‏ Acts 20

1ក្រោយពីចលាចល​នេះ​បាន​ស្ងប់​ស្ងាត់​ហើយ​លោក​ប៉ូល​ក៏​ហៅ​ពួក​សិស្ស​មក​ពេល​គាត់​លើក​ទឹកចិត្ត​ពួកគេ​រួច​គាត់​ក៏​ជម្រាប​លា​ពួកគេ​ហើយ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន។ 2ពេលគាត់​ធ្វើ​ដំណើរ​កាត់​តាម​តំបន់​ទាំងនោះ​គាត់​បាន​លើក​ទឹកចិត្ដ​ដល់​ពួក​អ្នកជឿ​ដោយ​ពាក្យ​សំដី​ជាច្រើន​រួច​គាត់​ក៏​មក​ដល់​ស្រុក​ក្រេក 3ហើយគាត់​បាន​រស់នៅ​ទីនោះ​អស់​រយៈ​ពេល​បី​ខែ​ពេល​គាត់​បម្រុង​ចុះ​សំពៅ​ទៅ​ស្រុក​ស៊ីរី​ជនជាតិ​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​គាត់​ដូច្នេះ​គាត់​បាន​សម្រេចចិត្ដ​បកក្រោយ​កាត់​តាម​ស្រុក​ម៉ាសេដូន​វិញ 4ហើយលោក​សូប៉ាត្រុស​អ្នកក្រុង​បេរា​ជា​កូន​លោក​ពីរូស​និង​លោក​អើរីស្ដាក​និង​លោក​សេគុនដុស​ជា​អ្នកក្រុង​ថែស្សាឡូនីច​លោក​កៃយុស​និង​លោក​ធីម៉ូថេ​ជា​អ្នកក្រុង​ឌើបេ​ព្រមទាំង​លោក​ទីឃីកុស​និង​លោក​ទ្រភីម​ជា​អ្នកស្រុក​អាស៊ី​បាន​រួម​ដំណើរ​ជាមួយ​គាត់ 5ប៉ុន្ដែបងប្អូន​ទាំងនេះ​បាន​ទៅ​ក្រុង​ទ្រអាស​រង់ចាំ​យើង​មុន 6រីឯយើង​វិញ​នៅ​ក្រោយ​ថ្ងៃ​បុណ្យ​នំប៉័ងឥតមេ​ក៏​ជិះ​សំពៅ​ចេញពី​ក្រុង​ភីលីព។ ​អស់​រយៈពេល​ប្រាំ​ថ្ងៃ​យើង​ក៏​មក​ជួប​ពួកគេ​នៅ​ក្រុង​ទ្រអាស​ហើយ​ស្នាក់​នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ។ 7លុះនៅ​ថ្ងៃ​ទីមួយ​នៃ​សប្ដាហ៍​នោះ​ពេល​យើង​ជួបជុំ​គ្នា​ធ្វើ​ពិធី​កាច់​នំប៉័ង​លោក​ប៉ូល​បាន​អធិប្បាយ​ទៅ​កាន់​ពួកគេ។ ​ដោយព្រោះ​គាត់​បម្រុង​ចាកចេញ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​បន្ដ​អធិប្បាយ​រហូតដល់​ពាក់​កណ្ដាល​អធ្រាត្រ។ 8នៅបន្ទប់​ជាន់​ខាង​លើ​ដែល​យើង​ជួបជុំ​គ្នា​នោះ​មាន​ភ្លើង​ចង្កៀង​ជាច្រើន 9មានយុវជន​ម្នាក់​ឈ្មោះ​អើទីកុស​កំពុង​អង្គុយ​លើ​មាត់​បង្អួច​ពេល​លោក​ប៉ូល​អធិប្បាយ​យ៉ាងយូរ​យុវជន​នោះ​ងងុយ​ដេក​ជាខ្លាំង​ហើយ​គាត់​ក៏​លង់លក់​ទៅ​រហូត​ទាល់តែ​ធ្លាក់​ពី​ជាន់​ទីបី​មក​ពេល​គេ​លើក​គាត់​ឡើង​គាត់​បាន​ស្លាប់​ហើយ។ 10លោកប៉ូល​បាន​ចុះ​ទៅ​ទ្រោប​ពី​លើ​ទាំង​ឱប​គាត់​ហើយ​និយាយ​ថា៖ ​«កុំ​បារម្ភ​ឡើយ​ព្រោះ​គាត់​នៅ​មាន​ជីវិត​ទេ!» 11រួចក៏​ឡើង​ទៅ​លើ​វិញ​ពេល​ធ្វើ​ពិធី​កាច់​នំប៉័ង​និង​បរិភោគ​រួច​ហើយ​គាត់​ក៏​សំណេះ​សំណាល​យ៉ាងយូរ​រហូតដល់​ភ្លឺ​ទើប​គាត់​ចេញ​ដំណើរ 12ហើយពួកគេ​ក៏​នាំ​យុវជន​ដែល​មាន​ជីវិត​នោះ​ទៅ​វិញ​ទាំង​ទទួល​បាន​ការកម្សាន្ដចិត្ដ​ជាខ្លាំង។ 13យើងបាន​ជិះ​សំពៅ​ទៅ​ក្រុង​អាសុស​មុន​ដើម្បី​ទទួល​លោក​ប៉ូល​នៅទីនោះ​ដ្បិត​គាត់​បាន​ផ្ដាំ​ដូច្នេះ​ព្រោះ​គាត់​មាន​បំណង​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក 