‏ Acts 22

1«បងប្អូន​និង​ឪពុក​ទាំងឡាយ​អើយ! ​ឥឡូវ​នេះ​សូម​ស្ដាប់​ខ្ញុំ​ឆ្លើយ​ការពារ​សិន!» 2ពេលពួកគេ​ឮ​គាត់​និយាយ​ភាសា​ហេព្រើរ​មក​កាន់​ពួកគេ​ដូច្នេះ​ពួកគេ​កាន់តែ​ស្ញៀមស្ញាត់​ថែម​ទៀត​ហើយ​លោក​ប៉ូល​ក៏​និយាយ​បន្ដ​ថា៖ 3«ខ្ញុំ​ជា​ជនជាតិ​យូដា​សុទ្ធ​កើត​នៅ​ក្រុង​តើសុស​ក្នុង​ស្រុក​គីលីគា​ប៉ុន្ដែ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​នៅ​ក្រុង​នេះ​ព្រមទាំង​បាន​ទទួល​ការអប់រំ​យ៉ាង​តឹងរឹង​ទៅតាម​ក្រឹត្យវិន័យ​ដូនតា​របស់​យើង​ពី​លោក​កាម៉ាលាល​ហើយ​មាន​ចិត្ត​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ដូចជា​អ្នក​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ​ដែរ 4គឺខ្ញុំ​បាន​បៀតបៀន​អ្នក​នៅ​ខាង​មាគ៌ា​នេះ​រហូត​ដល់​សម្លាប់​គេ​ព្រមទាំង​ចាប់ចង​ទាំង​ប្រុស​ទាំង​ស្រី​យក​ទៅ​ដាក់​គុក​ទៀត​ផង 5សូម្បីតែសម្ដេចសង្ឃ​និង​ក្រុម​ប្រឹក្សា​ចាស់ទុំ​ទាំងអស់​ក៏​ជា​សាក្សី​របស់​ខ្ញុំ​ដែរ​ខ្ញុំ​បាន​ទទួល​សំបុត្រ​ពី​លោក​ទាំងនេះ​ឲ្យ​ទៅ​ចាប់ចង​ពួក​បងប្អូន​នៅ​ក្រុង​ដាម៉ាស់​ដើម្បី​នាំ​ខ្លួន​ពួកគេ​យក​មក​ធ្វើ​ទោស​នៅ​ក្រុង​យេរូសាឡិម។ 6ប៉ុន្ដែមាន​រឿង​មួយ​បាន​កើតឡើង​ចំពោះ​ខ្ញុំ​គឺ​ប្រហែល​ជា​នៅ​ពេល​ថ្ងៃត្រង់​ពេល​កំពុង​ធ្វើដំណើរ​ជិត​ដល់​ក្រុង​ដាម៉ាស់​ស្រាប់តែ​មាន​ពន្លឺ​ដ៏​ភ្លឺ​ចិញ្ចាច​មួយ​បាន​ចាំង​ពី​លើ​មេឃ​មក​ជុំវិញ​ខ្ញុំ 7នៅពេល​នោះ​ខ្ញុំ​ក៏​ដួល​ទៅ​លើ​ដី​ហើយ​ឮ​សំឡេង​មួយ​និយាយ​មក​ខ្ញុំ​ថា​សុល​អើយ​សុល! ​ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ? 8ខ្ញុំបាន​ឆ្លើយ​ថា​ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​ជា​នរ​ណា? ​ព្រះអង្គ​មានបន្ទូល​មក​ខ្ញុំ​ថា​ខ្ញុំ​ជា​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែល​អ្នក​កំពុង​បៀតបៀន 9រីឯអស់​អ្នក​ដែល​នៅ​ជាមួយ​ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​នោះ​ដែរ​ប៉ុន្ដែ​មិន​បាន​យល់​ថា​សំឡេង​នោះ​និយាយ​អ្វី​មក​ខ្ញុំ​ទេ 