‏ Acts 25

1ដូច្នេះពេល​លោក​ភេស្ទុស​មក​ដល់​ស្រុក​នោះ​បាន​បី​ថ្ងៃ​គាត់​ក៏​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា​ទៅ​ក្រុង​យេរូសាឡិម 2ពេលនោះពួក​សម្ដេច​សង្ឃ​និង​ពួក​អ្នកដឹកនាំ​របស់​ជនជាតិ​យូដា​បាន​ប្ដឹង​គាត់​ទាស់នឹង​លោក​ប៉ូល​ទាំង​ទទូច​អង្វរ 3សុំការ​យល់ព្រម​ពី​គាត់​ឲ្យ​បញ្ជូន​លោក​ប៉ូល​មក​ក្រុង​យេរូសាឡិម​វិញ​ព្រោះ​ពួកគេ​បាន​ឃុបឃិត​គ្នា​ដើម្បី​សម្លាប់​លោក​ប៉ូល​តាម​ផ្លូវ 4ប៉ុន្ដែលោក​ភេស្ទុស​ឆ្លើយ​ថា​លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសារា​នៅ​ឡើយ​រីឯ​គាត់​ផ្ទាល់​ក៏​ចង់​ទៅ​ពេល​ឆាប់ៗ​នេះ​ដែរ 5ដូច្នេះគាត់​ក៏​និយាយ​ថា​បើសិនជា​បុរស​នោះ​មាន​កំហុស​អ្វី​សូម​ឲ្យ​ពួក​អ្នក​មាន​ឥទ្ធិពល​ក្នុងចំណោម​អ្នករាល់គ្នា​ទៅ​ជាមួយ​ខ្ញុំ​ដើម្បី​ឲ្យ​ពួកគេ​ចោទ​ប្រកាន់​គាត់​ចុះ»។ 6ពេលបាន​ស្នាក់​នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ឬ​ដប់​ថ្ងៃ​លោក​ភេស្ទុស​ក៏​ចុះ​ទៅ​ឯ​ក្រុង​សេសារា​ហើយ​នៅ​ថ្ងៃ​បន្ទាប់​គាត់​ក៏​អង្គុយ​ក្នុង​សាលាក្ដី​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក 7ពេលលោក​ប៉ូល​មក​ដល់​ពួក​ជនជាតិ​យូដា​ដែល​មក​ពី​ក្រុង​យេរូសាឡិម​ក៏​ឈរ​ព័ទ្ធ​ជុំវិញ​លោក​ប៉ូល​ទាំង​ធ្វើ​ការ​ចោទ​ប្រកាន់​ធ្ងន់ៗ​ច្រើន​ករណី​ទាស់​នឹង​គាត់​ដែល​ពួកគេ​មិន​អាច​បង្ហាញ​ភស្ដុតាង​បាន​ឡើយ 8ប៉ុន្ដែលោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ថា៖ ​«ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​គម្ពីរវិន័យ​របស់​ពួក​ជនជាតិ​យូដា​ឬ​ព្រះ​វិហារ​ឬ​ព្រះចៅអធិរាជ​ឡើយ»។ 9ប៉ុន្ដែដោយ​លោក​ភេស្ទុស​ចង់​ផ្គាប់​ចិត្ដ​ពួក​ជនជាតិ​យូដា​ក៏​សួរ​ចម្លើយ​ទៅ​លោក​ប៉ូល​ថា៖ ​«តើ​អ្នក​សុខចិត្ដ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ដើម្បី​ឲ្យ​ខ្ញុំ​ជំនុំ​ជម្រះ​អំពី​រឿងក្ដី​ទាំងនេះ​នៅ​ទី​នោះ​ដែរ​ឬ​ទេ? 