‏ Acts 16

1លោកប៉ូល​បាន​ទៅ​ដល់​ក្រុង​ឌើបេ​និង​ក្រុង​លីស្ដ្រា​ដែរ​ហើយ​នៅ​ទី​នោះ​មាន​សិស្ស​ម្នាក់​ឈ្មោះ​ធីម៉ូថេ​ជា​កូន​ប្រុស​របស់​ស្ដ្រី​ជនជាតិ​យូដា​ម្នាក់​ជា​អ្នក​ជឿ​ប៉ុន្ដែ​ឪពុក​ជា​ជនជាតិ​ក្រេក 2សិស្សម្នាក់​នោះ​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ចំណោម​ពួក​បងប្អូន​នៅ​ក្រុង​លីស្ដ្រា​និង​ក្រុង​អ៊ីកូនាម 3លោកប៉ូល​ចង់​យក​ធីម៉ូថេ​ទៅ​ជាមួយ​ដែរ​ដូច្នេះ​ក៏​យក​គាត់​ទៅ​ធ្វើ​ពិធី​កាត់ស្បែក​ឲ្យ​ដោយព្រោះតែ​ពួក​ជនជាតិ​យូដា​ដែល​នៅ​កន្លែង​ទាំងនោះ​ដ្បិត​ពួកគេ​គ្រប់គ្នា​ដឹង​ថា​ឪពុក​គាត់​ជា​ជនជាតិ​ក្រេក។ 4នៅពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្រុង​នានា​ពួកគាត់​បាន​ប្រគល់​សេចក្ដី​បង្គាប់​ដែល​ពួក​សាវក​និង​ពួក​ចាស់​ទុំ​នៅ​ក្រុង​យេរូសាឡិម​បាន​សម្រេច​ដើម្បី​ឲ្យ​ពួកគេ​ធ្វើ​តាម 5ដូច្នេះក្រុម​ជំនុំ​ទាំងនោះ​ក៏​មាន​ជំនឿ​រឹងមាំ​ឡើង​ហើយ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​រាល់​ថ្ងៃ។ 6ដោយសារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ឃាត់​ពួកគាត់​មិន​ឲ្យ​ប្រកាស​ព្រះបន្ទូល​នៅ​ស្រុក​អាស៊ី​ដូច្នេះ​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ព្រីគា​និង​ស្រុក​កាឡាទី 7ពេលមក​ដល់​ស្រុក​មីស៊ា​ពួកគាត់​ព្យាយាម​ចូល​ទៅ​ស្រុក​ប៊ីធូនា​ប៉ុន្តែ​ព្រះ​វិញ្ញាណ​របស់​ព្រះ​យេស៊ូ​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ចូល​ទេ 8ដូច្នេះពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​មីស៊ា​ចុះ​ទៅ​ក្រុង​ទ្រអាស។ 9នៅពេល​យប់​លោក​ប៉ូល​បាន​ឃើញ​សុបិន​និមិត្ដ​មួយ​គឺ​មាន​អ្នក​ស្រុក​ម៉ាសេដូន​ម្នាក់​ឈរ​អង្វរ​គាត់​ថា៖ ​«សូម​អញ្ជើញ​មក​ជួយ​យើង​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង!» 10កាលគាត់​បាន​ឃើញ​សុបិន​និមិត្ដ​នោះ​ហើយ​យើង​ក៏​ប្រញាប់​ទៅ​ស្រុក​ម៉ាសេដូន​ភ្លាម​ដោយ​យល់​ថា​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹង​ល្អ​ប្រាប់​ពួកគេ។ 11ដូច្នេះយើង​ក៏​ចុះ​សំពៅ​ពី​ក្រុង​ទ្រអាស​តម្រង់​ទៅ​ឯ​កោះ​សាម៉ូត្រាស។ ​នៅ​ថ្ងៃ​បន្ទាប់​យើង​បាន​ទៅ​ដល់​ក្រុង​នាប៉ូល 