‏ Acts 21

1ពេលយើង​លា​ពួកគេ​រួច​ហើយ​ក៏​ជិះ​សំពៅ​តម្រង់​ទៅ​កោះ​កូស​នៅ​ថ្ងៃ​បន្ទាប់​យើង​បាន​មក​ដល់​កោះ​រ៉ូដូស​រួច​ក៏​ចេញ​ពីទីនោះ​ទៅ​ក្រុង​ប៉ាតារ៉ា 2ហើយពេល​ឃើញ​មាន​សំពៅ​ទៅ​ស្រុក​ភេនីស​យើង​ក៏​ជិះ​សំពៅ​នោះ​ទៅមុខ​ទៀត។ 3ពេលយើង​ឃើញ​កោះ​គីប្រុស​យើង​ក៏​ធ្វើដំណើរ​វាង​ទៅ​ខាងឆ្វេង​កោះ​នោះ​តម្រង់​ទៅ​ស្រុក​ស៊ីរី​ហើយ​ក៏​មក​ដល់​ក្រុង​ទីរ៉ុស​ដ្បិត​សំពៅ​ត្រូវ​ទម្លាក់​ទំនិញ​នៅ​ទីនោះ។ 4ក្រោយពី​រកឃើញ​ពួក​សិស្ស​យើង​ក៏​ស្នាក់នៅ​ទីនោះ​ប្រាំពីរ​ថ្ងៃ​ហើយ​តាមរយៈ​ព្រះ​វិញ្ញាណ​ពួកគេ​បាន​ប្រាប់​លោក​ប៉ូល​មិន​ឲ្យ​ទៅ​ក្រុង​យេរូសាឡិម​ទេ 5ប៉ុន្ដែកាល​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​យើង​ក៏​ចេញ​ដំណើរ​ទៅមុខ​ទៀត។ ​ពួកគេ​និង​ប្រពន្ធ​កូន​របស់​ពួកគេ​ទាំងអស់​បាន​ជូន​ដំណើរ​យើង​ទៅ​ក្រៅ​ក្រុង​ហើយ​យើង​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ 6បន្ទាប់មក​យើង​បាន​ជម្រាប​លា​គ្នា​ទៅវិញ​ទៅមក​រួច​យើង​ក៏​ចុះ​សំពៅ​ទៅ​រីឯ​អ្នក​ទាំងនោះ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ។ 7ពេលយើង​បញ្ចប់​ការ​ធ្វើដំណើរ​តាម​សំពៅ​ពី​ក្រុង​ទីរ៉ុស​យើង​ក៏​មក​ដល់​ក្រុង​ផ្ទលេមេ​ហើយ​ក្រោយ​ពី​បាន​ជម្រាបសួរ​ពួក​បងប្អូន​រួច​យើង​ក៏​ស្នាក់នៅ​ជាមួយ​ពួកគេ​មួយ​ថ្ងៃ។ 8នៅថ្ងៃ​បន្ទាប់​យើង​ចេញ​ដំណើរ​ទៀត​ហើយ​មក​ដល់​ក្រុង​សេសារា​រួច​ក៏​ចូល​ទៅ​ស្នាក់នៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព​ជា​អ្នក​ប្រកាស​ដំណឹងល្អ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​ប្រាំពីរ។ 9លោកភីលីព​មាន​កូន​ក្រមុំ​បួន​នាក់​ដែល​ថ្លែង​ព្រះបន្ធូល។ 10កាលយើង​កំពុង​ស្នាក់នៅ​ទី​នោះ​ជា​ច្រើន​ថ្ងៃ​នោះ​មាន​អ្នកនាំ​ព្រះបន្ទូល​ម្នាក់​ឈ្មោះ​អ័ក្កាបុស​បាន​ចុះ​ពី​ស្រុក​យូដា​មក 11ពេលមក​ដល់​យើង​ហើយ​គាត់​ក៏​យក​ខ្សែក្រវាត់​របស់​លោក​ប៉ូល​មក​ចង​ជើង​ដៃ​ខ្លួនឯង​ហើយ​និយាយ​ថា៖ ​«ព្រះ​វិញ្ញាណ​បរិសុទ្ធ​មានបន្ទូល​ប្រាប់​ដូច្នេះ​ថា​ជនជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​នឹង​ចង​ម្ចាស់​ខ្សែក្រវាត់​នេះ​យ៉ាងដូច្នេះ​ដែរ​ហើយ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​សាសន៍ដទៃ»។ 