‏ Acts 13

1នៅក្នុង​ក្រុម​ជំនុំ​នៅ​ក្រុង​អាន់ទីយ៉ូក​មាន​ពួក​អ្នកនាំព្រះបន្ទូល​និង​ពួក​គ្រូបង្រៀន​គឺ​មាន​លោក​បារណាបាស​លោក​ស៊ីមាន​ដែល​ហៅ​ថា​នីគើរ​លោក​លូគាស​ជា​អ្នក​ក្រុង​គីរេន​លោក​សុល​និង​លោក​ម៉ាណាអេន​ជា​បងប្អូន​ចិញ្ចឹម​របស់​ហេរ៉ូឌ​ជា​ស្ដេចត្រាញ់។ 2ពេលអ្នក​ទាំងនោះ​កំពុង​បម្រើ​ព្រះអម្ចាស់​ទាំង​តម​អាហារ​នោះ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​មានបន្ទូល​ថា៖ ​«ចូរ​ញែក​បារណាបាស​និង​សុល​ឲ្យ​ខ្ញុំ​សម្រាប់​កិច្ចការ​ដែល​ខ្ញុំ​ហៅ​ពួកគេ​ឲ្យ​ធ្វើ» 3បន្ទាប់ពីបាន​តម​អាហារ​អធិស្ឋាន​និង​ដាក់​ដៃ​លើ​អ្នក​ទាំង​ពីរ​រួច​ហើយ​ពួកគេ​ក៏​ចាត់​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ចេញ​ទៅ។ 4ដូច្នេះពួក​គាត់​ក៏​ចេញទៅ​តាម​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ចាត់​ឲ្យ​ទៅ​ហើយ​ក៏​ចុះទៅ​ក្រុង​សេលើស៊ា​រួច​បាន​ចេញ​ពី​ក្រុង​នោះ​ចុះ​សំពៅ​ទៅ​កោះ​គីប្រុស 5ពេលទៅ​ដល់​ក្រុង​សាឡាមីន​ពួក​គាត់​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅក្នុង​សាលាប្រជុំ​របស់​ជនជាតិ​យូដា​ព្រមទាំង​មាន​លោក​យ៉ូហាន​ជា​អ្នក​ជំនួយ​របស់​ពួក​គាត់​ដែរ។ 6ពេលពួក​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​កោះ​នោះ​ទាំង​មូល​រហូតដល់​ក្រុង​ប៉ាផុស​ពួក​គាត់​បាន​ជួប​គ្រូ​មន្ដអាគម​ជា​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​បារយេស៊ូ​ជា​អ្នកនាំព្រះបន្ទូល​ក្លែងក្លាយ 7ដែលបាន​នៅ​ជាមួយ​លោក​អភិបាល​ម្នាក់​ឈ្មោះ​ស៊ើរគាស​ប៉ូឡូស​ជា​មនុស្ស​ដ៏​ឈ្លាសវៃ​លោក​អភិបាល​នោះ​បាន​អញ្ជើញ​លោក​បារណាបាស​និង​លោក​សុល​ឲ្យ​មក​ជួប​ព្រោះ​គាត់​ចង់​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ 8ប៉ុន្ដែគ្រូ​មន្ដអាគម​អេលីម៉ាស់​(​ដ្បិត​ឈ្មោះ​របស់​គាត់​ប្រែ​ថា​ដូច្នេះ​)​បាន​ប្រឆាំង​ពួកគាត់​ដោយ​ខិតខំ​បង្វែរ​លោក​អភិបាល​ចេញ​ពី​ជំនឿ 9ប៉ុន្ដែលោក​សុល​ដែល​ហៅ​ថា​ប៉ូល​គាត់​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ​សម្លឹង​មើល​អ្នក​នោះ 10រួចនិយាយ​ថា៖ ​«នែ​កូន​អារក្ស​សាតាំង​ដែល​ពេញ​ដោយ​សេចក្ដី​បោក​ប្រាស់​និង​ល្បិចកល​គ្រប់​បែបយ៉ាង​និង​ជា​សត្រូវ​នៃ​សេចក្ដី​សុចរិត​ទាំងឡាយ​អើយ! ​តើ​អ្នក​មិន​ព្រម​ឈប់​បង្វែរ​ផ្លូវ​ទៀង​ត្រង់​របស់​ព្រះអម្ចាស់​ទេ​ឬ? 