‏ 2 Thessalonians 2

1បងប្អូនអើយ! ​ចំពោះ​ការ​យាងមក​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​និង​ការ​ដែល​យើង​ត្រូវ​ជួបជុំ​គ្នា​នៅចំពោះ​មុខ​របស់​ព្រះអង្គ​នោះ​យើង​អង្វរ​អ្នករាល់គ្នា​ថា 2កុំប្រញាប់​ជ្រួលច្របល់​ឬ​ស្លន់ស្លោ​ឡើយ​ទោះបី​ដោយសារ​វិញ្ញាណ​ណា​ពាក្យសំដី​ណា​ឬ​សំបុត្រ​ណា​ដែល​ទំនងជា​មកពី​យើង​ក្ដី​ដែល​ថា​ថ្ងៃ​របស់​ព្រះអម្ចាស់​បាន​មកដល់​ហើយ។ 3កុំឲ្យ​អ្នកណា​ម្នាក់​បញ្ឆោត​អ្នករាល់គ្នា​បាន​ដោយ​របៀប​ណា​មួយ​ឡើយ​ដ្បិត​ថ្ងៃ​នោះ​នឹង​មិន​មក​ដល់​ឡើយ​លុះត្រាតែ​ការ​បះបោរ​និង​អាប្រឆាំង​ច្បាប់​គឺ​កូន​នៃ​សេចក្ដី​វិនាស​លេច​មក​ជាមុនសិន 4វាគឺ​ជា​អ្នក​ប្រឆាំង​ហើយ​លើកតម្កើង​ខ្លួន​ខ្ពស់​ជាង​អ្វីៗ​ដែល​គេ​ហៅ​ថា​ព្រះ​ឬ​អ្វីៗ​ដែល​គេ​ថ្វាយបង្គំ​ផង​ដូច្នេះ​ហើយ​បានជា​វា​អង្គុយ​ក្នុង​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​ហើយ​តាំង​ខ្លួន​ជា​ព្រះ​ទៀត​ផង។ 5តើអ្នករាល់គ្នា​មិន​ចាំ​ថា​កាល​ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​ទាំងនេះ​ហើយ​ទេ​ឬ? 6ហើយឥឡូវនេះ​អ្នករាល់គ្នា​ស្គាល់​អ្វី​ដែល​ឃាត់​វា​ហើយ​ដើម្បី​ឲ្យ​វា​លេចមក​តាម​ពេលកំណត់​របស់​វា។ 7ដ្បិតអាថ៌កំបាំង​របស់​ការ​ប្រឆាំងច្បាប់​កំពុង​ធ្វើ​សកម្មភាព​ស្រាប់​ហើយ​គ្រាន់តែ​ឥឡូវនេះ​មាន​អ្នក​កំពុង​ឃាត់​វា​លុះត្រាតែ​អ្នកនោះ​ត្រូវ​ដក​ចេញ 8ទើបអា​ប្រឆាំងច្បាប់​នោះ​លេចមក​ហើយ​ព្រះអម្ចាស់​យេស៊ូ​នឹង​សម្លាប់​វា​ដោយ​ខ្យល់​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ទាំង​ធ្វើ​ឲ្យ​វា​វិនាស​ដោយ​រស្មី​នៃ​ការ​យាងមក​របស់​ព្រះអង្គ 9អាប្រឆាំងច្បាប់​នោះ​នឹង​មក​ដោយសារ​អំណាច​របស់​អារក្ស​សាតាំង​ទាំង​មាន​ឫទ្ធិ​ទីសំគាល់​និង​ការអស្ចារ្យ​ក្លែងក្លាយ​គ្រប់​បែបយ៉ាង 10ព្រមទាំងការ​ឆបោក​ដ៏​ទុច្ចរិត​គ្រប់​យ៉ាង​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​ព្រោះ​ពួកគេ​មិន​ព្រម​ស្រលាញ់​សេចក្ដីពិត​ដើម្បី​ឲ្យ​បាន​សង្គ្រោះ​ឡើយ។ 11ហេតុនេះហើយ​បានជា​ព្រះជាម្ចាស់​ចាត់​ឲ្យ​សេចក្ដី​បោកប្រាស់​ដ៏​មាន​អំណាច​មក​ដើម្បី​ឲ្យ​ពួកគេ​ជឿ​លើ​សេចក្ដី​ភូតភរ 12និងដើម្បី​ឲ្យ​អស់​អ្នក​ដែល​មិន​ជឿ​លើ​សេចក្ដីពិត​ប៉ុន្តែ​ពេញចិត្ត​នឹង​សេចក្ដី​ទុច្ចរិត​ត្រូវ​ទទួលទោស។ 13ឱបងប្អូន​ដែល​ព្រះអម្ចាស់​ស្រលាញ់​អើយ! ​យើង​ត្រូវ​អរព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អ្នករាល់គ្នា​ជានិច្ច​ព្រោះ​ព្រះជាម្ចាស់​បាន​ជ្រើសរើស​អ្នករាល់គ្នា​ទុកជា​ផលដំបូង​សម្រាប់​សេចក្ដីសង្គ្រោះ​ដោយសារ​ព្រះ​វិញ្ញាណ​ញែក​អ្នករាល់គ្នា​ជា​បរិសុទ្ធ​ហើយ​ដោយសារ​អ្នករាល់គ្នា​មាន​ជំនឿ​លើ​សេចក្ដីពិត។ 14ព្រះអង្គបាន​ត្រាស់ហៅ​អ្នករាល់គ្នា​សម្រាប់​សេចក្ដី​សង្គ្រោះ​នេះ​តាមរយៈ​ដំណឹងល្អ​របស់​យើង​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទទួល​បាន​សិរីរុងរឿង​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ជា​ព្រះអម្ចាស់​របស់​យើង។ 15ដូច្នេះបងប្អូន​អើយ! ​ចូរ​ឈរ​ឲ្យ​មាំមួន​ហើយ​កាន់តាម​សេចក្ដី​ដែល​យើង​បាន​បង្រៀន​អ្នករាល់គ្នា​ចុះ​ទោះបី​ដោយ​ពាក្យសំដី​ឬ​សំបុត្រ​ក្ដី។ 16សូមឲ្យ​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​និង​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​ដែល​ព្រះអង្គ​ស្រលាញ់​យើង​ព្រមទាំង​ប្រទាន​សេចក្ដី​កម្សាន្ដចិត្ដ​ដ៏​អស់កល្ប​ជានិច្ច​និង​សេចក្ដី​សង្ឃឹម​ដ៏​ប្រសើរ​តាមរយៈ​ព្រះ​គុណ 17លើកទឹក​ចិត្ត​អ្នករាល់គ្នា​ហើយ​ពង្រឹង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង​ក្នុង​គ្រប់​កិច្ចការ​ល្អ​និង​ពាក្យសំដី​ផង។
Copyright information for KhmKCB