‏ Acts 14

1នៅក្រុង​អ៊ីកូនាម​ពួក​គាត់​នាំគ្នា​ចូល​ទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិ​យូដា​ហើយ​និយាយ​ដូច​មុន​ធ្វើ​ឲ្យ​មនុស្ស​ច្រើន​កុះករ​ជឿ​មាន​ទាំង​ជនជាតិ​យូដា​និង​ជនជាតិ​ក្រេក 2ប៉ុន្ដែពួក​ជនជាតិ​យូដា​ដែល​មិន​ព្រម​ជឿ​បាន​ញុះញង់​ពួក​សាសន៍ដទៃ​ឲ្យ​មាន​គំនិត​អាក្រក់​នឹង​ពួក​បងប្អូន។ 3ទោះជាយ៉ាងណាក្ដី​ពួកគាត់​បាន​ស្នាក់​នៅ​ទីនោះ​ជាយូរ​ថ្ងៃ​ទាំង​ប្រកាស​យ៉ាង​ក្លាហាន​ដោយ​ពឹងអាង​លើ​ព្រះអម្ចាស់​ដែល​បាន​បញ្ជាក់​អំពី​ព្រះបន្ទូល​នៃ​ព្រះ​គុណ​របស់​ព្រះអង្គ​ដោយ​ប្រទាន​ទីសំគាល់​និង​ការ​អស្ចារ្យ​ផ្សេងៗ​ឲ្យ​កើតឡើង​តាមរយៈ​ដៃ​របស់​ពួកគាត់។ 4ដូច្នេះហើយ​បណ្ដាជន​នៅ​ក្រុង​នោះ​បាន​បែក​បាក់​គ្នា​អ្នក​ខ្លះ​នៅ​ខាង​ជនជាតិ​យូដា​អ្នក​ខ្លះ​ទៀត​នៅ​ខាង​ពួក​សាវក។ 5កាលពួក​ជនជាតិ​យូដា​និង​ពួក​សាសន៍ដទៃ​ព្រមទាំង​ពួក​មេដឹកនាំ​របស់​ពួកគេ​ឃុបឃិត​គ្នា​ចង់​ធ្វើ​បាប​និង​គប់​ពួកគាត់​នឹង​ដុំថ្ម 6ពេលពួកគាត់​ដឹង​ក៏​ភៀស​ខ្លួន​ទៅ​ក្រុង​ដទៃ​ទៀត​ក្នុង​ស្រុក​លូកៅនា​ដូចជា​ក្រុង​លីស្ដ្រា​ក្រុង​ឌើបេ​និង​តំបន់​ជុំវិញ 7ហើយពួក​គាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ទី​នោះ។ 8នៅក្រុង​លីស្ដ្រា​មាន​បុរស​ម្នាក់​ពិការជើង​កំពុង​អង្គុយ​គាត់​ខ្វិន​ពី​កំណើត​មិន​ដែល​ដើរ​បាន​ឡើយ។ 9ពេលលោក​ប៉ូល​កំពុង​និយាយ​បុរស​នោះ​បាន​ស្ដាប់​ហើយ​លោក​ប៉ូល​ក៏​សម្លឹង​មើល​គាត់​ពេល​ឃើញ​ថា​គាត់​មាន​ជំនឿ​នឹង​ប្រោស​ឲ្យ​ជា​បាន 10ក៏និយាយ​ខ្លាំងៗ​ថា៖ ​«ចូរ​ក្រោក​ឈរ​ឡើង!» ​គាត់​ក៏​ស្ទុះ​ឡើង​ហើយ​ដើរ​បាន។ 11ពេលបណ្ដាជន​បាន​ឃើញ​អ្វី​ដែល​លោក​ប៉ូល​បាន​ធ្វើ​ពួកគេ​ក៏​ស្រែក​ជា​ភាសា​លូកៅនា​ថា៖ ​«ពួក​ព្រះ​បាន​ប្រែ​ខ្លួន​ជា​មនុស្ស​ចុះ​មក​រក​យើង​ហើយ!» 12ពេលនោះគេ​ហៅ​លោក​បារណាបាស​ថា​ព្រះ​សេយូស​ហើយ​ហៅ​លោក​ប៉ូល​ថា​ព្រះ​ហ៊ើមេស​ព្រោះ​គាត់​ជា​អ្នក​នាំ​មុខ​ក្នុង​ការ​និយាយ។ 13បន្ទាប់មកសង្ឃ​របស់​ព្រះ​សេយូស​ដែល​មាន​វិហារ​នៅ​ចំមុខ​ក្រុង​នោះ​បាន​យក​គោ​ឈ្មោល​និង​កម្រង​ផ្កា​មក​ឯ​ទ្វារ​ក្រុង​ដោយ​មាន​បំណង​ថ្វាយ​យញ្ញបូជា​ជាមួយ​បណ្ដាជន។ 14ប៉ុន្ដែពេល​សាវក​បារណាបាស​និង​សាវក​ប៉ូល​បាន​ឮ​ដំណឹង​នេះ​ពួកគាត់​ក៏​ហែក​សម្លៀក​បំពាក់​របស់​ខ្លួន​ហើយ​រត់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ទាំង​ស្រែក 15ថា៖ ​«បងប្អូន​អើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ធ្វើ​ដូច្នេះ? ​យើង​ក៏​ជា​មនុស្ស​ធម្មតា​ដូច​អ្នករាល់គ្នា​ដែរ​យើង​នាំ​ដំណឹង​ល្អ​មក​ប្រាប់​អ្នករាល់គ្នា​ដើម្បី​ឲ្យ​អ្នករាល់គ្នា​បែរចេញ​ពី​ការ​ឥត​ប្រយោជន៍​ទាំងនេះ​មក​ឯ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​វិញ​ជា​ព្រះ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃ​ផែនដី​សមុទ្រ​និង​របស់​សព្វ​សារពើរ​ដែល​នៅក្នុង​នោះ។ 