‏ Acts 15

1នៅពេលនោះមាន​អ្នក​ខ្លះ​បាន​ចុះ​ពី​ស្រុក​យូដា​មក​បង្រៀន​ពួក​បងប្អូន​ថា៖ ​«បើ​អ្នករាល់គ្នា​មិន​កាត់​ស្បែក​តាម​ទំនៀម​ទម្លាប់​របស់​លោក​ម៉ូសេ​ទេ​នោះ​អ្នករាល់គ្នា​មិន​អាច​ទទួល​បាន​សេចក្ដី​សង្គ្រោះ​ឡើយ»។ 2ដូច្នេះក្រោយពី​លោក​ប៉ូល​និង​លោក​បារណាបាស​បាន​ប្រកែក​ជំទាស់​នឹង​ពួក​អ្នកទាំងនោះ​ព្រមទាំង​សួរ​ដេញដោល​យ៉ាង​ខ្លាំង​រួច​មក​ពួក​បងប្អូន​ក៏​ចាត់​លោក​ប៉ូល​និង​លោក​បារណាបាស​ព្រមទាំង​អ្នក​ខ្លះ​ទៀត​ពី​ក្នុង​ចំណោម​ពួកគេ​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ជួប​ពួក​សាវក​និង​ពួក​ចាស់​ទុំ​អំពី​រឿង​នេះ។ 3ដូច្នេះក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​និង​ស្រុក​សាម៉ារី​ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​ជា​ខ្លាំង។ 4ពេលមក​ដល់​ក្រុង​យេរូសាឡិម​ក្រុម​ជំនុំ​ពួក​សាវក​និង​ពួក​ចាស់​ទុំ​បាន​ស្វាគមន៍​ពួកគាត់​ហើយ​ពួកគាត់​ក៏​រៀបរាប់​ប្រាប់​ពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់ 5នោះមាន​អ្នក​ខ្លះ​ពី​ខាង​គណៈ​ផារិស៊ី​ដែល​ជឿ​បាន​ក្រោក​ឈរ​ឡើង​និយាយ​ថា៖ ​«ត្រូវតែ​កាត់​ស្បែក​ឲ្យ​ពួកគេ​និង​បង្គាប់​ពួកគេ​ឲ្យ​កាន់​តាម​គម្ពីរវិន័យ​របស់​លោក​ម៉ូសេ»។ 6បន្ទាប់មកពួក​សាវក​និង​ពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា​ដើម្បី​ពិចារណា​អំពី​បញ្ហា​នេះ។ 7ក្រោយពីបាន​ពិភាក្សា​គ្នា​យ៉ាង​ច្រើន​មក​លោក​ពេត្រុស​បាន​ក្រោក​ឈរ​ឡើង​និយាយ​ទៅ​ពួកគេ​ថា៖ ​«បងប្អូន​អើយ! ​បងប្អូន​ដឹង​ហើយ​ថា​តាំង​ពី​គ្រា​មុន​ព្រះជាម្ចាស់​បាន​ជ្រើស​រើស​នៅក្នុងចំណោម​អ្នករាល់គ្នា​គឺ​តាមរយៈ​មាត់​របស់​ខ្ញុំ​សាសន៍​ដទៃ​បាន​ឮ​ព្រះបន្ទូល​នៃ​ដំណឹងល្អ​ហើយ​ជឿ 8រីឯព្រះជាម្ចាស់​ដែល​ជ្រាប​ពី​ចិត្ដ​របស់​មនុស្ស​ព្រះអង្គ​បាន​ធ្វើ​ទីបន្ទាល់​អំពី​ពួកគេ​ដោយ​ប្រទាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​ពួកគេ​ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ដែរ 9ព្រះអង្គរាប់​យើង​និង​ពួកគេ​មិន​ខុស​ប្លែក​គ្នា​ឡើយ​គឺ​សំអាត​ចិត្ត​របស់​ពួកគេ​ដោយសារ​ជំនឿ 