‏ Acts 27

1នៅពេលគេ​សម្រេច​ឲ្យ​យើង​ចុះ​សំពៅ​ទៅ​ស្រុក​អ៊ីតាលី​ពួកគេ​បាន​ប្រគល់​លោក​ប៉ូល​និង​អ្នកទោស​ខ្លះ​ទៀត​ឲ្យ​ទៅ​ឈ្មោះ​យូលាស​ជា​នាយ​ទាហាន​ម្នាក់​របស់​កងទ័ព​ព្រះចៅ​អធិរាជ 2ដូច្នេះយើង​ក៏​ជិះ​សំពៅ​មួយ​មក​ពី​ក្រុង​អាត្រាមីត​ដែល​បម្រុង​នឹង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ផ្សេងៗ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​អាស៊ី​ហើយ​យើង​បាន​ចេញ​សំពៅ​ទៅ​ដោយ​មាន​លោក​អើរីស្ដាក​ជា​អ្នក​ស្រុក​ម៉ាសេដូន​ទៅ​ជាមួយ។ 3នៅថ្ងៃ​បន្ទាប់​យើង​ក៏​ចូលចត​នៅ​ក្រុង​ស៊ីដូន​ហើយ​លោក​យូលាស​បាន​ប្រព្រឹត្ដ​ចំពោះ​លោក​ប៉ូល​ដោយ​សប្បុរស​គឺ​បាន​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ទៅ​ឯ​មិត្ដភក្ដិ​ដើម្បី​ឲ្យគេ​ជួយ​ឧបត្ថម្ភ​គាត់។ 4បន្ទាប់មកយើង​បាន​ចេញ​សំពៅ​ពីទីនោះ​សរសៀរ​តាម​កោះ​គីប្រុស​ព្រោះ​បញ្ច្រាស​ខ្យល់។ 5ក្រោយពីបាន​ធ្វើដំណើរ​ឆ្លង​កាត់​លំហ​សមុទ្រ​តាម​បណ្ដោយ​ឆ្នេរ​ស្រុក​គីលីគា​និង​ស្រុក​ប៉ាមភីលា​យើង​ក៏​មក​ដល់​ក្រុង​មីរ៉ា​ក្នុង​ស្រុក​លូគា។ 6នៅទីនោះលោក​នាយទាហាន​រក​បាន​សំពៅ​មួយ​មក​ពី​ក្រុង​អ័លេក្សានទ្រា​ដែល​កំពុង​ធ្វើដំណើរ​ទៅ​ស្រុក​អ៊ីតាលី​ដូច្នេះ​គាត់​ក៏​នាំ​យើង​ចុះ​ក្នុង​សំពៅ​នោះ។ 7ពេលធ្វើដំណើរ​សន្សឹមៗ​យ៉ាងពិបាក​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​យើង​ក៏​មក​ដល់​តាម​បណ្ដោយ​ឆ្នេរ​ក្រុង​គ្នីដូស​ដោយ​ខ្យល់​មិន​អនុគ្រោះ​ឲ្យ​យើង​ទៅ​មុខ​ទៀត​យើង​ក៏​ជិះ​សរសៀរ​តាម​កោះ​ក្រេត​ដោយ​​ឆ្លង​កាត់​ជ្រោយ​សាលម៉ូន។ 8បន្ទាប់ពីធ្វើ​ដំណើរ​តាម​បណ្ដោយ​កោះ​នោះ​យ៉ាងពិបាក​មក​យើង​ក៏​មក​ដល់​កន្លែង​មួយ​ឈ្មោះ​កំពង់ផែ​លំអ​នៅ​ជិត​ក្រុង​ឡាសេ។ 9កាលបាន​កន្លង​ផុត​ទៅ​ជាច្រើន​ថ្ងៃ​ហើយ​ការ​ធ្វើដំណើរ​តាម​សំពៅ​ក៏​​លែង​​មាន​សុវត្ថិភាព​ដែរ​ព្រោះ​ថ្ងៃ​បុណ្យ​តមអាហារ​បាន​កន្លង​ផុត​ហើយ​ដូច្នេះ​លោក​ប៉ូល​ក៏​ដាស់តឿន 10ពួកគេថា៖ ​«បងប្អូន​អើយ! ​ខ្ញុំ​យល់​ឃើញ​ថា​ការ​ធ្វើដំណើរ​តាម​សំពៅ​នឹង​មាន​អន្ដរាយ​ព្រមទាំង​មាន​ការខាតបង់​ច្រើន​គឺ​មិន​ត្រឹមតែ​សំពៅ​និង​ទំនិញ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជីវិត​របស់​យើង​ទៀត​ផង» 