‏ Acts 18

1ក្រោយពីហេតុការណ៍​ទាំងនោះ​លោក​ប៉ូល​ក៏​ចាក​ចេញ​ពី​ក្រុង​អាថែន​ទៅ​ក្រុង​កូរិនថូស។ 2នៅក្រុង​នោះ​លោក​ប៉ូល​បាន​ជួប​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័គីឡា​ជា​អ្នក​ស្រុក​ប៉ុនតុស​និង​នាង​ព្រីស៊ីល​ជា​ប្រពន្ធ​របស់​គាត់​ដែល​ទើប​មក​ពី​ស្រុក​អ៊ីតាលី​ដ្បិត​ព្រះចៅ​អធិរាជ​ក្លូឌាស​បាន​បញ្ជា​ឲ្យ​ជនជាតិ​យូដា​ទាំងអស់​ចាកចេញ​ពី​ក្រុង​រ៉ូម​លោក​ប៉ូល​ក៏​ចូល​ទៅ​ជួប​ពួកគេ 3ហើយដោយព្រោះ​អ្នក​ទាំងពីរ​មាន​មុខរបរ​ជា​អ្នក​ធ្វើតង់​ដូច​គាត់​គាត់​ក៏​ស្នាក់នៅ​ធ្វើការ​ជាមួយ​ពួកគេ។ 4រៀងរាល់​ថ្ងៃសប្ប័ទ​លោក​ប៉ូល​បាន​ជជែក​វែកញែក​នៅក្នុង​សាលាប្រជុំ​ទាំង​ពន្យល់​ជនជាតិ​យូដា​និង​ជនជាតិ​ក្រេក​ឲ្យ​មាន​ជំនឿ 5រួចកាល​លោក​ស៊ីឡាស​និង​លោក​ធីម៉ូថេ​បាន​ចុះ​ពី​ស្រុក​ម៉ាសេដូន​មក​ដល់​ហើយ​លោក​ប៉ូល​ក៏​ជាប់​មមាញឹក​ក្នុង​ការ​ប្រកាស​ព្រះ​បន្ទូល​និង​ធ្វើបន្ទាល់​ដល់​ជនជាតិ​យូដា​ថា​ព្រះ​យេស៊ូ​ជា​ព្រះ​គ្រិស្ដ 6ប៉ុន្ដែពេល​ពួកគេ​ចេះ​តែ​ប្រឆាំង​និង​ជេរ​ប្រមាថ​គាត់​គាត់​ក៏​រលាស់​សម្លៀក​បំពាក់​រួច​និយាយ​ទៅ​ពួកគេ​ថា៖ ​«ចូរ​ឲ្យ​ឈាម​របស់​អ្នករាល់គ្នា​ធ្លាក់​លើ​ក្បាល​អ្នករាល់គ្នា​ចុះ! ​ឯ​ខ្ញុំ​គ្មាន​ទោស​ឡើយ។ ​ចាប់​ពី​ពេលនេះ​ទៅ​ខ្ញុំ​នឹង​ទៅ​ឯ​សាសន៍​ដទៃ​វិញ»។ 7បន្ទាប់មកគាត់​ក៏​ចាក​ចេញ​ពី​សាលាប្រជុំ​រួច​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​បុរស​ម្នាក់​ឈ្មោះ​យូស្ទុស​ជា​អ្នក​ថ្វាយ​បង្គំ​ព្រះជាម្ចាស់​ដែល​ផ្ទះ​របស់​គាត់​នៅ​ជាប់​សាលាប្រជុំ 8រីឯលោក​គ្រីសប៉ុស​ជា​ប្រធាន​សាលាប្រជុំ​និង​ក្រុម​គ្រួសារ​ទាំងមូល​បាន​ជឿ​លើ​ព្រះអម្ចាស់​ហើយ​អ្នក​ក្រុង​កូរិនថូស​ជា​ច្រើន​ដែល​បាន​ស្ដាប់​លោក​ប៉ូល​បាន​ជឿ​និង​បាន​ទទួល​ពិធី​ជ្រមុជទឹក​ដែរ។ 9នៅយប់​មួយ​ព្រះអម្ចាស់​មានបន្ទូល​មក​លោក​ប៉ូល​នៅក្នុង​សុបិន​និមិត្ដ​ថា៖ ​«កុំ​ខ្លាច​អី​ចូរ​និយាយ​បន្ដ​ទៀត​កុំ​នៅ​ស្ងៀម​ឡើយ 