‏ Acts 24

1ប្រាំថ្ងៃ​ក្រោយមក​សម្ដេច​សង្ឃ​អាណានាស​និង​ពួក​ចាស់ទុំ​ខ្លះ​បាន​មក​ជាមួយ​មេធាវី​ម្នាក់​ឈ្មោះ​ទើទូលុស​ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លោក​ប៉ូល​នៅ​មុខ​លោក​អភិបាល។ 2កាលបាន​កោះហៅ​លោក​ប៉ូល​មក​ហើយ​លោក​ទើទូលុស​ក៏​ចាប់ផ្ដើម​ចោទប្រកាន់​ថា៖ ​«ដោយសារ​ការ​យកចិត្ត​ទុកដាក់​និង​ការ​កែទម្រង់​ផ្សេងៗ​របស់​លោក​សម្រាប់​ជនជាតិ​នេះ​ទើប​យើង​មាន​សេចក្ដី​សុខសាន្ដ​បំផុត។ 3ឱលោក​ភេលីច​ជាទីគោរព​អើយ! ​យើង​ខ្ញុំ​សូម​ទទួល​ស្គាល់​ដោយ​ដឹងគុណ​បំផុត​នៅ​គ្រប់​វិស័យ​និង​គ្រប់​ទី​កន្លែង 4ប៉ុន្តែដើម្បី​កុំ​ឲ្យ​រំខាន​លោក​យូរ​សូម​លោក​ស្ដាប់​យើង​ត្រួសៗ​ដោយ​ក្ដី​អនុគ្រោះ​ផង​ចុះ 5ដ្បិតយើង​បាន​ឃើញ​ថា​បុរស​នេះ​ជា​មនុស្ស​ចង្រៃ​ដែល​បាន​បង្ក​ចលាចល​ដល់​ជនជាតិ​យូដា​ទាំងអស់​ពាសពេញ​ពិភពលោក​ហើយ​ជា​មេ​ដឹកនាំ​គណៈ​ណាសារ៉ែត 6គាត់ថែម​ទាំង​ព្យាយាម​បង្អាប់​បង្អោន​ព្រះ​វិហារ​ទៀត​ផង​ដូច្នេះ​បានជា​យើង​ចាប់​គាត់​[​ហើយ​ផ្ដន្ទាទោស​តាម​គម្ពីរវិន័យ​របស់​យើង 7ប៉ុន្តែមេ​បញ្ជាការ​ឈ្មោះ​លូស៊ា​បាន​នាំ​កង​កម្លាំង​មក​ដណ្ដើម​យក​គាត់​ពី​ដៃ​របស់​យើង​ខ្ញុំ 8ហើយបង្គាប់​ឲ្យ​ពួក​ដើមចោទ​របស់​គាត់​មក​ជួប​លោក​]​សូម​លោក​សាកសួរ​ពី​គាត់​ដោយ​ផ្ទាល់​ចុះ​នោះ​លោក​អាច​ដឹង​អំពី​សេចក្ដី​ទាំងប៉ុន្មាន​ដែល​យើង​ចោទប្រកាន់​គាត់»។ 9ពួកជនជាតិ​យូដា​ទាំងនោះ​បាន​យល់ព្រម​ដែរ​ដោយ​បញ្ជាក់​ថា​សេចក្ដី​ទាំងនេះ​ពិត​ជា​ដូច្នេះ​មែន។ 10លោកអភិបាល​ក៏​ងក់ក្បាល​ដាក់​លោក​ប៉ូល​ឲ្យ​និយាយ​លោក​ប៉ូល​ក៏​និយាយ​ថា៖ ​«ដោយ​ដឹង​ថា​លោក​ជា​ចៅក្រម​សម្រាប់​ជាតិ​សាសន៍​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ដូច្នេះ​ខ្ញុំ​សូម​ឆ្លើយ​ការពារ​ចំពោះ​ការ​ចោទប្រកាន់​ខ្ញុំ​នេះ​យ៉ាង​រីករាយ។ 