‏ Acts 17

1ក្រោយមកពេល​ពួក​គាត់​ធ្វើ​ដំណើរ​កាត់​តាម​ក្រុង​អាំភីប៉ូលី​និង​ក្រុង​អ័ប៉ុឡូនា​ពួកគាត់​ក៏​មក​ដល់​ក្រុង​ថែស្សាឡូនីច​ដែល​មាន​សាលាប្រជុំ​មួយ​របស់​ជនជាតិ​យូដា​នៅទីនោះ។ 2លោកប៉ូល​ក៏​បាន​ទៅ​ជួប​ពួក​ជនជាតិ​យូដា​តាម​ទម្លាប់​របស់​គាត់​ហើយ​អស់​រយៈពេល​បី​ថ្ងៃសប្ប័ទ​គាត់​បាន​ជជែក​វែកញែក​បទគម្ពីរ​ជាមួយ​ពួកគេ 3ដោយពន្យល់​និង​បញ្ជាក់​ថា​ព្រះ​គ្រិស្ដ​ត្រូវ​តែ​រងទុក្ខ​ហើយ​រស់​ពី​ការសោយទិវង្គត​ឡើងវិញ​រួច​គាត់​និយាយ​ទៀត​ថា៖ ​«ព្រះ​យេស៊ូ​ដែល​ខ្ញុំ​កំពុង​ប្រកាស​ប្រាប់​អ្នករាល់គ្នា​នេះ​ហើយ​ជា​ព្រះ​គ្រិស្ដ»។ 4ពួកគេខ្លះ​ព្រមជឿ​និង​បាន​ចូល​រួម​ជាមួយ​លោក​ប៉ូល​និង​លោក​ស៊ីឡាស​ហើយ​ក៏​មាន​ពួក​ជនជាតិ​ក្រេក​ដែល​កោតខ្លាច​ព្រះជាម្ចាស់​ជាច្រើន​និង​ពួក​ស្ដ្រី​ដែល​មាន​មុខមាត់​ក៏​មិន​តិច​ដែរ 5ប៉ុន្ដែពួក​ជនជាតិ​យូដា​បែរជា​ច្រណែន​ហើយ​នាំ​ពួក​មនុស្ស​ពាល​ខ្លះ​ពី​ផ្សារ​មក​គឺ​ប្រមូល​បាន​គ្នា​មួយ​ក្រុម​ទៅ​បង្ក​ចលាចល​នៅក្នុង​ក្រុង​ហើយ​បាន​ចូល​ទៅ​រើ​កកាយ​ផ្ទះ​របស់​លោក​យ៉ាសុន​តាម​ចាប់​លោកប៉ូល​និង​លោកស៊ីឡាស​ដើម្បី​នាំ​ទៅ​ប្រគល់​ឲ្យ​មហាជន។ 6ប៉ុន្ដែពេល​គេ​រក​អ្នក​ទាំង​ពីរ​មិន​ឃើញ​គេ​ក៏​ចាប់​អូស​លោក​យ៉ាសុន​និង​បងប្អូន​ខ្លះ​ទៀត​យក​ទៅ​ប្រគល់​ឲ្យ​ពួក​អាជ្ញាធរ​ក្រុង​ដោយ​ស្រែក​ថា៖ ​«ពួក​អ្នក​ធ្វើ​ឲ្យ​ផែនដី​ច្របូកច្របល់​បាន​មក​ដល់​ទីនេះ 7ហើយយ៉ាសុន​បាន​ទទួល​ពួកវា​គឺ​ពួកវា​ទាំងនេះ​កំពុង​ធ្វើអំពើ​ប្រឆាំង​នឹង​បទបញ្ជា​របស់​ព្រះចៅអធិរាជ​ដោយ​ប្រកាស​ថា​មាន​ស្ដេច​មួយ​អង្គ​ទៀត​ឈ្មោះ​យេស៊ូ!» 8ពួកជនជាតិ​យូដា​ទាំងនោះ​បាន​ធ្វើ​ឲ្យ​បណ្ដាជន​និង​ពួក​អាជ្ញាធរ​ក្រុង​ដែល​បាន​ស្ដាប់​សេចក្ដី​ទាំងនេះ​ជ្រួលច្របល់។ 9ពេលពួកគេ​យក​ប្រាក់​ធានា​ពី​លោក​យ៉ាសុន​និង​អ្នក​ផ្សេងទៀត​រួច​ហើយ​ពួកគេ​ក៏​ដោះលែង​អ្នក​ទាំង​នោះ។ 10រីឯពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ហើយ​ពេល​ទៅ​ដល់​ក្រុងនោះ​អ្នក​ទាំងពីរ​ក៏​ចូល​ទៅ​ក្នុង​សាលាប្រជុំ​របស់​ជនជាតិ​យូដា 