‏ 2 Timothy 4

1នៅចំពោះ​ព្រះជាម្ចាស់​និង​ព្រះ​គ្រិស្ដ​យេស៊ូ​ដែល​នឹង​ជំនុំជម្រះ​ទាំង​មនុស្ស​រស់​និង​មនុស្ស​ស្លាប់​ព្រមទាំង​ដោយ​ការ​យាង​មក​របស់​ព្រះអង្គ​និង​នគរ​របស់​ព្រះអង្គ​ខ្ញុំ​សូម​ដាស់តឿន​អ្នក​យ៉ាង​ម៉ឺងម៉ាត់​ថា 2ចូរប្រកាស​ព្រះបន្ទូល​ហើយ​ខឹតខំ​ប្រកាស​មិនថា​ត្រូវ​ពេល​ឬ​ខុស​ពេល​ឡើយ​ចូរ​ទូន្មាន​ស្ដី​បន្ទោស​លើក​ទឹកចិត្ត​និង​បង្រៀន​ដោយ​សេចក្តី​អត់ធ្មត់​គ្រប់​បែបយ៉ាង 3ដ្បិតនឹង​មាន​គ្រា​មួយ​ដែល​ពួកគេ​លែង​ស្ដាប់​សេចក្ដី​បង្រៀន​ត្រឹមត្រូវ​ទៀត​ហើយ​ផ្ទុយ​ទៅ​វិញ​ពួកគេ​នឹង​ប្រមូល​គ្រូ​ជាច្រើន​សម្រាប់​ខ្លួនឯង​ទៅ​តាម​សេចក្តី​ប៉ងប្រាថ្នា​ដើម្បី​ឲ្យ​​និយាយ​​អ្វី​ដែល​ត្រចៀក​របស់​ពួកគេ​រមាស់​ចង់​ស្ដាប់ 4ពួកគេនឹង​បែរ​ត្រចៀក​ចេញ​ពី​សេចក្ដីពិត​រួច​បែរ​ទៅ​ស្ដាប់​រឿងព្រេង​វិញ។ 5រីឯអ្នក​វិញ​ចូរ​មាន​គំនិត​នឹងធឹង​ក្នុង​គ្រប់​ការ​ទាំង​អស់​ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក​ចូរ​ធ្វើ​កិច្ចការ​របស់​អ្នក​ប្រកាស​ដំណឹង​ល្អ​និង​បំពេញ​មុខងា​របម្រើ​របស់​អ្នក​ឲ្យ​សព្វ​គ្រប់​ចុះ។ 6ដ្បិតខ្ញុំ​ត្រូវបាន​ច្រួច​ជា​តង្វាយច្រូច​ជាស្រេច​ហើយ​រីឯ​ពេល​វេលា​ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ក៏​បាន​មក​ដល់​ដែរ 7ខ្ញុំបាន​តយុទ្ធ​យ៉ាង​ល្អ​ខ្ញុំ​បាន​បញ្ចប់​ការ​ប្រណាំង​របស់​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​បាន​រក្សា​ជំនឿ​ដែរ។ 8ពីពេល​នេះ​ត​ទៅ​មាន​មកុដ​នៃ​សេចក្ដី​សុចរិត​បម្រុងទុក​ឲ្យ​ខ្ញុំ​ដែល​ព្រះ​អម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​នៅ​ថ្ងៃ​នោះ​មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ​គឺ​ឲ្យ​អស់​អ្នក​ដែល​ពេញចិត្ត​នឹង​ការ​យាងមក​របស់​ព្រះអង្គ​ដែរ។ 9ចូរព្យាយាម​មក​ឯ​ខ្ញុំ​ជា​ប្រញាប់ 10ដ្បិតលោក​ដេម៉ាស​បាន​បោះបង់​ខ្ញុំ​ចោល​ហើយ​គាត់​បាន​ទៅ​ឯ​ក្រុង​ថែស្សាឡូនិច​ដោយព្រោះ​គាត់​ស្រលាញ់​លោកិយ​នេះ។ ​លោក​ក្រេសេន​ទៅ​ស្រុក​កាឡាទី​ទីតុស​ទៅ​ស្រុក​ដាល់ម៉ាទា 11មានតែ​លោក​លូកា​ប៉ុណ្ណោះ​ដែល​នៅ​ជាមួយ​ខ្ញុំ​សូម​នាំ​ម៉ាកុស​មក​ជាមួយ​ផង​ដ្បិត​គាត់​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ‍​នៅក្នុង​មុខងារ​បម្រើ 