10ដ្បិតយើង​នៅ​ជាមួយ​អ្នក​ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​តតាំង​ធ្វើបាប​អ្នក​បាន​ឡើយ​ព្រោះ​មាន​ប្រជារាស្ដ្រ​របស់​យើង​ជា​ច្រើន​នៅក្នុង​ក្រុង​នេះ»។ 11គាត់ក៏​ស្នាក់​នៅ​ទីនោះ​អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ទាំង​បង្រៀន​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ដល់​ពួកគេ 12ប៉ុន្ដែនៅពេល​លោក​កាលីយ៉ូ​ធ្វើ​ជា​អភិបាល​នៅ​ស្រុក​អាខៃ​ជនជាតិ​យូដា​បាន​បះបោរ​ព្រមគ្នា​ប្រឆាំង​លោក​ប៉ូល​ហើយ​នាំ​គាត់​ទៅ​សាលាក្ដី 13ដោយចោទ​ថា៖ ​«អ្នក​នេះ​កំពុងតែ​បញ្ចុះបញ្ចូល​មនុស្ស​ឲ្យ​ថ្វាយបង្គំ​ព្រះជាម្ចាស់​ផ្ទុយ​នឹង​ច្បាប់» 14ប៉ុន្ដែពេល​លោក​ប៉ូល​បម្រុង​និយាយ​លោក​កាលីយ៉ូ​បាន​និយាយ​ទៅ​ជនជាតិ​យូដា​ថា៖ ​«ឱ​ជនជាតិ​យូដា​អើយ! ​បើ​បញ្ហា​នេះ​ជា​បទ​ល្មើស​ឬ​បទ​ឧក្រិដ្ឋ​នោះ​សម​ឲ្យ​ខ្ញុំ​ស្ដាប់​អ្នករាល់គ្នា 15ប៉ុន្ដែបើ​ជា​ទំនាស់​អំពី​ពាក្យ​សំដី​ឬ​ឈ្មោះ​ឬ​វិន័យ​របស់​អ្នករាល់គ្នា​វិញ​ចូរ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ទៅ​ខ្ញុំ​មិន​ចង់​ធ្វើ​ជា​អ្នក​កាត់​ក្ដី​រឿង​បែបនេះ​ទេ»។ 16បន្ទាប់មកគាត់​ក៏​បណ្ដេញ​ពួកគេ​ចេញ​ពី​សាលាក្ដី 17ដូច្នេះពួកគេ​គ្រប់គ្នា​ក៏​ចាប់​លោក​សូស្ថេន​ជា​ប្រធាន​សាលាប្រជុំ​ហើយ​វាយ​គាត់​នៅមុខ​សាលាក្ដី​ប៉ុន្ដែ​លោក​កាលីយ៉ូ​មិន​ខ្វល់​នឹង​រឿង​នេះ​ឡើយ។ 18លោកប៉ូល​បាន​ស្នាក់​នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ​ទៀត​បន្ទាប់មក​គាត់​ក៏​ជម្រាប​លា​ពួក​បងប្អូន​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជាមួយ​លោក​អ័គីឡា​និង​នាង​ព្រីស៊ីល។ ​លោក​ប៉ូល​បាន​កោរ​សក់​នៅ​ក្រុង​កេងគ្រា​ព្រោះ​គាត់​ត្រូវ​លា​បំណន់។ 19លុះមក​ដល់​ក្រុង​អេភេសូរ​លោក​ប៉ូល​បាន​ទុក​អ្នក​ទាំង​ពីរ​ឲ្យ​នៅ​ទីនោះ​រួច​គាត់​ចូល​ទៅ​ក្នុង​សាលាប្រជុំ​ដើម្បី​ជជែក​វែកញែក​ជាមួយ​ជនជាតិ​យូដា 