‏ Acts 10

1មានបុរស​ម្នាក់​នៅក្នុង​ក្រុង​សេសារា​ឈ្មោះ​កូនេលាស​ជា​នាយ​ទាហាន​នៃ​កងវរសេនា​តូច​ដែល​ហៅ​ថា​ពល​អ៊ីតាលី 2គាត់និង​គ្រួសារ​របស់​គាត់​ទាំងមូល​ជា​អ្នក​គោរព​ប្រណិប័តន៍​និង​កោត​ខ្លាច​ព្រះជាម្ចាស់​គាត់​ដាក់​ទាន​ជាច្រើន​ដល់​ប្រជាជន​និង​តែងតែ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​ជានិច្ច។ 3ថ្ងៃមួយ​ប្រហែល​ម៉ោង​បី​រសៀល​គាត់​បាន​ឃើញ​ទេវតា​របស់​ព្រះជាម្ចាស់​នៅក្នុង​សុបិន​និមិត្ដ​យ៉ាង​ច្បាស់​ទេវតា​នោះ​បាន​ចូលមក​ជិត​គាត់​និយាយ​ថា៖ ​«កូនេលាស​អើយ!» 4គាត់បាន​សម្លឹង​មើល​ទៅ​ទេវតា​នោះ​ទាំង​ភ័យ​ខ្លាច​ហើយ​តប​ថា៖ ​«ព្រះអម្ចាស់​អើយ! ​តើ​មាន​ការ​អ្វី​ដែរ?» ​ទេវតា​ក៏​និយាយ​មក​គាត់​ថា៖ ​«សេចក្ដី​អធិស្ឋាន​និង​ការ​ដាក់​ទាន​របស់​អ្នក​បាន​ឡើង​ទៅ​ទុកជា​សេចក្ដី​រំឭក​នៅចំពោះ​ព្រះជាម្ចាស់​ហើយ។ 5ដូច្នេះចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ហើយ​អញ្ជើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក 6ដ្បិតគាត់​កំពុង​ស្នាក់នៅ​ជាមួយ​អ្នក​សម្លាប់ស្បែក​ម្នាក់​ឈ្មោះ​ស៊ីម៉ូន។ ​ផ្ទះ​របស់​អ្នកនោះ​នៅ​ក្បែរ​មាត់​សមុទ្រ ▼
▼ឯកសារដើមសំខាន់មួយជំនួន គ្មានអត្ថបទនេះទេ។
​[​គាត់​នឹង​ប្រាប់​អ្នក​ពីការ​ដែល​អ្នក​ត្រូវ​ធ្វើ​]»។
7កាលទេវតា​ដែល​បាន​និយាយ​មក​លោក​កូនេលាស​ចេញ​ផុត​ទៅ​គាត់​ក៏​ហៅ​បាវបម្រើ​ពីរ​នាក់​និង​ទាហាន​ម្នាក់​ដែល​គោរពកោតខ្លាច​ព្រះជាម្ចាស់​ពី​ក្នុងចំណោម​ពួក​អ្នក​ចាំបម្រើ​គាត់​ឲ្យ​មក។ 8ក្រោយពី​បាន​ប្រាប់​ពួកគេ​អំពី​ហេតុការណ៍​ទាំងឡាយ​រួច​ហើយ​គាត់​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ។ 9នៅថ្ងៃ​បន្ទាប់​នៅ​ពេល​អ្នក​ទាំងនោះ​កំពុង​ធ្វើ​ដំណើរ​ទៅ​ជិត​ដល់​ក្រុង​នោះ​លោក​ពេត្រុស​ក៏​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ​ដើម្បី​អធិស្ឋាន​នៅ​ម៉ោង​ប្រហែល​ដប់​ពីរ​ថ្ងៃ​ត្រង់។ 10គាត់ក៏​ឃ្លាន​ហើយ​ចង់​បរិភោគ​ណាស់​ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ 11ឃើញមេឃ​បើក​ចំហ​មាន​វត្ថុ​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​ផ្ទាំង​យ៉ាង​ធំ​ដែល​ត្រូវបាន​ចង​ជាយ​ជ្រុង​ទាំង​បួន​សម្រូត​ចុះ​មក​ដល់​ដី។ 12នៅក្នុងកម្រាល​នោះ​មាន​សត្វ​ជើង​បួន​សត្វ​លូនវារ​នៅ​លើ​ផែនដី​និង​សត្វ​ហើរ​លើ​អាកាស​គ្រប់​ប្រភេទ។ 13ពេលនោះ​មាន​សំឡេង​មួយ​និយាយ​មក​គាត់​ថា៖ ​«ពេត្រុស​អើយ! ​ចូរ​ក្រោក​ឡើង​ហើយ​សម្លាប់​យក​ទៅ​បរិភោគ​ចុះ!» 