12ពេលឮ​ដូច្នេះ​យើង​ព្រមទាំង​បងប្អូន​នៅស្រុក​នោះ​បាន​អង្វរ​លោក​ប៉ូល​មិន​ឲ្យ​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ឡើយ 13ពេលនោះ​លោក​ប៉ូល​ឆ្លើយ​ថា៖ ​«តើ​អ្នករាល់គ្នា​យំ​ធ្វើ​ឲ្យ​ខ្ញុំ​ខូច​ចិត្ដ​ធ្វើ​អ្វី? ​ដ្បិត​ដើម្បី​ព្រះ​នាម​របស់​ព្រះអម្ចាស់​យេស៊ូ​ខ្ញុំ​មិន​ត្រឹម​តែ​សុខចិត្ដ​ឲ្យ​គេ​ចង​ប៉ុណ្ណោះ​ទេ​គឺ​សុខចិត្ដ​ស្លាប់​នៅ​ក្រុង​យេរូសាឡិម​ទៀត​ផង» 14ពេលគាត់​មិន​ព្រម​ស្ដាប់តាម​ការ​អង្វរ​របស់​យើង​យើង​ក៏​ឈប់​អង្វរ​គាត់​ទៀត​ហើយ​និយាយ​ថា៖ ​«សូម​ឲ្យ​បំណង​របស់​ព្រះអម្ចាស់​បាន​សម្រេច​ចុះ»។ 15ប៉ុន្មានថ្ងៃ​ក្រោយមក​យើង​ក៏​រៀបចំ​ធ្វើដំណើរ​ទៅ​ក្រុង​យេរូសាឡិម 16ហើយមាន​សិស្ស​ខ្លះ​មក​ពី​ក្រុង​សេសារា​បាន​ធ្វើដំណើរ​ទៅ​ជាមួយ​យើង​ដែរ​ព្រមទាំង​នាំ​យើង​ទៅ​ស្នាក់នៅ​ផ្ទះ​របស់​អ្នក​កោះ​គីប្រុស​ម្នាក់​ឈ្មោះ​ម៉្នាសុន​ជា​សិស្ស​ដំបូង​ម្នាក់។ 17កាលយើង​មក​ដល់​ក្រុង​យេរូសាឡិម​ហើយ​ពួក​បងប្អូន​បាន​ស្វាគមន៍​យើង​យ៉ាងរីករាយ។ 18នៅថ្ងៃ​បន្ទាប់​លោក​ប៉ូល​បាន​ចូល​ទៅ​ជួប​លោក​យ៉ាកុប​ជាមួយ​យើង​ហើយ​ចាស់​ទុំ​ទាំង​អស់​បាន​មក​ដែរ។ 19បន្ទាប់ពីជម្រាប​សួរ​អ្នក​ទាំងនោះ​រួច​ហើយ​លោក​ប៉ូល​ក៏​រៀបរាប់​ដោយ​លំអិត​អំពី​កិច្ចការ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ក្នុងចំណោម​សាសន៍ដទៃ​តាមរយៈ​កិច្ចការ​របស់​គាត់។ 20ពេលឮ​ដូច្នេះ​ពួកគេ​ក៏​សរសើរ​តម្កើង​ព្រះជាម្ចាស់​ហើយ​និយាយ​ទៅ​គាត់​ថា៖ ​«បង​អើយ! ​បង​ឃើញ​ស្រាប់​ហើយ​ថា​មាន​មនុស្ស​រាប់ម៉ឺន​នាក់​នៅក្នុង​ចំណោម​ជនជាតិ​យូដា​បាន​ជឿ​និង​មាន​ការ​ប្ដូរផ្ដាច់​តាម​គម្ពីរវិន័យ​ទាំងអស់​គ្នា 21ប៉ុន្ដែពួកគេ​បាន​ឮ​ដំណឹង​អំពី​បង​ថា​បង​បាន​បង្រៀន​ជនជាតិ​យូដា​ទាំងអស់​ដែល​រស់នៅ​ក្នុង​ចំណោម​សាសន៍ដទៃ​ឲ្យ​បោះបង់​សេចក្ដី​បង្រៀន​របស់​លោក​ម៉ូសេ​គឺ​បង​ប្រាប់​ពួកគេ​មិន​ឲ្យ​កាត់ស្បែក​កូន​ចៅ​ឬ​កាន់​តាម​ទំនៀម​ទម្លាប់​ឡើយ 