11លោកអាច​ដឹង​បាន​ថា​តាំងពី​ពេល​ដែល​ខ្ញុំ​បាន​ឡើង​ទៅ​ថ្វាយបង្គំ​នៅ​ក្រុង​យេរូសាឡិម​មក​នោះ​មាន​រយៈពេល​មិន​លើស​ពី​ដប់ពីរ​ថ្ងៃ​ទេ 12ហើយពួកគេ​មិន​បាន​ឃើញ​ខ្ញុំ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នកណា​ម្នាក់​នៅក្នុង​ព្រះ​វិហារ​ឬ​បង្ក​ចលាចល​ដល់​បណ្ដាជន​ឡើយ​ទាំង​នៅក្នុង​សាលាប្រជុំ​ឬ​នៅក្នុង​ក្រុង​ក្ដី 13ពួកគេក៏​មិន​អាច​បង្ហាញ​ភស្ដុតាង​ដល់​លោក​អំពី​ករណី​ដែល​ពួកគេ​កំពុង​ចោទប្រកាន់​ខ្ញុំ​នៅ​ពេលនេះ​បាន​ដែរ 14ប៉ុន្តែខ្ញុំ​សូម​ប្រាប់​លោក​អំពី​ការ​នេះ​តាមត្រង់​ថា​យោង​តាម​មាគ៌ា​ដែល​ពួកគេ​ហៅ​ថា​គណៈ​ខុសឆ្គង​នោះ​គឺ​ខ្ញុំ​បាន​បម្រើ​ព្រះ​នៃ​ដូនតា​របស់​យើង​ព្រមទាំង​ជឿ​សេចក្ដី​ទាំងឡាយ​ស្របតាម​គម្ពីរ​វិន័យ​និង​សេចក្ដី​ដែល​បាន​ចែង​ទុក​ក្នុង​គម្ពីរ​អ្នកនាំព្រះបន្ទូល 15ដោយមាន​សេចក្ដី​សង្ឃឹម​លើ​ព្រះជាម្ចាស់​ជា​សេចក្ដី​សង្ឃឹម​ដែល​អ្នក​ទាំងនេះ​ផ្ទាល់​ក៏​ទន្ទឹង​រង់ចាំ​ដែរ​គឺ​នឹង​មាន​ការ​រស់ឡើងវិញ​របស់​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត។ 16ដោយហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ផ្ទាល់​តែងតែ​ខំប្រឹង​ឲ្យ​មាន​មនសិការ​ឥត​បន្ទោស​បាន​ទាំង​នៅ​ចំពោះ​ព្រះជាម្ចាស់​និង​មនុស្ស​ទាំង​ឡាយ​ជានិច្ច 17ប៉ុន្តែច្រើន​ឆ្នាំ​ក្រោយមក​ពេល​ខ្ញុំ​នាំ​តង្វាយ​ព្រមទាំង​ជំនួយ​មក​ឲ្យ​ជាតិ​សាសន៍​របស់​ខ្ញុំ 18នៅពេលនោះ​ពួកគេ​ក៏​ឃើញ​ខ្ញុំ​ធ្វើ​ពិធី​ជម្រះកាយ​នៅក្នុង​ព្រះ​វិហារ​ដោយ​គ្មាន​បណ្ដាជន​ឬ​ចលាចល​ឡើយ 19គឺមានតែ​ពួក​ជនជាតិ​យូដា​ខ្លះ​ដែល​មកពី​ស្រុក​អាស៊ី​ប៉ុណ្ណោះ​ហើយ​បើ​ពួកគេ​មាន​បញ្ហា​អ្វី​មួយ​ទាស់​នឹង​ខ្ញុំ​ពួកគេ​គួរតែ​មក​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ចំពោះ​មុខ​លោក 