាស់​ដោយព្រោះ​អ្នករាល់គ្នា​ចុះចូល​ចំពោះ​ការ​ប្រកាស​របស់​អ្នករាល់គ្នា​អំពី​ដំណឹងល្អ​របស់​ព្រះ​គ្រិស្ដ​និង​ដោយព្រោះ​សេចក្ដី​សប្បុរស​របស់​អ្នករាល់គ្នា​នៅក្នុង​ការ​បរិច្ចាគ​សម្រាប់​ពួកគេ​និង​មនុស្ស​ទាំងអស់ 14ហើយនៅក្នុង​ការ​ទូល​អង្វរ​របស់​ពួកគេ​សម្រាប់​អ្នករាល់គ្នា​ពួកគេ​ស្រលាញ់​អ្នករាល់គ្នា​យ៉ាងខ្លាំង​ដោយព្រោះ​ព្រះ​គុណ​ដ៏​លើស​លប់​របស់​ព្រះជាម្ចាស់​ដែល​នៅលើ​អ្នករាល់គ្នា។ 15សូមអរព្រះគុណ​ព្រះជាម្ចាស់​ចំពោះ​អំណោយ​ទាន​ដ៏​រក​ថ្លែង​ពុំ​បាន​របស់​ព្រះអង្គ។
Copyright information for KhmKCB