‏ Acts 26

1ពេលនោះ​ស្ដេច​អ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖ ​«អ្នក​មាន​សិទ្ធិ​និយាយ​អំពី​ខ្លួន​ឯង!» ​ដូច្នេះ​លោក​ប៉ូល​ក៏​និយាយ​ការពារ​ខ្លួន​ទាំង​លើក​ដៃ​ថា៖ 2«ឱ​ស្ដេច​អ័គ្រីប៉ា​អើយ! ​ខ្ញុំ​យល់​ឃើញ​ថា​ខ្ញុំ​សំណាង​ណាស់​ថ្ងៃនេះ​ដែល​ខ្ញុំ​កំពុង​ត្រៀម​ឆ្លើយ​ការពារខ្លួន​នៅ​ចំពោះ​មុខ​ព្រះអង្គ​អំពី​សេចក្ដី​ទាំងឡាយ​ដែល​ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ 3ជាពិសេស​ព្រះអង្គ​ដឹង​ច្បាស់​ពី​ទំនៀម​ទម្លាប់​និង​ទំនាស់​ទាំងឡាយ​ក្នុង​ចំណោម​ពួក​ជនជាតិ​យូដា​ដូច្នេះ​ហើយ​សូម​ព្រះអង្គ​ស្ដាប់​ខ្ញុំ​ដោយ​អនុគ្រោះ​ផង 4គឺយ៉ាង​ដូច្នេះ​ជនជាតិ​យូដា​ទាំងអស់​បាន​ដឹង​អំពី​របៀប​រស់នៅ​របស់​ខ្ញុំ​តាំងពី​ជំទង់​មក​ម៉្លេះ​គឺ​តាំងពី​ដំបូង​ដែល​ខ្ញុំ​បាន​រស់​នៅ​ក្នុងចំណោម​ជនជាតិ​របស់​ខ្ញុំ​នៅ​ក្រុង​យេរូសាឡិម 5ហើយដោយព្រោះ​ពួកគេ​បាន​ស្គាល់​ខ្ញុំ​តាំង​ពី​ដើម​មក​ពួកគេ​ធ្វើបន្ទាល់​បាន​បើ​ពួកគេ​ចង់​ធ្វើ​គឺ​ថា​ខ្ញុំ​បាន​រស់នៅ​ស្រប​ទៅតាម​គណៈ​ដ៏​តឹងរ៉ឹង​បំផុត​ក្នុង​សាសនា​របស់​យើង​គឺ​ខាង​គណៈផារិស៊ី 6ប៉ុន្ដែពេលនេះ​ខ្ញុំ​ឈរ​ទទួល​ការ​ជំនុំ​ជម្រះ​ដោយសារ​សេចក្ដី​សង្ឃឹម​លើ​ព្រះបន្ទូល​សន្យា​ដែល​ព្រះជាម្ចាស់​បាន​សន្យា​ជាមួយ​ដូនតា​របស់​យើង។ 7ព្រះបន្ទូលសន្យា​នេះ​ហើយ​ដែល​កុលសម្ព័ន្ធ​ទាំង​ដប់ពីរ​របស់​យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ដោយ​ការខិតខំ​បម្រើ​ព្រះជាម្ចាស់​ទាំង​យប់​ទាំង​ថ្ងៃ​ឱ​ព្រះរាជា​អើយ! ​ពួក​ជនជាតិ​យូដា​បាន​ចោទ​ប្រកាន់​ខ្ញុំ​ដោយសារ​សេចក្ដី​សង្ឃឹម​នេះ​ហើយ 8ហេតុអ្វីបានជា​អ្នករាល់គ្នា​ចាត់ទុក​ការ​ដែល​ព្រះជាម្ចាស់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ជា​ការ​មិន​គួរ​ឲ្យ​ជឿ​ដូច្នេះ? 9ខ្ញុំផ្ទាល់​ក៏​ធ្លាប់​គិត​ថា​ត្រូវតែ​ធ្វើ​កិច្ចការ​ប្រឆាំង​ជាច្រើន​ទាស់​នឹង​នាម​ព្រះ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត 10ខ្ញុំបាន​ធ្វើ​ដូច្នេះ​នៅ​ក្រុង​យេរូសាឡិម​ហើយ​ខ្ញុំ​បាន​ទទួល​សិទ្ធិអំណាច​ពី​សម្ដេចសង្ឃ​ឲ្យ​ចាប់​ពួក​បរិសុទ្ធ​ជា​ច្រើន​ដាក់​គុក​ព្រមទាំង​យល់ព្រម​ពេល​គេ​សម្លាប់​អ្នក​ទាំងនោះ​ទៀត​ផង 11ខ្ញុំដាក់​ទោស​ពួកគេ​ជា​ញឹកញាប់​នៅ​តាម​សាលាប្រជុំ​ទាំងឡាយ​ខ្ញុំ​បាន​បង្ខំ​ពួកគេ​ឲ្យ​ប្រមាថ​ព្រះជាម្ចាស់​ហើយ​ដោយ​ខឹង​ពួកគេ​កាន់តែ​ខ្លាំង​ខ្ញុំ​ក៏​បៀតបៀន​ពួកគេ​រហូត​ដល់​ក្រុង​ដទៃ​ទៀត។ 