22បើដូច្នេះ​មែន​តើ​ធ្វើ​ដូចម្ដេច​ទៅ? ​ដ្បិត​ពួកគេ​មុខជា​ឮ​ថា​បង​បាន​មក​ដល់​ទីនេះ​ហើយ 23ដូច្នេះសូម​ធ្វើ​តាម​ដែល​យើង​ប្រាប់​បង​ចុះ​ដ្បិត​យើង​មាន​មនុស្ស​បួន​នាក់​កំពុង​ជាប់​បំណន់ 24គឺសូម​បង​នាំ​អ្នក​ទាំងនេះ​ទៅ​ហើយ​ធ្វើ​ពិធី​ជម្រះកាយ​ជាមួយ​ពួកគេ​ព្រមទាំង​ចេញ​ប្រាក់​ឲ្យ​ពួកគេ​កោរ​សក់​ផង​ដើម្បី​ឲ្យ​គ្រប់គ្នា​ដឹង​ថា​សេចក្ដី​ដែល​ពួកគេ​បាន​ឮ​អំពី​បង​នោះ​មិន​ពិត​ទេ​គឺ​បង​បាន​រស់នៅ​ដោយ​កាន់តាម​គម្ពីរវិន័យ​វិញ 25រីឯសាសន៍ដទៃ​ទាំងឡាយ​ដែល​បាន​ជឿ​នោះ​យើង​បាន​សរសេរ​សេចក្ដី​សម្រេច​របស់​យើង​ផ្ញើ​ទៅ​ពួកគេ​រួច​ហើយ​គឺ​ឲ្យ​ពួកគេ​ចៀសវាង​ពី​សំណេន​ដែល​បាន​សែន​ដល់​រូបព្រះ​ពី​ឈាម​ពី​សាច់​សត្វ​ដែល​សម្លាប់​ដោយ​ច្របាច់ក​និង​ពី​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទ»។ 26ពេលនោះ​លោក​ប៉ូល​ក៏​នាំ​អ្នក​ទាំងនោះ​ទៅ​ហើយ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​ធ្វើពិធី​ជម្រះកាយ​ជាមួយ​ពួកគេ​រួច​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ដើម្បី​បញ្ជាក់​អំពី​ថ្ងៃ​នៃ​ការបញ្ចប់​ពិធី​ជម្រះកាយ​និង​តង្វាយ​ដែល​ពួកគេ​ម្នាក់ៗ​ត្រូវ​ថ្វាយ 27ប៉ុន្ដែកាល​ជិត​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​មាន​ពួក​ជនជាតិ​យូដា​មកពី​ស្រុក​អាស៊ី​បាន​ឃើញ​គាត់​នៅក្នុង​ព្រះ​វិហារ​ក៏​ញុះញង់​បណ្ដាជន​ទាំងអស់​ឲ្យ​ចាប់​គាត់ 28ដោយស្រែក​ឡើង​ថា៖ ​«បងប្អូន​អ៊ីស្រាអែល​អើយ! ​មក៍​ជួយ​គ្នា! ​ម្នាក់​នេះ​ហើយ​ដែល​បាន​បង្រៀន​មនុស្ស​ទាំងអស់​នៅ​គ្រប់​ទី​កន្លែង​ឲ្យ​ទាស់​នឹង​ប្រជាជន​របស់​យើង​ទាស់​នឹង​គម្ពីរវិន័យ​របស់​យើង​ហើយ​ទាស់​នឹង​ទីកន្លែង​នេះ​លើស​ពីនេះ​ទៀត​គាត់​បាន​នាំ​ជនជាតិ​ក្រេក​ចូល​មក​ក្នុង​ព្រះ​វិហារ​ហើយ​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​នេះ​ស្មោកគ្រោក​ទៀត» 29ដ្បិតកាល​ពីមុន​ពួកគេ​ធ្លាប់​ឃើញ​លោក​ទ្រភីម​ជា​អ្នក​ក្រុង​អេភេសូរ​នៅ​ក្នុង​ក្រុង​ជាមួយ​លោក​ប៉ូល​នោះ​ពួកគេ​ស្មាន​ថា​លោក​ប៉ូល​បាន​នាំ​អ្នកនោះ​ចូល​ក្នុង​ព្រះ​វិហារ។ 