12រីឯលោក​ទីឃីកុស​វិញ​ខ្ញុំ​បាន​ចាត់​ឲ្យទៅ‍​ឯ​ក្រុង​អេភេសូរ។ 13ពេលអ្នក​មក​សូម​យក​អាវធំ​ដែល​ខ្ញុំ​ទុក​នឹង​លោក​ការពូស​នៅ​ក្រុង​ទ្រអាស​មក​ជាមួយ​ផង​ព្រមទាំង​សៀវភៅ​ទាំងឡាយ​ដែរ​ជា​ពិសេស​សៀវភៅ​ធ្វើពី​ស្បែក។ 14លោកអ័លេក្សានត្រុស​ជា​ជាង​ស្ពាន់​បាន​ប្រព្រឹត្ត​អាក្រក់​ច្រើន​ណាស់​មក​លើ​ខ្ញុំ​ព្រះអម្ចាស់​នឹង​សង​ដល់​គាត់​តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​មិន​ខាន 15ចូរអ្នក​ប្រយ័ត្ន​នឹង​គាត់​ដែរ​ចុះ​ដ្បិត​គាត់​ប្រឆាំង​យ៉ាងខ្លាំង​នឹង​សេចក្តី​ដែល​យើង​ប្រកាស។ 16ពេលដែល​ខ្ញុំ​ឆ្លើយ​ការពារ​ខ្លួន​លើក​ដំបូង​គ្មាន​អ្នក​ណា​គាំទ្រ​ខ្ញុំ​ទេ​គឺ​ពួកគេ​បាន​បោះបង់​ខ្ញុំ​ចោល​ទាំងអស់​គ្នា​សូម​កុំ​ឲ្យ​ពួកគេ​ជាប់ទោស​ដោយសារ​ការ​នោះ​ឡើយ។ 17ប៉ុន្តែព្រះអម្ចាស់​បាន​គង់​ជាមួយ​ខ្ញុំ​ហើយ​បាន​ចម្រើន​កម្លាំង​ដល់​ខ្ញុំ​ដើម្បី​ឲ្យ​ដំណឹងល្អ​បាន​ប្រកាស​សព្វគ្រប់​និង​ដើម្បី​ឲ្យ​សាសន៍ដទៃ​ទាំងអស់​បានឮ​តាមរយៈ​ខ្ញុំ​ហើយ​ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​មាត់​តោ។ 18ព្រះអម្ចាស់នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់យ៉ាង​ហើយ​ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចូល​ទៅក្នុង​នគរ​ស្ថានសួគ៌​របស់​ព្រះអង្គ​ដោយ​សុវត្ថិភាព​សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​សិរី​រុងរឿង​អស់កល្ប​ជានិច្ច​អាម៉ែន។ 19សូមជម្រាប​សួរ​ដល់​នាង​ព្រីសីល​និង​លោក​អ័គីឡា​ព្រមទាំង​ក្រុម​គ្រួសារ​លោក​អូនេស៊ិភ័រ​ផង​ដែរ។ 20លោកអេរ៉ាស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស​រីឯ​លោក​ទ្រភីម​ខ្ញុំ​បាន​ទុក​ឲ្យ​នៅ​ក្រុង​មីលេត​ព្រោះ​គាត់​ឈឺ។ 21ចូរអ្នក​ព្យាយាម​មក​ឲ្យ​បាន​មុន​រដូវរងារ។ ​លោក​អ៊ើប៊ូឡុស​លោក​ពូដេន​លោក​លីណុស​និង​នាង​ក្លូឌា​ព្រមទាំង​បងប្អូន​ទាំង​អស់​ក៏​ជម្រាប​សួរ​មក​អ្នក​ដែរ។ 22សូមព្រះអម្ចាស់​គង់​នៅ​ជាមួយ​វិញ្ញាណ​របស់​អ្នក។ ​សូម​ឲ្យ​អ្នករាល់គ្នា​បាន​ប្រកប​ដោយ​ព្រះ​គុណ។
Copyright information for KhmKCB