10ពេលនោះលោក​ប៉ូល​ឆ្លើយ​ថា៖ ​«ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​ថា​ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅអធិរាជ​ហើយ​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំ​ជម្រះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ 11បើសិនខ្ញុំ​ធ្វើ​ខុស​ឬ​ធ្វើ​អ្វី​មួយ​សម​ស្លាប់​មែន​នោះ​ខ្ញុំ​មិន​រួញរា​នឹង​ស្លាប់​ឡើយ​ប៉ុន្ដែ​បើ​សេចក្ដី​ដែល​អ្នក​ទាំងនេះ​ចោទប្រកាន់​ខ្ញុំ​គ្មាន​ហេតុផល​ទេ​នោះ​គ្មាន​អ្នកណា​ម្នាក់​អាច​ប្រគល់​ខ្ញុំ​ទៅ​ឲ្យ​ពួកគេ​បាន​ឡើយ​ខ្ញុំ​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ»។ 12ពេលលោក​ភេស្ទុស​ពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​រួច​ហើយ​ក៏​និយាយ​ថា៖ ​«អ្នក​បាន​សូម​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ​ដូច្នេះ​អ្នក​នឹង​ទៅ​ជួប​ព្រះចៅអធិរាជ​មិនខាន!» 13លុះប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ស្ដេច​អ័គ្រីប៉ា​និង​ព្រះនាង​បេរេនីស​បាន​មក​ដល់​ក្រុង​សេសារា​ដើម្បី​សំដែង​ការ​គួរសម​ចំពោះ​លោក​ភេស្ទុស។ 14កាលស្ដេច​ស្នាក់នៅ​ទីនោះ​ជា​ច្រើន​ថ្ងៃ​លោកភេស្ទុស​ក៏​ប្រាប់​ស្ដេច​អំពី​រឿងក្ដី​របស់​លោក​ប៉ូល​ថា៖ ​«មាន​បុរស​ម្នាក់​ជា​អ្នក​ទោស​ដែល​លោក​ភេលីច​ទុក​ឲ្យ​នៅ​ជាប់​ឃុំ 15ហើយពេល​ខ្ញុំ​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ពួក​សម្ដេចសង្ឃ​និង​ពួក​ចាស់ទុំ​របស់​ពួក​ជនជាតិ​យូដា​បាន​ប្រាប់​ខ្ញុំ​អំពី​បុរស​នេះ​ទាំង​ទទូច​សុំ​ការ​ផ្ដន្ទាទោស​ដល់​គាត់ 16ប៉ុន្ដែខ្ញុំ​បាន​ប្រាប់​អ្នក​ទាំងនោះ​ថា​ជនជាតិ​រ៉ូម​គ្មាន​ទម្លាប់​ប្រគល់​មនុស្ស​ណា​ម្នាក់​មុន​ពេល​ដែល​អ្នក​ចុងចោទ​មាន​ឱកាស​ទទួល​បាន​ការការពារ​ខ្លួន​នៅ​មុខ​អ្នក​ដើមចោទ​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ឡើយ 17ដូច្នេះពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទីនេះ​ខ្ញុំ​មិន​បង្អង់​ឡើយ​ក៏​បញ្ជា​ឲ្យ​គេ​នាំ​បុរស​នោះ​មក​ហើយ​ធ្វើ​ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​បន្ទាប់ 18ប៉ុន្តែពេល​ពួក​ដើម​ចោទ​ក្រោក​ឈរ​ចោទប្រកាន់​អំពី​កររណី​របស់​គាត់​នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ 19ដ្បិតពួកគេ​មាន​ជម្លោះ​ជាមួយ​គាត់​អំពី​សាសនា​របស់​ពួកគេ​ផ្ទាល់​និង​អំពី​ម្នាក់​ឈ្មោះ​យេស៊ូ​ដែល​បាន​ស្លាប់​គឺ​ជា​អ្នក​ដែល​ប៉ូល​អះអាង​ថា​នៅ​មាន​ជីវិត 