‏ 2 Peter 2

1ដូចដែល​ធ្លាប់​មាន​អ្នកនាំព្រះបន្ទូលក្លែងក្លាយ​នៅក្នុង​ចំណោម​ប្រជាជន​ជា​យ៉ាងណា​នោះ​ក៏​នឹង​មាន​គ្រូ​ក្លែងក្លាយ​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ជា​យ៉ាងនោះ​ដែរ​ពួកគេ​នឹង​នាំ​សេចក្ដី​បង្រៀន​ដែល​នាំ​ឲ្យ​ហិនវិនាស​ចូល​មក​ដោយ​សំងាត់​ពួកគេ​បដិសេធ​សូម្បីតែ​ព្រះអម្ចាស់​ដែល​បាន​លោះ​ពួកគេ​ហើយ​ក៏​នាំ​សេចក្ដី​វិនាស​ទាន់ហន់​មក​លើ​ខ្លួនឯង​ទៀត​ផង។ 2មនុស្សជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ហើយ​ផ្លូវ​នៃ​សេចក្ដីពិត​នឹង​ត្រូវ​ប្រមាថ​ដោយព្រោះតែ​ពួកគេ 3ដោយសារសេចក្ដី​លោភលន់​របស់​ពួកគេ​នោះ​ពួកគេ​នឹង​កេង​ចំណេញ​ពី​អ្នករាល់គ្នា​ដោយ​ប្រើ​ពាក្យ​បោកបញ្ឆោត​រីឯ​សេចក្ដី​ជំនុំជម្រះ​សម្រាប់​ពួកគេ​ដែល​មាន​យូរ​មក​ហើយ​នោះ​មិន​នៅស្ងៀម​ឡើយ​ហើយ​សេចក្ដី​វិនាស​សម្រាប់​ពួកគេ​ក៏​មិន​ដេក​លក់​ដែរ។ 4ដ្បិតបើ​ព្រះជាម្ចាស់​មិន​បាន​អត់ឱន​ឲ្យ​ពួក​ទេវតា​ដែល​បាន​ធ្វើ​បាប​ទេ​ប៉ុន្ដែ​បាន​ទម្លាក់​ពួកគេ​ទៅក្នុង​ស្ថាន​នរក​ហើយ​បាន​ប្រគល់​ឲ្យ​ឃុំទុក​នៅក្នុង​សេចក្ដី​ងងឹត​ដើម្បី​ជំនុំជម្រះ 5ហើយបើ​ព្រះអង្គ​មិន​បាន​អត់ឱន​ឲ្យ​ពិភពលោក​ជំនាន់​មុន​នៅពេល​ដែល​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​លិច​ពិភពលោក​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ប៉ុន្ដែ​ព្រះអង្គ​សង្គ្រោះ​លោក​ណូអេ​ដែល​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត​និង​មនុស្ស​ប្រាំពីរ​នាក់​ទៀត 6បើព្រះអង្គ​បាន​កាត់​ទោស​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា​ឲ្យ​វិនាស​អន្ដរាយ​ដោយ​ដុត​ឲ្យ​ទៅជា​ផេះ​ដើម្បី​ទុក​ជា​គំរូ​ដល់​មនុស្ស​ដែល​នឹង​រស់នៅ​ដោយ​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 7ហើយបើ​ព្រះអង្គ​បាន​សង្គ្រោះ​លោក​ឡុត​ជា​មនុស្ស​សុចរិត​ដែល​ព្រួយចិត្ត​ដោយព្រោះ​អំពើ​ល្មោភកាម​របស់​មនុស្ស​ថោកទាប 8(ព្រោះ​មនុស្ស​សុចរិត​នោះ​បាន​រស់នៅ​ក្នុងចំណោម​ពួកគេ​ក៏​ធ្វើ​ឲ្យ​ព្រលឹង​ដ៏​សុច្ចរិត​របស់​គាត់​ឈឺចាប់​ជា​រៀងរាល់​ថ្ងៃ​ដោយព្រោះ​បាន​ឮ​និង​បាន​ឃើញ​អំពើ​អាក្រក់​របស់​ពួកគេ​) 9ដូច្នេះព្រះអម្ចាស់​ក៏​ដឹង​អំពី​របៀប​រំដោះ​មនុស្ស​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ឲ្យ​រួច​ពី​សេចក្ដី​ល្បួង​ហើយ​ឃុំ​មនុស្ស​ទុច្ចរិត​ដើម្បី​ដាក់ទោស​នៅ​ថ្ងៃ​ជំនុំជម្រះ​ដែរ 10ជាពិសេសពួក​អ្នក​ដែល​ដេញ​តាម​សេចក្ដីប៉ងប្រាថ្នា​ដ៏​ស្មោកគ្រោក​ខាង​សាច់ឈាម​ហើយ​មើលងាយ​អំណាច​គ្រប់គ្រង។ ​ពួកគេ​ព្រហើន​ហើយ​ធ្វើ​តាម​ទំនើងចិត្ដ​មិន​ញញើត​នឹង​ប្រមាថ​ពួក​អ្នក​ដែល​ប្រកប​ដោយ​សិរីរុងរឿង​ឡើយ 11ទោះបីពួក​ទេវតា​ដែល​មាន​កម្លាំង​និង​អំណាច​ធំ​ជាង​ពួកគេ​ក៏ដោយ​ក៏​មិន​ហ៊ាន​ចោទ​ប្រកាន់​ប្រមាថ​ពួក​អ្នក​ទាំងនោះ​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​ដែរ។ 