‏ 2 Timothy 1

1ខ្ញុំប៉ូល​ជា​សាវក​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​តាម​បំណង​របស់​ព្រះជាម្ចាស់​ស្របទៅតាម​សេចក្ដី​សន្យា​ឲ្យបាន​ជីវិត​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ 2ជូនចំពោះ​ធីម៉ូថេ​ជា​កូន​ជាទី​ស្រលាញ់។ ​សូម​ឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​និង​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអម្ចាស់​របស់​យើង​​ប្រទាន​​​ព្រះគុណ​សេចក្ដី​​មេត្តា​ករុណា​និង​​សេចក្ដី​​សុខសាន្ត​​ដល់​អ្នក​។ 3ខ្ញុំអរព្រះគុណ​ព្រះជាម្ចាស់​ដែល​ខ្ញុំ​បម្រើ​ដោយ​មនសិការ​បរិសុទ្ធ​ដូចជា​ពួក​បុព្វបុរស​របស់​ខ្ញុំ​ដែរ​ខ្ញុំ​តែងតែ​នឹកចាំ​ពី​អ្នក​ជានិច្ច​នៅក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ​ទាំង​យប់​ទាំង​ថ្ងៃ 4គឺនឹកចាំ​ពី​ទឹកភ្នែក​របស់​អ្នក​ហើយ​ចង់​ជួប​អ្នក​ខ្លាំង​ណាស់​ដើម្បី​ឲ្យ​ខ្ញុំ​ពេញ​ដោយ​អំណរ។ 5ខ្ញុំនឹកចាំ​ពី​ជំនឿ​ដ៏​ឥតពុតត្បុត​ដែល​មាន​នៅក្នុង​អ្នក​ដែល​មុនដំបូង​ជំនឿ​នោះ​ស្ថិត​នៅក្នុង​ឡូអ៊ីស​ជា​ជីដូន​របស់​អ្នក​បន្ទាប់មក​នៅក្នុង​អ៊ើនីស​ជា​ម្ដាយ​របស់​អ្នក​ហើយ​ខ្ញុំ​ជឿជាក់​ថា​ជំនឿ​នោះ​ក៏​នៅក្នុង​អ្នក​ដែរ។ 6ហេតុនេះ​ហើយ​ខ្ញុំ​រំឮក​អ្នក​ថា​ចូរ​ធ្វើ​ឲ្យ​អំណោយ​ទាន​របស់​ព្រះជាម្ចាស់​ដែល​មាន​នៅក្នុង​អ្នក​តាមរយៈ​ការ​ដាក់​ដៃ​របស់​ខ្ញុំ​ឲ្យ​មានសកម្មភាព​ឡើង​វិញ​។ 7ដ្បិតព្រះជាម្ចាស់​មិន​បាន​ប្រទាន​ឲ្យ​យើង​មាន​វិញ្ញាណ​ដែល​ភ័យខ្លាច​ទេ​ផ្ទុយទៅវិញ​ជា​វិញ្ញាណ​ដែល​មាន​កម្លាំង​សេចក្ដី​ស្រលាញ់​និង​គំនិត​នឹង​ធឹង។ 8ដូច្នេះមិន​ត្រូវ​ខ្មាស់​ដោយសារ​ទីបន្ទាល់​អំពី​ព្រះអម្ចាស់​របស់​យើង​ឬ​ដោយសារ​ខ្ញុំ​ជា​អ្នកទោស​ដោយព្រោះ​ព្រះអង្គ​នោះ​ឡើយ​ផ្ទុយទៅវិញ​ចូរ​រួម​ទុក្ខ​លំបាក​ជាមួយ​ខ្ញុំ​សម្រាប់​ដំណឹងល្អ​ដោយ​អំណាច​របស់​ព្រះជាម្ចាស់ 9ដែលព្រះអង្គ​បាន​សង្គ្រោះ​យើង​ហើយ​បាន​ត្រាស់​ហៅ​យើង​ដោយ​ការ​ត្រាស់​ហៅ​ដ៏​បរិសុទ្ធ​មិនមែន​ដោយ​ការ​ប្រព្រឹត្ត​របស់​យើង​ទេ​គឺ​ដោយ​គោលបំណង​និង​ព្រះ​គុណ​របស់​ព្រះអង្គ​ដែល​បាន​ប្រទាន​ឲ្យ​យើង​ក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​តាំងពី​មុន​អស់កល្ប​ជានិច្ច​ម៉្លេះ 