‏ Acts 12

1នៅគ្រា​នោះ​ស្ដេច​ហេរ៉ូឌ​បាន​លូក​ដៃ​ធ្វើបាប​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​នៅក្នុង​ក្រុម​ជំនុំ។ 2ស្ដេចបាន​សម្លាប់​លោក​យ៉ាកុប​ជា​បង​របស់​លោក​យ៉ូហាន​ដោយ​ដាវ។ 3ពេលស្ដេច​យល់​ឃើញ​ថា​ការ​នេះ​ពេញចិត្ដ​ដល់​ជនជាតិ​យូដា​ស្ដេច​ក៏​ចាប់​លោក​ពេត្រុស​ទៀត។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ពេល​បុណ្យ​នំបុ័ងឥតមេ។ 4ក្រោយពី​ស្ដេច​បាន​ចាប់​លោក​ពេត្រុស​រួច​ក៏​យក​ទៅ​ដាក់​គុក​ហើយ​ប្រគល់​គាត់​ឲ្យ​ទាហាន​បួន​ក្រុម​យាម​គឺ​មួយ​ក្រុម​មាន​គ្នា​បួន​នាក់​ដ្បិត​ស្ដេច​មាន​បំណង​នាំ​គាត់​ទៅ​ដាក់​នៅ​ចំពោះ​មុខ​បណ្ដាជន​ក្រោយពី​បុណ្យ​រំលង 5ដូច្នេះគេ​ក៏​ឃុំ​លោក​ពេត្រុស​ទុក​នៅក្នុង​គុក​ប៉ុន្ដែ​ក្រុម​ជំនុំ​បាន​អធិស្ឋាន​យ៉ាង​អស់​ពី​ចិត្ដ​ដល់​ព្រះជាម្ចាស់​សម្រាប់​គាត់។ 6នៅយប់​ដែល​ស្ដេច​ហេរ៉ូឌ​ហៀប​នឹង​នាំ​លោក​ពេត្រុស​ចេញ​មក​គឺ​នៅ​ពេល​ដែល​គាត់​កំពុង​ដេក​លក់​នៅ​ចន្លោះ​ទាហាន​ពីរ​នាក់​ទាំង​មាន​ច្រវាក់​ពីរ​ខ្សែ​ចង​ជាប់​ហើយ​ពួក​អ្នក​យាម​កំពុង​យាម​នៅ​មាត់​ទ្វារ​គុក 7ស្រាប់តែ​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចូល​មក​ជិត​ហើយ​ពន្លឺ​បាន​ចែងចាំង​នៅក្នុង​បន្ទប់​ឃុំឃាំង​ទេវតា​នោះ​បាន​អង្រួន​លោក​ពេត្រុស​ពី​ចំហៀង​ឲ្យ​គាត់​ភ្ញាក់​ឡើង​ដោយ​និយាយ​ថា៖ ​«ចូរ​ក្រោកឡើង​ជា​ប្រញាប់!» ​ពេល​នោះ​ច្រវាក់​បាន​របូត​ចេញ​ពី​ដៃ​របស់​គាត់។ 8ទេវតានោះ​ប្រាប់​លោក​ពេត្រុស​ថា៖ ​«ចូរ​ក្រវាត់​ចង្កេះ​ហើយ​ពាក់​ស្បែក​ជើង​ទៅ» ​គាត់​ក៏​ធ្វើ​តាម​រួច​ទេវតា​នោះ​ក៏​ប្រាប់​គាត់​ទៀត​ថា៖ ​«ចូរ​ពាក់​អាវ​ហើយ​មក​តាម​ខ្ញុំ​ចុះ» 9ដូច្នេះគាត់​ក៏​ចេញ​ទៅ​ហើយ​ដើរ​តាម​ទេវតា​នោះ​ប៉ុន្ដែ​គាត់​មិន​បាន​ដឹង​ថា​ហេតុការណ៍​ដែល​កំពុង​កើតឡើង​តាមរយៈ​ទេវតា​នេះ​គឺ​ជា​ការ​ពិត​ទេ​ព្រោះ​គាត់​ស្មាន​ថា​គាត់​ឃើញ​ក្នុង​សុបិន​និមិត្ដ។ 10ពេលឆ្លង​កាត់​កន្លែង​យាម​ទីមួយ​និង​កន្លែង​យាម​ទីពីរ​រួច​ហើយ​ពួកគេ​ក៏​មក​ដល់​ទ្វារ​ដែក​ឆ្ពោះ​ទៅ​ក្រុង​ដែល​បាន​បើក​ដោយ​ឯងៗ​សម្រាប់​ពួកគេ។ ​ដូច្នេះ​ពួកគេ​ក៏​ចេញ​ទៅ​ហើយ​បន្ដ​ដំណើរ​តាម​ផ្លូវ​មួយ​រីឯ​ទេវតា​ក៏​ចាក​ចេញ​ពី​គាត់​ភ្លាម​ទៅ។ 11ពេលលោក​ពេត្រុស​ដឹង​ខ្លួន​គាត់​ក៏​និយាយ​ថា៖ ​«ឥឡូវនេះ​ខ្ញុំ​ដឹង​ប្រាកដ​ថា​ព្រះអម្ចាស់​បាន​ចាត់​ទេវតា​របស់​ព្រះអង្គ​ឲ្យ​មក​ហើយ​រំដោះ​ខ្ញុំ​ពី​ដៃ​របស់​ស្ដេច​ហេរ៉ូឌ​និង​ពី​ការប៉ុនប៉ង​ទាំងឡាយ​របស់​ជនជាតិ​យូដា»។ 12ក្រោយពី​យល់​ហេតុការណ៍​នេះ​ហើយ​គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​របស់​នាង​ម៉ារា​ជា​ម្ដាយ​របស់​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ជា​កន្លែង​ដែល​មាន​មនុស្ស​ជាច្រើន​កំពុង​ជួបជុំ​គ្នា​អធិស្ឋាន។ 