‏ Acts 19

1កាលលោក​អ័ប៉ុឡូស​កំពុង​នៅ​ក្នុង​ក្រុង​កូរិនថូស​នៅឡើយ​លោក​ប៉ូល​បាន​ធ្វើ​ដំណើរ​កាត់​តំបន់​ខ្ពង់​រាប​មក​ដល់​ក្រុង​អេភេសូរ​ហើយ​គាត់​ក៏​ជួប​ពួក​សិស្ស​មួយ​ចំនួន 2គាត់បាន​សួរ​ពួកគេ​ថា៖ ​«ពេល​បងប្អូន​ជឿ​តើ​បងប្អូន​បាន​ទទួល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដែរ​ឬ​ទេ?» ​ពួកគេ​ឆ្លើយ​ថា៖ ​«ទេ​យើង​មិន​ដែល​ទាំង​ឮ​ថា​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ផង» 3ដូច្នេះគាត់​ក៏​សួរ​ទៀត​ថា៖ ​«ចុះ​តើ​អ្នករាល់គ្នា​បាន​ទទួល​ពិធី​ជ្រមុជ​បែបណា?» ​ពួកគេ​ឆ្លើយ​ថា៖ ​«ដោយនូវ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន» 4លោកប៉ូល​និយាយ​ថា៖ ​«លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការប្រែចិត្ដ​ទាំង​ប្រាប់​មនុស្ស​ឲ្យ​ជឿ​លើ​ព្រះអង្គ​ដែល​យាង​មក​ក្រោយ​គាត់​គឺ​ព្រះ​យេស៊ូ» 5ពេលឮ​ដូច្នេះ​ពួកគេ​ក៏​ទទួល​ពិធី​ជ្រមុជទឹក​ដោយនូវ​ព្រះ​នាម​ព្រះអម្ចាស់​យេស៊ូ 6ហើយពេល​លោក​ប៉ូល​ដាក់​ដៃ​លើ​ពួកគេ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាង​មក​សណ្ឋិត​លើ​ពួកគេ​រួច​ពួកគេ​ក៏​និយាយ​ភាសា​ចម្លែកអស្ចារ្យ​ព្រមទាំង​ថ្លែង​ព្រះបន្ទូល​ផង។ 7អ្នកទាំង​នោះ​មាន​គ្នា​ប្រហែល​ដប់ពីរ​នាក់។ 8បន្ទាប់មកគាត់​ក៏​ចូល​ទៅ​និយាយ​នៅក្នុង​សាលាប្រជុំ​យ៉ាងក្លាហាន​អស់​រយៈពេល​បី​ខែ​ទាំង​ជជែក​វែកញែក​និង​ពន្យល់​គ្រប់​បែបយ៉ាង​អំពី​នគរ​ព្រះជាម្ចាស់ 9ប៉ុន្ដែនៅពេល​អ្នក​ខ្លះ​នៅតែ​មានចិត្ដ​រឹងរូស​និង​មិន​ព្រម​ជឿ​ទាំង​និយាយ​បង្អាប់​មាគ៌ា​នោះ​នៅមុខ​បណ្ដាជន​គាត់​ក៏​ចាកចេញ​ពី​ពួកគេ​នាំយក​ពួក​សិស្ស​ទៅ​ផង​ហើយ​បង្រៀន​ពួកគេ​ក្នុង​សាលា​របស់​លោក​ទីរ៉ានុស​ជា​រៀងរាល់​ថ្ងៃ។ 10គាត់ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​ដូច្នេះ​ហើយ​បានជា​អស់​អ្នក​ដែល​រស់នៅ​ស្រុក​អាស៊ី​ទាំង​ជនជាតិ​យូដា​និង​ជនជាតិ​ក្រេក​បាន​ឮ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ 11ហើយព្រះជាម្ចាស់​បាន​ធ្វើ​ការអស្ចារ្យ​ប្លែកៗ​តាមរយៈ​ដៃ​របស់​លោក​ប៉ូល 