14ប៉ុន្ដែលោក​ពេត្រុស​ឆ្លើយ​ថា៖ ​«ទេ​ព្រះអម្ចាស់​អើយ! ​ដ្បិត​ខ្ញុំ​មិន​ដែល​បរិភោគ​អ្វី​ដែល​មិន​បរិសុទ្ធ​ឬ​មិន​ស្អាត​ឡើយ» 15សំឡេងនោះ​បាន​និយាយ​មក​គាត់​ជា​លើក​ទី​ពីរ​ថា៖ ​«អ្វី​ៗ​ដែល​ព្រះជាម្ចាស់​បាន​សំអាត​រួច​ហើយ​អ្នក​មិន​ត្រូវ​ថា​មិន​ស្អាត​ឡើយ» 16ហេតុការណ៍នេះ​បាន​កើត​ឡើង​បី​ដង​ហើយ​វត្ថុ​នោះ​ត្រូវ​បាន​លើក​ឡើង​ទៅ​លើ​មេឃ​វិញ​ភ្លាម។ 17ពេលលោក​ពេត្រុស​កំពុង​នឹកឆ្ងល់​តែ​ម្នាក់​ឯង​អំពី​សុបិន​និមិត្ដ​ដែល​គាត់​បាន​ឃើញ​ថា​មាន​ន័យ​ដូចម្ដេច​នោះ​ស្រាប់តែ​ពួក​អ្នក​ដែល​លោក​កូនេលាស​ចាត់​ឲ្យ​មក​ដែល​ក្រោយ​ពី​បាន​សួររក​ផ្ទះ​របស់​លោក​ស៊ីម៉ូន​រួច​ហើយ​បាន​ឈរ​នៅ​មាត់​ទ្វារ 18ដោយស្រែក​សួរ​ថា​តើ​លោក​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​នៅ​ទី​នេះ​ដែរ​ឬ​ទេ។ 19ពេលលោក​ពេត្រុស​កំពុង​គិត​អំពី​សុបិន​និមិត្ដ​នោះ​ព្រះ​វិញ្ញាណ​មានបន្ទូល​មក​គាត់​ថា៖ ​«មើល៍​មាន​បុរស​បី​នាក់​កំពុង​សួរ​រក​អ្នក 20ដូច្នេះចូរ​ក្រោក​ឡើង​ចុះ​ទៅ​ក្រោម​ហើយ​ទៅ​ជាមួយ​ពួកគេ​ចុះ​កុំ​រារែក​ឡើយ​ព្រោះ​យើង​បាន​ចាត់​ពួកគេ​ឲ្យ​មក»។ 21លោកពេត្រុស​ក៏​ចុះ​មក​ជួប​អ្នក​ទាំងនោះ​ហើយ​ប្រាប់​ពួកគេ​ថា៖ ​«មើល៍​ខ្ញុំ​នេះ​ហើយ​ដែល​អ្នករាល់គ្នា​កំពុង​ស្វែងរក​តើ​អ្នករាល់គ្នា​មក​នេះ​មាន​ការ​អ្វី?» 22ពួកគេឆ្លើយ​ថា៖ ​«លោក​កូនេលាស​ជា​នាយទាហាន​ជា​មនុស្ស​សុចរិត​ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​និង​មាន​កេរ្ដិ៍ឈ្មោះល្អ​នៅក្នុង​ចំណោម​ជនជាតិ​យូដា​ទាំងអស់​គាត់​បាន​ទទួល​ការ​បើកសំដែង​ពី​ទេវតា​បរិសុទ្ធ​ឲ្យ​មក​អញ្ជើញ​លោក​ទៅ​ផ្ទះ​របស់​គាត់​ដើម្បី​ស្ដាប់​ព្រះបន្ទូល​ពី​លោក»។ 23ពេលនោះលោក​ពេត្រុស​ក៏​អញ្ជើញ​ពួកគេ​ឲ្យ​ចូល​ក្នុង​ផ្ទះ​និង​បាន​ឲ្យ​ពួកគេ​សម្រាក។ ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ជាមួយ​ពួកគេ​ទាំង​មាន​បងប្អូន​ខ្លះ​ពី​ក្រុង​យ៉ុបប៉េ​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ។ 24នៅថ្ងៃ​បន្ទាប់​ពួកគេ​ក៏​ចូល​មក​ដល់​ក្រុង​សេសារា។ ​រីឯ​លោក​កូនេលាស​វិញ​បាន​រង់ចាំ​ពួកគេ​ដោយ​បាន​ហៅ​សាច់​ញាតិ​និង​មិត្ត​ជិត​ស្និទ្ធ​របស់​គាត់​មក​ជួបជុំ​គ្នា​រួច​ជា​ស្រេច។ 25ពេលលោក​ពេត្រុស​មក​ដល់​លោក​កូនេលាស​ក៏​ចេញ​មក​ទទួល​ទាំង​ក្រាប​ថ្វាយ​បង្គំ​នៅ​ទៀប​ជើង​របស់​គាត់។ 26ប៉ុន្ដែលោក​ពេត្រុស​លើក​គាត់​ឡើង​ទាំង​ប្រាប់​ថា៖ ​«ចូរ​ក្រោក​ឡើង! ​ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ» 