‏ Acts 23

1លោកប៉ូល​ក៏​សម្លឹង​មើល​ទៅ​ក្រុមប្រឹក្សាកំពូល​រួច​និយាយ​ថា៖ ​«បងប្អូន​អើយ! ​ខ្ញុំ​បាន​រស់នៅ​ចំពោះ​ព្រះជាម្ចាស់​រហូតដល់​ថ្ងៃ​នេះ​ដោយ​មនសិការ​ល្អ​ទាំងអស់» 2ពេលនោះលោក​អាណានាស​ជា​សម្ដេចសង្ឃ​បាន​បញ្ជា​ឲ្យ​ពួក​អ្នក​ឈរ​ក្បែរ​លោក​ប៉ូល​ទះ​មាត់​របស់​គាត់ 3នោះលោក​ប៉ូល​ក៏​និយាយ​ទៅ​សម្ដេចសង្ឃ​ថា៖ ​«នែ៎​កំផែង​លាប​ពណ៌ស​អើយ! ​ព្រះជាម្ចាស់​នឹង​ទះ​អ្នក​វិញ​មិន​ខាន​អ្នក​អង្គុយ​ជំនុំ​ជម្រះ​ខ្ញុំ​តាម​ក្រឹត្យវិន័យ​ប៉ុន្ដែ​បញ្ជា​ឲ្យ​គេ​ទះ​ខ្ញុំ​ដោយ​បំពាន​គម្ពីរវិន័យ​យ៉ាង​ដូច្នេះ​ឬ?» 4នោះពួក​អ្នក​ឈរ​ក្បែរ​គាត់​បាន​និយាយ​ថា៖ ​«ម្ដេច​ឯង​មើលងាយ​សម្ដេចសង្ឃ​របស់​ព្រះជាម្ចាស់​ដូច្នេះ?» 5លោកប៉ូល​ក៏​ឆ្លើយ​ថា៖ ​«បងប្អូន​អើយ! ​ខ្ញុំ​មិន​បាន​ដឹង​ថា​គាត់​ជា​សម្ដេចសង្ឃ​ទេ​ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា​អ្នក​មិន​ត្រូវ​និយាយ​អាក្រក់​ដាក់​អ្នក​ដឹកនាំ​ប្រជាជន​របស់​ខ្លួន​ឡើយ»។ 6ពេលលោក​ប៉ូល​ដឹង​ថា​នៅក្នុង​ក្រុមប្រឹក្សាកំពូល​មាន​គណៈ​សាឌូស៊ី​និង​គណៈ​ផារិស៊ី​ដូច្នេះ​គាត់​ក៏​ស្រែក​ថា៖ ​«បងប្អូន​អើយ! ​ខ្ញុំ​ជា​អ្នកខាង​គណៈ​ផារិស៊ី​និង​ជា​កូនចៅ​របស់​អ្នកខាង​គណៈ​ផារិស៊ី​គេ​ជំនុំ​ជម្រះ​ខ្ញុំ​នេះ​ទាក់ទង​នឹង​សេចក្ដី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់» 7ពេលគាត់​និយាយ​ដូច្នេះ​ហើយ​នោះ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​រវាង​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​និង​ពួកអ្នក​ខាង​គណៈ​សាឌូស៊ី​ហើយ​អង្គប្រជុំ​បាន​បែកបាក់​គ្នា 8ដ្បិតពួក​អ្នកខាង​គណៈ​សាឌូស៊ី​អះអាង​ថា​គ្មាន​ការ​រស់​ឡើង​វិញ​គ្មាន​ទេវតា​ឬ​វិញ្ញាណ​អ្វី​ឡើយ​រីឯ​ពួកអ្នក​ខាង​គណៈ​ផារិស៊ី​វិញ​ទទួល​ស្គាល់​សេចក្ដី​ទាំង​អស់​នេះ។ 