‏ Acts 2

1កាលដល់​ថ្ងៃ​បុណ្យ​ថ្ងៃទីហាសិប​ពួកគេ​ទាំងអស់​គ្នា ▼
▼ជាពិធីបុណ្យដែលជនជាតិយូដាប្រារព្វធ្វើឡើងសម្រាប់ពិធីប្រមូលផល់បន្ទាប់ពីបុណ្យរំលង៥០ថ្ងៃ។
​កំពុង​ជួបជុំគ្នា​នៅ​កន្លែង​តែមួយ
2ស្រាប់តែ​មាន​សំឡេង​មកពី​ស្ថានសួគ៌​ដូចជា​សន្ធឹក​ខ្យល់​យ៉ាងខ្លាំង​ពេញ​នៅក្នុង​ផ្ទះ​ទាំងមូល​ដែល​ពួកគេ​កំពុង​អង្គុយ 3ហើយពួកគេ​បាន​ឃើញ​អ្វីមួយ​ដូចជា​អណ្ដាត​ភ្លើង​ដែល​បែកចេញ​ពីគ្នា​មក​សណ្ឋិត​លើ​ពួកគេ​ម្នាក់​ៗ។ 4ពួកគេទាំងអស់​គ្នា​ក៏​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ហើយ​ចាប់ផ្ដើម​និយាយ​ភាសា​ចម្លែក​អស្ចារ្យ​តាម​ដែល​ព្រះ​វិញ្ញាណ​ផ្ដល់​ឲ្យ។ 5នៅពេលនោះមាន​ជនជាតិ​យូដា​ដែល​គោរព​កោតខ្លាច​ព្រះជាម្ចាស់​មកពី​គ្រប់​ប្រជាជាតិ​នៅ​ក្រោម​មេឃ​កំពុង​ស្នាក់នៅ​ក្នុង​ក្រុង​យេរូសាឡិម 6កាលបាន​ឮ​សំឡេង​នេះ​នោះ​បណ្ដាជន​ក៏​នាំគ្នាមក​មើល​ហើយ​ធ្វើ​ឲ្យ​ពួកគេ​ស្រឡាំងកាំង​ព្រោះ​ពួកគេ​ម្នាក់​ៗ​បាន​ឮ​អ្នក​ទាំងនោះ​និយាយ​ភាសា​របស់​ពួកគេ​ផ្ទាល់។ 7ពួកគេនឹកអស្ចារ្យ​ទាំង​ស្ងើចសរសើរ​ហើយ​សួរ​ថា៖ ​«មើល៍​ពួក​អ្នក​ដែល​កំពុង​និយាយ​ទាំងអស់​នេះ​តើ​មិន​មែន​ជា​ពួក​អ្នក​ស្រុក​កាលីឡេ​ទេ​ឬ? 8ចុះហេតុដូចម្ដេច​បានជា​យើង​ឮ​ពួកគេ​និយាយ​ភាសា​កំណើត​របស់​យើង​រៀងៗខ្លួន​ដូច្នេះ? 9គឺមានអ្នកស្រុក​ផារថុស​អ្នកស្រុក​មេឌី​អ្នកស្រុក​អេឡាំ​និង​ពួក​អ្នក​រស់នៅ​ស្រុក​មេសូប៉ូតាមា​ស្រុក​យូដា​ស្រុក​កាប៉ាដូគា​ស្រុក​ប៉ុនតុស​និង​ស្រុក​អាស៊ី 10ស្រុកព្រីគា​ស្រុក​ប៉ាមភីលា​ស្រុក​អេស៊ីព្ទ​និង​បណ្ដា​ស្រុក​ក្នុង​តំបន់​លីប៊ី​ក្បែរ​តំបន់​គីរេន​និង​ពួក​អ្នក​ក្រុង​រ៉ូម​ដែល​ស្នាក់នៅ​ទីនោះ 11ព្រមទាំងជនជាតិ​យូដា​ពួក​អ្នកចូលសាសនាយូដា​អ្នក​ស្រុក​ក្រេត​និង​អ្នក​ស្រុក​អារ៉ាប់។ ​យើង​ឮ​ពួកគេ​ប្រកាស​អំពី​ការអស្ចារ្យ​របស់​ព្រះជាម្ចាស់​ជា​ភាសា​របស់​យើង​ផ្ទាល់!» 12បណ្ដាជននឹកអស្ចារ្យ​ទាំង​គិតមិនយល់​ទាំងអស់​គ្នា​ក៏​សួរ​គ្នា​ថា៖ ​«តើ​នេះ​មានន័យ​យ៉ាងដូចម្ដេច?» 13ប៉ុន្ដែអ្នក​ខ្លះទៀត​ចំអក​ថា៖ ​«ពួកនេះ​ផឹក​ស្រាទំពាំងបាយជូរ​ថ្មី​ជ្រុល​ទេ​តើ»។ 14ពេលនោះលោក​ពេត្រុស​ក៏​ក្រោកឈរ​ជាមួយ​ពួក​សាវក​ទាំង​ដប់មួយ​ហើយ​បន្លឺ​សំឡេង​ថា៖ ​«ឱ​បងប្អូន​យូដា​និង​បងប្អូន​ទាំងអស់​ដែល​រស់នៅ​ក្រុង​យេរូសាឡិម​អើយ! ​សូម​អ្នករាល់គ្នា​យល់​ពី​ហេតុការណ៍​នេះ​ហើយ​ផ្ទៀង​ស្ដាប់​ពាក្យ​របស់​ខ្ញុំ​ចុះ 