11មើល៍ឥឡូវនេះ​ព្រះ​ហស្ដ​របស់​ព្រះអម្ចាស់​បាន​ទាស់​នឹង​អ្នក​ហើយ​អ្នក​នឹង​ត្រូវ​ខ្វាក់​មួយ​រយៈ​មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ទេ» ​ស្រាប់តែ​អ្នក​នោះ​ចាប់ផ្ដើម​ព្រិល​ភ្នែក​ហើយ​ងងឹត​មើល​លែង​ឃើញ​រួច​ដើរ​រាវ​រក​គេ​ឲ្យ​នាំ​ផ្លូវ​គាត់។ 12ក្រោយពីបាន​ឃើញ​ហេតុការណ៍​នេះ​កើតឡើង​លោក​អភិបាល​ក៏​ជឿ​ហើយ​មាន​សេចក្ដី​អស្ចារ្យ​ចំពោះ​សេចក្ដី​បង្រៀន​អំពី​ព្រះអម្ចាស់។ 13លោកប៉ូល​និង​គូកន​របស់​គាត់​បាន​ចុះ​សំពៅ​ចេញ​ពី​ក្រុង​ប៉ាផុស​មក​ដល់​ក្រុង​ពើកា​ក្នុង​ស្រុក​ប៉ាមភីលា។ ​នៅពេលនោះ​លោក​យ៉ូហាន​បាន​ចាក​ចេញ​ពី​ពួក​គាត់​ហើយ​ត្រលប់​ទៅ​ក្រុង​យេរូសាឡិម​វិញ 14ប៉ុន្ដែពួក​គាត់​បាន​ធ្វើ​ដំណើរ​បន្ដ​ពី​ក្រុង​ពើកា​មក​ដល់​ក្រុង​អាន់ទីយ៉ូក​ក្នុង​ស្រុក​ពីស៊ីឌា​រួច​ពួក​គាត់​បាន​ចូល​ទៅ​អង្គុយ​ក្នុង​សាលាប្រជុំ​នៅ​ថ្ងៃ​សប្ប័ទ។ 15បន្ទាប់ពីអាន​គម្ពីរ​វិន័យ​និង​គម្ពីរ​អ្នកនាំព្រះបន្ទូល​រួច​ហើយ​ប្រធាន​សាលាប្រជុំ​បាន​ចាត់​គេ​ឲ្យ​ប្រាប់​អ្នក​ទាំងពីរ​នោះ​ថា៖ ​«បងប្អូន​អើយ! ​បើ​បងប្អូន​មាន​ពាក្យ​អ្វី​លើកទឹកចិត្ដ​ប្រជាជន​សូម​និយាយ​មក​ចុះ»។ 16ដូច្នេះលោក​ប៉ូល​ក៏​ក្រោក​ឡើង​ទាំង​លើក​ដៃ​ជា​សញ្ញា​ហើយ​និយាយ​ថា៖ ​«ឱ​ជនជាតិ​អ៊ីស្រាអែល​និង​ពួក​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​អើយ! ​សូម​ស្ដាប់​ចុះ! 17ព្រះរបស់​ជនជាតិ​អ៊ីស្រាអែល​នេះ​បាន​ជ្រើស​រើស​ដូនតា​របស់​យើង​ហើយ​បាន​លើក​តម្កើង​ជនជាតិ​នេះ​នៅ​ពេល​ពួកគេ​ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ​នៅ​ឡើយ​រួច​ព្រះអង្គ​បាន​នាំ​ពួកគេ​ចេញ​ពី​ស្រុក​នោះ​ដោយ​ព្រះ​ហស្ដ​ដ៏មានអំណាច។ 18ព្រះអង្គបាន​ទ្រាំទ្រ​នឹង​ពួកគេ​នៅ​ទីរហោឋាន​អស់​រយៈពេល​សែសិប​ឆ្នាំ 19ហើយក្រោយពី​បាន​បំផ្លាញ​ជនជាតិ​ទាំង​ប្រាំពីរ​ក្នុង​ស្រុក​កាណាន​រួច​ព្រះអង្គ​ក៏​ប្រគល់​ស្រុក​នោះ​ដល់​ពួកគេ​ទុកជា​មរតក។ 20ហេតុការណ៍ទាំងនោះ​បាន​កើតឡើង​ប្រហែល​បួនរយ​ហាសិប​ឆ្នាំ។ ​ក្រោយមក​ព្រះអង្គ​បាន​ប្រទាន​ពួក​ចៅហ្វាយ​ដល់​ពួកគេ​រហូតដល់​ជំនាន់​លោក​សាំយូអែល​ដែល​ជា​អ្នកនាំព្រះបន្ទូល។ 21បន្ទាប់មកគេ​បាន​សុំ​ឲ្យ​មាន​ស្ដេច​ដូច្នេះ​ព្រះជាម្ចាស់​ក៏​ប្រទាន​សូល​ជា​កូន​លោក​គីស​មក​ពី​កុល​សម្ព័ន្ធ​បេនយ៉ាមីន​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​សែសិប​ឆ្នាំ។ 