11ប៉ុន្ដែជនជាតិ​យូដា​ទាំងនេះ​មាន​គំនិត​បើកចំហ​ជាង​ពួក​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​ដ្បិត​ពួកគេ​បាន​ទទួល​ព្រះបន្ទូល​ដោយ​ចិត្ដ​សង្វាត​ទាំង​ស្រាវជ្រាវ​បទគម្ពីរ​រាល់​ថ្ងៃ​ដើម្បី​ឲ្យ​ដឹង​ថា​សេចក្ដី​ទាំងនេះ​ត្រឹម​ត្រូវ​ឬ​យ៉ាងណា។ 12ដូច្នេះហើយពួកគេ​ជា​ច្រើន​ក៏​ជឿ​មាន​ទាំង​បុរស​ស្ដ្រី​ជនជាតិ​ក្រេក​ដែល​មាន​មុខមាត់​ជាច្រើន​ផង​ដែរ 13ប៉ុន្ដែពេល​ជនជាតិ​យូដា​នៅ​ក្រុង​ថែស្សាឡូនីច​បាន​ដឹង​ថា​លោក​ប៉ូល​បាន​ប្រកាស​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​នៅ​ក្រុង​បេរា​ដែរ​នោះ​ពួកគេ​ក៏​មក​បំបះបំបោរ​និង​ញុះញង់​បណ្ដាជន​នៅ​ក្រុង​នោះ​ឲ្យ​ជ្រួល​ច្របល់​ទៀត 14ដូច្នេះពួក​បងប្អូន​ក៏​នាំ​លោក​ប៉ូល​ចេញ​ទៅ​សមុទ្រ​ភ្លាម​រីឯ​លោក​ស៊ីឡាស​និង​លោក​ធីម៉ូថេ​ស្នាក់​នៅ​ទីនោះ​ដដែល។ 15ពួកអ្នក​ជូន​ដំណើរ​លោក​ប៉ូល​បាន​ទៅ​ជាមួយ​លោក​ប៉ូល​រហូត​ដល់​ក្រុង​អាថែន​ហើយ​បាន​ត្រលប់​មក​វិញ​ក្រោយពី​ទទួល​ពាក្យ​បណ្ដាំ​ឲ្យ​លោក​ស៊ីឡាស​និង​លោក​ធីម៉ូថេ​ទៅ​តាម​លោក​ប៉ូល​ជា​ប្រញាប់។ 16នៅពេលលោក​ប៉ូល​កំពុង​រង់ចាំ​អ្នក​ទាំង​ពីរ​នៅ​ក្រុង​អាថែន​វិញ្ញាណ​របស់​គាត់​ពុះ​កញ្ជ្រោល​ជាខ្លាំង​ដោយ​គាត់​សង្កេត​ឃើញ​មាន​រូបព្រះ​ពាសពេញ​ក្រុង​នោះ 17ដូច្នេះគាត់​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា​និង​ពួក​អ្នក​មក​ថ្វាយ​បង្គំ​នៅក្នុង​សាលាប្រជុំ​ព្រមទាំង​ពួក​អ្នក​ដែល​គាត់​បាន​ជួប​នៅក្នុង​ទី​ផ្សារ​ជា​រៀង​រាល់​ថ្ងៃ 18ហើយក៏​មាន​ពួក​ទស្សនវិទូ​ខាង​គណៈ​អេពីគួរ​និង​ខាង​គណៈ​ស្ទអ៊ីក​ខ្លះ​បាន​ជជែក​ដេញដោល​ជាមួយ​លោក​ប៉ូល​ដែរ​គឺ​មាន​អ្នក​ខ្លះ​សួរ​ថា៖ ​«តើ​អ្នក​និយាយ​ប៉ប៉ាច់ប៉ប៉ោច​នេះ​ចង់​និយាយ​អំពី​អ្វី?» ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖ ​«គាត់​ប្រហែល​ជា​អ្នក​ផ្សព្វផ្សាយ​អំពី​ព្រះ​របស់​ពួក​បរទេស​ហើយ» ​[​ពួកគេ​ពោល​ដូច្នេះ​]​ព្រោះ​គាត់​កំពុង​ប្រកាស​អំពី​ព្រះ​យេស៊ូ​និង​ការ​រស់ឡើងវិញ​របស់​ព្រះអង្គ។ 19ដូច្នេះពួកគេ​ក៏​នាំ​គាត់​ទៅ​ជួប​នឹង​ក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ហើយ​សួរ​ថា៖ ​«តើ​អ្នក​អាច​ប្រាប់​យើង​ឲ្យ​យល់​អំពី​សេចក្ដី​បង្រៀន​ថ្មី​ដែល​អ្នក​កំពុង​ប្រកាស​នេះ​បាន​ដែរ​ឬ​ទេ? 20ដ្បិតយើង​បាន​ឮ​អ្នក​និយាយ​ពី​សេចក្ដី​ប្លែកៗ​ដូច្នេះ​ហើយ​យើង​ចង់​ដឹង​ថា​តើ​សេចក្ដី​ទាំងនេះ​មាន​ន័យ​ដូចម្ដេច»។ 21នៅសម័យ​នោះ​អ្នក​ក្រុង​អាថែន​និង​ពួក​ជន​បរទេស​ទាំងឡាយ​ដែល​រស់​នៅ​ក្រុង​នោះ​មិន​បាន​ចំណាយ​ពេល​ធ្វើ​កិច្ចការ​អ្វី​ក្រៅពី​និទាន​រឿង​ឬ​ស្ដាប់​រឿង​ថ្មីៗ​ឡើយ។ 22ដូច្នេះលោក​ប៉ូល​ក៏​ក្រោកឈរ​នៅ​កណ្ដាល​ក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​ហើយ​និយាយ​ថា៖ ​«ឱ​បងប្អូន​ជា​អ្នក​ក្រុង​អាថែន​អើយ! ​ខ្ញុំ​សង្កេត​ឃើញ​ថា​អ្នករាល់គ្នា​ជឿ​ស៊ប់​លើ​របស់​សព្វសារពើ 23ដ្បិតពេល​ខ្ញុំ​ដើរកាត់​ហើយ​សង្កេត​មើល​គ្រឿង​សក្ការបូជា​ទាំងឡាយ​របស់​អ្នករាល់គ្នា​នោះ​ខ្ញុំ​ឃើញ​កន្លែង​សក្ការ​មួយ​ដែល​មាន​ចារឹក​អក្សរ​ថា​ព្រះ​ដែល​មិន​ស្គាល់។ ​ដូច្នេះ​ខ្ញុំ​សូម​ប្រាប់​អ្នករាល់គ្នា​អំពី​ព្រះ​ដែល​អ្នករាល់គ្នា​កំពុង​ថ្វាយបង្គំ​ដោយ​មិនស្គាល់​នេះ 24ព្រះជាម្ចាស់ដែល​បាន​បង្កើត​ពិភពលោក​និង​របស់​សព្វសារពើ​នៅក្នុង​ពិភព​លោក​ព្រះអង្គ​ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌​និង​ផែនដី​ព្រះអង្គ​មិន​គង់​នៅ​ក្នុង​វិហារ​ដែល​សង់​ដោយ​ដៃ​របស់​មនុស្ស​ឡើយ 25ហើយព្រះអង្គ​ក៏​មិន​ត្រូវការ​ដៃ​របស់​មនុស្ស​ឲ្យ​បម្រើ​ព្រះអង្គ​ហាក់បី​ដូចជា​ព្រះអង្គ​ខ្វះ​អ្វី​មួយ​នោះ​ដែរ​ព្រោះ​ព្រះអង្គ​ទេ​តើ​ដែល​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​មាន​ជីវិត​មាន​ដង្ហើម​និង​មាន​របស់​សព្វ​សារពើ 