15ដ្បិតអ្នក​ទាំងនេះ​មិន​បាន​ស្រវឹង​ដូចជា​អ្នករាល់គ្នា​ស្មាន​នោះ​ទេ​ព្រោះ​ម៉ោង​ប្រាំបួន​ព្រឹក​នៅឡើយ! 16ប៉ុន្ដែនេះ​ជា​អ្វី​ដែល​លោក​យ៉ូអែល​ជា​អ្នកនាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា 17ព្រះជាម្ចាស់មានបន្ទូល​ថា​នៅ​ថ្ងៃ​ចុងក្រោយ​យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​មនុស្ស​ទាំងអស់​ហើយ​កូន​ប្រុស​កូនសី្រ​របស់​អ្នករាល់គ្នា​នឹង​ថ្លែង​ព្រះបន្ទូល​ពួក​យុវជន​របស់​អ្នករាល់គ្នា​នឹង​ឃើញ​និមិត្ដ​រីឯ​ពួក​ចាស់ៗ​របស់​អ្នករាល់គ្នា​នឹង​យល់សប្ដិ។ 18នៅគ្រា​នោះ​យើង​នឹង​ចាក់​វិញ្ញាណ​របស់​យើង​លើ​ពួក​បាវបម្រើ​របស់​យើង​ទាំង​ប្រុស​ទាំង​ស្រី​ហើយ​ពួកគេ​នឹង​ថ្លែង​ព្រះបន្ទូល។ 19យើងនឹង​បង្ហាញ​ការអស្ចារ្យ​នៅលើ​មេឃ​ព្រមទាំង​ទីសំគាល់​នៅ​ផែនដី​គឺ​ជា​ឈាម​ជា​ភ្លើង​និង​កំសួល​ផ្សែង 20ហើយថ្ងៃ​នឹង​ត្រលប់ជា​ងងឹត​ឯ​ខែ​នឹង​ត្រលប់ជា​ឈាម​មុន​ថ្ងៃ​ដ៏​រុងរឿង​អស្ចារ្យ​របស់​ព្រះអម្ចាស់​មក​ដល់ 21ហើយនៅពេល​នោះ​អស់​អ្នក​ណា​ដែល​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអម្ចាស់​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។ 22ឱបងប្អូន​អ៊ីស្រាអែល​អើយ! ​សូម​ស្ដាប់​សេចក្ដី​ទាំងនេះ​ចុះ​ថា​ព្រះជាម្ចាស់​បាន​បង្ហាញ​ព្រះ​យេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដល់​អ្នករាល់គ្នា​ដោយ​អំណាច​និង​ការអស្ចារ្យ​ព្រមទាំង​ទីសំគាល់​នានា​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ព្រះយេស៊ូ​នៅ​កណ្ដាល​ចំណោម​អ្នករាល់គ្នា​ដូចដែល​អ្នករាល់គ្នា​បាន​ដឹង​ស្រាប់។ 23ព្រះយេស៊ូនេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​បញ្ជូន​មក​តាម​គោលបំណង​និង​ព្រះ​តម្រិះ​ជាមុន​របស់​ព្រះអង្គ​ដែល​បាន​កំណត់ទុក​រីឯ​អ្នករាល់គ្នា​បាន​ឆ្កាង​សម្លាប់​ព្រះអង្គ​ដោយ​ដៃ​របស់​ពួក​មនុស្ស​មិន​គោរព​ក្រឹត្យវិន័យ 24ប៉ុន្ដែព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់ឡើង​វិញ​ដោយ​បំផ្លាញ​ការ​ឈឺចាប់​នៃ​សេចក្ដី​ស្លាប់​ព្រោះ​សេចក្ដី​ស្លាប់​គ្មាន​អំណាច​បង្ខាំង​ព្រះអង្គ​ទុក​បាន​ឡើយ។ 25ស្ដេចដាវីឌ​ក៏​បាន​ថ្លែង​អំពី​ព្រះយេស៊ូ​ដែរ​ថា​ខ្ញុំ​ឃើញ​ព្រះអម្ចាស់​នៅ​មុខ​ខ្ញុំ​ជានិច្ច​ព្រោះ​ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​រង្គើ​ឡើយ 