10ហើយខ្ញុំ​ក៏​សួរ​ថា​ព្រះជាម្ចាស់​អើយ! ​តើ​ខ្ញុំ​គួរ​ធ្វើ​ដូចម្ដេច? ​ព្រះជាម្ចាស់​មានបន្ទូល​មក​ខ្ញុំ​ថា​ចូរ​ក្រោក​ឡើង​ហើយ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់​ចុះ​ដ្បិត​នៅ​ទីនោះ​នឹង​មាន​គេ​ប្រាប់​អ្នក​អំពី​កិច្ចការ​ទាំងឡាយ​ដែល​បាន​តម្រូវ​ឲ្យ​អ្នក​ធ្វើ 11ប៉ុន្ដែដោយសារ​តែ​ភាព​រុងរឿង​នៃ​ពន្លឺ​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ងងឹត​ភ្នែក​ពួក​អ្នក​នៅ​ជាមួយ​ខ្ញុំ​បាន​ដឹក​ដៃ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រុង​ដាម៉ាស់។ 12មានមនុស្ស​ម្នាក់​នៅ​ក្រុងនោះ​ឈ្មោះ​អាណានាស​ជា​អ្នក​កោតខ្លាច​ព្រះជាម្ចាស់​ស្រប​ទៅ​តាម​គម្ពីរវិន័យ​និង​មាន​កេរ្ដិ៍ឈ្មោះ​ល្អ​ក្នុងចំណោម​ជនជាតិ​យូដា​ទាំងអស់​ដែល​រស់នៅ​ទីនោះ 13គាត់បាន​មក​ជួប​ខ្ញុំ​ដោយ​ឈរ​និយាយ​ក្បែរ​ខ្ញុំ​ថា​ឱ​បង​សូល​អើយ! ​សូម​ឲ្យ​ភ្នែក​របស់​បង​មើល​ឃើញ​វិញ​ចុះ! ​រំពេច​នោះ​ខ្ញុំ​ក៏​មើល​ឃើញ​គាត់ 14រួចគាត់​និយាយ​ថា​ព្រះ​នៃ​ដូនតា​របស់​យើង​បាន​ជ្រើសរើស​បង​ឲ្យ​ស្គាល់​បំណង​របស់​ព្រះអង្គ​និង​ឲ្យ​ឃើញ​ព្រះ​ដ៏សុចរិត​ព្រមទាំង​ឮ​សំឡេង​ចេញពី​ព្រះ​ឱស្ឋ​របស់​ព្រះអង្គ​ផ្ទាល់ 15ព្រោះបង​នឹង​ធ្វើ​ជា​សាក្សី​ដល់​មនុស្ស​ទាំងអស់​សម្រាប់​ព្រះអង្គ​អំពី​អ្វី​ដែល​បង​បាន​ឃើញ​និង​បាន​ឮ 16ដូច្នេះតើ​បង​នៅ​ចាំ​អ្វី​ទៀត? ​ចូរ​ក្រោកឡើង​ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ព្រមទាំង​អំពាវនាវ​រក​ព្រះនាម​របស់​ព្រះអង្គ​ដើម្បី​លុបលាង​បាប​របស់​បង​ចុះ។ 17មានរឿង​មួយ​បាន​កើតឡើង​ពេល​ខ្ញុំ​ត្រលប់​មក​ក្រុង​យេរូសាឡិម​វិញ​ហើយ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះ​វិហារ​ខ្ញុំ​ក៏​លង់​ក្នុង​សុបិននិមិត្ដ 18ហើយឃើញ​ព្រះអង្គ​មានបន្ទូល​មក​ខ្ញុំ​ថា​ចូរ​ប្រញាប់​ចាកចេញ​ពី​ក្រុង​យេរូសាឡិម​ភ្លាម​ព្រោះ​គេ​មិន​ទទួល​ទីបន្ទាល់​ដែល​អ្នក​បាន​និយាយ​អំពី​ខ្ញុំ​ទេ។ 19ខ្ញុំក៏​ទូល​ថា​ព្រះអម្ចាស់​អើយ! ​ពួកគេ​ដឹង​ស្រាប់​ហើយ​ថា​ខ្ញុំ​បាន​ចាប់​ពួក​អ្នក​ជឿ​ព្រះអង្គ​យក​ទៅ​ដាក់​គុក​ទាំង​វាយ​ដំ​ពួកគេ​នៅ​តាម​សាលាប្រជុំ​នានា​ផង 