10ឥឡូវនេះចុះ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​ល្បងល​ព្រះជាម្ចាស់​ដោយ​ដាក់​នឹម​នៅ​ក​របស់​ពួក​សិស្ស​ដូច្នេះ​ដែល​សូម្បីតែ​ដូនតា​របស់​យើង​និង​ខ្លួន​យើង​ផ្ទាល់​ក៏​មិន​អាច​ទ្រាំទ្រ​បាន​ផង? 11យើងជឿ​ថា​យើង​ទទួល​បាន​សេចក្ដីសង្គ្រោះ​ដោយសារ​ព្រះ​គុណ​របស់​ព្រះអម្ចាស់​យេស៊ូ​ដូចជា​ពួកគេ​ដែរ»។ 12ពេលនោះមនុស្ស​គ្រប់គ្នា​បាន​ស្ងៀម​ស្ងាត់​ហើយ​ស្ដាប់​លោក​បារណាបាស​និង​លោក​ប៉ូល​រៀប​រាប់​អំពី​ទីសំគាល់​និង​ការ​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​នៅក្នុង​ចំណោម​សាសន៍​ដទៃ។ 13ក្រោយពីអ្នក​ទាំង​ពីរ​នោះ​និយាយ​ចប់​ហើយ​លោក​យ៉ាកុប​បាន​ឆ្លើយ​ថា៖ ​«បងប្អូន​អើយ! ​សូម​ស្ដាប់​ខ្ញុំ 14លោកស៊ីម៉ូន​បាន​ប្រាប់​រួចហើយ​អំពី​របៀប​ដែល​តាំងពីដំបូង​ព្រះជាម្ចាស់​សព្វព្រះហឫទ័យ​ជ្រើសរើស​ប្រជារាស្ដ្រ​មួយ​ពីក្នុង​ចំណោម​សាសន៍ដទៃ​សម្រាប់​ព្រះ​នាម​របស់​ព្រះអង្គ 15រីឯពាក្យ​សំដី​របស់​ពួក​អ្នកនាំ​ព្រះបន្ទូល​ក៏​យល់​ស្រប​នឹង​ការ​នេះ​ដែរ​គឺ​ដូច​ដែល​មាន​សេចក្ដីចែង​ទុក​ថា 16ក្រោយហេតុការណ៍​ទាំងនេះ​យើង​នឹង​ត្រលប់​មក​វិញ​ហើយ​សង់​រោង​របស់​ស្ដេច​ដាវីឌ​ដែល​បាន​រលំ​នោះ​ឡើង​វិញ។ ​យើង​នឹង​សង់​អ្វីៗ​ដែល​ខូច​ខាត​នៅ​ក្នុង​នោះ​ហើយ​លើក​រោង​នោះ​ឡើង​វិញ 17ដើម្បីឲ្យ​មនុស្ស​ដែល​នៅ​សល់​ស្វែង​រក​ព្រះអម្ចាស់​និង​សាសន៍​ដទៃ​ទាំងឡាយ​ដែល​ត្រូវ​បាន​ត្រាស់​ហៅ​សម្រាប់​ឈ្មោះ​របស់​យើង 18ព្រះអម្ចាស់ដែល​ធ្វើ​ឲ្យ​គេ​ដឹង​អំពី​ហេតុការណ៍​ទាំងនេះ​តាំង​ពី​ដើម​រៀង​មក​បាន​មានបន្ទូល​យ៉ាង​ដូច្នេះ។ 19ដូច្នេះហើយ​ខ្ញុំ​យល់​ឃើញ​ថា​យើង​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​អ្នក​ពីក្នុង​ចំណោម​សាសន៍​ដទៃ​ដែល​បាន​បែរមក​ឯ​ព្រះជាម្ចាស់​ពិបាក​ឡើយ 20ផ្ទុយទៅ​វិញ​ត្រូវ​សរសេរ​ប្រាប់​ពួកគេ​ឲ្យ​ចៀស​វាង​ពី​សំណែន​ដែល​ស្មោក​គ្រោក​ដោយសារ​រូប​ព្រះ​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​និង​ឈាម 21ដ្បិតតាំង​ពី​ជំនាន់​ដើម​មាន​គេ​ប្រកាស​អំពី​ក្រឹត្យវិន័យ​របស់​លោក​ម៉ូសេ​នៅ​គ្រប់​ក្រុង​ទាំងអស់​ព្រមទាំង​អាន​នៅក្នុង​សាលាប្រជុំ​រៀង​រាល់​ថ្ងៃសប្ប័ទ»។ 