‏ 2 Thessalonians 3

1នៅទីបញ្ចប់​នេះ​បងប្អូន​អើយ! ​សូម​អធិស្ឋាន​ឲ្យ​យើង​ផង​ដើម្បី​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ចេញទៅ​យ៉ាង​ឆាប់រហ័ស​និង​ទទួល​បាន​ការ​សរសើរ​ដូចជា​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ដែរ 2ហើយឲ្យ​យើង​បាន​រួច​ផុត​ពី​មនុស្ស​ពាល​និង​ពី​មនុស្ស​អាក្រក់​ដ្បិត​មិនមែន​គ្រប់គ្នា​សុទ្ធតែ​មាន​ជំនឿ​ទេ 3ប៉ុន្ដែព្រះអម្ចាស់​ស្មោះត្រង់​ព្រះអង្គ​នឹង​ពង្រឹង​អ្នករាល់គ្នា​ឲ្យ​មាំមួន​ឡើង​ហើយ​ការពារ​អ្នករាល់គ្នា​ពី​អារក្ស​សាតាំង​ផង។ 4យើងក៏​ជឿជាក់​នៅក្នុង​ព្រះអម្ចាស់​អំពី​អ្នករាល់គ្នា​ដែរ​ថា​អ្នករាល់គ្នា​កំពុង​ប្រព្រឹត្ដ​ហើយ​នឹង​ប្រព្រឹត្ដ​តទៀត​តាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​មក​អ្នករាល់គ្នា។ 5សូមព្រះអម្ចាស់​នាំ​ចិត្ត​អ្នករាល់គ្នា​ទៅ​ក្នុង​សេចក្ដី​ស្រលាញ់​របស់​ព្រះជាម្ចាស់​និង​ការ​ស៊ូទ្រាំ​របស់​ព្រះ​គ្រិស្ដ​ចុះ។ 6ឥឡូវនេះបងប្អូន​អើយ! ​យើង​បង្គាប់​អ្នករាល់គ្នា​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង​ថា​ចូរ​ចៀស​ឲ្យ​ផុត​ពី​បងប្អូន​ណា​ដែល​រស់នៅ​គ្មាន​សណ្ដាប់ធ្នាប់​ហើយ​មិន​ស្របតាម​សេចក្ដី​ដែល​អ្នករាល់គ្នា​បាន​រៀន​ពី​យើង 7ដ្បិតអ្នករាល់គ្នា​ដឹង​ហើយ​ថា​ត្រូវ​យក​តម្រាប់​តាម​យើង​របៀប​ណា​ព្រោះ​យើង​មិន​បាន​រស់នៅ​ដោយ​គ្មាន​សណ្ដាប់ធ្នាប់​ក្នុងចំណោម​អ្នករាល់គ្នា​ទេ 8យើងក៏​មិន​បាន​បរិភោគ​អាហារ​របស់​អ្នកណា​ម្នាក់​ដោយ​ទទេ​ដែរ​គឺ​យើង​ធ្វើការ​នឿយហត់​ហើយ​លំបាក​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​កុំ​ឲ្យ​យើង​ទៅជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នករាល់គ្នា​ឡើយ 9នេះមិនមែន​មានន័យ​ថា​យើង​គ្មាន​សិទ្ធិ​នោះ​ទេ​គឺ​យើង​ធ្វើ​ជា​គំរូ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​យកតម្រាប់​តាម​យើង​វិញ 10ដ្បិតកាល​យើង​នៅ​ជាមួយ​អ្នករាល់គ្នា​យើង​បាន​បង្គាប់​អ្នករាល់គ្នា​អំពី​ការនេះ​ដែរ​ថា​បើ​អ្នកណា​មិន​ចង់​ធ្វើការ​មិន​ត្រូវ​ឲ្យ​អ្នកនោះ​បរិភោគ​ទេ 11ព្រោះយើង​ឮ​ថា​មាន​អ្នក​ខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​រស់នៅ​គ្មាន​សណ្ដាប់ធ្នាប់​ហើយ​មិន​ធ្វើការ​អ្វី​សោះ​ប៉ុន្ដែ​ចូលចិត្ដ​ជ្រៀតជ្រែក​កិច្ចការ​អ្នកដទៃ។ 12ដូច្នេះយើង​បង្គាប់​និង​ដាស់តឿន​ដល់​មនុស្ស​បែប​នោះ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ត​ថា​សូម​ឲ្យ​ពួកគេ​ធ្វើការ​ដោយ​ស្ងៀមស្ងាត់​ហើយ​បរិភោគ​អាហារ​របស់​ខ្លួន​ចុះ។ 13ចំពោះអ្នករាល់គ្នា​វិញ​បងប្អូន​អើយ! ​កុំ​នឿយណាយ​នឹង​ប្រព្រឹត្ដ​ល្អ​ឡើយ។ 14បើអ្នកណា​មិន​ស្ដាប់តាម​ពាក្យសំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ចូរ​សំគាល់​អ្នក​នោះ​ចុះ​ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ដើម្បី​ឲ្យ​គេ​ខ្មាស 15ប៉ុន្ដែមិន​ត្រូវ​រាប់​គេ​ជា​សត្រូវ​ឡើយ​ផ្ទុយទៅវិញ​ត្រូវ​ដាស់តឿន​គេ​ដូចជា​បងប្អូន​វិញ។ 16សូមព្រះអម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា​គ្រប់​ពេលវេលា​ជានិច្ច។ ​សូម​ព្រះអម្ចាស់​គង់​ជាមួយ​អ្នក​រាល់គ្នា។ 17ខ្ញុំប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់ដៃ​ហើយ​ជា​សំគាល់​នៅក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ​ខ្ញុំ​សរសេរ​ដូច្នេះ​ថា 18សូមឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ​របស់​ព្រះ​យេស៊ូ​គ្រិស្ត​ជា​ព្រះអម្ចាស់​របស់​យើង​៕
Copyright information for KhmKCB