‏ 2 Peter 3

1ឥឡូវនេះបងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​នេះ​ជា​សំបុត្រ​ទីពីរ​ដែល​ខ្ញុំ​បាន​សរសេរ​មក​អ្នករាល់គ្នា​ហើយ​នៅក្នុង​សំបុត្រ​ទាំងពីរ​នេះ​ខ្ញុំ​បាន​រំឭក​និង​ដាស់​គំនិត​ដ៏​ស្មោះ​ត្រង់​របស់​អ្នករាល់គ្នា​ឲ្យ​ភ្ញាក់​ឡើង 2ដើម្បីឲ្យ​អ្នករាល់គ្នា​នឹក​ចាំ​អំពី​សេចក្ដី​ដែល​ពួក​អ្នកនាំព្រះបន្ទូល​ដ៏​បរិសុទ្ធ​បាន​ថ្លែង​ទុក​កាល​ពី​មុន​មក​និង​ពី​បញ្ញត្ដិ​របស់​ព្រះអម្ចាស់​ជា​ព្រះអង្គ​សង្គ្រោះ​ដែល​អ្នករាល់គ្នា​បាន​ឮ​តាមរយៈ​ពួក​សាវក។ 3មុនដំបូងចូរ​ដឹង​អំពី​សេចក្ដី​នេះ​ចុះ​ថា​នៅ​គ្រា​ចុង​ក្រោយ​បំផុត​នឹង​មាន​មនុស្ស​ចំអក​ដែល​ដើរ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​គេ​មក​ទាំង​ចំអក 4ដោយនិយាយ​ថា​តើ​សេចក្ដី​សន្យា​អំពី​ការ​យាង​មក​របស់​ព្រះអង្គ​នៅ​ឯណា​ដ្បិត​តាំងពី​ពួក​ដូនតា​ដេក​លក់​ទៅ​នោះ​អ្វីៗ​ទាំងអស់​នៅតែ​ដដែល​តាំង​ពី​ដើម​កំណើត​ផែនដី​មក។ 5ព្រោះគេ​ចង់​បំភ្លេច​សេចក្ដី​នេះ​ថា​តាំងពី​យូរ​ណាស់​មក​ហើយ​នោះ​មាន​ផ្ទៃមេឃ​ហើយ​ផែនដី​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ឲ្យ​ផុស​ចេញពី​ទឹក​និង​នៅក្នុង​ទឹក​ដោយសារ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 6បន្ទាប់មកពិភពលោក​ត្រូវ​ទឹក​នោះ​ជន់​លិច​បំផ្លាញ 7ហើយដោយសារ​ព្រះបន្ទូល​ដដែល​ផ្ទៃមេឃ​និង​ផែនដី​នា​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បម្រុង​ទុក​សម្រាប់​ភ្លើង​ព្រមទាំង​ទុក​សម្រាប់​ថ្ងៃ​ជំនុំជម្រះ​និង​ថ្ងៃ​នៃ​សេចក្ដី​វិនាស​របស់​មនុស្ស​ដែល​មិន​គោរព​កោតខ្លាច​ព្រះជាម្ចាស់។ 8បងប្អូនជា​ទី​ស្រលាញ់​អើយ! ​សូម​កុំ​ភ្លេច​សេចក្ដី​មួយ​នេះ​ឡើយ​ថា​នៅ​ចំពោះ​ព្រះភក្ដ្រ​ព្រះអម្ចាស់​មួយ​ថ្ងៃ​ដូចជា​មួយពាន់​ឆ្នាំ​ហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ដូចជា​មួយ​ថ្ងៃ​ដែរ 9ព្រះអម្ចាស់មិន​យឺត​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ដូចជា​អ្នក​ខ្លះ​គិត​ថា​យឺត​នោះ​ទេ​ផ្ទុយទៅវិញ​ព្រះអង្គ​មាន​ព្រះហឫទ័យ​អត់ធ្មត់​ចំពោះ​អ្នករាល់គ្នា​មិន​ចង់​ឲ្យ​អ្នក​ណា​ម្នាក់​ត្រូវ​វិនាស​ឡើយ​គឺ​ចង់​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ប្រែ​ចិត្ដ​វិញ 