12យើងចេញ​ពី​ក្រុងនោះ​ទៅ​ក្រុង​ភីលីព​ដែល​ជា​ក្រុង​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ស្រុក​ម៉ាសេដូន​និង​ជា​ក្រុង​ចំណុះ​របស់​ចក្រភព​រ៉ូម​រួច​យើង​បាន​ស្នាក់​នៅ​ក្រុង​នោះ​ជាច្រើន​ថ្ងៃ។ 13នៅថ្ងៃ​សប្ប័ទ​យើង​បាន​ចេញ​ទៅ​ខាង​ក្រៅ​ទ្វារ​ក្រុង​សំដៅ​ទៅ​មាត់​ទន្លេ​មួយ​ជា​កន្លែង​ដែល​យើង​គិត​ថា​នឹង​មាន​កន្លែង​អធិស្ឋាន​យើង​ក៏​អង្គុយ​ចុះ​ហើយ​និយាយ​ទៅ​កាន់​ពួក​ស្ដ្រី​ដែល​បាន​មក​ជួប​ជុំ​គ្នា 14រួចមាន​ស្ដ្រី​ម្នាក់​ឈ្មោះ​លីឌា​ជា​អ្នក​លក់​ក្រណាត់​ពណ៌​ស្វាយ​នៅ​ក្រុង​ធាទេរ៉ា​ហើយ​ជា​អ្នក​ថ្វាយបង្គំ​ព្រះជាម្ចាស់។ ​ពេល​គាត់​កំពុង​ស្ដាប់​ព្រះអម្ចាស់​បាន​បើក​ចិត្ដ​របស់​គាត់​ឲ្យ​យកចិត្ដ​ទុកដាក់​នឹង​សេចក្ដី​ទាំងឡាយ​ដែល​លោក​ប៉ូល​កំពុង​និយាយ។ 15បន្ទាប់ពីគាត់​និង​ក្រុមគ្រួសារ​របស់​គាត់​បាន​ទទួល​ពិធី​ជ្រមុជទឹក​រួច​គាត់​ក៏​ទទូច​សុំ​យើង​ថា៖ ​«បើ​ពួក​លោក​យល់​ឃើញ​ថា​ខ្ញុំ​ពិត​ជា​ស្មោះ​ត្រង់​ចំពោះ​ព្រះអម្ចាស់​មែន​សូម​អញ្ជើញ​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ខ្ញុំ!» ​ហើយ​នាង​បាន​ទទូច​រហូតដល់​យើង​ព្រម។ 16ក្រោយមកពេល​យើង​កំពុង​ចេញ​ទៅ​កន្លែង​អធិស្ឋាន​មាន​ក្មេង​ស្រី​បម្រើ​ម្នាក់​ដែល​មាន​វិញ្ញាណ​អារក្ស​ចេះ​ទាយ​បាន​មក​ឯ​យើង។ ​នាង​រក​កម្រៃ​ឲ្យ​ពួក​ម្ចាស់​នាង​បាន​ច្រើន​ណាស់​ដោយសារ​ការ​ទាយ​នេះ។ 17នាងបាន​តាម​យើង​និង​លោក​ប៉ូល​ទាំង​ស្រែក​ថា៖ ​«អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏ខ្ពស់​បំផុត​ដែល​ប្រកាស​ប្រាប់​អ្នករាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។ 18នាងបាន​ធ្វើ​ដូច្នេះ​ជា​ច្រើន​ថ្ងៃ​ធ្វើ​ឲ្យ​លោក​ប៉ូល​ធុញ​ទ្រាន់​ជា​ខ្លាំង​ក៏​បែរទៅ​បង្គាប់​វិញ្ញាណ​អាក្រក់​នោះ​ថា៖ ​«យើង​បង្គាប់​ឯង​នៅក្នុង​ព្រះ​នាម​របស់​ព្រះ​យេស៊ូ​គ្រិស្ដ​ចូរ​ចេញ​ពី​នាង​ទៅ!» ​ពេលនោះ​វា​ក៏​ចេញ​ពី​នាង​ភ្លាម 19ហើយពេល​ពួក​ម្ចាស់​របស់​នាង​ឃើញ​ថា​គ្មាន​សង្ឃឹម​រក​កម្រៃ​បាន​ទៀត​ពួកគេ​ក៏​ចាប់​លោក​ប៉ូល​និង​លោក​ស៊ីឡាស​យក​ទៅ​ដាក់​នៅ​ចំពោះ​មុខ​ពួក​អាជ្ញាធរ​ក្នុង​ទី​ប្រជុំជន។ 