13ពេលលោក​ពេត្រុស​គោះ​ទ្វារ​នៅ​ច្រក​ចូល​ក៏​មាន​ស្ដ្រី​បម្រើ​ម្នាក់​ឈ្មោះ​រ៉ូដា​បាន​ចូលទៅជិត​ដើម្បី​ស្ដាប់ 14ក្រោយពី​ស្គាល់​ថា​ជា​សំឡេង​របស់​លោក​ពេត្រុស​នាង​ត្រេក​អរ​ណាស់​នាង​មិន​បាន​បើក​ទ្វារ​ទេ​បែរ​ជា​រត់​ទៅ​ក្នុង​ប្រាប់​គេ​ថា​លោក​ពេត្រុស​កំពុង​ឈរ​នៅ​មាត់​ទ្វារ។ 15ពួកគេប្រាប់​នាង​ថា៖ ​«អ្នក​រវើរវាយ​ហើយ!» ​ប៉ុន្ដែ​នាង​នៅតែ​អះអាង​បែប​ដូច្នេះ។ ​ពួកគេ​ក៏​ប្រាប់​នាង​ទៀត​ថា៖ ​«នោះ​ជា​ទេវតា​របស់​គាត់​ទេ» 16រីឯលោក​ពេត្រុស​នៅតែ​បន្ដ​គោះ​ទ្វារ​ដូច្នេះ​ពួកគេ​ក៏​បើក​ទ្វារ​ហើយ​កាល​បាន​ឃើញ​គាត់​ពួកគេ​ងឿងឆ្ងល់​ណាស់។ 17ក្រោយពីបាន​ធ្វើ​សញ្ញា​ដៃ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​រួច​ហើយ​គាត់​ក៏​រៀបរាប់​ប្រាប់​ពួកគេ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​នាំ​គាត់​ចេញ​ពី​គុក​ហើយ​គាត់​បាន​ប្រាប់​ទៀត​ថា៖ ​«សូម​យក​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​យ៉ាកុប​និង​ពួក​បងប្អូន​ឲ្យ​ដឹង​ផង»។ ​បន្ទាប់មក​គាត់​ក៏​ចាក​ចេញ​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត។ 18លុះភ្លឺ​ឡើង​មាន​ការ​ជ្រួល​ច្របល់​ជាខ្លាំង​នៅក្នុង​ចំណោម​ពួក​ទាហាន​អំពី​ការ​បាត់​ខ្លួន​របស់​លោក​ពេត្រុស 19កាលស្ដេច​ហេរ៉ូឌ​តាម​រក​លោក​ពេត្រុស​មិន​ឃើញ​ស្ដេច​ក៏​សួរចម្លើយ​ពួក​អ្នក​យាម​រួច​បញ្ជា​ឲ្យ​គេ​យក​ពួក​អ្នកយាម​ទៅ​សម្លាប់​ចោល​បន្ទាប់មក​ស្ដេច​ក៏​ចាក​ចេញ​ពី​ស្រុក​យូដា​ទៅ​ក្រុង​សេសារា​ហើយ​ស្នាក់​នៅ​ទី​នោះ។ 20នៅគ្រា​នោះ​ស្ដេច​ហេរ៉ូឌ​ខឹង​នឹង​ប្រជាជន​ក្រុង​ទីរ៉ុស​និង​ប្រជាជន​ក្រុង​ស៊ីដូន​យ៉ាង​ខ្លាំង​ដូច្នេះ​អ្នក​ទាំង​នោះ​បាន​ព្រមព្រៀងគ្នា​មក​ជួប​ស្ដេច​ក្រោយ​ពី​បាន​បញ្ចុះបញ្ចូល​លោក​ប្លាសតុស​ជា​មន្ដ្រី​រក្សា​ដំណាក់​ស្ដេច​រួច​មក។ ​ពួកគេ​បាន​សុំ​ឲ្យ​មាន​សន្ដិភាព​ពីព្រោះ​ស្រុក​របស់​ពួកគេ​ទទួល​ស្បៀង​អាហារ​ពី​ស្រុក​របស់​ស្ដេច។ 21កាលដល់​ថ្ងៃ​កំណត់​ហើយ​ស្ដេច​ហេរ៉ូឌ​ក៏​ស្លៀក​សម្លៀក​បំពាក់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​ហើយ​ប្រកាស​ទៅ​ពួកគេ 22ពេលនោះបណ្ដាជន​ក៏​ស្រែកឡើង​ថា៖ ​«នេះ​ជា​សំឡេង​របស់​ព្រះជាម្ចាស់​មិនមែន​មនុស្ស​ឡើយ!» 23រំពេចនោះ​ទេវតា​របស់​ព្រះអម្ចាស់​ក៏​វាយ​ប្រហារ​ស្ដេច​គឺ​ស្ដេច​ត្រូវ​ដង្កូវ​ចោះ​ស្លាប់​ព្រោះ​មិន​បាន​ថ្វាយ​សិរី​រុងរឿង​ដល់​ព្រះជាម្ចាស់ 24រីឯព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ក៏​រីក​សុះសាយ​ច្រើន​ឡើង។ 25លោកបារណាបាស​និង​លោក​សុល​ក្រោយពី​បាន​បំពេញ​កិច្ចការ​របស់​ខ្លួន​ចប់​ហើយ​ពួកគេ​ក៏​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ​ទាំង​យក​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ផង។
Copyright information for KhmKCB