20ហើយពួកគេ​ក៏​សុំ​ឲ្យ​គាត់​ស្នាក់​នៅ​យូរ​បន្ដិច​ប៉ុន្ដែ​គាត់​មិន​ព្រម​នៅ​ទេ 21ពេលជម្រាបលា​ពួកគេ​គាត់​បាន​និយាយ​ដូច្នេះ​ថា៖ ​«បើ​ព្រះជាម្ចាស់​សព្វ​ព្រះហឫទ័យ​ខ្ញុំ​នឹង​ត្រលប់​មក​ឯ​អ្នករាល់គ្នា​វិញ» ​រួច​គាត់​ក៏​ចុះ​សំពៅ​ចាកចេញ​ពី​ក្រុង​អេភេសូរ។ 22ពេលមក​ដល់​ក្រុង​សេសារា​គាត់​ក៏​ទៅ​សួរ​សុខទុក្ខ​ក្រុម​ជំនុំ​បន្ទាប់មក​គាត់​ក៏​ចុះ​ទៅ​ក្រុង​អាន់ទីយ៉ូក 23ហើយបន្ទាប់ពី​បាន​ស្នាក់​នៅ​ក្រុងអាន់ទីយ៉ូក​មួយរយៈ​ពេល​គាត់​ក៏​ចាកចេញ​ហើយ​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​កាឡាទី​និង​ស្រុក​ព្រីគា​ទាំង​ពង្រឹង​ពួក​សិស្ស​ទាំងអស់​ឲ្យ​រឹងមាំ។ 24នៅគ្រានោះ​មាន​ជនជាតិ​យូដា​ម្នាក់​ឈ្មោះ​អ័ប៉ុឡូស​ជា​អ្នក​ក្រុង​អ័លេក្សានទ្រា​បាន​មក​ដល់​ក្រុង​អេភេសូរ។ ​គាត់​ជា​មនុស្ស​មាន​វោហារ​ហើយ​ចេះ​បទគម្ពីរ​យ៉ាង​ស្ទាត់ 25គាត់បាន​ទទួល​ការ​អប់រំ​តាម​មាគ៌ា​របស់​ព្រះអម្ចាស់​ហើយ​ឆេះឆួល​ខាង​វិញ្ញាណ​និង​បង្រៀន​បាន​យ៉ាង​ត្រឹមត្រូវ​អំពី​សេចក្ដី​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ព្រះ​យេស៊ូ​ទោះបី​ជា​គាត់​ស្គាល់​ត្រឹមតែ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​ក៏ដោយ 26គាត់ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅក្នុង​សាលាប្រជុំ​ហើយ​ពេល​លោក​អ័គីឡា​និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ក៏​នាំ​គាត់​មក​ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។ 27កាលលោក​អ័ប៉ុឡូស​មាន​បំណង​ឆ្លង​ទៅ​ស្រុក​អាខៃ​ពួក​បងប្អូន​ក៏​លើក​ទឹក​ចិត្ដ​គាត់​ទាំង​សរសេរ​សំបុត្រ​ទៅ​ពួក​សិស្ស​ឲ្យ​ទទួល​ស្វាគមន៍​គាត់​ហើយ​ពេល​គាត់​ទៅ​ដល់​គាត់​ក៏​ជួយ​យ៉ាង​ច្រើន​ដល់​អស់​អ្នក​ដែល​បាន​ជឿ​ដោយសារ​ព្រះ​គុណ 28ដ្បិតគាត់​ឆ្លើយ​បំភ្លឺ​ដល់​ជនជាតិ​យូដា​យ៉ាង​មានអំណាច​នៅ​ចំពោះ​មុខ​មហាជន​ទាំង​បង្ហាញ​តាម​បទគម្ពីរ​ថា​ព្រះ​យេស៊ូ​ជា​ព្រះ​គ្រិស្ដ។
Copyright information for KhmKCB