10ថ្ងៃរបស់​ព្រះអម្ចាស់​នឹង​មក​ដូចជា​ចោរ​នៅ​ថ្ងៃនោះ​ផ្ទៃមេឃ​នឹង​រលាយ​បាត់ទៅ​ដោយ​សូរ​គ្រាំគ្រេង​ធាតុ​ទាំងឡាយ​នឹង​ឆេះ​អស់​ហើយ​ត្រូវ​បំផ្លាញ​ទៅ​ឯ​ផែនដី​និង​អ្វីៗ​ដែល​នៅ​ផែនដី​ក៏​នឹង​វិនាស​អស់​ដែរ។ 11បើអ្វីៗ​ទាំងនេះ​នឹង​ត្រូវ​បំផ្លាញ​បែប​នេះ​ទៅ​ហើយ​តើ​អ្នករាល់គ្នា​ត្រូវ​រស់នៅ​បែបណា​គឺ​អ្នករាល់គ្នា​ត្រូវ​តែ​មាន​កិរិយា​បរិសុទ្ធ​និង​គោរព​កោតខ្លាច​ព្រះជាម្ចាស់ 12ទាំងទន្ទឹង​រង់ចាំ​ឲ្យ​ថ្ងៃ​របស់​ព្រះជាម្ចាស់​ឆាប់​មក​ដល់​ព្រោះ​នៅ​ថ្ងៃ​នោះ​ផ្ទៃមេឃ​នឹង​ឆេះ​អស់​ហើយ​ត្រូវ​បំផ្លាញ​ទៅ​ឯ​ធាតុ​ទាំងឡាយ​ក៏​នឹង​ឆេះ​រលាយ​អស់​ដែរ។ 13ប៉ុន្ដែយើង​ទន្ទឹង​រង់ចាំ​ផ្ទៃមេឃ​ថ្មី​និង​ផែនដី​ថ្មី​តាម​សេចក្ដី​សន្យា​របស់​ព្រះអង្គ​ដែល​នៅ​ទីនោះ​មាន​តែ​សេចក្ដី​សុចរិត។ 14ដូច្នេះបងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​ក្នុង​ពេល​ដែល​អ្នករាល់គ្នា​ទន្ទឹង​រង់ចាំ​សេចក្ដី​ទាំងនេះ​ចូរ​ខ្នះខ្នែង​ដើម្បី​ឲ្យ​ព្រះអង្គ​ទត​ឃើញ​អ្នករាល់គ្នា​ឥត​ស្លាកស្នាម​ឥត​កន្លែង​បន្ទោស​បាន​ទាំង​មាន​សេចក្ដី​សុខសាន្ដ​ផង 15ហើយចូរ​យល់​ថា​សេចក្ដី​អត់ធ្មត់​របស់​ព្រះអម្ចាស់​នៃ​យើង​ជា​សេចក្ដី​សង្គ្រោះ​ដូច​ដែល​លោក​ប៉ូល​ជា​បងប្អូន​ជា​ទី​ស្រលាញ់​របស់​យើង​បាន​សរសេរ​មក​អ្នករាល់គ្នា​តាម​ប្រាជ្ញា​ដែល​ព្រះជាម្ចាស់​បាន​ប្រទាន​ឲ្យ​គាត់ 16ហើយដូច​នៅក្នុង​សំបុត្រ​ទាំងឡាយ​របស់​គាត់​គាត់​បាន​និយាយ​អំពី​សេចក្ដី​ទាំងនេះ​ហើយ​មាន​សេចក្ដី​ខ្លះ​ពិបាក​យល់​ដែល​ពួក​ល្ងង់ខ្លៅ​និង​ពួក​មិន​ខ្ជាប់ខ្ជួន​បាន​បង្វែរ​ន័យ​សំបុត្រ​ទាំងនោះ​ដូច​គេ​បង្វែរ​បទ​គម្ពីរ​ផ្សេង​ទៀត​ដែរ​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​វិនាស​លើ​ខ្លួន​ឯង។ 17ដូច្នេះបងប្អូន​ជា​ទី​ស្រលាញ់​អើយ! ​ដោយព្រោះ​អ្នករាល់គ្នា​បាន​ដឹង​សេចក្ដី​នេះ​ជាមុន​រួច​ហើយ​ចូរ​ប្រយ័ត្ន​ដើម្បី​កុំ​ឲ្យ​អ្នករាល់គ្នា​ត្រូវ​សេចក្ដី​ខុសឆ្គង​របស់​ពួក​មនុស្ស​អាក្រក់​អូសទាញ​ហើយ​បាត់បង់​សេចក្ដី​ខ្ជាប់ខ្ជួន​របស់​ខ្លួន​នោះ​ឡើយ 18ផ្ទុយទៅវិញចូរ​ឲ្យ​អ្នករាល់គ្នា​បាន​ចម្រើន​ឡើង​ខាង​ឯ​ព្រះ​គុណ​និង​ខាង​ឯ​ការ​ស្គាល់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​និង​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង។ ​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរីរុងរឿង​ទាំង​នៅពេល​ឥឡូវនេះ​និង​រហូត​អស់កល្ប​ជានិច្ច​អាម៉ែន។
Copyright information for KhmKCB