12ដូច្នេះហើយ​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ដាម៉ាស់​ដោយ​មាន​សិទ្ធិអំណាច​និង​ការ​អនុញ្ញាត​ពី​ពួក​សម្ដេចសង្ឃ 13ឱព្រះរាជា​អើយ! ​នៅ​តាម​ផ្លូវ​គឺ​ពេល​ថ្ងៃ​ត្រង់​ខ្ញុំ​បាន​ឃើញ​ពន្លឺ​មួយ​ជា​ពន្លឺ​ដែល​ភ្លឺ​ជាង​ព្រះអាទិត្យ​បាន​ចាំង​ពី​លើ​មេឃ​មក​ព័ទ្ធជុំវិញ​ខ្ញុំ​និង​ពួក​អ្នក​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ 14ហើយពេល​យើង​ទាំងអស់​គ្នា​ដួល​ទៅ​លើ​ដី​ខ្ញុំ​បាន​ឮ​សំឡេង​មួយ​និយាយ​មក​កាន់​ខ្ញុំ​ជា​ភាសា​ហេព្រើរ​ថា​សុល​អើយ​សុល! ​ហេតុអ្វី​អ្នក​បៀតបៀន​ខ្ញុំ​ដូច្នេះ? ​ដែល​អ្នក​ធាក់​ជន្លួញ​ដូច្នេះ​នោះ​ពិបាក​ដល់​អ្នក​ណាស់ 15ខ្ញុំក៏​សួរ​ថា​ព្រះអម្ចាស់​អើយ! ​តើ​ព្រះអង្គ​ជា​នរ​ណា? ​រួច​ព្រះអម្ចាស់​បាន​មានបន្ទូល​ថា​យើង​ជា​យេស៊ូ​ដែល​អ្នក​កំពុង​បៀតបៀន 16ប៉ុន្ដែចូរ​ក្រោក​ឈរ​ឡើង​ដ្បិត​យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​អ្នក​ឃើញ​នេះ​ដើម្បី​តែងតាំង​អ្នក​ជា​អ្នកបម្រើ​និង​ជា​សាក្សី​អំពី​ហេតុការណ៍​ដែល​អ្នក​បាន​ឃើញ​យើង​ព្រមទាំង​ហេតុការណ៍​ដែល​យើង​នឹង​បង្ហាញ​ដល់​អ្នក 17យើងនឹង​រំដោះ​អ្នក​ពី​ប្រជារាស្ដ្រ​នេះ​ព្រមទាំង​ពី​សាសន៍​ដទៃ​ដែល​យើង​កំពុង​ចាត់​អ្នក​ឲ្យ​ទៅ 18បំភ្លឺភ្នែក​របស់​ពួកគេ​ឲ្យ​បែរចេញ​ពី​សេចក្ដីងងឹត​មក​ឯ​ពន្លឺ​ហើយ​ពី​អំណាច​របស់​អារក្ស​សាតាំង​មក​ឯ​ព្រះជាម្ចាស់​ដើម្បី​ឲ្យ​ពួកគេ​ទទួល​បាន​ការ​លើក​លែង​ទោស​បាប​និង​មរតក​ក្នុងចំណោម​អស់អ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយ​ជំនឿ​លើ​យើង។ 19ឱស្ដេច​អ័គ្រីប៉ា​អើយ! ​តាំង​ពី​នោះ​មក​ខ្ញុំ​មិន​ល្មើស​នឹង​សុបិន​និមិត្ដ​ពី​ស្ថានសួគ៌​នេះ​ទេ 20គឺមុនដំបូង​ខ្ញុំ​បាន​ប្រកាស​ប្រាប់​ពួក​អ្នក​ក្រុង​ដាម៉ាស់​និង​ពួក​អ្នក​ក្រុង​យេរូសាឡិម​ដែរ​ព្រមទាំង​ក្នុង​ស្រុក​យូដា​ទាំង​មូល​និង​ដល់​សាសន៍​ដទៃ​ដើម្បី​ឲ្យ​ពួកគេ​ប្រែចិត្ដ​បែរមក​ឯ​ព្រះជាម្ចាស់​ទាំង​ប្រព្រឹត្ដ​អំពើ​ដែល​ស័ក្ដិសម​នឹង​ការប្រែចិត្ដ។ 21ដោយព្រោះសេចក្ដី​ទាំងនេះ​ហើយ​បានជា​ជនជាតិ​យូដា​ចាប់​ខ្ញុំ​នៅ​ពេល​ខ្ញុំ​នៅ​ក្នុង​ព្រះ​វិហារ​ទាំង​ព្យាយាម​សម្លាប់​ខ្ញុំ 