9ពេលនោះ​ក៏​មាន​សំឡេង​ទ្រហឹង​អឺងអ័ព្ទ​ហើយ​មាន​ពួក​គ្រូវិន័យ​ខាង​គណៈ​ផារិស៊ី​ខ្លះ​បាន​ក្រោក​តវ៉ា​យ៉ាងខ្លាំង​ថា៖ ​«យើង​ឃើញ​ថា​បុរស​នេះ​គ្មាន​កំហុស​ឡើយ​ប៉ុន្ដែ​ប្រហែល​ជា​មាន​វិញ្ញាណ​ឬ​ទេវតា​ណា​មួយ​និយាយ​មក​គាត់​ទេ​ដឹង?» 10ពេលមាន​ទំនាស់​កាន់តែ​ខ្លាំង​មេបញ្ជាការ​ក៏​បញ្ជា​ទាហាន​ឲ្យ​ចុះ​ទៅ​ដណ្ដើម​យក​លោក​ប៉ូល​ពី​កណ្ដាល​ចំណោម​ពួកគេ​នាំ​ទៅ​ក្នុង​បន្ទាយ​វិញ​ដោយ​ខ្លាចក្រែង​ពួកគេ​ហែក​គាត់​ជា​ចម្រៀក។ 11នៅយប់​បន្ទាប់​ព្រះអម្ចាស់​បាន​ឈរ​ក្បែរ​គាត់​ទាំង​មានបន្ទូល​ថា៖ ​«ចូរ​មាន​ទឹកចិត្ត​ឡើង​ដ្បិត​អ្នក​បាន​ធ្វើបន្ទាល់​អំពី​យើង​នៅ​ក្រុង​យេរូសាឡិម​យ៉ាងណា​អ្នក​ត្រូវ​ធ្វើបន្ទាល់​នៅ​ក្រុង​រ៉ូម​យ៉ាងនោះ​ដែរ»។ 12លុះដល់​ព្រឹក​ឡើង​ពួក​ជនជាតិ​យូដា​បាន​ឃុបឃិត​គ្នា​ទាំង​ស្បថ​ជាមួយ​គ្នា​ថា​ពួកគេ​មិន​បរិភោគ​និង​មិន​ផឹក​ជា​ដាច់ខាត​ទាល់តែ​សម្លាប់​លោក​ប៉ូល​បាន 13ហើយពួក​អ្នក​មាន​ផែនការ​អាក្រក់​នេះ​មាន​គ្នា​ច្រើន​ជាង​សែសិប​នាក់ 14គឺពួកគេ​បាន​ចូល​ទៅ​ប្រាប់​ពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​ថា៖ ​«យើង​បាន​ជាប់​សម្បថ​ជាមួយ​គ្នា​ហើយ​ថា​យើង​មិន​បរិភោគ​ជា​ដាច់ខាត​ទាល់តែ​សម្លាប់​ប៉ូល​បាន 15ដូច្នេះឥឡូវនេះ​សូម​អស់​លោក​ជាមួយ​ក្រុមប្រឹក្សាកំពូល​ប្រាប់​មេបញ្ជាការ​នោះ​ឲ្យ​នាំ​វា​ចុះ​មក​ជួប​អស់​លោក​ហាក់​ដូចជា​អស់​លោក​ចង់​សាកសួរ​អំពី​រឿងក្ដី​របស់​វា​ឲ្យ​បាន​ច្បាស់​ថែម​ទៀត​រីឯ​យើង​ត្រៀមខ្លួន​សម្លាប់​វា​មុន​វា​មក​ដល់» 16ប៉ុន្ដែពេល​ក្មួយប្រុស​របស់​លោក​ប៉ូល​បាន​ឮ​អំពី​ការ​ពួនស្ទាក់​នេះ​គាត់​ក៏​ទៅ​ក្នុង​បន្ទាយ​ហើយ​រាយការណ៍​ប្រាប់​លោក​ប៉ូល។ 