22បន្ទាប់ពីព្រះអង្គ​ដក​ស្ដេច​សូល​ចេញ​ព្រះអង្គ​បាន​លើក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​របស់​ពួកគេ​ទាំង​មានបន្ទូល​សរសើរ​អំពី​ស្ដេច​ដាវីឌ​ថា​យើង​រក​បាន​ដាវីឌ​ជា​កូន​របស់​អ៊ីសាយ​គឺ​ជា​មនុស្ស​គាប់​ចិត្ដ​យើង​ណាស់​ហើយ​ធ្វើ​តាម​បំណង​របស់​យើង​ទាំងអស់។ 23តាមរយៈពូជពង្ស​ស្ដេច​នេះ​ហើយ​ដែល​ព្រះអម្ចាស់​បាន​បញ្ជូន​ព្រះ​យេស៊ូ​ជា​ព្រះអង្គ​សង្គ្រោះ​ឲ្យ​ជនជាតិ​អ៊ីស្រាអែល​តាម​សេចក្ដី​សន្យា។ 24មុនពេល​ព្រះអង្គ​យាង​មក​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​អំពី​ពិធី​ជ្រមុជ​ទឹក​ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការប្រែចិត្ត។ 25កាលលោក​យ៉ូហាន​កំពុង​បញ្ចប់​ភារកិច្ច​របស់​គាត់​គាត់​បាន​និយាយ​ថា​តើ​បងប្អូន​ស្មាន​ថា​ខ្ញុំ​ជា​នរណា? ​ខ្ញុំ​មិន​មែន​ជា​ព្រះអង្គ​នោះ​ទេ​ប៉ុន្ដែ​មើល៍​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​ខ្ញុំ​នោះ​ខ្ញុំ​មិន​ស័ក្ដិសម​ស្រាយ​ខ្សែ​ស្បែកជើង​របស់​ព្រះអង្គ​ផង។ 26ឱបងប្អូន​ជា​កូន​ចៅ​ពូជពង្ស​របស់​លោក​អ័ប្រាហាំ​និង​បងប្អូន​នៅក្នុង​ចំណោម​ពួក​អ្នក​កោត​ខ្លាច​ព្រះជាម្ចាស់​អើយ! ​ព្រះអង្គ​បាន​បញ្ជូន​ព្រះបន្ទូល​នៃ​សេចក្ដី​សង្គ្រោះ​នេះ​មក​យើង​ហើយ។ 27ដ្បិតពួក​អ្នក​រស់នៅ​ក្នុង​ក្រុង​យេរូសាឡិម​និង​ពួក​អ្នកដឹកនាំ​របស់​ពួកគេ​មិន​បាន​ទទួល​ស្គាល់​ព្រះយេស៊ូ​និង​ពាក្យ​របស់​ពួក​អ្នកនាំព្រះបន្ទូល​ដែល​បាន​អាន​រៀង​រាល់​ថ្ងៃសប្ប័ទ​ទេ​ពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងនេះ​ដោយ​បាន​ធ្វើ​ទោស​ព្រះ​យេស៊ូ 28ហើយទោះបី​ពួកគេ​រក​ហេតុ​សម្លាប់​ព្រះអង្គ​មិន​បាន​ក៏ដោយ​ក៏​ពួកគេ​សុំ​លោក​ពីឡាត់​ឲ្យ​សម្លាប់​ព្រះអង្គ​ដែរ។ 29កាលពួកគេ​បាន​សម្រេច​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​អំពី​ព្រះអង្គ​រួច​ហើយ​ពួកគេ​ក៏​ដាក់​ព្រះអង្គ​ចុះ​ពី​លើ​ឈើ​ឆ្កាង​ហើយ​បញ្ចុះ​នៅក្នុង​ផ្នូរ 30ប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការសោយ​ទិវង្គត​ឡើង​វិញ 31ហើយព្រះអង្គ​បាន​បង្ហាញ​ខ្លួន​ឲ្យ​ពួក​អ្នក​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ព្រះអង្គ​ពី​ស្រុក​កាលីឡេ​ទៅ​ឯ​ក្រុង​យេរូសាឡិម​ឃើញ​ជា​ច្រើន​ថ្ងៃ​គឺ​អ្នក​ទាំង​នេះ​ហើយ​ជា​សាក្សី​របស់​ព្រះអង្គ​ដល់​បណ្ដាជន​នៅ​សព្វថ្ងៃនេះ។ 