12សូម្បីតែ​កន្សែងដៃ​ឬ​ក្រមា​ដែល​យក​ចេញ​ពី​ខ្លួន​របស់​គាត់​ទៅ​គ្រប​លើ​ពួក​អ្នក​ជំងឺ​នោះ​ពួកគេ​ក៏​បាន​ជា​ពី​ជំងឺ​ហើយ​ពួក​វិញ្ញាណ​អាក្រក់​ក៏​ចេញ​ដែរ 13ដូច្នេះក៏​មាន​គ្រូ​មន្ដអាគម​ជនជាតិ​យូដា​ខ្លះ​ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះ​នាម​ព្រះអម្ចាស់​យេស៊ូ​បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ដោយ​និយាយ​ថា៖ ​«យើង​បង្គាប់​ឯង​ដោយនូវ​ព្រះ​យេស៊ូ​ដែល​លោក​ប៉ូល​ប្រកាស» 14ហើយកូន​ប្រុស​ទាំង​ប្រាំពីរ​នាក់​របស់​សម្ដេច​សង្ឃ​ជនជាតិ​យូដា​ឈ្មោះ​ស្កេវ៉ា​ក៏​ធ្វើ​ដូច្នោះ​ដែរ 15ប៉ុន្ដែវិញ្ញាណ​អាក្រក់​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«មែន​យើង​ស្គាល់​ព្រះ​យេស៊ូ​ហើយ​ក៏​ស្គាល់​ប៉ូល​ដែរ​ចុះ​ពួក​ឯង​វិញ​ជា​នរ​ណា?» 16រួចមនុស្ស​ដែល​មាន​វិញ្ញាណ​អាក្រក់​លោត​ចូល​ទៅ​សង្គ្រប់​យកឈ្នះ​លើ​ពួកគេ​ទាំង​អស់​គ្នា​រហូត​ធ្វើ​ឲ្យ​ពួកគេ​មាន​របួស​ហើយ​រត់​ចេញ​ពី​ផ្ទះ​នោះ​ទាំង​អាក្រាត 17រឿងនេះ​បាន​លេចឮ​ដល់​មនុស្ស​ទាំងអស់​ដែល​រស់​នៅ​ក្នុង​ក្រុង​អេភេសូរ​ទាំង​ជនជាតិ​យូដា​និង​ជនជាតិ​ក្រេក​ផង​ហើយ​ពួកគេ​ទាំងអស់​គ្នា​ក៏​មាន​ចិត្ត​កោតខ្លាច​ទាំង​លើក​តម្កើង​ព្រះ​នាម​របស់​ព្រះអម្ចាស់​យេស៊ូ 18មានអ្នក​ជឿ​ជា​ច្រើន​បាន​ចូល​មក​ទទួល​សារភាព​និង​លាតត្រដាង​ពី​អំពើ​ទាំងឡាយ​របស់​ខ្លួន 19ហើយក៏​មាន​ពួក​អ្នក​ធ្វើ​មន្ដអាគម​ជា​ច្រើន​បាន​ប្រមូល​ក្បួនតម្រា​របស់​ពួកគេ​មក​ដុត​ចោល​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់គ្នា។ ​តម្លៃ​ក្បួនតម្រា​ទាំងនោះ​គិតជា​ប្រាក់​មាន​តម្លៃ​សរុប​ប្រាំ​ម៉ឺន​កាក់​ប្រាក់ 20ដូច្នេះព្រះបន្ទូល​របស់​ព្រះអម្ចាស់​ក៏​រីក​ចម្រើន​កាន់​តែ​ខ្លាំង​និង​យ៉ាង​មាន​អំណាច។ 21ក្រោយហេតុការណ៍​ទាំង​នេះ​ព្រះ​វិញ្ញាណ​បាន​នាំ​ឲ្យ​លោក​ប៉ូល​សម្រេចចិត្ដ​ទៅ​ក្រុង​យេរូសាឡិម​ដោយ​ធ្វើ​ដំណើរ​កាត់តាម​ស្រុក​ម៉ាសេដូន​និង​ស្រុក​អាខៃ។ ​គាត់​បាន​និយាយ​ថា៖ ​«ក្រោយ​ពេល​ខ្ញុំ​ទៅ​ដល់​ទីនោះ​ហើយ​ខ្ញុំ​ត្រូវ​ទៅ​មើល​ក្រុង​រ៉ូម​ដែរ» 