20ឬក៏​ឲ្យ​អ្នក​ទាំងនេះ​និយាយ​ដោយ​ផ្ទាល់​អំពី​បទ​ល្មើស​ណា​មួយ​ដែល​ពួកគេ​បាន​ឃើញ​នៅ​ពេល​ខ្ញុំ​ឈរ​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាកំពូល​ចុះ 21លើកលែងតែ​ពាក្យ​សំដី​មួយ​នេះ​ប៉ុណ្ណោះ​ដែល​ខ្ញុំ​បាន​ប្រកាស​ពេល​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ថា​អ្នករាល់គ្នា​ជំនុំ​ជម្រះ​ខ្ញុំ​នៅ​ថ្ងៃនេះ​ទាក់ទង​នឹង​ការ​រស់​ឡើង​វិញ​របស់​មនុស្ស​ស្លាប់»។ 22ដោយលោក​ភេលីច​យល់​កាន់តែ​ច្បាស់​អំពី​មាគ៌ា​នេះ​គាត់​ក៏​ផ្អាក​រឿងក្ដី​របស់​ពួកគេ​ដោយ​និយាយ​ថា៖ ​«ពេល​មេ​បញ្ជាការ​លូស៊ា​មក​ដល់​ខ្ញុំ​នឹង​សម្រេច​រឿងក្ដី​ដល់​អ្នករាល់គ្នា» 23រួចលោក​អភិបាល​ក៏​បញ្ជា​ទៅ​នាយទាហាន​ឲ្យ​យាម​លោក​ប៉ូល​ប៉ុន្តែ​ឲ្យ​គាត់​មាន​សេរីភាព​ខ្លះ​គឺ​មិន​ឲ្យ​រារាំង​មនុស្ស​របស់​គាត់​ផ្ទាល់​មក​បម្រើ​គាត់​ទេ។ 24ប៉ុន្មានថ្ងៃ​ក្រោយមក​ពេល​លោក​ភេលីច​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ទ្រូស៊ីល​ដែល​ជា​ជនជាតិ​យូដា​បាន​មកដល់​លោក​ភេលីច​ក៏​កោះ​ហៅ​លោក​ប៉ូល​ឲ្យ​មក​រួច​បាន​ស្ដាប់​លោក​ប៉ូល​អំពី​ជំនឿ​នៅក្នុង​ព្រះ​គ្រិស្ដ​យេស៊ូ 25ប៉ុន្ដែនៅ​ពេល​លោក​ប៉ូល​កំពុង​អធិប្បាយ​អំពី​សេចក្ដី​សុចរិត​និង​ការ​គ្រប់គ្រង​ចិត្ដ​ព្រមទាំង​អំពី​ការ​ជំនុំជម្រះ​ដែល​នឹង​កើត​ឡើង​លោក​ភេលីច​ក៏​មាន​ការ​ភ័យខ្លាច​ហើយ​ប្រាប់​ថា៖ ​«ឥឡូវនេះ​ត្រលប់​ទៅ​សិន​ចុះ​ពេល​ខ្ញុំ​មាន​ឱកាស​ខ្ញុំ​នឹង​កោះ​ហៅ​អ្នក​មក​ម្ដង​ទៀត»។ 26នៅពេល​ជាមួយ​គ្នា​នោះ​ដែរ​គាត់​សង្ឃឹម​ថា​គាត់​នឹង​ទទួល​បាន​ប្រាក់​ពី​លោក​ប៉ូល​ដូច្នេះ​ក៏​ចាត់​គេ​ឲ្យ​ហៅ​លោក​ប៉ូល​មក​និយាយ​គ្នា​ជាមួយ​គាត់​ជា​ញឹកញាប់។ 27លុះពីរ​ឆ្នាំ​កន្លង​ផុត​ទៅ​កាល​លោក​ព័រគាស​ភេស្ទុស​បាន​មក​ទទួល​មុខ​តំណែង​ជំនួស​លោក​ភេលីច​ហើយ​លោក​ភេលីច​ចង់​យក​ចិត្ដ​ពួក​ជនជាតិ​យូដា​ក៏​ទុក​លោក​ប៉ូល​ឲ្យ​ជាប់​គុក​ត​ទៅ​ទៀត។
Copyright information for KhmKCB