32ដូច្នេះយើង​កំពុង​ប្រកាស​ប្រាប់​អ្នករាល់គ្នា​អំពី​សេចក្ដី​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង​នោះ 33ថាព្រះជាម្ចាស់​បាន​សម្រេច​សេចក្ដី​សន្យា​នេះ​ដល់​យើង​ជា​កូន​ចៅ​របស់​ពួក​គាត់​ដោយ​ប្រោស​ព្រះ​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ​ដូច​មាន​សេចក្ដីចែង​ទុក​នៅក្នុង​ទំនុក​តម្កើង​ជំពូក​ទីពីរ​ថា​អ្នក​ជា​កូន​របស់​យើង​យើង​បាន​បង្កើត​អ្នក​នៅ​ថ្ងៃនេះ 34ហើយការ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញ​ដោយ​មិន​ឲ្យ​ត្រលប់​ទៅ​ឯ​សេចក្ដី​ពុករលួយ​ទៀត​នោះ​ព្រះអង្គ​បាន​មានបន្ទូល​យ៉ាង​ដូច្នេះ​ថា​យើង​នឹង​ប្រទាន​សេចក្ដី​មេត្ដាករុណា​ស្មោះត្រង់​ដែល​បាន​សន្យា​ជាមួយ​ដាវីឌ​ដល់​អ្នករាល់គ្នា។ 35ដូច្នេះហើយ​ព្រះជាម្ចាស់​មានបន្ទូល​នៅក្នុង​ទំនុកតម្កើង​ផ្សេង​ទៀត​ដែរ​ថា​ព្រះអង្គ​មិន​បណ្ដោយ​ឲ្យ​អ្នក​បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​សេចក្ដី​ពុករលួយ​ឡើយ។ 36ដ្បិតស្ដេច​ដាវីឌ​ពេល​បាន​បម្រើ​នៅក្នុង​ជំនាន់​របស់ខ្លួន​តាម​បំណង​របស់​ព្រះជាម្ចាស់​រួច​ហើយ​ស្ដេច​ក៏​ស្លាប់​ទៅ​ហើយ​គេ​បាន​បញ្ចុះ​សព​ស្ដេច​នៅ​ជាមួយ​ដូនតា​រួច​បាន​ជួប​នឹង​សេចក្ដី​ពុករលួយ 37ប៉ុន្ដែព្រះ​មួយ​អង្គ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើងវិញ​នោះ​មិន​បាន​ជួប​សេចក្ដី​ពុករលួយ​ទេ។ 38ដូច្នេះបងប្អូន​អើយ! ​សូម​យល់​អំពី​សេចក្ដី​នេះ​ថា​តាមរយៈ​ព្រះយេស៊ូ​ការ​លើក​លែង​ទោស​បាប​ត្រូវ​បាន​ប្រកាស​ប្រាប់​អ្នករាល់គ្នា 39ហើយដោយសារ​ព្រះអង្គ​អស់​អ្នក​ដែល​ជឿ​ក៏​បាន​រាប់​ជា​សុចរិត​ពី​គ្រប់​ការ​ទាំងអស់​ដែល​តាម​គម្ពីរវិន័យ​របស់​លោក​ម៉ូសេ​អ្នករាល់គ្នា​មិន​អាច​ត្រូវ​រាប់​ជា​សុចរិត​បាន​ឡើយ។ 40ដូច្នេះចូរ​ប្រយ័ត្ន​កុំ​ឲ្យ​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​ពួក​អ្នកនាំ​ព្រះបន្ទូល​កើត​មាន​ដល់​អ្នករាល់គ្នា​ឡើយ​គឺ​ថា 41ឱពួក​អ្នក​មើលងាយ​អើយ! ​ចូរ​វិនាស​ទាំង​ងឿងឆ្ងល់​ចុះ​ដ្បិត​យើង​កំពុង​ធ្វើ​ការ​មួយ​នៅក្នុង​ជំនាន់​អ្នករាល់គ្នា​ជា​ការ​ដែល​អ្នករាល់គ្នា​មិន​ជឿ​ឡើយ​ទោះបី​មាន​អ្នក​ណា​ប្រកាស​ប្រាប់​អ្នករាល់គ្នា​ក៏ដោយ»។ 42កាលលោក​ប៉ូល​និង​លោក​បារណាបាស​ចេញ​ពី​សាលាប្រជុំ​ពួកគេ​បាន​អង្វរ​ពួក​គាត់​ឲ្យ​និយាយ​អំពី​សេចក្ដី​ទាំងនេះ​ប្រាប់​ពួកគេ​នៅ​ថ្ងៃសប្ប័ទ​ក្រោយ​ទៀត។ 