11ប៉ុន្ដែលោក​នាយទាហាន​ជឿ​អ្នកបើកសំពៅ​និង​ម្ចាស់​សំពៅ​ច្រើន​ជាង​ពាក្យ​សំដី​ដែល​លោក​ប៉ូល​និយាយ។ 12ដោយកំពង់ផែ​នោះ​មិន​អំណោយ​ផល​សម្រាប់​ការ​ស្នាក់នៅ​ក្នុង​រដូវរងា​មនុស្ស​ភាគច្រើន​បាន​សម្រេចចិត្ដ​ចេញ​ដំណើរ​ពីទីនោះ​បើ​យ៉ាងណាៗ​នឹង​ទៅ​ដល់​ស្រុក​ភេនីស​ជា​កំពង់ផែ​មួយ​នៃ​កោះ​ក្រេត​ដែល​បែរ​មុខ​ទៅ​ទិស​និរតី​និង​ទិស​ពាយ័ព្យ​ដើម្បី​ស្នាក់នៅ​ក្នុង​រដូវរងា។ 13ពេលខ្យល់​ទិស​ខាងត្បូង​បក់​រំភើយៗ​ពួកគេ​គិត​ថា​បាន​សម្រេច​បំណង​ក៏​ទាញ​យុថ្កា​ហើយ​ធ្វើដំណើរ​តាម​បណ្ដោយ​កោះ​ក្រេត 14ប៉ុន្ដែមិន​យូរប៉ុន្មាន​ក្រោយមក​ខ្យល់​ព្យុះ​មួយ​ឈ្មោះ​អ៊ើរ៉ាគ្លីដូន​បាន​បោកបក់​ប៉ះ​សំពៅ 15នាំយកទៅហើយ​ដោយ​យើង​មិន​អាច​បើក​បញ្ច្រាស​ខ្យល់​បាន​យើង​ក៏​បណ្ដោយ​សំពៅ​ឲ្យ​រសាត់​តាម​ខ្យល់។ 16កាលបាន​មក​ដល់​ក្បែរ​កោះ​តូច​មួយ​ឈ្មោះ​ក្លូដេ​យើង​អាច​លើក​សំប៉ាន​ឡើង​បាន​យ៉ាងពិបាក។ 17បន្ទាប់ពីលើក​សំប៉ាន​រួច​ហើយ​ពួកគេ​ក៏​ប្រើ​ខ្សែពួរ​ចង​ជុំវិញ​សំពៅ​ហើយ​ដោយ​ខ្លាច​ក្រែងលោ​សំពៅ​កឿង​នៅ​ទឹករាក់​ក្នុង​ឈូង​សមុទ្រ​សៀរទីស​ពួកគេ​ក៏​ទម្លាក់​ក្ដោង​ចុះ​ឲ្យ​សំពៅ​រសាត់​តាម​ខ្យល់ 18ហើយនៅ​ថ្ងៃ​បន្ទាប់​ខ្យល់ព្យុះ​នៅតែ​រុញច្រាន​យើង​យ៉ាងខ្លាំង​ពួកគេ​ក៏​ទម្លាក់​ទំនិញ​ចោល 19រួចនៅ​ថ្ងៃ​ទីបី​ពួកគេ​ក៏​គ្រវែង​ឧបករណ៍​សម្រាប់​សំពៅ​ចោល​ទៀត​ដោយ​ដៃ​របស់​ពួកគេ​ផ្ទាល់។ 20ដោយគ្មាន​ពន្លឺ​ថ្ងៃ​ឬ​ផ្កាយ​បំភ្លឺ​អស់​រយៈពេល​ច្រើន​ថ្ងៃ​ហើយ​ព្យុះ​នៅតែ​បោកបក់​មិន​ថមថយ​សោះ​នៅទីបំផុត​យើង​ក៏​អស់​សង្ឃឹម​ទាំងស្រុង​ថា​នឹង​បាន​រួច​ជីវិត។ 21បន្ទាប់ពីបាន​អត់​អាហារ​ជាច្រើន​ថ្ងៃ​មក​លោក​ប៉ូល​ក៏​ក្រោក​ឈរ​នៅ​កណ្ដាល​ចំណោម​ពួកគេ​ហើយ​និយាយ​ថា៖ ​«ឱ​បងប្អូន​អើយ! ​បងប្អូន​គួរតែ​ស្ដាប់​តាម​ខ្ញុំ​ហើយ​មិន​ចេញ​ដំណើរ​ពី​កោះ​ក្រេត​មក​នោះ​បងប្អូន​នឹង​ចៀស​ផុត​ពី​អន្ដរាយ​និង​ការខាតបង់​យ៉ាងដូច្នេះ​មិនខាន 