20កាលនាំ​ពួកគាត់​ទៅ​ជួប​ពួក​មន្ដ្រី​គ្រប់គ្រងក្រុង​ហើយ​ពួកគេ​ក៏​ប្រាប់​ថា៖ ​«អ្នក​ទាំង​នេះ​ជា​ជនជាតិ​យូដា​ហើយ​ពួកគេ​កំពុង​បង្ក​ចលាចល​នៅ​ក្នុង​ក្រុង​របស់​យើង 21គឺពួកគេ​កំពុង​ប្រកាស​អំពី​ទំនៀម​ទម្លាប់​ដែល​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​យើង​ជា​ជនជាតិ​រ៉ូម​ទទួល​យក​ឬ​ធ្វើ​តាម​ឡើយ» 22ដូច្នេះបណ្ដាជន​ក៏​លើក​គ្នា​ទាស់​នឹង​ពួកគាត់​ហើយ​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​កន្ដ្រាក់​ហែក​សម្លៀក​បំពាក់​ពួកគាត់​រួច​បញ្ជា​ឲ្យ​វាយ​ពួកគាត់​នឹង​រំពាត់ 23ក្រោយពីវាយ​ជា​ច្រើន​រំពាត់​មក​ពួកគេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​គុក​ទាំង​បញ្ជា​ឲ្យ​ឆ្មាំ​គុក​យាម​ពួកគាត់​យ៉ាង​ប្រុង​ប្រយ័ត្ន។ 24ពេលឆ្មាំ​គុក​ទទួល​បញ្ជា​យ៉ាង​ដូច្នោះ​ហើយ​គេ​ក៏​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​គុក​ដែល​នៅ​ជ្រៅ​ព្រមទាំង​ដាក់​ខ្នោះ​ជើង​ជាប់។ 25នៅប្រហែល​ពាក់​កណ្ដាល​អធ្រាត្រ​កាល​លោក​ប៉ូល​និង​លោក​ស៊ីឡាស​កំពុង​អធិស្ឋាន​ទាំង​ច្រៀង​ចម្រៀង​សរសើរ​ព្រះជាម្ចាស់​ហើយ​ពួក​អ្នក​ទោស​កំពុង​តែ​ស្ដាប់​ពួកគាត់​ដែរ​នោះ 26ស្រាប់តែ​មាន​ការ​រញ្ជួយ​ដី​ជា​ខ្លាំង​បណ្ដាល​ឲ្យ​គ្រឹះ​គុក​រង្គើ​ហើយ​ទ្វារ​គុក​ទាំងឡាយ​ក៏​របើក​ភ្លាម​ឯ​ច្រវាក់​ដែល​គេ​ដាក់​អ្នក​ទោស​គ្រប់​គ្នា​បាន​របើក​ឡើង។ 27ពេលឆ្មាំ​គុក​ភ្ញាក់​ឡើង​ឃើញ​ទ្វារ​គុក​ទាំងឡាយ​ចំហ​ដូច្នេះ​គាត់​ក៏​ហូត​ដាវ​បម្រុង​សម្លាប់​ខ្លួន​ដោយ​ស្មាន​ថា​អ្នក​ទោស​រត់​អស់​ហើយ 28ប៉ុន្ដែលោក​ប៉ូល​បាន​ស្រែក​ខ្លាំងៗ​ថា៖ ​«កុំ​ធ្វើ​បាប​ខ្លួន​អី​ព្រោះ​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ» 29ឆ្មាំគុក​ក៏​សុំ​ឲ្យ​គេ​យក​ភ្លើង​មក​ហើយ​រត់​ចូល​ទៅ​ខាង​ក្នុង​រួច​ក្រាប​ចុះ​នៅ​មុខ​លោក​ប៉ូល​និង​លោក​ស៊ីឡាស​ទាំង​ភ័យ​ញ័រ។ 30ក្រោយពីនាំ​ពួកគាត់​ចេញ​មក​ដល់​ខាង​ក្រៅ​ហើយ​ឆ្មាំ​គុក​នោះ​បាន​សួរ​ថា៖ ​«លោក​ម្ចាស់! ​តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច​ដើម្បី​បាន​ទទួល​សេចក្ដី​សង្គ្រោះ?» 