14ពេលគាត់​បាន​ជួប​យើង​នៅ​ក្រុង​អាសុស​យើង​ក៏​ទទួល​គាត់​ចុះ​សំពៅ​ទៅ​ក្រុង​មីទូលេន។ 15នៅថ្ងៃ​បន្ទាប់​យើង​ក៏​ជិះ​សំពៅ​ពីទីនោះ​ទៅ​ដល់​មុខ​កោះ​ឃីយ៉ូស​ថ្ងៃ​បន្ទាប់​ទៀត​យើង​ក៏​ឆ្លង​មក​ដល់​កោះ​សាម៉ុស​ហើយ​ថ្ងៃ​បន្ទាប់​មក​ទៀត​យើង​បាន​មក​ដល់​ក្រុង​មីលេត។ 16ពេលនោះលោក​ប៉ូល​សម្រេច​ចិត្ដ​ធ្វើ​ដំណើរ​បង្ហួស​ក្រុង​អេភេសូរ​ដើម្បី​កុំ​ឲ្យ​គាត់​ចំណាយ​ពេល​នៅ​ស្រុក​អាស៊ី​យូរ​ព្រោះ​គាត់​ប្រញាប់​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ថ្ងៃ​បុណ្យ​ថ្ងៃទីហាសិប​បើសិន​ជា​អាច 17ប៉ុន្ដែគាត់​បាន​ចាត់​គេ​ពី​ក្រុង​មីលេត​ទៅ​អញ្ជើញ​ក្រុម​ចាស់ទុំ​នៃ​ក្រុមជំនុំ​នៅ​ក្រុង​អេភេសូរ​ឲ្យ​មក​ជួប​គាត់។ 18កាលពួកគេ​មក​ជួប​គាត់​ហើយ​គាត់​ក៏​ប្រាប់​ពួកគេ​ថា៖ ​«អ្នករាល់គ្នា​ដឹង​ស្រាប់​ហើយ​ពី​របៀប​ដែល​ខ្ញុំ​បាន​នៅ​ជាមួយ​អ្នករាល់គ្នា​គ្រប់​ពេលវេលា​តាំងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​ចូល​មក​ស្រុក​អាស៊ី 19គឺខ្ញុំ​បាន​បម្រើ​ព្រះអម្ចាស់​ដោយ​ការបន្ទាបខ្លួន​ដោយ​ទឹក​ភ្នែក​និង​ដោយ​សេចក្ដី​វេទនា​គ្រប់បែបយ៉ាង​ដែល​កើត​មាន​ចំពោះ​ខ្ញុំ​ដោយសារ​បំណង​អាក្រក់​របស់​ជនជាតិ​យូដា 20ហើយខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​មិន​ដែល​លាក់លៀម​ឡើយ​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​ដល់​អ្នករាល់គ្នា​គឺ​បាន​បង្រៀន​ដល់​អ្នករាល់គ្នា​នៅ​តាម​ទីសាធារណៈ​និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ 21ទាំងធ្វើបន្ទាល់​ប្រាប់​ជនជាតិ​យូដា​និង​ជនជាតិ​ក្រេក​អំពី​ការប្រែចិត្ត​មកឯ​ព្រះជាម្ចាស់​និង​អំពី​ជំនឿ​លើ​ព្រះអម្ចាស់​យេស៊ូ​នៃ​យើង 22ឥឡូវនេះមើល៍​ព្រះ​វិញ្ញាណ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ហើយ​ខ្ញុំ​មិន​ដឹង​ជា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ខ្ញុំ​នៅ​ទីនោះ​ទេ 23ខ្ញុំគ្រាន់តែ​ដឹង​ថា​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ធ្វើបន្ទាល់​ប្រាប់​ខ្ញុំ​នៅ​គ្រប់​ក្រុង​ថា​មាន​ចំណង​និង​ទុក្ខលំបាក​កំពុង​រង់ចាំ​ខ្ញុំ 24ប៉ុន្ដែខ្ញុំ​មិន​ចាត់ទុក​ថា​ជីវិត​របស់​ខ្ញុំ​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ទេ​ឲ្យ​តែ​មុខងារ​និង​កិច្ចការ​ដែល​ខ្ញុំ​បាន​ទទួល​ពី​ព្រះអម្ចាស់​យេស៊ូ​ដែល​ឲ្យ​ខ្ញុំ​ធ្វើបន្ទាល់​អំពី​ដំណឹងល្អ​នៃ​ព្រះ​គុណ​របស់​ព្រះជាម្ចាស់​បាន​សម្រេច​ចុះ។ 