‏ Acts 1

1ឱលោក​ថេវភីល​អើយ! ​នៅក្នុង​សៀវភៅ​ទីមួយ​ខ្ញុំ​បាន​សរសេរ​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះ​យេស៊ូ​បាន​ចាប់ផ្ដើម​ធ្វើ​និង​បង្រៀន 2រហូតដល់ថ្ងៃ​ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ឡើង​ទៅ​ស្ថានសួគ៌​វិញ​បន្ទាប់​ពី​ព្រះអង្គ​បាន​ប្រទាន​សេចក្ដី​បង្គាប់​តាមរយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួក​សាវក​ដែល​ព្រះអង្គ​បាន​ជ្រើសរើស។ 3ក្រោយពីព្រះអង្គ​បាន​រងទុក្ខ​វេទនា​រួច​ហើយ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួកសាវក​ទាំងនេះ​ដោយ​ប្រទាន​ភស្ដុតាង​ជាក់ស្ដែង​ជាច្រើន​ថា​ព្រះអង្គ​មានព្រះជន្មរស់។ ​ព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ដល់​ពួកគេ​រយៈពេល​សែសិប​ថ្ងៃ​ហើយ​បាន​មានបន្ទូល​អំពី​នគរ​ព្រះជាម្ចាស់។ 4កាលកំពុង​បរិភោគ​ជាមួយគ្នា​ព្រះអង្គ​បាន​បង្គាប់​ពួកគេ​ថា៖ ​«ចូរ​កុំ​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ឡើយ​គឺ​ត្រូវ​រង់ចាំ​សេចក្ដី​សន្យា​របស់​ព្រះវរបិតា​ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​រួច​ហើយ 5ដ្បិតលោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ប៉ុន្ដែ​នៅ​ប៉ុន្មាន​ថ្ងែ​ទៀត​នេះ​អ្នករាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ»។ 6កាលអ្នកទាំងនោះ​មកជួបជុំគ្នា​ហើយ​ពួកគេ​ក៏​សួរ​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​នឹង​ស្ដារ​នគរ​អ៊ីស្រាអែល​ឡើងវិញ​នៅ​ពេល​នេះ​ឬ?» 7ព្រះអង្គមានបន្ទូល​ទៅ​ពួកគេ​វិញ​ថា៖ ​«អ្នករាល់គ្នា​មិន​ចាំបាច់​ត្រូវ​ដឹង​ពី​ពេល​វេលា​ឬ​កាល​កំណត់​ដែល​ព្រះ​វរ​បិតា​បាន​កំណត់ទុក​ដោយ​សិទ្ធិអំណាច​របស់​ព្រះអង្គ​ឡើយ 8ប៉ុន្ដែអ្នករាល់គ្នា​នឹង​ទទួល​អំណាច​នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​យាង​មក​សណ្ឋិត​លើ​អ្នករាល់គ្នា​ហើយ​អ្នករាល់គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម​និង​ស្រុក​យូដា​ទាំងមូល​និង​ស្រុក​សាម៉ារី​រហូតដល់​ចុងបំផុត​នៃ​ផែនដី»។ 9កាលព្រះអង្គ​បាន​មានបន្ទូល​អំពី​សេចក្ដី​ទាំងនេះ​រួច​ហើយ​នោះ​ព្រះជាម្ចាស់​ក៏​លើក​ព្រះអង្គ​ឡើង​ទៅ​ហើយ​ពេល​ពួកគេ​កំពុង​សម្លឹង​មើល​ក៏​មាន​ពពក​មួយ​ផ្ទាំង​មក​ទទួល​ព្រះអង្គ​ចេញ​ពី​ភ្នែក​របស់​ពួកគេ។ 10ពេលពួកគេ​កំពុង​សម្លឹង​មើល​មេឃ​នៅពេល​ព្រះអង្គ​កំពុង​យាងទៅ​នោះ​ស្រាប់​តែ​មាន​បុរស​ពីរ​នាក់​ស្លៀកពាក់​ស​ឈរ​នៅក្បែរ​ពួកគេ 11ហើយនិយាយ​ថា៖ ​«ពួក​អ្នក​ស្រុក​កាលីឡេ​អើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ឈរ​សម្លឹងមើល​មេឃ​ដូច្នេះ? ​ព្រះ​យេស៊ូ​ដែល​ព្រះជាម្ចាស់​បាន​លើក​ឡើង​ពី​ចំណោម​អ្នករាល់គ្នា​ទៅ​ឯ​ស្ថានសួគ៌​នេះ​ព្រះអង្គ​នឹង​យាង​ត្រលប់មក​វិញ​តាម​របៀប​ដដែល​ដូចដែល​អ្នករាល់គ្នា​បាន​ឃើញ​ព្រះអង្គ​យាងឡើង​ទៅ​ស្ថានសួគ៌»។ 12បន្ទាប់មកពួកគេ​ក៏​ត្រលប់​ពី​ភ្នំ​ដើមអូលីវ​ទៅ​ក្រុង​យេរូសាឡិម​វិញ​ភ្នំនោះ​នៅ​ជិត​ក្រុង​យេរូសាឡិម​គឺ​មាន​ចម្ងាយ​ដើរ​អស់​មួយ​ថ្ងៃសប្ប័ទ។ 13ពេលចូល​ដល់​ក្នុង​ក្រុង​ហើយ​ពួកគេ​ក៏​ឡើងទៅ​បន្ទប់​ជាន់លើ​ជា​កន្លែង​ដែល​ពួកគេ​ស្នាក់​នៅ។ ​ពួកគេ​ទាំងនោះ​មាន​លោក​ពេត្រុស​លោក​យ៉ូហាន​លោក​យ៉ាកុប​លោក​អនទ្រេ​លោក​ភីលីព​លោក​ថូម៉ាស​លោក​បារថូឡូមេ​លោក​ម៉ាថាយ​លោក​យ៉ាកុប​ត្រូវជា​កូន​របស់​លោក​អាល់ផាយ​លោក​ស៊ីម៉ូន​ជា​អ្នកជាតិនិយម​និង​លោក​យូដាស​ត្រូវជា​កូន​របស់​លោក​យ៉ាកុប។ 14ពួកអ្នក​ទាំងអស់​នេះ​ព្រមព្រៀង​គ្នា​បន្ដ​អធិស្ឋាន​ជាមួយ​នាង​ម៉ារា​ត្រូវជា​ម្ដាយ​របស់​ព្រះ​យេស៊ូ​និង​ប្អូន​ៗ​របស់​ព្រះអង្គ​ព្រមទាំង​ស្ដ្រី​ឯទៀតៗ​ដែរ។ 15នៅគ្រា​នោះ​លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​ក្នុង​ចំណោម​ពួក​បងប្អូន​(​ដែល​មាន​គ្នា​ចំនួន​ប្រហែល​ជា​មួយរយ​ម្ភៃ​នាក់​នៅ​ទីនោះ​)​ហើយ​និយាយ​ថា៖ 16«បងប្អូន​អើយ! ​បទគម្ពីរ​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​មានបន្ទូលទុក​តាមរយៈ​មាត់​របស់​ស្ដេច​ដាវីឌ​អំពី​យូដាស​ដែល​ត្រលប់ជា​អ្នក​នាំ​គេ​មក​ចាប់​ព្រះ​យេស៊ូ​នោះ​ត្រូវ​តែ​បាន​សម្រេច។ 17ព្រោះគាត់​ក៏​ត្រូវ​បាន​រាប់​ជា​គ្នា​យើង​ហើយ​បាន​ទទួល​ចំណែក​នៅក្នុង​កិច្ចការ​នេះ​ដែរ។ 18បន្ទាប់មកអ្នកនេះ​បាន​យក​ប្រាក់​រង្វាន់​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទិញ​ដីស្រែ​មួយ​កន្លែង​ហើយ​ក៏​ដួល​ផ្កាប់​មុខ​ធ្លាយ​ពោះ​ចេញ​ពោះវៀន​មក​ក្រៅ​ទាំងអស់ 19ហើយពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​បាន​ដឹង​រឿងនេះ​គ្រប់គ្នា​ដូច្នេះ​ពួកគេ​ក៏​ហៅ​ដី​នោះ​ជា​ភាសា​របស់​ពួកគេ​ផ្ទាល់​ថា​អាកិលដាម៉ា​ដែល​មានន័យ​ថា​«ស្រែ​ឈាម»។ 20សេចក្ដីនេះ​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ទំនុកតម្កើង​ថា៖ ​«ចូរ​ឲ្យ​លំនៅ​របស់​វា​ត្រលប់ជា​ទី​សោះកក្រោះ​ហើយ​កុំ​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រស់នៅ​ទីនោះ» ​និង​«ចូរ​ឲ្យ​អ្នក​ផ្សេងទៀត​ទទួល​យក​កិច្ចការ​របស់​វា​ចុះ» 21ដូច្នេះត្រូវតែ​ឲ្យ​ម្នាក់​ពី​អ្នក​ទាំងនេះ​ដែល​បាន​នៅជាមួយ​យើង​គ្រប់​ពេល​វេលា​ក្នុងកាល​ដែល​ព្រះអម្ចាស់​យេស៊ូ​គង់​នៅ​ក្នុងចំណោម​យើង​នៅ​ឡើយ 22គឺចាប់​តាំង​ពី​គ្រា​ដែល​យ៉ូហាន​ធ្វើ​ពិធីជ្រមុជទឹក​រហូតដល់​ថ្ងៃ​ដែល​ព្រះជាម្ចាស់​បាន​លើក​ព្រះអង្គ​ចេញ​ពី​យើង​ទៅ​គឺ​ត្រូវ​ឲ្យ​ម្នាក់​នោះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការ​មាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះអង្គ»។ 23ដូច្នេះពួកគេ​ក៏​ជ្រើសរើស​មនុស្ស​ពីរ​នាក់​គឺ​លោក​ម៉ាត់ធាស​និង​លោក​យ៉ូសែប​ដែល​ហៅ​ថា​បារសាបាស​ឬ​យូស្ទុស។ 24បន្ទាប់មកពួកគេ​បាន​អធិស្ឋាន​ថា៖ ​«ឱ​ព្រះអម្ចាស់​អើយ! ​ព្រះអង្គ​យល់ចិត្ដ​មនុស្ស​គ្រប់គ្នា​សូម​បង្ហាញ​ឲ្យ​យើង​ដឹង​ថា​ព្រះអង្គ​ជ្រើសរើស​អ្នកណា​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ពីរ​នេះ 25ដើម្បីទទួល​យក​កិច្ចការ​នេះ​ព្រមទាំង​តួនាទីជា​សាវក​ជំនួល​យូដាស​ដែល​បាន​បែរ​ចេញ​ហើយ​ទៅ​តាម​ផ្លូវ​របស់​គាត់»។ 26បន្ទាប់មកពួកគេ​ក៏​ចាប់​ឆ្នោត​ហើយ​ចាប់​ចំ​លោក​ម៉ាត់ធាស​ដូច្នេះ​ពួកគេ​ក៏​រាប់បញ្ចូល​លោក​ម៉ាត់ធាស​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ។
Copyright information for KhmKCB