22ពេលនោះ​ពួក​សាវក​និង​ពួក​ចាស់ទុំ​ព្រមទាំង​ក្រុម​ជំនុំ​ទាំងមូល​យល់​ឃើញ​ថា​ត្រូវ​ជ្រើស​រើស​មនុស្ស​ពី​ក្នុងចំណោម​ពួកគេ​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជាមួយ​លោក​ប៉ូល​និង​លោក​បារណាបាស។ ​ពួកគេ​ក៏​ជ្រើសរើស​បាន​លោក​យូដាស​ដែល​ហៅ​ថា​បារសាបាស​និង​លោក​ស៊ីឡាស​ដែល​ជា​អ្នក​ដឹក​នាំ​ក្នុងចំណោម​ពួក​បងប្អូន 23ហើយពួកគេ​បាន​សរសេរ​សំបុត្រ​ផ្ញើ​តាម​អ្នក​ទាំង​ពីរ​ថា៖ ​«ពួក​សាវក​និង​ចាស់ទុំ​ដែល​ជា​បងប្អូន​សូម​ជម្រាប​សួរ​ដល់​បងប្អូន​សាសន៍​ដទៃ​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ស្រុក​ស៊ីរី​និង​ស្រុក​គីលីគា 24ពេលយើង​ឮ​ថា​មាន​អ្នក​ខ្លះ​នៅក្នុង​ចំណោម​យើង​ដែល​យើង​មិន​បាន​អនុញ្ញាត​ពួកគេ​បាន​ចេញ​ទៅ​រំខាន​អ្នករាល់គ្នា​ដោយ​ពាក្យ​សំដី​ដែល​ធ្វើ​ឲ្យ​ចិត្ត​របស់​អ្នករាល់គ្នា​ខ្វល់​ខ្វាយ 25យើងក៏​ព្រម​ព្រៀង​គ្នា​ថា​ត្រូវ​ជ្រើសរើស​មនុស្ស​ហើយ​ចាត់​ទៅ​ឯ​អ្នករាល់គ្នា​ជាមួយ​លោក​បារណាបាស​និង​លោក​ប៉ូល​ជា​ទីស្រលាញ់​របស់​យើង 26ដែលបាន​ប្រគល់​ជីវិត​របស់​ខ្លួន​សម្រាប់​ព្រះនាម​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​ព្រះអម្ចាស់​របស់​យើង។ 27ដូច្នេះហើយ​យើង​បាន​ចាត់​លោក​យូដាស​និង​លោក​ស៊ីឡាស​ឲ្យ​ទៅ​ដ្បិត​អ្នក​ទាំង​ពីរ​នឹង​ប្រាប់​អ្នករាល់គ្នា​ផ្ទាល់​មាត់​អំពី​សេចក្ដី​ដូចគ្នា​នេះ 28ព្រោះព្រះ​វិញ្ញាណ​បរិសុទ្ធ​ព្រមទាំង​យើង​យល់​ឃើញ​ថា​មិន​គួរ​ដាក់​បន្ទុក​បន្ថែម​លើ​បងប្អូន​ទេ​លើកលែងតែ​សេចក្ដី​ចាំបាច់​ទាំងនេះ​ប៉ុណ្ណោះ 29គឺចៀស​វាង​ពី​សំណែន​ដែល​បាន​សែន​ដល់​រូប​ព្រះ​ពី​ឈាម​ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់​ក​និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវភេទ។ ​បើ​អ្នករាល់គ្នា​រក្សា​ខ្លួន​ពី​សេចក្ដី​ទាំងនេះ​បាន​នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ប្រសើរ​ហើយ​សូម​ជម្រាបលា»។ 30ដូច្នេះកាល​ពួកគេ​បាន​ចាត់​អ្នក​ទាំង​នោះ​ឲ្យ​ចេញ​ទៅ​ហើយ​អ្នក​ទាំង​នោះ​ក៏​ធ្វើ​ដំណើរ​ចុះ​ទៅ​ក្រុង​ឤន់ទីយ៉ូក។ ​ពេល​ក្រុមជំនុំ​មក​ជុំ​គ្នា​ហើយ​ពួកគេ​ក៏​ប្រគល់​សំបុត្រ​នោះ​ឲ្យ​ក្រុមជំនុំ 31កាលបាន​ឤន​សំបុត្រ​នោះ​រួច​ហើយ​ក្រុមជំនុំ​ក៏​អរសប្បាយ​ចំពោះ​ការ​លើកទឹកចិត្ដ​នេះ 32រីឯលោក​យូដាស​និង​លោក​ស៊ីឡាស​ដែល​អ្នក​ទាំងពីរ​នេះ​ជា​អ្នកនាំព្រះបន្ទូល​ផងដែរ​ក៏​បាន​លើកទឹកចិត្ដ​ព្រមទាំង​បាន​ពង្រឹង​ពួក​បងប្អូន​ដោយ​ពាក្យ​សំដី​ជាច្រើន។ 33បន្ទាប់ពីពួកគេ​ស្នាក់​នៅ​បាន​មួយ​រយៈ​ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ទាំង​ជូនពរ​ឲ្យ​ធ្វើដំណើរ​ដោយ​សុខសាន្ដ 34[ប៉ុន្ដែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ត្រូវ​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៀត។ ​] 35រីឯលោក​ប៉ូល​និង​លោក​បារណាបាស​ក៏​ស្នាក់​នៅ​ក្នុង​ក្រុង​អាន់ទីយ៉ូក​ទាំង​បង្រៀន​និង​ប្រកាស​អំពី​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ជាមួយ​អ្នក​ឯទៀត​ជាច្រើន​នាក់​ដែរ។ 36ប៉ុន្មានថ្ងៃ​ក្រោយមក​លោក​ប៉ូល​បាន​និយាយ​ទៅ​លោក​បារណាបាស​ថា៖ ​«យើង​ត្រលប់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​បងប្អូន​នៅ​តាម​ក្រុង​ទាំងឡាយ​ដែល​យើង​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​មើល៍​តើ​ពួកគេ​យ៉ាង​ណា​ទៅ​ហើយ» 37ពេលនោះលោក​បារណាបាស​ចង់​យក​លោក​យ៉ូហាន​ដែល​ហៅ​ថា​ម៉ាកុស​ទៅ​ជាមួយ​ដែរ 38ប៉ុន្ដែលោក​ប៉ូល​យល់​ឃើញ​ថា​មិន​គួរ​យក​ម្នាក់​នេះ​ទៅ​ជាមួយ​ឡើយ​ព្រោះ​អ្នក​នេះ​បាន​ដក​ខ្លួន​ចេញ​ពី​ពួកគាត់​កាល​នៅ​ស្រុក​ប៉ាមភីលា​ហើយ​មិន​បាន​ធ្វើ​ការងារ​ជាមួយ​ពួកគាត់​ទេ។ 39ពេលមាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ដូច្នេះ​ពួកគេ​ក៏​ចែក​ផ្លូវ​គ្នា​គឺ​លោក​បារណាបាស​បាន​យក​លោក​ម៉ាកុស​ចុះ​សំពៅ​ជាមួយ​ទៅ​កោះ​គីប្រុស 40រីឯលោក​ប៉ូល​វិញ​បាន​ជ្រើស​រើស​លោក​ស៊ីឡាស​ហើយ​ចេញ​ដំណើរ​ទៅ​ដោយ​មាន​ពួក​បងប្អូន​ផ្ទុកផ្ដាក់​គាត់​ទៅ​ក្នុង​ព្រះ​គុណ​របស់​ព្រះអម្ចាស់ 41រួចពួកគាត់​បាន​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ស៊ីរី​និង​ស្រុក​គីលីគា​ព្រមទាំង​បាន​ពង្រឹង​ក្រុម​ជំនុំ​នានា។
Copyright information for KhmKCB