26ព្រះអង្គបាន​បង្កើត​ជនជាតិ​ទាំងឡាយ​ឲ្យ​រស់នៅ​ពាសពេញ​លើ​ផែនដី​នេះ​ចេញ​មក​ពី​មនុស្ស​ម្នាក់​ហើយ​ព្រះអង្គ​បាន​កំណត់​រដូវ​កាល​និង​កំណត់​ពំ្រដែន​ឲ្យ​ពួកគេ​រស់​នៅ 27ដើម្បីឲ្យ​ពួកគេ​ស្វែង​រក​ព្រះជាម្ចាស់​ហើយ​បើ​ពួកគេ​ស្វែងរក​ព្រះអង្គ​មែន​នោះ​ពួកគេ​មុខជា​រក​ព្រះអង្គ​ឃើញ​មិនខាន​ពីព្រោះ​តាមពិត​ព្រះជាម្ចាស់​គង់នៅ​មិន​ឆ្ងាយ​ពី​យើង​រាល់គ្នា​ឡើយ 28ហើយយើង​រស់នៅ​មាន​ចលនា​និង​មាន​ជីវិត​ជា​មនុស្ស​ដោយសារ​ព្រះអង្គ​ដូច​ដែល​កវី​ក្នុងចំណោម​អ្នករាល់គ្នា​មួយ​ចំនួន​បាន​និយាយ​ដែរ​ថា​ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ។ 29ដូច្នេះបើ​យើង​ជា​ពូជ​របស់​ព្រះជាម្ចាស់​មែន​យើង​មិន​ត្រូវ​គិត​ថា​ព្រះអង្គ​មាន​សណ្ឋាន​ដូចជា​រូប​សំណាក​ធ្វើ​ពី​មាស​ប្រាក់​ឬ​ថ្ម​តាម​ជំនាញ​និង​គំនិត​របស់​មនុស្ស​ឡើយ 30ដ្បិតពីមុន​ព្រះជាម្ចាស់​បាន​ទតរំលង​គ្រា​ដែល​មនុស្ស​ល្ងង់ខ្លៅ​មែន​ប៉ុន្ដែ​ឥឡូវនេះ​ព្រះអង្គ​បង្គាប់​មនុស្ស​ទាំង​អស់​នៅ​គ្រប់ទីកន្លែង​ឲ្យ​ប្រែចិត្ត 31ព្រោះព្រះអង្គ​បាន​កំណត់​ថ្ងៃ​មួយ​ដែល​ព្រះអង្គ​នឹង​ជំនុំជម្រះ​ពិភពលោក​ដោយ​យុត្ដិធម៌​តាមរយៈ​មនុស្ស​ម្នាក់​ដែល​ព្រះអង្គ​បាន​តែងតាំង​ហើយ​ព្រះជាម្ចាស់​បាន​ប្រទាន​ភស្ដុតាង​អំពី​ការនេះ​ដល់​មនុស្ស​ទាំងអស់​ដោយ​ប្រោស​មនុស្ស​នោះ​ឲ្យ​រស់​ពី​ស្លាប់​ឡើងវិញ» 32នៅពេលពួកគេ​ឮ​អំពី​ការ​រស់​ពី​ស្លាប់​ឡើងវិញ​អ្នក​ខ្លះ​ក៏​ចំអក​ឲ្យ​ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​និយាយ​ថា៖ ​«យើង​ចង់​ស្ដាប់​អ្នក​និយាយ​អំពី​រឿង​នេះ​ម្ដងទៀត»។ 33ដូច្នេះហើយលោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ចំណោម​ពួកគេ​ទៅ 34ប៉ុន្ដែមាន​អ្នក​ខ្លះ​បាន​ជឿ​ហើយ​ចូលរួម​ជាមួយ​គាត់​នៅក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ទាំង​លោក​ឌេវនីស​ជា​សមាជិក​ម្នាក់​នៃ​ក្រុមប្រឹក្សា​នៅ​ទួល​អើរីយ៉ូស​និង​ស្ដ្រី​ម្នាក់​ឈ្មោះ​ដាម៉ារីស​ព្រមទាំង​អ្នក​ផ្សេង​ទៀត​ដែល​នៅ​ជាមួយ​អ្នក​ទាំង​នោះ។
Copyright information for KhmKCB