12ប៉ុន្ដែមនុស្ស​ទាំងនេះ​ដូចជា​សត្វ​តិរច្ឆាន​គ្មាន​វិចារណ​ញ្ញាណ​ទេ​កើត​មក​សម្រាប់​ឲ្យ​គេ​ចាប់​និង​សម្លាប់​តែ​ប៉ុណ្ណោះ​គេ​ប្រមាថ​អ្វីៗ​ដែល​គេ​មិនស្គាល់។ ​សត្វ​តិរច្ឆាន​វិនាស​ជា​យ៉ាងណា​ពួកគេ​ក៏​នឹង​ត្រូវ​វិនាស​ជា​យ៉ាងនោះ​ដែរ 13ហើយទទួល​បាន​ផល​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន។ ​ពួកគេ​ចាត់​ទុក​សេចក្ដី​ស្រើប​ស្រាល​ទាំង​ថ្ងៃ​ជា​ការ​សប្បាយ។ ​ពួកគេ​ជា​ស្នាម​ប្រឡាក់​ជា​សេចក្ដី​ស្មោកគ្រោក​ហើយ​ពេល​ពួកគេ​ស៊ីលៀង​ជាមួយ​អ្នករាល់គ្នា​ពួកគេ​សប្បាយ​នៅក្នុង​ការ​បោកបញ្ឆោត​របស់​ខ្លួន 14ពួកគេមាន​ភ្នែក​ពេញ​ដោយ​អំពើ​ផិតក្បត់​ហើយ​មិន​ឈប់​ប្រព្រឹត្ដ​បាប​ឡើយ​ក៏​អូសទាញ​មនុស្ស​ដែល​មិន​ខ្ជាប់ខ្ជួន​ផង​ពួកគេ​មាន​ចិត្ដ​ដែល​ត្រូវ​បាន​បង្វឹក​ឲ្យ​មាន​សេចក្ដី​លោភ​ជា​កូន​ត្រូវ​បណ្ដាសារ។ 15ពួកគេបាន​បោះបង់​ផ្លូវ​ត្រង់​ហើយ​វង្វេង​ទៅតាម​ផ្លូវ​របស់​បាឡាម​ជា​កូន​របស់​បេអ៊រ​ដែល​ស្រលាញ់​កម្រៃ​ដែល​បាន​មកពី​អំពើ​ទុច្ចរិត 16ដូច្នេះគាត់​បាន​ទទួល​ការស្ដីបន្ទោស​ចំពោះ​ការបំពាន​របស់​ខ្លួន​គឺ​សត្វលា​ដែល​មិន​ចេះ​និយាយ​បាន​និយាយ​ភាសា​មនុស្ស​រារាំង​ភាព​ចម្កួត​របស់​អ្នកនាំព្រះបន្ទូល​នោះ។ 17មនុស្សទាំងនេះ​ជា​ប្រភព​ទឹក​រីងស្ងួត​ជា​ពពក​ដែល​ព្យុះ​បាន​បក់​ផាត់​ហើយ​សេចក្ដី​ងងឹត​សូន្យសុង​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ពួកគេ​ហើយ។ 18ដ្បិតពួកគេ​និយាយ​ពាក្យ​អួតអាង​ឥត​ប្រយោជន៍​ហើយ​ទាក់ទាញ​អស់អ្នក​ដែល​ទើបតែ​រួច​ចេញ​ពី​ពួក​អ្នក​រស់នៅ​ក្នុង​សេចក្ដី​វង្វេង​ដោយ​សេចក្ដី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម​និង​ការ​ល្មោភកាម 19ទាំងសន្យា​ឲ្យ​អ្នក​ទាំងនោះ​មាន​សេរីភាព​ប៉ុន្ដែ​ខ្លួន​ពួកគេ​ផ្ទាល់​ជា​ទាសករ​នៃ​សេចក្ដី​ពុករលួយ​ដ្បិត​អ្នកណា​ដែល​ត្រូវ​គេ​បង្ក្រាប​បាន​អ្នកនោះ​នឹង​ត្រលប់ជា​ទាសករ​របស់​អ្នក​ដែល​បង្ក្រាប​ខ្លួន​នោះ​ហើយ។ 20ដ្បិតបើ​ពួកគេ​បាន​រួច​ពី​សេចក្ដី​ស្មោកគ្រោក​របស់​លោកិយ​ដោយ​ការ​ស្គាល់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ប៉ុន្ដែ​បែរ​ជា​ទៅ​ជាប់​ជំពាក់​នឹង​សេចក្ដី​ទាំងនោះ​ម្ដងទៀត​ហើយ​ឲ្យ​សេចក្ដី​ទាំងនោះ​បង្ក្រាប​ពួកគេ​បាន​នោះ​ស្ថានភាព​ចុងក្រោយ​សម្រាប់​ពួកគេ​នឹង​ត្រលប់ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។ 21ដ្បិតសម្រាប់​ពួកគេ​បើ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុចរិត​នោះ​ប្រសើរ​ជាង​ស្គាល់​ហើយ​បែរ​ចេញ​ពី​បញ្ញត្ដិ​បរិសុទ្ធ​ដែល​បាន​ប្រគល់​ឲ្យ​ពួកគេ។ 22ការដែល​កើត​ឡើង​ចំពោះ​ពួកគេ​គឺ​ដូច​សុភាសិត​ពិត​មួយ​ពោល​ថា​ឆ្កែ​បាន​ត្រលប់​ទៅ​រក​កម្អួត​របស់​វា​ឯ​មេ​ជ្រូក​ដែល​លាង​ស្អាត​ហើយ​បាន​ទៅ​ននៀល​ក្នុង​ភក់​វិញ។
Copyright information for KhmKCB