17ពេលនោះលោក​ប៉ូល​ក៏​ហៅ​នាយទាហាន​ម្នាក់​មក​ប្រាប់​ថា៖ ​«សូម​នាំ​យុវជន​នេះ​ទៅ​ជួប​លោក​មេបញ្ជាការ​ផង​ដ្បិត​គាត់​មាន​ដំណឹង​រាយការណ៍​ប្រាប់​លោក» 18ដូច្នេះនាយទាហាន​ក៏​នាំ​យក​យុវជន​នោះ​ទៅ​ជួប​មេបញ្ជាការ​ហើយ​ប្រាប់​ថា៖ ​«អ្នក​ទោស​ឈ្មោះ​ប៉ូល​បាន​ហៅ​ខ្ញុំ​ហើយ​សុំ​ឲ្យ​នាំ​យុវជន​នេះ​មក​ជួប​លោក​ព្រោះ​គាត់​មាន​ដំណឹង​ប្រាប់​លោក»។ 19មេបញ្ជាការ​ក៏​ដឹក​ដៃ​យុវជន​នោះ​ទៅ​ដាច់​ពី​គេ​រួច​សួរ​ថា៖ ​«តើ​អ្នក​មាន​ដំណឹង​អ្វី​ប្រាប់​ខ្ញុំ​ឬ?» 20គាត់ក៏​ប្រាប់​ថា៖ ​«ពួក​ជនជាតិ​យូដា​បាន​ព្រមព្រៀង​គ្នា​សុំ​ឲ្យ​លោក​នាំ​លោក​ប៉ូល​ចុះ​ទៅ​ជួប​ក្រុមប្រឹក្សាកំពូល​នៅ​ថ្ងៃស្អែក​ហាក់​ដូចជា​ចង់​សាកសួរ​អំពី​រឿងក្ដី​របស់​គាត់​ឲ្យ​បាន​ច្បាស់​ថែម​ទៀត 21ប៉ុន្ដែសូម​លោក​កុំ​ជឿ​តាម​ពួកគេ​ឲ្យ​សោះ​ដ្បិត​មាន​មនុស្ស​ជាង​សែសិប​នាក់​ក្នុង​ចំណោម​ពួកគេ​កំពុង​ពួនស្ទាក់​ចាំ​សម្លាប់​គាត់​អ្នក​ទាំងនោះ​បាន​ស្បថ​រួម​គ្នា​ថា​មិន​បរិភោគ​និង​មិន​ផឹក​ជា​ដាច់ខាត​ទាល់តែ​សម្លាប់​លោក​ប៉ូល​បាន​ឥឡូវនេះ​ពួកគេ​ត្រៀម​រួចរាល់​អស់​ហើយ​ចាំ​តែ​ការ​យល់ព្រម​ពី​លោក​ប៉ុណ្ណោះ»។ 22ពេលនោះមេបញ្ជាការ​ក៏​ឲ្យ​យុវជន​នោះ​ត្រលប់​ទៅ​វិញ​ទាំង​បង្គាប់​ថា៖ ​«អ្នក​មិន​ត្រូវ​ប្រាប់​នរណា​ម្នាក់​ពី​រឿង​ដែល​អ្នក​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​នេះ​ឡើយ»។ 23បន្ទាប់មកគាត់​ក៏​ហៅ​នាយទាហាន​ពីរ​នាក់​មក​ហើយ​បង្គាប់​ថា៖ ​«ចូរ​រៀបចំ​ទាហាន​ពីររយ​នាក់​ពលសេះ​ចិតសិប​នាក់​និង​ពល​លំពែង​ពីររយ​នាក់​ឲ្យ​ហើយ​ដើម្បី​ទៅ​ក្រុង​សេសារ៉ា​នៅ​វេលា​ម៉ោង​ប្រាំបួន​យប់​នេះ 24ហើយត្រូវ​រៀបចំ​សត្វ​ដើម្បី​ឲ្យ​ប៉ូល​ជិះ​ហើយ​នាំ​គាត់​ទៅ​ឯ​លោក​អភិបាល​ភេលីច​ដោយ​សុវត្ថិភាព» 