16កាលពី​ជំនាន់​មុន​ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ជនជាតិ​ទាំងអស់​ទៅ​តាម​ផ្លូវ​របស់​ពួកគេ​រៀងៗ​ខ្លួន 17ប៉ុន្ដែព្រះអង្គ​មិន​មែន​មិន​បាន​ឲ្យ​ទីបន្ទាល់​អំពី​ព្រះអង្គ​ឡើយ​គឺ​ព្រះអង្គ​ផ្ដល់​ព្រះ​គុណ​ដោយ​ប្រទាន​ភ្លៀង​ពី​លើ​មេឃ​និង​រដូវ​បង្កើត​ផល​ព្រមទាំង​ធ្វើ​ឲ្យ​ចិត្ដ​របស់​អ្នករាល់គ្នា​បាន​ស្កប់ស្កល់​ដោយ​អាហារ​និង​អំណរ»។ 18ក្រោយពីនិយាយ​សេចក្ដី​ទាំងនេះ​រួចហើយ​ពួកគាត់​ក៏​បញ្ឈប់​បណ្ដាជន​មិន​ឲ្យ​ថ្វាយ​យញ្ញបូជា​ដល់​ពួកគាត់​យ៉ាងពិបាក។ 19ពេលនោះពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​អាន់ទីយ៉ូក​និង​ក្រុង​អ៊ីកូនាម​បាន​បញ្ចុះ​បញ្ចូល​បណ្ដាជន​ហើយ​បាន​គប់​លោក​ប៉ូល​នឹង​ដុំ​ថ្ម។ ​បន្ទាប់មក​ពួកគេ​ក៏​អូស​គាត់​យក​ចេញ​ទៅ​ក្រៅ​ក្រុង​ព្រោះ​ស្មាន​ថា​គាត់​ស្លាប់​ហើយ 20ប៉ុន្ដែពេល​ពួក​សិស្ស​មក​ចោមរោម​គាត់​គាត់​ក៏​ក្រោក​ឡើង​ហើយ​ចូល​ទៅ​ក្នុង​ក្រុង​វិញ។ ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​ចេញ​ដំណើរ​ជាមួយ​លោក​បារណាបាស​ទៅ​ក្រុង​ឌើបេ។ 21ក្រោយពីពួកគាត់​បាន​ប្រកាស​ដំណឹង​ល្អ​នៅ​ក្រុង​នោះ​និង​បាន​បង្កើត​សិស្ស​ជា​ច្រើន​រួច​ហើយ​ពួកគាត់​ក៏​ត្រលប់​ទៅ​ក្រុង​លីស្ដ្រា​ក្រុង​អ៊ីកូនាម​និង​ក្រុង​អាន់ទីយ៉ូក​វិញ 22ហើយពង្រឹង​ចិត្ដ​របស់​ពួក​សិស្ស​និង​លើកទឹកចិត្ដ​ពួកគេ​ឲ្យ​ខ្ជាប់ខ្ជួន​នៅ​ក្នុង​ជំនឿ​ដោយ​និយាយ​ថា៖ ​«យើង​ត្រូវ​ឆ្លង​កាត់​ទុក្ខ​លំបាក​ច្រើន​ណាស់​ដើម្បី​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​បាន»។ 23ពេលពួក​គាត់​បាន​តែងតាំង​ឲ្យ​មាន​ពួក​ចាស់​ទុំ​សម្រាប់​ពួកគេ​នៅ​គ្រប់​ក្រុម​ជំនុំ​ព្រមទាំង​អធិស្ឋាន​ដោយ​តម​អាហារ​រួច​ហើយ​ពួកគាត់​ក៏​ប្រគល់​ពួកគេ​ដល់​ព្រះអម្ចាស់​ដែល​ពួកគេ​បាន​ជឿ។ 24បន្ទាប់មកពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ពីស៊ីឌា​មក​ដល់​ស្រុក​ប៉ាមភីលា។ 25ក្រោយពីបាន​ប្រកាស​ព្រះបន្ទូល​នៅ​ក្រុង​ពើកា​រួច​ហើយ​ពួកគាត់​ក៏​ចុះ​ទៅ​ក្រុង​អាតាលា 26បន្ទាប់មកពួកគាត់​បាន​ចុះ​សំពៅ​ពីទីនោះ​ឆ្ពោះ​ទៅ​ក្រុង​អាន់ទីយ៉ូក​វិញ​ជា​កន្លែង​ដែល​គេ​បាន​ប្រគល់​ពួកគាត់​ទៅ​ក្នុង​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​សម្រាប់​កិច្ចការ​ដែល​ពួកគាត់​ទើប​នឹង​សម្រេច​បាន​នេះ។ 27ពេលពួកគាត់​មក​ដល់​ក៏​ប្រមូល​ក្រុម​ជំនុំ​មក​ជួបជុំ​គ្នា​ហើយ​រៀបរាប់​ប្រាប់​ពួកគេ​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ពួកគាត់​និង​ពី​របៀប​ដែល​ព្រះអង្គ​បើក​ទ្វារ​នៃ​ជំនឿ​ឲ្យ​សាសន៍​ដទៃ 28ហើយពួកគាត់​ក៏​ស្នាក់​នៅ​ជាមួយ​ពួក​សិស្ស​យ៉ាង​យូរ។
Copyright information for KhmKCB