26ដោយហេតុនេះ​ហើយ​បានជា​ចិត្ដ​របស់​ខ្ញុំ​រីករាយ​អណ្ដាត​របស់​ខ្ញុំ​សរសើរតម្កើង​ហើយ​លើសនេះ​ទៀត​រូបកាយ​របស់​ខ្ញុំ​នឹង​រស់នៅ​ក្នុង​សេចក្ដី​សង្ឃឹម​ដែរ 27ដ្បិតព្រះអង្គ​មិន​បោះបង់​ព្រលឹង​របស់​ខ្ញុំ​ឲ្យ​នៅក្នុង​ស្ថាននរក​ឡើយ​ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​អ្នក​ដ៏បរិសុទ្ធ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ។ 28ព្រះអង្គបាន​បង្ហាញ​ខ្ញុំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ជីវិត​ហើយ​បំពេញ​ខ្ញុំ​ដោយ​សេចក្ដី​អំណរ​នៅ​ចំពោះ​ព្រះ​វត្តមាន​របស់​ព្រះអង្គ។ 29បងប្អូនអើយ! ​ទាក់ទង​នឹង​ស្ដេច​ដាវីឌ​ដែលជា​បុព្វបុរស​របស់​យើង​ខ្ញុំ​អាច​និយាយ​ដោយ​ច្បាស់លាស់​ទៅ​បងប្អូន​ថា​ស្ដេចដាវីឌ​បាន​ស្លាប់​ហើយ​គេ​បាន​បញ្ចុះ​សព​របស់​ស្ដេច​រីឯ​ផ្នូរ​របស់​ស្ដេច​វិញ​នៅ​ជាមួយ​យើង​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។ 30ដោយព្រោះ​ស្ដេចដាវីឌ​ជា​អ្នកនាំព្រះបន្ទូល​ព្រមទាំង​ដឹង​ថា​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ស្ដេច​ដោយ​ស្បថ​ថា​នឹង​ឲ្យ​ពូជពង្ស​ខាង​សាច់​ឈាម​ម្នាក់​របស់​ស្ដេច​អង្គុយ​លើ​បល្ល័ង្ក​របស់​ស្ដេច 31ដោយស្ដេចដាវីឌ​ដឹង​ជាមុន​ដូច្នេះ​បានជា​ថ្លែង​អំពី​ការ​រស់ឡើងវិញ​របស់​ព្រះ​គ្រិស្ដ​ថា​ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាននរក​ឡើយ​ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ 32គឺព្រះ​យេស៊ូ​នេះ​ហើយ​ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ហើយ​យើង​ទាំងអស់​គ្នា​ជា​បន្ទាល់​អំពី​ការនេះ។ 33ដូច្នេះក្រោយពី​ព្រះជាម្ចាស់​បាន​លើកតម្កើង​ព្រះយេស៊ូ​ឲ្យ​គង់នៅ​ខាង​ស្ដាំ​ព្រះអង្គ​ហើយ​ក្រោយពី​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ពី​ព្រះ​វរ​បិតា​រួច​ព្រះអង្គ​ក៏​ចាក់​ព្រះ​វិញ្ញាណ​ដូចដែល​អ្នករាល់គ្នា​បាន​ឃើញ​និង​បាន​ឮ​នេះ​ស្រាប់​ហើយ។ 34ទោះបីស្ដេច​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ក៏ដោយ​ក៏​ស្ដេច​បាន​ថ្លែង​ថា​ព្រះអម្ចាស់​មានបន្ទូល​ទៅ​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង 35រហូតដល់យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ធ្វើ​ជា​កំណល់​ជើង​របស់​អ្នក។ 