22ប៉ុន្ដែដោយ​មាន​ជំនួយ​ពី​ព្រះជាម្ចាស់​ទើប​ខ្ញុំ​បាន​ឈរ​ធ្វើបន្ទាល់​ប្រាប់​ទាំង​អ្នក​តូច​ទាំង​អ្នក​ធំ​រហូតដល់​ថ្ងៃ​នេះ​ហើយ​ខ្ញុំ​មិន​ដែល​និយាយ​អ្វី​ឡើយ​ក្រៅ​ពី​សេចក្ដី​ដែល​ពួក​អ្នកនាំព្រះបន្ទូល​និង​លោក​ម៉ូសេ​បាន​ថ្លែង​ទុក​ថា​នឹង​កើត​ឡើង 23គឺព្រះ​គ្រិស្ដ​ត្រូវ​រងទុក្ខវេទនា​ហើយ​ដោយសារ​ការ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញ​មុនគេ​បង្អស់​ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជារាស្ដ្រ​នេះ​ព្រមទាំង​សាសន៍​ដទៃ​អំពី​ពន្លឺ​នោះ»។ 24កាលលោក​ប៉ូល​កំពុង​និយាយ​ដើម្បី​ការពារ​ខ្លួន​ពី​សេចក្ដី​ទាំងនេះ​លោក​ភេស្ទុស​ក៏​និយាយ​ដោយ​សំឡេង​ខ្លាំងៗ​ថា៖ ​«ប៉ូល​អើយ! ​ឯង​ឆ្កួត​ហើយ​ឯង​រៀន​ច្រើន​ពេក​បានជា​ឆ្កួត​ដូច្នេះ!» 25ប៉ុន្ដែលោក​ប៉ូល​ឆ្លើយ​ថា៖ ​«លោក​ភេស្ទុស​ជាទីគោរព​អើយ! ​ខ្ញុំ​មិន​ឆ្កួត​ទេ​ដ្បិត​ពាក្យ​ដែល​ខ្ញុំ​កំពុង​និយាយ​ពិត​ហើយ​ត្រឹមត្រូវ 26ដ្បិតព្រះរាជា​ដឹង​អំពី​ហេតុការណ៍​ទាំងនេះ​ស្រាប់​ហើយ​បានជា​ខ្ញុំ​ទូល​ដល់​ព្រះអង្គ​គឺ​ទូល​ដោយ​ក្លាហាន​ទៀត​ផង​ហើយ​ខ្ញុំ​ជឿ​ថា​គ្មាន​ហេតុការណ៍​ណាមួយ​ក្នុង​ចំណោម​ហេតុការណ៍​ទាំងនេះ​លាក់បាំង​ពី​ព្រះរាជា​បាន​ឡើយ​ព្រោះ​ហេតុការណ៍​នេះ​មិន​បាន​កើតឡើង​នៅ​កន្លៀត​ណា​ទេ 27ឱស្ដេច​អ័គ្រីប៉ា​អើយ! ​តើ​ព្រះអង្គ​ជឿ​អ្នកនាំ​ព្រះបន្ទូល​ដែរ​ឬ​ទេ? ​ខ្ញុំ​ដឹង​ថា​ព្រះអង្គ​ជឿ» 28ស្ដេចអ័គ្រីប៉ា​មាន​បន្ទូល​ទៅ​លោក​ប៉ូល​ថា៖ ​«ឯង​កំពុង​បញ្ចុះបញ្ចូល​យើង​ឲ្យ​ត្រលប់ជា​គ្រិស្ដ​បរិស័ទ​ក្នុង​ពេល​តែ​មួយ​ភ្លែត​ឬ!» 29លោកប៉ូល​ក៏​ទូល​ថា៖ ​«ទោះបី​ក្នុង​ពេល​តែ​មួយ​ភ្លែត​ឬ​ក្នុង​ពេល​យូរ​ក៏ដោយ​ក៏​ខ្ញុំ​អធិស្ឋាន​ដល់​ព្រះជាម្ចាស់​មិន​មែន​ត្រឹមតែ​សម្រាប់​ព្រះរាជា​ប៉ុណ្ណោះ​ទេ​គឺ​សម្រាប់​អ្នក​ទាំងអស់​ដែល​កំពុង​ស្ដាប់​ខ្ញុំ​នៅ​ថ្ងៃនេះ​ដែរ​ដើម្បី​ឲ្យ​បាន​ដូច​ជា​ខ្ញុំ​ដែរ​លើក​លែង​តែ​ការ​ជាប់​ច្រវាក់​ទាំងនេះ»។ 30ពេលនោះទាំង​ស្ដេច​ទាំង​ព្រះនាង​បេរេនីស​និង​លោក​អភិបាល​ព្រមទាំង​ពួក​អ្នក​ដែល​អង្គុយ​ជាមួយ​ពួកគេ​បាន​ក្រោកឡើង 31ហើយចេញទៅ​ទាំង​និយាយ​គ្នា​ថា៖ ​«បុរស​នេះ​មិន​បាន​ធ្វើ​អ្វី​សម​នឹង​ស្លាប់​ឬ​ការ​ជាប់​ច្រវាក់​ឡើយ»។ 32ស្ដេចអ័គ្រីប៉ា​មានបន្ទូល​ទៅ​លោក​ភេស្ទុស​ថា៖ ​«បើ​បុរស​នេះ​មិន​បាន​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅអធិរាជ​ទេ​យើង​អាច​ដោះ​លែង​បាន»។
Copyright information for KhmKCB