‏ 2 Thessalonians 1

1ខ្ញុំប៉ូល​ស៊ីលវ៉ាន​និង​ធីម៉ូថេ​ជូន​ចំពោះ​ក្រុមជំនុំ​នៅ​ក្រុងថែស្សាឡូនីច​ដែល​នៅក្នុង​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។ 2សូមព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើង​និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះ​គុណ​និង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា។ 3បងប្អូនអើយ! ​យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​ជានិច្ច​អំពី​អ្នករាល់គ្នា​ដ្បិត​ជា​ការ​ស័ក្តសម​ណាស់​ពីព្រោះ​ជំនឿ​របស់​អ្នករាល់គ្នា​ចម្រើន​ឡើង​យ៉ាងខ្លាំង​ហើយ​សេចក្ដី​ស្រលាញ់​ដែល​អ្នករាល់គ្នា​មាន​ចំពោះ​គ្នា​ទៅវិញ​ទៅមក​ក៏​ចម្រើន​ឡើង​ដែរ។ 4ដូច្នេះហើយ​បានជា​យើង​អួត​អំពី​អ្នករាល់គ្នា​នៅ​តាម​ក្រុមជំនុំ​ទាំងឡាយ​របស់​ព្រះជាម្ចាស់​ដោយព្រោះ​ជំនឿ​និង​ការ​ស៊ូទ្រាំ​ដែល​អ្នករាល់គ្នា​មាន​នៅក្នុង​ការ​បៀតបៀន​និង​សេចក្ដី​វេទនា​គ្រប់​បែបយ៉ាង។ 5នោះជា​ភស្ដុតាង​អំពី​ការ​ជំនុំជម្រះ​ដ៏​សុចរិត​របស់​ព្រះជាម្ចាស់​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​រាប់ជា​ស័ក្តិសម​នឹង​នគរ​របស់​ព្រះជាម្ចាស់​ដ្បិត​អ្នករាល់គ្នា​រងទុក្ខ​ដោយព្រោះ​នគរ​នោះ​ឯង។ 6ដ្បិតនេះ​ជា​សេចក្ដី​សុចរិត​នៅចំពោះ​ព្រះជាម្ចាស់​គឺ​ព្រះអង្គ​នឹង​សង​សេចក្ដី​វេទនា​ដល់​ពួក​អ្នក​ដែល​ធ្វើទុក្ខ​អ្នករាល់គ្នា​វិញ 7ហើយឲ្យ​អ្នករាល់គ្នា​ដែល​ត្រូវ​គេ​ធ្វើទុក្ខ​បាន​សម្រាក​ជាមួយ​យើង​នៅ​ពេល​ដែល​ព្រះអម្ចាស់​យេស៊ូ​លេចមក​ពី​ស្ថានសួគ៌​ជាមួយ​ពួក​ទេវតា​ដ៏​មាន​អំណាច​របស់​ព្រះអង្គ 8នៅក្នុងអណ្ដាត​ភ្លើង​ដើម្បី​សងសឹក​អស់អ្នក​មិន​ស្គាល់​ព្រះជាម្ចាស់​និង​អស់អ្នក​មិន​ស្ដាប់តាម​ដំណឹងល្អ​របស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង។ 9ពួកគេនឹង​ទទួល​ទោស​ជា​សេចក្ដីវិនាស​ដ៏​អស់កល្ប​ជានិច្ច​គឺ​ឃ្លាតឆ្ងាយ​ពី​ព្រះ​ភក្ដ្រ​ព្រះអម្ចាស់​និង​ពី​អំណាច​ដ៏​មាន​សិរីរុងរឿង​របស់​ព្រះអង្គ 10នៅពេលដែល​ព្រះអង្គ​យាងមក​ដើម្បី​ទទួល​ការ​លើកតម្កើង​នៅក្នុង​ចំណោម​ពួក​បរិសុទ្ធ​និង​ដើម្បី​ទទួល​ការ​ស្ងើចសរសើរ​នៅក្នុង​ចំណោម​ពួក​អ្នក​ជឿ​ទាំងអស់​នៅ​ថ្ងៃ​នោះ​ព្រោះ​អ្នករាល់គ្នា​បាន​ជឿ​សេចក្ដី​បន្ទាល់​របស់​យើង​ហើយ។ 11ហេតុនេះហើយ​បានជា​យើង​អធិស្ឋាន​ឲ្យ​អ្នករាល់គ្នា​ជានិច្ច​សូម​ឲ្យ​ព្រះជាម្ចាស់​របស់​យើង​រាប់​អ្នករាល់គ្នា​ជា​ស័ក្តិសម​នឹង​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ​ហើយ​ឲ្យ​ព្រះអង្គ​សម្រេច​គ្រប់ទាំង​បំណង​ល្អ​និង​កិច្ចការ​ដែល​ធ្វើ​ដោយ​ជំនឿ​ដោយ​អំណាច​របស់​ព្រះអង្គ 12ដើម្បីឲ្យ​ព្រះនាម​របស់​ព្រះ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​ទទួល​ការ​លើកតម្កើង​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​ក៏​ទទួល​ការ​លើកតម្កើង​នៅក្នុង​ព្រះអង្គ​ដែរ​តាមរយៈ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​របស់​យើង​និង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ។
Copyright information for KhmKCB