36ដូច្នេះចូរ​ឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​ប្រាកដ​ចុះ​ថា​ព្រះជាម្ចាស់​បាន​តាំង​ព្រះ​យេស៊ូ​ដែល​អ្នករាល់គ្នា​បាន​ឆ្កាង​នេះ​ឲ្យ​ធ្វើជា​ព្រះអម្ចាស់​និង​ជា​ព្រះ​គ្រិស្ដ»។ 37ពេលពួកគេ​ស្ដាប់ឮ​ដូច្នេះ​ហើយ​ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ព្រមទាំង​សាវក​ឯទៀត​ថា៖ ​«ឱ​បងប្អូន​អើយ! ​តើ​យើង​គួរ​ធ្វើ​យ៉ាងដូចម្ដេច?» 38លោកពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖ ​«ចូរ​អ្នករាល់គ្នា​ប្រែចិត្ដ​ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗខ្លួន​ចុះ​ដើម្បី​ឲ្យ​អ្នករាល់គ្នា​ទទួលបាន​ការ​លើកលែងទោស​បាប​និង​ទទួលបាន​អំណោយ​ទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ 39ព្រោះសេចក្ដី​សន្យា​នេះ​សម្រាប់​អ្នករាល់គ្នា​និង​កូនចៅ​របស់​អ្នករាល់គ្នា​ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។ 40លោកពេត្រុស​បាន​ធ្វើបន្ទាល់​ដោយ​ពាក្យ​សំដី​ជាច្រើន​ទៀត​ទាំង​ដាស់តឿន​ពួកគេ​ដោយ​និយាយ​ថា៖ ​«ចូរ​អ្នករាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យរួច​ពី​ជំនាន់​វៀចវេរ​នេះ​ចុះ»។ 41បន្ទាប់មកអស់​អ្នក​ដែល​បាន​ទទួលយក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ត្រូវ​បាន​បន្ថែម​ទៅក្នុង​ចំណោម​ពួកគេ។ 42អ្នកទាំងនេះ​បាន​នៅជាមួយ​ពួក​សាវក​បន្ដ​ទៀត​ទាំង​នៅក្នុង​ការបង្រៀន​ការ​ប្រកបគ្នា​ការ​កាច់​នំប៉័ង​និង​ការអធិស្ឋាន។ 43ពួកគេមាន​សេចក្ដី​ស្ញប់ស្ញែង​ក្នុង​ចិត្ដ​គ្រប់គ្នា​ហើយ​ការ​អស្ចារ្យ​និង​ទីសំគាល់​អស្ចារ្យ​ជា​ច្រើន​បាន​កើតឡើង​តាមរយៈ​ពួក​សាវក។ 44អស់អ្នក​ដែល​បាន​ជឿ​បាន​នៅ​ជាមួយ​គ្នា​និង​មាន​អ្វីៗ​រួមគ្នា។ 45ពួកគេលក់​ទ្រព្យ​សម្បត្ដិ​និង​អ្វីៗ​ជា​របស់​ខ្លួន​ព្រមទាំង​ចែក​ទ្រព្យសម្បត្ដិ​ទាំងនោះ​ដល់​គ្រប់គ្នា​តាម​សេចក្ដី​ត្រូវការ​រៀងៗខ្លួន។ 46ជារៀងរាល់​ថ្ងៃ​ពួកគេ​បាន​ជួបជុំគ្នា​ជាបន្ត​នៅក្នុង​ព្រះ​វិហារ​ដោយ​មាន​ចិត្ដ​ព្រមព្រៀង​គ្នា​ហើយ​នៅ​តាម​ផ្ទះ​ពួកគេ​ក៏​កាច់​នំប៉័ង​បរិភោគ​អាហារ​ជាមួយគ្នា​ដោយ​ចិត្ដ​រីករាយ​និង​ស្មោះត្រង់ 47ទាំងសរសើរ​តម្កើង​ព្រះជាម្ចាស់​ផង។ ​ប្រជាជន​គ្រប់គ្នា​បាន​ស្រលាញ់​រាប់អាន​ពួកគេ​ហើយ​ព្រះអម្ចាស់​បាន​បន្ថែម​ចំនួន​នៃ​អស់​អ្នក​ដែល​បាន​ទទួល​សេចក្ដីសង្គ្រោះ​ទៅ​ក្នុង​ចំណោម​ពួកគេ​ជារៀងរាល់​ថ្ងៃ។
Copyright information for KhmKCB