10ហើយឥឡូវនេះ​ព្រះគុណ​នោះ​បាន​បង្ហាញ​ឲ្យឃើញ​តាមរយៈ​ការយាងមក​របស់​ព្រះ​គ្រិស្ដ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​របស់​យើង​ដែល​បាន​បំផ្លាញ​សេចក្ដីស្លាប់​ហើយ​បាន​បំភ្លឺ​អំពី​ជីវិត​និង​សេចក្ដី​ដែល​មិនចេះស្លាប់​តាមរយៈ​ដំណឹងល្អ 11ហើយសម្រាប់​ដំណឹងល្អ​នេះ​ព្រះអង្គ​បាន​តែងតាំង​ខ្ញុំ​ជា​អ្នក​ប្រកាស​ជា​សាវក​ហើយ​ជា​គ្រូ​ផង 12ហេតុនេះហើយ​បានជា​ខ្ញុំ​រងទុក្ខលំបាក​ទាំងអស់​នេះ​ប៉ុន្តែ​ខ្ញុំ​មិន​ខ្មាស់​ឡើយ​ដ្បិត​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​ជឿ​ហើយ​ខ្ញុំ​ជឿជាក់​ថា​ព្រះអង្គ​អាច​រក្សា​អ្វីៗ​ដែល​ព្រះអង្គ​ផ្ញើទុក​នឹង​ខ្ញុំ​បាន​រហូត​ដល់​ថ្ងៃ​នោះ។ 13ចូរកាន់តាម​ពាក្យ​ត្រឹមត្រូវ​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ទុក​ជា​គំរូ​ដោយ​ជំនឿ​និង​សេចក្ដី​ស្រលាញ់​ដែល​មាន​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ចុះ។ 14ចំពោះសេចក្ដី​ល្អ​ដែល​បាន​ផ្ញើទុក​នឹង​អ្នក​ចូរ​រក្សា​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែល​គង់​នៅក្នុង​យើង។ 15អ្នកដឹង​ការ​នេះ​ស្រាប់​ថា​ពួក​អ្នក​ដែល​នៅ​ស្រុក​អាស៊ី​ទាំងអស់​បាន​បែរចេញ​ពី​ខ្ញុំ​ហើយ​ក្នុង​ចំណោម​ពួកគេ​មាន​លោក​ភីកេឡុស​និង​លោក​ហ៊ើម៉ូនគេន។ 16សូមព្រះអម្ចាស់​ប្រទាន​សេចក្ដី​មេត្តា​ករុណា​ដល់​ក្រុម​គ្រួសារ​របស់​លោក​អូនេស៊ិភ័រ​ដ្បិត​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ធូរស្រាល​ជា​ញឹកញាប់​ហើយ​ក៏​មិន​ខ្មាស់​ដោយសារ​ចំណង​របស់​ខ្ញុំ​ដែរ 17សូម្បីតែ​នៅពេល​គាត់​មក​ក្រុង​រ៉ូម​គាត់​បាន​ព្យាយាម​ស្វែង​រក​ខ្ញុំ​រហូត​ទាល់​តែ​បាន​ជួប។ 18សូមព្រះអម្ចាស់​ប្រទាន​ឲ្យ​គាត់​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះអម្ចាស់​នៅ​ថ្ងៃ​នោះ​ហើយ​កាលនៅ​ក្រុង​អេភេសូរ​អ្នក​ក៏​ដឹង​ច្បាស់​ជាង​គេ​ដែរ​ថា​គាត់​បាន​បម្រើ​ច្រើន​យ៉ាង​ណា។
Copyright information for KhmKCB