‏ 2 Timothy 2

1ដូច្នេះកូន​អើយ! ​ចូរ​មាន​កម្លាំងឡើង​ដោយសារ​ព្រះ​គុណ​ដែល​មាន​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ 2ហើយសេចក្ដី​ទាំងឡាយ​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​នៅចំពោះមុខ​សាក្សី​ជា​ច្រើន​នោះ​ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះត្រង់​ដែល​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។ 3ចូររួម​ទុក្ខលំបាក​ក្នុង​នាម​ជា​ទាហាន​ដ៏​ល្អ​របស់​ព្រះ​គ្រិស្ដ​យេស៊ូ។ 4មិនដែល​មាន​អ្នក​ណា​ធ្វើ​ទាហាន​ហើយ​នៅតែ​ជាប់​ទាក់ទិន​នឹង​កិច្ចការ​ក្នុង​ជីវិត​ទេ​គឺ​ឲ្យ​តែ​ពេញចិត្ដ​មេ​កំណែន​របស់​ខ្លួន​ប៉ុណ្ណោះ។ 5បើមាន​អ្នក​ណា​ម្នាក់​ចូលរួម​ក្នុង​ការ​ប្រកួត​គេ​មិន​ទទួល​បាន​មកុដ​ឡើយ​លើកលែង​តែ​គេ​ប្រកួត​ឲ្យ​ត្រូវ​តាម​ច្បាប់។ 6កសិករដែល​ធ្វើការ​នឿយហត់​នោះ​ត្រូវតែ​ទទួល​ផល​បាន​មុនគេ។ 7ចូរពិចារណា​សេចក្ដី​ដែល​ខ្ញុំ​និយាយ​ចុះ​ដ្បិត​ព្រះអម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ការ​យល់​ដឹង​ក្នុង​ការ​ទាំងអស់។ 8ចូរនឹកចាំ​ពី​ព្រះ​យេស៊ូ​គ្រិស្ត​ដែល​មាន​ព្រះជន្ម​រស់​ពី​ការ​សោយទិវង្គត​ឡើងវិញ​ព្រះអង្គ​ជា​ពូជពង្ស​ស្ដេច​ដាវីឌ​ស្របតាម​ដំណឹងល្អ​ដែល​ខ្ញុំ​ប្រកាស 9ហើយខ្ញុំ​បាន​រង​ទុក្ខលំបាក​ដោយព្រោះ​ដំណឹងល្អ​នេះ​រហូតដល់​ជាប់​ចំណង​ដូចជា​មនុស្ស​មាន​ទោសធ្ងន់​ប៉ុន្តែ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​មិន​បាន​ជាប់​ចំណង​ទេ។ 10ហេតុនេះហើយបានជា​ខ្ញុំ​ស៊ូទ្រាំ​គ្រប់បែបយ៉ាង​សម្រាប់​អស់អ្នក​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​សេចក្ដី​សង្គ្រោះ​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ​ព្រម​ជាមួយ​នឹង​សិរី​រុងរឿង​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផង។ 11ពាក្យនេះ​គួរ​ឲ្យ​ជឿ​បើ​យើង​បាន​ស្លាប់​ជាមួយ​ព្រះអង្គ​នោះ​យើង​ក៏​នឹង​រស់​ជាមួយ​ព្រះអង្គ​ដែរ 12បើយើង​ស៊ូទ្រាំ​នោះ​យើង​នឹង​សោយរាជ្យ​ជាមួយ​ព្រះអង្គ​បើ​យើង​មិន​ទទួល​ស្គាល់​ព្រះអង្គ​ព្រះអង្គ​ក៏​មិន​ទទួល​ស្គាល់​យើង​វិញ​ដែរ 13ទោះជាយើង​មិន​ស្មោះ​ត្រង់​ក៏​ព្រះអង្គ​នៅ​តែ​ស្មោះ​ត្រង់​ដ្បិត​ព្រះអង្គ​មិន​អាច​បដិសេធ​ខ្លួនឯង​បាន​ទេ។ 14ចូររំឭក​ពួកគេ​ពី​សេចក្ដី​ទាំងនេះ​ហើយ​ដាស់តឿន​ពួកគេ​យ៉ាង​ម៉ឺងម៉ាត់​នៅ​ចំពោះ​ព្រះជាម្ចាស់​កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ​ដ្បិត​គ្មាន​ប្រយោជន៍​ឡើយ​មាន​តែ​ធ្វើឲ្យ​ពួកអ្នក​ស្តាប់​អន្តរាយ​ប៉ុណ្ណោះ។ 