20ហើយដោយ​ខ្ញុំ​មិន​ច្បាស់​ក្នុង​ការ​ស៊ើបអង្កេត​អំពី​បញ្ហា​ទាំងនេះ​ខ្ញុំ​ក៏​សួរ​គាត់​ក្រែងលោ​គាត់​សុខចិត្ត​ទៅ​ឯ​ក្រុង​យេរូសាឡិម​ហើយ​ទទួល​យក​ការ​ជំនុំ​ជម្រះ​ចំពោះ​បញ្ហា​ទាំងនោះ​នៅ​ទីនោះ 21ប៉ុន្ដែពេល​ប៉ូល​សុំ​ឲ្យ​ឃុំ​គាត់​ទុក​ដើម្បី​ប្ដឹង​ឧទ្ធរណ៍​សុំ​សេចក្ដី​សម្រេច​ពី​ព្រះចៅអធិរាជ​ខ្ញុំ​ក៏​បញ្ជា​ឲ្យ​ឃុំ​គាត់​ទុក​រហូតដល់​ពេល​ខ្ញុំ​អាច​បញ្ជូន​គាត់​ទៅ​ព្រះចៅអធិរាជ​បាន»។ 22ពេលនោះស្ដេច​អ័គ្រីប៉ា​មានបន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖ ​«ខ្ញុំ​ផ្ទាល់​ក៏​ចង់​ស្ដាប់​បុរស​នោះ​ដែរ» ​លោក​ភេស្ទុស​ទូល​ថា៖ ​«នៅ​ថ្ងៃ​ស្អៃក​ព្រះអង្គ​នឹង​បាន​ស្ដាប់​គាត់​ហើយ»។ 23ដូច្នេះនៅ​ថ្ងៃ​បន្ទាប់​ស្ដេច​អ័គ្រីប៉ា​និង​ព្រះនាង​បេរេនីស​បាន​យាង​មក​ជាមួយ​ក្បួន​អធិកអធម​ដ៏​អស្ចារ្យ​ហើយ​បាន​ចូល​ទៅ​ក្នុង​សាល​ប្រជុំ​ព្រម​ជាមួយ​ពួក​មេ​បញ្ជាការ​និង​ពួក​អ្នកមុខ​អ្នកការ​ក្នុង​ក្រុង​នោះ។ ​បន្ទាប់មក​លោក​ភេស្ទុស​ក៏​បញ្ជា​ឲ្យ​នាំ​លោក​ប៉ូល​មក 24ដោយនិយាយ​ថា៖ ​«ឱ​ស្ដេច​អ័គ្រីប៉ា​និង​អស់​លោក​ដែល​មាន​វត្ដមាន​នៅ​ទីនេះ​ជាមួយ​យើង​បុរស​ដែល​អស់លោក​ឃើញ​នេះ​ហើយ​ដែល​បណ្ដាជន​នៃ​ពួក​ជនជាតិ​យូដា​ទាំងអស់​ទាំង​នៅ​ក្រុង​យេរូសាឡិម​និង​នៅ​ទីនេះ​បាន​ប្ដឹង​ឧទ្ធរណ៍​មក​ខ្ញុំ​ដោយ​ស្រែក​ថា​គាត់​មិន​សម​រស់នៅ​ទៀត​ទេ 25រីឯខ្ញុំ​ឃើញ​ថា​គាត់​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឡើយ​ប៉ុន្ដែ​ដោយ​គាត់​ផ្ទាល់​បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​ព្រះចៅអធិរាជ​ខ្ញុំ​ក៏​សម្រេច​ថា​នឹង​បញ្ជូន​គាត់​ទៅ 26ប៉ុន្ដែខ្ញុំ​គ្មាន​សំណុំ​រឿង​ច្បាស់លាស់​អំពី​គាត់​សរសេរ​ថ្វាយ​ទៅ​ព្រះចៅអធិរាជ​ទេ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​នាំ​គាត់​មក​នៅ​ចំពោះ​មុខ​អស់លោក​ជា​ពិសេស​ឱ​ស្ដេច​អ័គ្រីប៉ា​អើយ! ​គឺ​នៅ​ចំពោះ​មុខ​ព្រះអង្គ​ដើម្បី​បន្ទាប់​ពី​មាន​ការស៊ើបអង្កេត​ខ្ញុំ​អាច​មាន​សំណុំ​រឿង​សរសេរ​បាន 27ដ្បិតខ្ញុំ​យល់​ឃើញ​ថា​ការ​បញ្ជូន​អ្នកទោស​ទៅ​ដោយ​មិន​បញ្ជាក់​ពី​ទោស​របស់​គេ​នោះ​មិន​សម​ហេតុ​ផល​ទេ»។
Copyright information for KhmKCB