‏ 2 Timothy 3

1ប៉ុន្តែចូរ​ដឹង​ការ​នេះ​ចុះ​ថា​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក​មក​ដល់។ 2ដ្បិតនៅ​គ្រា​នោះ​មនុស្ស​នឹង​ស្រលាញ់​តែ​ខ្លួនឯង​ស្រលាញ់​លុយ​អំនួត​ក្អេងក្អាង​ប្រមាថ​មើលងាយ​មិន​ស្ដាប់បង្គាប់​ឪពុកម្ដាយ​រមិលគុណ​មិន​បរិសុទ្ធ 3គ្មានសេចក្ដី​ស្រលាញ់​គ្មាន​ការ​សម្រុះសម្រួល​និយាយ​មូលបង្កាច់​មិន​ចេះ​ទប់ចិត្ត​សាហាវ​ស្អប់​ការ​ល្អ 4មានចិត្ត​ក្បត់​ឆាប់​ច្រឡោត​មាន​ចិត្ត​ធំ​ស្រលាញ់​ការ​សប្បាយ​ជាង​ស្រលាញ់​ព្រះជាម្ចាស់ 5មានឫកពា​ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ប៉ុន្ដែ​មិន​ទទួល​ស្គាល់​អំណាច​នៃ​ការ​គោរព​បម្រើ​ព្រះជាម្ចាស់​ទេ។ ​ដូច្នេះ​ចូរ​បែរ​ចេញពី​មនុស្ស​ទាំង​នោះ​ចុះ 6ដ្បិតពី​ចំណោម​ពួកគេ​ទាំង​នោះ​មាន​អ្នក​ខ្លះ​បាន​លប​ចូល​ទៅក្នុង​ផ្ទះ​នានា​ហើយ​ទាក់​យក​ស្រី​ល្ងង់ខ្លៅ​ដែល​មាន​បាប​ពោរពេញ​ជា​ស្រី​ដែល​បណ្ដោយ​តាម​ចំណង់​តណ្ហា​ផ្សេងៗ 7ស្ត្រីទាំង​នោះ​រៀន​រហូត​ប៉ុន្តែ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដីពិត​បាន​ឡើយ 8គឺដូច​ដែល​យ៉ានេស​និង​យ៉ាមប្រេស​បាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​ជា​យ៉ាង​ណា​អ្នក​ទាំងនោះ​ក៏​ប្រឆាំង​នឹង​សេចក្ដីពិត​ជាយ៉ាងនោះ​ដែរ​គំនិត​របស់​ពួកគេ​ខូច​អស់​ហើយ​រីឯ​ជំនឿ​របស់​ពួកគេ​គ្មាន​ប្រយោជន៍​ឡើយ។ 9ពួកគេទៅមុខ​ទៀត​មិន​បាន​ឆ្ងាយ​ឡើយ​ដ្បិត​មនុស្ស​ទាំងអស់​នឹង​ឃើញ​សេចក្ដី​ល្ងង់ខ្លៅ​របស់​ពួកគេ​យ៉ាងច្បាស់​ដូចជា​សេចក្ដី​ល្ងង់ខ្លៅ​របស់​យ៉ានេស​និង​យ៉ាមប្រេស​ដែរ។ 10រីឯអ្នក​វិញ​អ្នក​បាន​ស្គាល់​អំពី​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​កិរិយា​ប្រព្រឹត្ត​គោល​បំណង​ជំនឿ​សេចក្ដី​អត់ធ្មត់​សេចក្ដី​ស្រលាញ់​ការ​ស៊ូទ្រាំ 11ព្រមទាំងការ​បៀតបៀន​និង​ការ​រងទុក្ខ​លំបាក​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ក្រុង​ឤន់ទីយ៉ូក​ក្រុង​អ៊ីកូនាម​និង​ក្រុង​លីស្រ្តា​គឺ​ខ្ញុំ​បាន​ស៊ូទ្រាំ​នឹង​ការ​បៀតបៀន​យ៉ាង​ខ្លាំង‍​ប៉ុន្ដែ​ព្រះអម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ពី​សេចក្តី​ទាំងអស់​នោះ 12ហើយអស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ក៏​នឹង​ត្រូវ​គេ​បៀតបៀន​ដែរ 13រីឯមនុស្ស​អាក្រក់​និង​ពួក​បោកប្រាស​វិញ​នឹង​កាន់តែ​អាក្រក់​ទៅៗ​ទាំង​បោក​បញ្ឆោត​គេ​ហើយ​ខ្លួនឯង​ក៏​ចាញ់បោក​គេ​ដែរ 14ប៉ុន្តែអ្នក​វិញ​ចូរ​នៅ​ជាប់​ក្នុង​សេចក្ដី​ដែល​អ្នក​បាន​រៀន​និង​ជឿ​ប្រាកដ​ដោយ​ដឹង​ថា​អ្នក​បាន​រៀន​ពី​អ្នក​ណា 15ហើយអ្នក​បាន​ស្គាល់​បទគម្ពីរ​បរិសុទ្ធ​តាំង​ពី​តូច​ដែល​អាច​នាំ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ​តាមរយៈ​ជំនឿ​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ 16ដ្បិតគ្រប់ទាំង​បទគម្ពីរ​ព្រះជាម្ចាស់​បាន​បណ្ដាល​ឲ្យ​សរសេរ​ឡើង​ហើយ​មាន​ប្រយោជន៍​សម្រាប់​ការ​បង្រៀន​ការ​រំឮក​ឲ្យ​ដឹងខ្លួន​ការ​កែតម្រង់​និង​ការ​អប់រំ​អំពី​សេចក្ដី​សុចរិត 17ដើម្បីឲ្យ​អ្នក​សំណប់​របស់​ព្រះជាម្ចាស់​បាន​គ្រប់លក្ខណ៍​ហើយ​ត្រៀម​ជា​ស្រេច​សម្រាប់​ការ​ល្អ​គ្រប់​បែបយ៉ាង។ ដើម្បីឲ្យ​មនុស្ស​សំណប់​របស់​ព្រះជាម្ចាស់​បាន​គ្រប់លក្ខណ៍​ហើយ​បាន​រៀបចំ​រួចជាស្រេច​ដើម្បី​ធ្វើ​ការល្អ​គ្រប់យ៉ាង។
Copyright information for KhmKCB