25ពេលនេះខ្ញុំ​ដឹង​ថា​អ្នករាល់គ្នា​នឹង​លែង​ឃើញ​មុខ​ខ្ញុំ​ដែល​បាន​ប្រកាស​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​នៅក្នុង​ចំណោម​អ្នករាល់គ្នា​ទៀត​ហើយ 26ដូច្នេះខ្ញុំ​ធ្វើបន្ទាល់​ប្រាប់​អ្នករាល់គ្នា​នៅ​ថ្ងៃ​នេះ​ថា​ខ្ញុំ​គ្មាន​ទោស​ចំពោះ​ឈាម​របស់​មនុស្ស​ទាំងអស់​ទេ 27ព្រោះខ្ញុំ​បាន​ប្រាប់​អ្នករាល់គ្នា​អំពី​បំណង​ទាំងអស់​របស់​ព្រះជាម្ចាស់​ដោយ​មិន​លាក់លៀម​ឡើយ។ 28ចូរអ្នករាល់គ្នា​រក្សា​ខ្លួន​និង​ហ្វូង​ចៀម​ទាំងអស់​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ប្រគល់​ឲ្យ​អ្នករាល់គ្នា​មើល​ខុសត្រូវ​ដើម្បី​ថែទាំ​ក្រុមជំនុំ​របស់​ព្រះជាម្ចាស់​ដែល​ព្រះអង្គ​បាន​ទិញ​ដោយ​ឈាម​របស់​ព្រះអង្គ​ផ្ទាល់។ 29ខ្ញុំដឹង​ថា​ក្រោយ​ពេល​ខ្ញុំ​ចេញ​ទៅ​ឆ្កែព្រៃ​ដ៏​សាហាវ​នឹង​ចូល​មក​ក្នុងចំណោម​អ្នករាល់គ្នា​ដោយ​មិន​ប្រណី​ដល់​ហ្វូង​ចៀម​ឡើយ 30ហើយនៅក្នុង​ចំណោម​អ្នករាល់គ្នា​ក៏​នឹង​មាន​មនុស្ស​និយាយ​បង្ខូច​គ្នាឯង​ដែរ​ដើម្បី​អូសទាញ​ពួក​សិស្ស​ឲ្យ​ទៅ​តាម​ពួកគេ។ 31ដូច្នេះចូរ​ប្រុងស្មារតី​ដោយ​នឹក​ចាំ​ថា​អស់​រយៈពេល​បី​ឆ្នាំ​ខ្ញុំ​បាន​ដាស់​តឿន​អ្នករាល់គ្នា​ឥត​ឈប់​ឈរ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​បង្ហូរ​ទឹក​ភ្នែក 32ឥឡូវនេះខ្ញុំ​សូម​ប្រគល់​អ្នករាល់គ្នា​ដល់​ព្រះជាម្ចាស់​និង​ព្រះ​បន្ទូល​នៃ​ព្រះ​គុណ​របស់​ព្រះអង្គ​ដែល​អាច​ស្អាង​និង​ប្រទាន​មរតក​ដល់​អ្នក​ទាំងអស់​គ្នា​ជាមួយ​អស់​អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ 33ខ្ញុំមិន​ដែល​លោភ​ចង់​បាន​មាស​ប្រាក់​ឬ​សម្លៀក​បំពាក់​របស់​អ្នកណា​ឡើយ 34អ្នករាល់គ្នាផ្ទាល់​ក៏​បាន​ដឹង​ហើយ​ថា​ខ្ញុំ​បាន​ធ្វើ​ការ​ដោយ​ដៃ​ទាំងពីរ​នេះ​ដើម្បី​ផ្គត់ផ្គង់​សេចក្ដី​ត្រូវការ​របស់​ខ្ញុំ​ព្រមទាំង​អស់​អ្នក​នៅ​ជាមួយ​ខ្ញុំ។ 35ខ្ញុំបាន​បង្ហាញ​អ្នករាល់គ្នា​សព្វគ្រប់​ហើយ​ថា​អ្នករាល់គ្នា​ត្រូវ​ខំ​ធ្វើការ​ដូច្នេះ​ដែរ​ដើម្បី​ជួយ​អ្នក​ទន់ខ្សោយ​ព្រមទាំង​នឹក​ចាំ​ពី​ព្រះ​បន្ទូល​របស់​ព្រះអម្ចាស់​យេស៊ូ​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ថា​ការ​ដែល​ឲ្យ​មានពរ​ច្រើនជាង​ការ​ដែល​ទទួល»។ 36ពេលលោក​ប៉ូល​និយាយ​សេចក្ដី​ទាំងនេះ​រួច​ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ​ទាំងអស់​គ្នា 37ហើយពួកគេ​គ្រប់គ្នា​បាន​យំ​យ៉ាងខ្លាំង​ទាំង​ឱប​ថើប​គាត់ 38ដោយព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ពួកគេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ​រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ។
Copyright information for KhmKCB