27រួចគាត់​ក៏​ចូល​ទៅ​ក្នុង​បណ្ដើរ​និយាយ​ជាមួយ​លោក​កូនេលាស​បណ្ដើរ​ហើយ​ក៏​ឃើញ​មនុស្ស​ជា​ច្រើន​បាន​ជួបជុំ​គ្នា​ជា​ស្រេច។ 28ពេលនោះលោក​ពេត្រុស​ក៏​និយាយ​ទៅ​ពួកគេ​ថា៖ ​«អ្នករាល់គ្នា​ដឹង​ច្បាស់​ហើយ​ថា​ក្រឹត្យវិន័យ​ហាម​មិន​ឲ្យ​ជនជាតិ​យូដា​សេពគប់​ឬ​សួរ​សុខទុក្ខ​សាសន៍ដទៃ​ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​បង្ហាញ​ខ្ញុំ​ថា​មិន​ត្រូវ​ថា​អ្នក​ណា​ម្នាក់​មិន​បរិសុទ្ធ​ឬ​មិន​ស្អាត​ឡើយ។ 29ហេតុនេះបានជា​ពេល​អ្នករាល់គ្នា​ហៅ​ខ្ញុំ​មក​ខ្ញុំ​ក៏​មក​ដោយ​ឥត​ប្រកែក​ដូច្នេះ​ខ្ញុំ​សូម​សួរ​អ្នករាល់គ្នា​ថា​តើ​អ្នករាល់គ្នា​ហៅ​ខ្ញុំ​មក​នេះ​មាន​ការ​អ្វី​ដែរ?» 30លោកកូនេលាស​ក៏​ប្រាប់​ថា៖ ​«កាល​ពី​បួន​ថ្ងៃ​មុន​ម៉ោង​ប្រហែល​ថ្មើរ​នេះ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​ក្នុង​ផ្ទះ​របស់​ខ្ញុំ​នៅ​ម៉ោង​បី​រសៀល​ស្រាប់តែ​មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ភ្លឺ​ចិញ្ចាច​ឈរ​នៅ​ចំពោះ​មុខ​ខ្ញុំ 31ហើយនិយាយ​មក​ខ្ញុំ​ថា​កូនេលាស​អើយ! ​ព្រះជាម្ចាស់​បាន​ឮ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ហើយ​ក៏​បាន​នឹកចាំ​ការ​ដាក់ទាន​របស់​អ្នក​ដែរ 32ដូច្នេះចូរ​ចាត់​គេ​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​ដ្បិត​គាត់​កំពុង​ស្នាក់​នៅ​ផ្ទះ​របស់​ស៊ីម៉ូន​ជា​អ្នក​សម្លាប់ស្បែក​ដែល​នៅ​ក្បែរ​មាត់​សមុទ្រ។ 33ដូច្នេះខ្ញុំ​ក៏​ចាត់​គេ​ឲ្យ​ទៅ​អញ្ជើញ​លោក​ភ្លាម​ហើយ​ជាការ​ប្រសើរ​ណាស់​ដែល​លោក​បាន​អញ្ជើញ​មក។ ​ឥឡូវនេះ​យើង​ទាំងអស់​គ្នា​កំពុង​នៅក្នុង​ព្រះវត្ដមាន​របស់​ព្រះជាម្ចាស់​ដើម្បី​ស្ដាប់​សេចក្ដី​ទាំងឡាយ​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​លោក»។ 34លោកពេត្រុស​ចាប់ផ្ដើម​និយាយ​ថា៖ ​«ឥឡូវនេះ​ខ្ញុំ​យល់​ច្បាស់​ហើយ​ថា​ព្រះជាម្ចាស់​មិន​មែន​ជា​ព្រះ​ដែល​លំអៀង​ទេ 35គឺនៅក្នុង​ចំណោម​ជនជាតិ​ទាំងអស់​អ្នកណា​ក៏ដោយ​ដែល​កោត​ខ្លាច​ព្រះអង្គ​ហើយ​ប្រព្រឹត្ដ​អំពើ​សុចរិត​ព្រះអង្គ​ទទួល​យក​អ្នក​នោះ។ 36អ្នករាល់គ្នាដឹង​ហើយ​ថា​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​កូនចៅ​អ៊ីស្រាអែល​បាន​ប្រកាស​ប្រាប់​អំពី​ដំណឹងល្អ​នៃ​សេចក្ដី​សុខសាន្ដ​តាមរយៈ​ព្រះ​យេស៊ូ​គ្រិស្ដ​ដែល​ជា​ព្រះអម្ចាស់​លើ​ទាំងអស់ 37គឺអំពី​ហេតុការណ៍​ដែល​បាន​កើតឡើង​ពាស​ពេញ​ស្រុក​យូដា​ទាំង​មូល​ចាប់តាំង​ពី​ស្រុក​កាលីឡេ​ទៅ​គឺ​នៅក្រោយ​ដែល​លោក​យ៉ូហាន​បាន​ប្រកាស​អំពី​ពិធី​ជ្រមុជទឹក 