22រួចគាត់​ក៏​ចាត់​អ្នក​ជំនួយ​ការ​របស់​គាត់​ពីរ​នាក់​ឲ្យ​ទៅ​ស្រុក​ម៉ាសេដូន​គឺ​លោក​ធីម៉ូថេ​និង​លោក​អេរ៉ាស្ទុស​រីឯ​គាត់​បាន​ស្នាក់​នៅ​ក្នុង​ស្រុក​អាស៊ី​មួយរយៈ 23ហើយនៅ​គ្រា​នោះ​កើតមាន​ការ​ជ្រួលច្របល់​យ៉ាងខ្លាំង​ដែល​ទាក់ទង​នឹង​មាគ៌ា​នេះ 24ដ្បិតមាន​បុរស​ម្នាក់​ឈ្មោះ​ដេមេទ្រាស​ជា​ជាង​ប្រាក់​ដែល​ធ្វើ​ខ្ទមសក្ការ​ព្រះនាង​ឌីអាន​អំពី​ប្រាក់​គាត់​បាន​ផ្ដល់​កម្រៃ​យ៉ាង​ច្រើន​ដល់​ពួក​ជាង។ 25គាត់បាន​ប្រមូល​ពួក​ជាង​និង​ពួក​អ្នក​ដែល​ប្រកប​របរ​បែប​នេះ​ដែរ​មក​ប្រាប់​ថា៖ ​«បង​ប្អូន​អើយ! ​បង​ប្អូន​ដឹង​ហើយ​ថា​យើង​មាន​ទ្រព្យសម្បត្ដិ​យ៉ាង​ច្រើន​ដោយសារ​មុខរបរ​នេះ 26ប៉ុន្ដែបងប្អូន​បាន​ឃើញ​និង​បាន​ឮ​ហើយ​ថា​ប៉ូល​នេះ​បាន​បញ្ចុះ​បញ្ចូល​និង​បាន​បង្វែរ​បណ្ដាជន​ជាច្រើន​រួច​មក​ហើយ​មិន​ត្រឹម​តែ​នៅ​ក្រុង​អេភេសូរ​ប៉ុណ្ណោះ​ទេ​គឺ​ស្ទើរតែ​ពេញ​ស្រុកអាស៊ី​ទាំងមូល​ដោយ​និយាយ​ថា​ព្រះ​ដែល​ធ្វើ​ដោយ​ដៃ​មនុស្ស​មិន​មែន​ជា​ព្រះ​ទេ។ 27នេះគឺជា​អន្តរាយ​ដែល​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មុខរបរ​របស់​យើង​ខូច​ឈ្មោះ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ធ្វើ​ឲ្យ​ព្រះ​វិហារ​របស់​ព្រះនាង​ឌីអាន​ដ៏ឧត្ដម​ពុំ​មាន​តម្លៃ​ទៀត​ផង​ហើយ​អំណាច​របស់​ព្រះ​នាង​ដែល​ស្រុក​អាស៊ី​និង​ពិភពលោក​ទាំង​មូល​ថ្វាយ​បង្គំ​នឹង​ត្រូវ​សាបសូន្យ​ទៅ»។ 28ពេលឮ​ដូច្នេះ​ពួកគេ​ក៏​មាន​កំហឹង​ពេញ​ខ្លួន​ហើយ​ស្រែក​ឡើង​ថា៖ ​«ព្រះ​នាង​ឌីអាន​របស់​អ្នក​ក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គឧត្ដម!» 29ពេលនោះមាន​ការ​ច្របូកច្របល់​ពេញ​ក្រុង​ហើយ​ពួកគេ​សម្រុកចូល​ព្រមគ្នា​ទៅក្នុង​ទី​លាន​មហោស្រព​រួច​ចាប់​លោក​កៃយុស​និង​លោក​អើរីស្តាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ដែល​ជា​គូកន​រួម​ដំណើរ​ជាមួយ​លោក​ប៉ូល។ 30លោកប៉ូល​ចង់​ចូល​ទៅ​ក្នុង​ចំណោម​មហាជន​ប៉ុន្ដែ​ពួកសិស្ស​មិន​ព្រម​ឲ្យ​គាត់​ចូល​ទេ 31សូម្បីតែមិត្ដ​របស់​គាត់​មួយចំនួន​ដែល​ជា​មន្ដ្រី​ស្រុក​អាស៊ី​ក៏​ចាត់​គេ​មក​អង្វរ​គាត់​ដែរ​កុំ​ឲ្យ​គាត់​ចូល​ទៅក្នុង​ទីលាន​មហោស្រព 