43នៅពេល​ដែល​គេ​រំសាយ​ការ​ជួបប្រជុំ​នោះ​មាន​ពួក​ជនជាតិ​យូដា​និង​ពួក​អ្នក​ចូល​សាសនា​យូដា​ជា​ច្រើន​ដែល​គោរពប្រណិប័តន៍​ព្រះជាម្ចាស់​បាន​ដើរ​តាម​លោក​ប៉ូល​និង​លោក​បារណាបាស​អ្នកទាំងពីរ​បាន​និយាយ​ដាស់​តឿន​ពួកគេ​ឲ្យ​នៅ​ខ្ជាប់ខ្ជួន​ក្នុង​ព្រះ​គុណ​របស់​ព្រះជាម្ចាស់។ 44លុះដល់​ថ្ងៃសប្ប័ទ​ក្រោយ​អ្នក​ក្រុង​ស្ទើរតែ​ទាំងអស់​បាន​មក​ជួបជុំ​គ្នា​ស្ដាប់​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់ 45ប៉ុន្ដែពេល​ពួក​ជនជាតិ​យូដា​ឃើញ​មនុស្ស​កុះករ​ដូច្នេះ​ពួកគេ​ក៏​ពេញ​ដោយ​សេចក្ដី​ច្រណែន​ហើយ​និយាយ​ប្រឆាំង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​បាន​និយាយ​ទាំង​ប្រមាថ​គាត់​ទៀត​ផង។ 46ដូច្នេះលោក​ប៉ូល​និង​លោក​បារណាបាស​ក៏​និយាយ​យ៉ាង​ក្លាហាន​ថា៖ ​«យើង​ត្រូវ​តែ​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ប្រាប់​អ្នករាល់គ្នា​មុនគេ​ប៉ុន្ដែ​ដោយសារ​អ្នករាល់គ្នា​បដិសេធ​ហើយ​យល់​ឃើញ​ថា​ខ្លួន​មិន​ស័ក្ដិសម​ទទួល​យក​ជីវិត​អស់កល្ប​ជានិច្ច​ដូច្នេះ​មើល៍​យើង​បែរ​ទៅ​រក​សាសន៍​ដទៃ​វិញ 47ដ្បិតព្រះអម្ចាស់​បាន​បង្គាប់​យើង​យ៉ាង​ដូច្នេះ​ថា​យើង​បាន​តាំង​អ្នក​ជា​ពន្លឺ​ដល់​សាសន៍​ដទៃ​ដើម្បី​ឲ្យ​អ្នក​នាំ​យក​សេចក្ដី​សង្គ្រោះ​ដល់​ចុង​បំផុត​នៃ​ផែនដី»។ 48ពេលសាសន៍ដទៃ​ឮ​សេចក្ដី​នេះ​ក៏​ត្រេក​អរ​ហើយ​សរសើរ​តម្កើង​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​រីឯ​អស់​អ្នក​ដែល​ព្រះជាម្ចាស់​បាន​កំណត់​ឲ្យមាន​ជីវិត​អស់កល្ប​ក៏​ជឿ 49ហើយព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក៏​ឮ​ពាស​ពេញ​តំបន់​នោះ​ទាំងមូល 50ប៉ុន្ដែពួក​ជនជាតិ​យូដា​បាន​ញុះញង់​ពួក​ស្ដ្រី​មាន​មុខមាត់​ដែល​គោរពប្រណិប័តន៍​ព្រះជាម្ចាស់​និង​ពួក​អ្នក​ដឹក​នាំ​នៅ​ក្នុង​ក្រុង​នោះ​ពួកគេ​ក៏​លើក​គ្នា​បៀត​បៀន​លោក​ប៉ូល​និង​លោក​បារណាបាស​ហើយ​បណ្ដេញ​ពួក​គាត់​ចេញ​ពី​ទឹកដី​របស់​ពួកគេ។ 51ដូច្នេះពួកគាត់​ក៏​រលាស់​ធូលីដី​ចេញ​ពី​ជើង​ទាស់​នឹង​ពួកគេ​រួច​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូនាម 52រីឯពួក​សិស្ស​បាន​ពេញ​ដោយ​អំណរ​និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ។
Copyright information for KhmKCB