15ចូរខិតខំ​ដើម្បី​ថ្វាយ​ខ្លួន​ដល់​ព្រះជាម្ចាស់​ទុកជា​អ្នក​ខ្ជាប់ខ្ជួន​គឺ​ជា​អ្នក​ធ្វើការ​ដែល​មិន​ខ្មាស់​អៀន​ទាំង​បង្រៀន​ព្រះ​បន្ទូល​នៃ​សេចក្ដីពិត​យ៉ាង​ត្រឹមត្រូវ 16រួចត្រូវ​ចៀស​ចេញ​ពី​ពាក្យ​សំដី​ខាង​លោកិយ​ដែល​គ្មាន​ខ្លឹមសារ​ដ្បិត​សំដី​ទាំងនោះ​ធ្វើ​ឲ្យ​ការ​មិន​កោត​ខ្លាច​ព្រះ​ជាម្ចាស់​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត 17ពាក្យសំដី​របស់​ពួកគេ​នឹង​ស៊ី​រូង​ដូច​ជា​ដំបៅ​មហារីក​ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​លោក​ហ៊ីមេនាស​និង​លោក​ភីលេត 18ពួកគេបាន​វង្វេង​ចេញ​ពី​សេចក្ដីពិត​ដោយ​និយាយ​ថា​ការរស់ឡើងវិញ​បាន​កើត​មាន​រួចហើយ​ហើយ​ពួកគេ​ក៏​បង្វែរ​អ្នកខ្លះ​ចេញពី​ជំនឿ​ទៀត​ផង។ 19ប៉ុន្តែទោះជា​យ៉ាងណា​ក្ដី​គ្រឹះ​ដ៏​រឹងមាំ​របស់​ព្រះជាម្ចាស់​នៅ​ស្ថិតស្ថេរ​ដរាប​ដោយ​មាន​អក្សរ​ចារឹក​ដូច្នេះ​ថា​ព្រះអម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះអង្គ​និង​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះនាម​របស់​ព្រះអម្ចាស់​ចាកចេញ​ពី​សេចក្ដី​ទុច្ចរិត។ 20នៅក្នុងផ្ទះ​ដ៏​ធំ​មួយ​មិនមែន​មាន​សុទ្ធ​តែ​ប្រដាប់​ប្រដា​ធ្វើ​អំពី​មាស​ឬ​ប្រាក់​ប៉ុណ្ណោះ​ទេ​គឺ​មាន​ប្រដាប់​ប្រដា​ធ្វើ​អំពី​ឈើ​និង​ដី​ផង​ដែរ​ប្រដាប់​ប្រដា​ខ្លះ​សម្រាប់​សេចក្ដី​ថ្លៃថ្នូរ​ហើយ​ខ្លះ​ទៀត​សម្រាប់​សេចក្ដី​អាប់ឱន។ 21ដូច្នេះបើ​អ្នក​ណា​ជម្រះ​ខ្លួន​ពី​សេចក្ដី​ទាំងនេះ​អ្នកនោះ​នឹង​ត្រលប់ជា​ប្រដាប់ប្រដា​សម្រាប់​សេចក្ដីថ្លៃថ្នូរ​ដោយ​បាន​ញែកជាបរិសុទ្ធ​ហើយ​មានប្រយោជន៍​ដល់​ម្ចាស់​ជា​ប្រដាប់​ប្រដា​ដែល​រៀបចំ​ជាស្រេច​សម្រាប់​ការ​ល្អ​គ្រប់​យ៉ាង។ 22ដូច្នេះចូរ​រត់គេច​ពី​សេចក្ដី​ស្រើបស្រាល​របស់​យុវវ័យ​ហើយ​ដេញតាម​សេចក្ដី​សុចរិត​ជំនឿ​សេចក្ដី​ស្រលាញ់​និង​សេចក្ដី​សុខសាន្ត​ជាមួយ​ពួក​អ្នក​ដែល​អំពាវនាវ​ដល់​ព្រះអម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ​ចុះ។ 23ចូរចៀសវាង​ការ​សួរ​ដេញដោល​ដ៏​ល្ងង់ខ្លៅ​និង​លេលា​ដោយ​ដឹង​ថា​សេចក្ដី​ទាំងនោះ​បង្ក​ឲ្យ​មាន​ជម្លោះ​តែ​ប៉ុណ្ណោះ។ 24បាវបម្រើ​របស់​ព្រះអម្ចាស់​មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ទេ​ផ្ទុយ​ទៅ​វិញ​ត្រូវ​មាន​ចិត្ត​សុភាព​រាប​សារ​ចំពោះ​មនុស្ស​ទាំង​អស់​ប៉ិនប្រសប់​ក្នុង​ការ​បង្រៀន​មាន​ចិត្ត​អត់ធ្មត់ 25និងប្រដៅ​ពួក​ប្រឆាំង​ដោយ​ចិត្ត​សុភាព​ក្រែងលោ​ព្រះជាម្ចាស់​បណ្ដាល​ឲ្យ​គេ​ប្រែចិត្ត​ស្គាល់​សេចក្ដីពិត 26ហើយភ្ញាក់ខ្លួន​ចេញ​ផុត​ពី​អន្ទាក់​របស់​អារក្ស​សាតាំង​ដែល​វា​ចាប់​គេ​ឲ្យ​ធ្វើតាម​បំណង​របស់​វា។
Copyright information for KhmKCB