31ពួកគាត់ក៏​ឆ្លើយ​ថា៖ ​«ចូរ​ជឿ​ព្រះអម្ចាស់​យេស៊ូ​ចុះ​នោះ​អ្នក​ព្រមទាំង​គ្រួសារ​របស់​អ្នក​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ»។ 32បន្ទាប់មកពួកគាត់​ក៏​ប្រកាស​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ប្រាប់​ឆ្មាំ​គុក​នោះ​ព្រមទាំង​អ្នក​ទាំងឡាយ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ផង។ 33នៅវេលា​យប់​ដដែល​នោះ​ក្រោយពេល​យក​ពួកគាត់​ទៅ​លាង​របួស​រួច​ហើយ​ឆ្មាំ​គុក​និង​គ្រួសារ​របស់​គាត់​ទាំង​មូល​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ភ្លាម។ 34បន្ទាប់មកឆ្មាំ​គុក​បាន​នាំ​ពួកគាត់​ចូល​ទៅ​ក្នុង​ផ្ទះ​និង​បាន​រៀបចំ​អាហារ​ឲ្យ​ពួកគាត់​ហើយ​ឆ្មាំ​គុក​និង​គ្រួសារ​របស់​គាត់​ទាំងមូល​អរសប្បាយ​ណាស់​ដោយ​បាន​ជឿ​ព្រះជាម្ចាស់។ 35លុះភ្លឺ​ឡើង​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​នគរ​បាល​ឲ្យ​ទៅ​ប្រាប់​ថា៖ ​«ចូរ​ដោះ​លែង​អ្នក​ទាំងនោះ​ទៅ» 36ដូច្នេះឆ្មាំ​គុក​ក៏​ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដី​ទាំងនោះ​ថា៖ ​«ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​គេ​ឲ្យ​មក​ដើម្បី​ដោះ​លែង​ពួក​លោក​ហើយ​ដូច្នេះ​ឥឡូវនេះ​សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។ 37ពេលនោះលោក​ប៉ូល​ក៏​និយាយ​ប្រាប់​ពួកគេ​ថា៖ ​«ពួកគេ​បាន​វាយ​យើង​ជា​ជនជាតិ​រ៉ូម​នៅ​ទី​ប្រជុំជន​ហើយ​យក​ទៅ​ដាក់​គុក​ដោយ​មិន​បាន​កាត់​ទោស​ឡើយ​ឥឡូវនេះ​តើ​ពួកគេ​កំពុង​បណ្ដេញ​យើង​ចេញ​ដោយ​សម្ងាត់​ទៀត​ឬ? ​ទេ​មិន​បាន​ទេ! ​គឺ​អ្នក​ទាំង​នោះ​ត្រូវ​មក​នាំ​យើង​ចេញ​ទៅ​ដោយ​ផ្ទាល់»។ 38ដូច្នេះពួក​នគរ​បាល​ទាំង​នោះ​បាន​ប្រាប់​ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​អំពី​ពាក្យ​សំដី​ទាំងនេះ​ហើយ​ពេល​ឮ​ថា​ពួកគាត់​ជា​ជនជាតិ​រ៉ូម​ពួកគេ​ភ័យខ្លាច​ណាស់ 39ដូច្នេះពួកគេ​ក៏​មក​សុំ​ទោស​ពួកគាត់​ហើយ​នាំ​ពួកគាត់​ចេញ​ពី​គុក​ទាំង​អង្វរ​ពួកគាត់​ឲ្យ​ចេញ​ពី​ក្រុង​នោះ។ 40ពេលចេញ​ពី​គុក​មក​ពួកគាត់​ក៏​ទៅ​ផ្ទះ​របស់​នាង​លីឌា​ហើយ​ពេល​បាន​ជួប​ពួក​បងប្អូន​ពួកគាត់​ក៏​លើក​ទឹកចិត្ដ​ពួកគេ​រួច​ចាក​ចេញ​ទៅ។
Copyright information for KhmKCB