32ពេលនោះ​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាងនេះ​មាន​អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ​ព្រោះ​អង្គ​ប្រជុំ​បាន​ច្របូក​ច្របល់​អស់​ហើយ​ឯ​មនុស្ស​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​មូលហេតុ​ដែល​ពួកគេ​មក​ជួបជុំ​គ្នា​នេះ​ទេ។ 33ជនជាតិយូដា​បាន​រុញ​លោក​អ័លេក្សានត្រុស​ចេញ​ពី​បណ្ដាជន​ហើយ​នាំ​ទៅ​ខាង​មុខ។ ​លោក​អ័លេក្សានត្រុស​ក៏​លើក​ដៃ​ជា​សញ្ញា​ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះសា​នឹង​បណ្ដាជន 34ប៉ុន្ដែពេល​ដឹង​ថា​លោក​អ័លេក្សានត្រុស​ជា​ជនជាតិ​យូដា​ពួកគេ​បាន​ស្រែក​ព្រមគ្នា​អស់​រយៈពេល​ប្រហែល​ពីរ​ម៉ោង​ថា៖ ​«ព្រះ​នាង​ឌីអាន​របស់​អ្នកក្រុង​អេភេសូរ​ដ៏​ឧត្ដុង្គឧត្ដម!» 35ក្រោយពីលេខាធិការក្រុង​បាន​ឲ្យ​បណ្ដាជន​នៅ​ស្ងៀម​ស្ងាត់​គាត់​ក៏​និយាយ​ថា៖ ​«បងប្អូន​អ្នក​ក្រុងអេភេសូរ​អើយ! ​តើ​មាន​អ្នកណា​មិន​ដឹង​ថា​អ្នក​ក្រុងអេភេសូរ​ជា​អ្នក​ថ្វាយបង្គំ​ព្រះនាង​ឌីអាន​ដ៏​ឧត្ដុង្គឧត្ដម​និង​រូបសំណាក​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​នោះ! 36ដូច្នេះគ្មាន​អ្នកណា​អាច​ប្រកែក​នឹង​សេចក្ដី​ទាំង​នេះ​បាន​ទេ​បងប្អូន​ត្រូវ​នៅ​ស្ងៀម​ស្ងាត់​ហើយ​ឈប់​ធ្វើ​អ្វី​ច្រឡោត​ទៀត​ទៅ 37ដ្បិតពួក​អ្នក​ទាំងនេះ​ដែល​បងប្អូន​បាន​នាំ​មក​មិនមែន​ជា​ចោរប្លន់​ព្រះ​វិហារ​ហើយ​ក៏​មិន​បាន​ប្រមាថ​ព្រះ​របស់​យើង​ដែរ 38ប៉ុន្ដែបើ​លោក​ដេមេទ្រាស​និង​ពួក​ជាង​ដែល​នៅ​ជាមួយ​គាត់​មាន​បណ្ដឹង​នឹង​នរ​ណា​ម្នាក់​នោះ​សាលាក្ដី​មាន​ស្រាប់​ហើយ​អស់​លោក​អភិបាល​ក៏​មាន​ដែរ​ចូរ​ឲ្យ​គេ​ប្ដឹង​គ្នា​ចុះ 39ប៉ុន្ដែបើ​បងប្អូន​ចង់បាន​អ្វី​លើស​នេះ​នោះ​ត្រូវ​ដោះ​ស្រាយ​នៅក្នុង​អង្គ​ប្រជុំ​តាម​ច្បាប់ 40ដ្បិតយើង​កំពុង​ស្ថិត​នៅក្នុង​គ្រោះថ្នាក់​ដែល​នឹង​ត្រូវ​គេ​ចោទ​ពី​បទ​បង្ក​ចលាចល​នៅក្នុង​ថ្ងៃ​នេះ​ព្រោះ​យើង​គ្មាន​មូលហេតុ​អាច​ដោះសា​អំពី​ការ​ប្រជុំ​នេះ​បាន​ទេ»។ 41ពេលនិយាយ​ដូច្នេះ​រួច​ហើយ​គាត់​ក៏​រំសាយ​ការប្រជុំ។
Copyright information for KhmKCB