25រួចមេ​បញ្ជាការ​ក៏​សរសេរ​សំបុត្រ​មួយ​ច្បាប់​មាន​សេចក្ដី​ដូច​តទៅ​នេះ៖ 26«ខ្ញុំ​ក្លូឌាស​លូស៊ា​សូម​គោរព​ជូន​ចំពោះ​លោក​អភិបាល​ភេលីច​ឲ្យ​បាន​ជ្រាប​ថា 27បុរសនេះ​ត្រូវ​ជនជាតិ​យូដា​ចាប់​យក​មក​ហើយ​ពួកគេ​បម្រុង​សម្លាប់​ចោល​ប៉ុន្ដែ​ពេល​ខ្ញុំ​នាំ​ទាហាន​ចូល​ទៅ​រំដោះ​គាត់​ចេញ​ពី​ពួកគេ​នោះ​ទើប​ដឹង​ថា​គាត់​ជា​ជនជាតិ​រ៉ូម 28ហើយដោយ​ចង់​ដឹង​ពី​ករណី​ដែល​ពួកគេ​ចោទ​ប្រកាន់​គាត់​នោះ​ខ្ញុំ​ក៏​នាំ​គាត់​ចុះ​ទៅ​ឯ​ក្រុមប្រឹក្សាកំពូល​របស់​ពួកគេ។ 29ពេលនោះខ្ញុំ​ឃើញ​ថា​ពួកគេ​ចោទ​ប្រកាន់​គាត់​អំពី​បញ្ហា​នៃ​គម្ពីរវិន័យ​របស់​ពួកគេ​ប៉ុណ្ណោះ​ហើយ​ការ​ចោទ​ប្រកាន់​ដែល​មាន​នេះ​មិន​សម​ទោស​ស្លាប់​ឬ​ទោស​ជាប់​ច្រវាក់​ឡើយ 30រួចពេល​ខ្ញុំ​ដឹង​ថា​ពួក​​ជនជាតិ​​យូដា​មាន​ផែនការ​អាក្រក់​ចំពោះ​បុរស​នេះ​ខ្ញុំ​ក៏​បញ្ជូន​គាត់​មក​លោក​ភ្លាម​ទាំង​បង្គាប់​ឲ្យ​ពួក​អ្នក​ដើមចោទ​មក​ឯ​លោក​ដែរ​ដើម្បី​និយាយ​តតាំង​ជាមួយ​គាត់​អំពី​រឿង​ក្ដី​នេះ»។ 31ដូច្នេះពួក​ទាហាន​ក៏​យក​លោក​ប៉ូល​នាំ​ទៅ​ក្រុង​អាន់ទីប៉ាទ្រីស​ទាំង​យប់​តាម​សេចក្ដី​ដែល​បាន​បញ្ជា។ 32នៅថ្ងៃ​បន្ទាប់​ពួក​ទាហាន​បាន​ត្រលប់​មក​ឯ​បន្ទាយ​វិញ​ដោយ​ទុក​ឲ្យ​ពលសេះ​ធ្វើ​ដំណើរ​ជាមួយ​លោក​ប៉ូល 33កាលចូល​ដល់​ក្រុង​សេសារា​ហើយ​ពលសេះ​ក៏​ប្រគល់​សំបុត្រ​ឲ្យ​លោក​អភិបាល​ព្រមទាំង​បង្ហាញ​ខ្លួន​លោក​ប៉ូល​ដល់​គាត់​ដែរ។ 34ពេលលោក​អភិបាល​អាន​សំបុត្រ​នោះ​រួច​គាត់​ក៏​សួរ​លោក​ប៉ូល​ថា​មក​ពី​ស្រុក​ណា​លុះ​ដឹង​ថា​គាត់​មក​ពី​ស្រុក​គីលីគា 35លោកអភិបាល​ក៏​និយាយ​ថា៖ ​«ពេល​ពួក​អ្នក​ដើមចោទ​របស់​អ្នក​មកដល់​ដែរ​ខ្ញុំ​នឹង​ស្ដាប់​អ្នក​ទៀត» ​បន្ទាប់​មក​គាត់​ក៏​បញ្ជា​ឲ្យ​ការពារ​លោក​ប៉ូល​នៅក្នុង​បន្ទាយ​របស់​ស្ដេច​ហេរ៉ូឌ។
Copyright information for KhmKCB