20ហើយកាល​ពួកគេ​សម្លាប់​លោក​ស្ទេផាន​ដែល​ជា​សាក្សី​របស់​ព្រះអង្គ​ខ្ញុំ​ក៏​ឈរ​នៅ​ទីនោះ​ទាំង​យល់ស្រប​ដែរ​ហើយ​យាម​សម្លៀកបំពាក់​ឲ្យ​ពួក​អ្នក​សម្លាប់​គាត់​ទៀត​ផង។ 21ព្រះអង្គបាន​មានបន្ទូល​មក​ខ្ញុំ​ថា​ចូរ​ចេញ​ទៅ​ព្រោះ​ខ្ញុំ​នឹង​ចាត់​អ្នក​ឲ្យ​ទៅ​ឯ​សាសន៍​ដទៃ​ដែល​នៅ​ឆ្ងាយៗ»។ 22ពេលពួកគេ​ស្ដាប់​លោក​ប៉ូល​ដល់​ត្រឹម​ពាក្យ​នេះ​ក៏​ស្រែក​ឡើង​ថា៖ ​«សូម​កំចាត់​មនុស្ស​បែប​នេះ​ចេញ​ពី​ផែនដី​ទៅ! ​ដ្បិត​វា​មិន​សម​រស់​ទេ» 23ហើយពេល​ពួកគេ​កំពុង​ស្រែក​ទាំង​គ្រវែង​សម្លៀកបំពាក់​ចោល​និង​បាច​ធូលីដី​ទៅ​លើ​អាកាស 24មេបញ្ជាការក៏​បញ្ជា​ឲ្យ​គេ​នាំ​លោក​ប៉ូល​ចូល​ទៅ​ក្នុង​បន្ទាយ​រួច​បង្គាប់​ឲ្យ​គេ​សួរ​ចម្លើយ​គាត់​ដោយ​វាយ​នឹង​ខ្សែតី​ដើម្បី​ឲ្យ​ដឹង​ថា​ហេតុអ្វី​បានជា​បណ្ដាជន​ស្រែក​ជំទាស់​គាត់​ដូច្នេះ 25ប៉ុន្ដែនៅពេល​គេ​កំពុង​ចងសន្ធឹង​លោក​ប៉ូល​ដោយ​ខ្សែ​នោះ​គាត់​ក៏​និយាយ​ទៅ​នាយទាហាន​ម្នាក់​ដែល​ឈរ​នៅ​ទី​នោះ​ថា៖ ​«តើ​ច្បាប់​អនុញ្ញាត​ឲ្យ​ពួក​លោក​វាយ​ជនជាតិ​រ៉ូម​ដោយ​មិន​បាន​កាត់ទោស​ដែរ​ឬ​ទេ?» 26ពេលនាយទាហាន​នោះ​ឮ​ដូច្នេះ​ក៏​ចូល​ទៅ​ប្រាប់​មេបញ្ជាការ​ថា៖ ​«តើ​លោក​ប្រុង​ធ្វើ​អ្វី? ​ដ្បិត​ម្នាក់​នេះ​ជា​ជនជាតិ​រ៉ូម» 27ដូច្នេះមេបញ្ជាការ​ក៏​ចូល​មក​សួរ​លោក​ប៉ូល​ថា៖ ​«ចូរ​ប្រាប់​ខ្ញុំ​មក៍​តើ​អ្នក​ជា​ជនជាតិ​រ៉ូម​ឬ?» ​គាត់​ក៏​ឆ្លើយ​ថា៖ ​«មែន​ហើយ» 28មេបញ្ជាការតប​ថា៖ ​«ខ្ញុំ​ចាយ​ប្រាក់​ច្រើន​ណាស់​ទើប​បាន​សញ្ជាតិ​នេះ» ​នោះ​លោក​ប៉ូល​ក៏​និយាយ​ថា៖ ​«រីឯ​ខ្ញុំ​កើត​មក​មាន​សញ្ជាតិ​នេះ​តែម្ដង» 29ពេលនោះពួក​ទាហាន​ដែល​ប្រុង​សួរ​ចម្លើយ​បាន​ថយ​ចេញ​ពី​គាត់​ភ្លាម​រីឯ​មេបញ្ជាការ​ក៏​ភ័យខ្លាច​ដែរ​ពេល​ដឹង​ថា​លោក​ប៉ូល​ជា​ជនជាតិ​រ៉ូម​ព្រោះ​គាត់​បាន​ឲ្យ​គេ​ចង​លោកប៉ូល។ 30នៅថ្ងៃ​បន្ទាប់​ដោយ​ចង់​ដឹង​ច្បាស់​អំពី​ហេតុផល​ដែល​ជនជាតិ​យូដា​ចោទ​ប្រកាន់​លោក​ប៉ូល​មេបញ្ជាការ​ក៏​ដោះលែង​លោកប៉ូល​ហើយ​បញ្ជា​ពួក​សម្ដេចសង្ឃ​និង​ក្រុមប្រឹក្សាកំពូល​ទាំងអស់​ឲ្យ​ជួបជុំ​គ្នា​រួច​ក៏​នាំ​លោក​ប៉ូល​មក​ឲ្យ​ឈរ​នៅ​ចំពោះមុខ​អ្នក​ទាំងនោះ។
Copyright information for KhmKCB