30ពេលនោះ​មាន​ចលាចល​ពេញ​ក្រុង​ទាំង​មូល​មនុស្ស​បាន​រត់​មក​ចោមរោម​ចាប់​លោក​ប៉ូល​អូស​ចេញ​ពី​ព្រះ​វិហារ​ហើយ​បាន​បិទ​ទ្វារ​វិញ​ភ្លាម។ 31ពេលដែល​ពួកគេ​រក​សម្លាប់​គាត់​មេបញ្ជាការ​របស់​កងទាហាន​រ៉ូម​បាន​ដឹង​ដំណឹង​ថា​ក្រុង​យេរូសាឡិម​ទាំងមូល​កំពុង​ស្ថិត​នៅក្នុង​ចលាចល។ 32ដូច្នេះគាត់​ក៏​នាំ​ពួក​នាយទាហាន​និង​ពលទាហាន​រត់​ចុះ​មក​ឯ​ពួកគេ​ភ្លាម។ ​ពេល​ពួកគេ​ឃើញ​មេបញ្ជាការ​និង​ពលទាហាន​ក៏​ឈប់​វាយ​លោក​ប៉ូល 33ពេលនោះមេបញ្ជាការ​ក៏​ចូល​មក​ចាប់​លោក​ប៉ូល​ទាំង​បញ្ជា​ឲ្យ​គេ​ដាក់ខ្នោះ​ច្រវាក់​គាត់​ពីរ​ខ្សែ​ព្រមទាំង​សួរ​ថា​តើ​គាត់​ជា​នរណា​ហើយ​មានរឿង​អ្វី​ខ្លះ 34ប៉ុន្ដែនៅក្នុង​ចំណោម​បណ្ដាជន​មាន​អ្នកខ្លះ​ស្រែក​យ៉ាងនេះ​អ្នកខ្លះ​ស្រែក​យ៉ាងនោះ​ហើយ​ដោយសារ​សំឡេង​អឺងកង​ពេក​មេបញ្ជាការ​មិន​អាច​ដឹង​រឿងអ្វី​ពិតប្រាកដ​ឡើយ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ទៅ​បន្ទាយ។ 35ពេលគាត់​មក​ដល់​ជណ្ដើរ​ហើយ​ដោយព្រោះតែ​អំពើ​ហិង្សា​របស់​បណ្ដាជន​ពួក​ទាហាន​ក៏​ជ្រោង​គាត់​ឡើង 36ដ្បិតមាន​បណ្ដាជន​ច្រើន​កុះករ​នៅតែ​ដើរតាម​ទាំង​ស្រែក​ថា៖ ​«កំចាត់​វា​ចោល​ទៅ!» 37ពេលពួកទាហាន​បម្រុង​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​លោក​ប៉ូល​ក៏​និយាយ​ទៅ​មេបញ្ជាការ​ថា៖ ​«សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ជាមួយ​លោក​បន្តិច​បាន​ឬ​ទេ?» ​មេ​បញ្ជាការ​ក៏​សួរ​ថា៖ ​«អ្នក​ក៏​ចេះ​ភាសា​ក្រេក​ដែរ​ឬ? 38ដូច្នេះតើ​អ្នក​មិន​មែន​ជា​ជនជាតិ​អេស៊ីព្ទ​ដែល​បាន​បង្កើត​ការបះបោរ​ថ្មីៗ​នេះ​ហើយ​នាំ​ឃាតករ​បួន​ពាន់​នាក់​ចូល​ទៅ​ក្នុង​ទីរហោឋាន​ទេ​ឬ?» 39លោកប៉ូល​ឆ្លើយ​ថា៖ ​«ខ្ញុំ​ជា​ជនជាតិ​យូដា​មក​ពី​ក្រុង​តើសុស​ស្រុក​គីលីគា​មិន​មែន​ជា​ប្រជាជន​មក​ពី​ក្រុង​តូចតាច​ទេ​ដូច្នេះ​សូម​លោក​អនុញ្ញាត​ឲ្យ​ខ្ញុំ​និយាយ​ទៅ​កាន់​ប្រជាជន​នេះ​ផង»។ 40ពេលមេ​បញ្ជាការ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ក៏​ឈរ​លើ​ជណ្ដើរ​ទាំង​លើក​ដៃ​ជា​សញ្ញា​ទៅ​ប្រជាជន​នៅ​ពេល​មាន​សភាព​ស្ងាត់​ឈឹង​ហើយ​គាត់​ក៏​និយាយ​ជា​ភាសា​ហេព្រើរ​ទៅ​ពួកគេ​ថា៖
Copyright information for KhmKCB