38គឺអំពី​ព្រះ​យេស៊ូ​ជា​អ្នកក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​និង​អំណាច​ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។ 39រីឯយើង​គឺ​ជា​សាក្សី​អំពី​ហេតុការណ៍​ទាំងឡាយ​ដែល​ព្រះយេស៊ូ​បាន​ធ្វើ​ទាំង​នៅក្នុង​ស្រុក​របស់​ជនជាតិ​យូដា​និង​ក្នុង​ក្រុង​យេរូសាឡិម។ ​ពួកគេ​បាន​សម្លាប់​ព្រះអង្គ​ដោយ​ព្យួរ​ព្រះអង្គ​នៅ​លើ​ឈើ​ឆ្កាង។ 40ប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់ឡើងវិញ​នៅ​ថ្ងៃ​ទីបី​ព្រមទាំង​ប្រោស​ប្រទាន​ឲ្យ​គេ​មើលឃើញ​ព្រះអង្គ 41មិនមែន​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ​គឺ​សម្រាប់​តែ​ពួក​សាក្សី​ដែល​ព្រះជាម្ចាស់​បាន​ជ្រើសរើស​ជាមុន​ប៉ុណ្ណោះ​នោះ​គឺ​យើង​នេះ​ហើយ​ដែល​បាន​បរិភោគ​និង​បាន​ផឹក​ជាមួយ​ព្រះអង្គ​ក្រោយ​ពេល​ព្រះអង្គ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញ។ 42ព្រះអង្គបាន​បង្គាប់​យើង​ឲ្យ​ប្រកាស​ប្រាប់​មនុស្ស​និង​ឲ្យ​ធ្វើ​ទីបន្ទាល់​ថា​គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ចៅក្រម​លើ​មនុស្ស​រស់​និង​មនុស្ស​ស្លាប់ 43អ្នកនាំព្រះបន្ទូលទាំងអស់​បាន​ធ្វើបន្ទាល់​អំពី​ព្រះអង្គ​នេះ​ថា​ដោយសារ​ព្រះ​នាម​របស់​ព្រះអង្គ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះអង្គ​នឹង​ទទួល​បាន​ការ​លើកលែង​ទោស​បាប»។ 44ពេលលោក​ពេត្រុស​កំពុង​និយាយ​អំពី​សេចក្ដី​ទាំងនេះ​នៅឡើយ​នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​មក​សណ្ឋិត​លើ​អ្នក​ទាំងអស់​ដែល​កំពុង​ស្ដាប់​ព្រះបន្ទូល 45ដូច្នេះអ្នក​ជឿ​ទាំងឡាយ​ក្នុងចំណោម​ពួក​អ្នក​កាត់ស្បែក​ដែល​មក​ជាមួយ​លោក​ពេត្រុស​បាន​ស្ញប់ស្ញែង​ជាខ្លាំង​ព្រោះ​ព្រះជាម្ចាស់​ក៏​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​សាសន៍​ដទៃ​ដែរ 46ដ្បិតពួកគេ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ទាំង​លើកតម្កើង​ព្រះជាម្ចាស់។ ​នោះ​លោក​ពេត្រុស​និយាយ​ថា៖ 47«តើ​មាន​នរណា​អាច​រារាំង​អ្នក​ទាំងនេះ​ដែល​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដូចជា​យើង​មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន?» 48ហើយគាត់​ក៏​បង្គាប់​ពួកគេ​ឲ្យ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូ​គ្រិស្ដ។ ​បន្ទាប់មក​ពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់​នៅ​ជា​ច្រើន​ថ្ងៃ​ទៀត។
Copyright information for KhmKCB