22ប៉ុន្ដែពេលនេះ​ខ្ញុំ​សូម​ដាស់តឿន​បងប្អូន​ឲ្យ​មាន​ទឹកចិត្ដ​ឡើង​ព្រោះ​គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​អ្នករាល់គ្នា​បាត់បង់​ជីវិត​ឡើយ​លើកលែងតែ​សំពៅ​ប៉ុណ្ណោះ 23ដ្បិតយប់​មិញ​មាន​ទេវតា​របស់​ព្រះជាម្ចាស់​ជា​ព្រះ​របស់​ខ្ញុំ​និង​ជា​ព្រះ​ដែល​ខ្ញុំ​បម្រើ​ដែរ​បាន​ឈរ​ក្បែរ​ខ្ញុំ 24ប្រាប់ថា​ប៉ូល​អើយ! ​កុំ​ខ្លាច​អី​អ្នក​ត្រូវ​ឈរ​នៅចំពោះមុខ​ព្រះចៅ​អធិរាជ​ហើយ​មើល៍​ព្រះជាម្ចាស់​បាន​ប្រទាន​ពួក​អ្នក​ទាំងឡាយ​ដែល​ធ្វើ​ដំណើរ​ជាមួយ​អ្នក​ដល់​អ្នក​ហើយ 25ដូច្នេះបងប្អូន​អើយ! ​ចូរ​រីករាយ​ឡើង​ដ្បិត​ខ្ញុំ​ជឿ​ព្រះជាម្ចាស់​ថា​នឹង​កើតមាន​សព្វគ្រប់​ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​ប្រាប់​ខ្ញុំ 26គឺយើង​ត្រូវ​កឿង​លើ​កោះ​ណាមួយ​មិនខាន»។ 27លុះដល់​យប់​ទីដប់បួន​ពេល​យើង​កំពុង​រសាត់​នៅ​កណ្ដាល​សមុទ្រ​អាឌ្រា​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ពួក​អ្នក​ដើរ​សំពៅ​ក៏​សនិ្នដ្ឋាន​ថា​ពួកគេ​ចូល​ជិត​ដីគោក​ណាមួយ​ហើយ 28ដូច្នេះពេល​ពួកគេ​ស្ទង់​ជម្រៅទឹក​មើល​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​សាមសិប​ប្រាំមួយ​ម៉ែត្រ​លុះ​ទៅ​មុខ​បន្ដិច​ពេល​ពួកគេ​ស្ទង់​ជម្រៅទឹក​មើល​ម្ដងទៀត​ក៏​ឃើញ​ថា​មាន​ជម្រៅ​ប្រហែល​ម្ភៃប្រាំពីរ​ម៉ែត្រ 29ហើយដោយ​ខ្លាច​ក្រែង​សំពៅ​កឿង​នៅ​កន្លែង​ណាមួយ​ពួកគេ​ក៏​ទម្លាក់​យុថ្កា​ទាំង​បួន​ចុះ​ពី​កន្សៃ​សំពៅ​ហើយ​ពួកគេ​ក៏​បន់​ឲ្យ​មាន​ថ្ងៃ​វិញ 30ប៉ុន្ដែពេល​ពួក​អ្នក​ដើរ​សំពៅ​រក​រត់ចេញ​ពី​សំពៅ​ហើយ​សម្រូត​សំប៉ាន​ទៅ​ក្នុង​សមុទ្រ​ដោយ​ធ្វើ​ពុត​ហាក់​ដូចជា​ទម្លាក់​យុថ្កា​ពី​ក្បាល​សំពៅ 31លោកប៉ូល​ក៏​ប្រាប់​លោក​នាយទាហាន​និង​ពួក​ទាហាន​ថា៖ ​«បើ​អ្នក​ទាំងនេះ​មិន​នៅ​ក្នុង​សំពៅ​ទេ​នោះ​អ្នករាល់គ្នា​មិន​អាច​រួច​ជីវិត​បាន​ឡើយ» 32ពេលនោះ​ពួក​ទាហាន​ក៏​កាត់​ផ្ដាច់​ខ្សែ​ចង​សំប៉ាន​ចោល​ហើយ​បណ្ដោយ​ឲ្យ​វា​អណ្ដែត​ទៅ។ 33លុះដល់​ទៀប​ភ្លឺ​លោក​ប៉ូល​បាន​លើក​ទឹកចិត្ដ​ពួកគេ​ទាំងអស់​គ្នា​ឲ្យ​បរិភោគ​អាហារ​ដោយ​និយាយ​ថា៖ ​«ថ្ងៃ​នេះ​ជា​ថ្ងៃ​ទីដប់បួន​ហើយ​ដែល​បងប្អូន​បន្ដ​រង់ចាំ​ដោយ​មិន​បាន​បរិភោគ​អ្វី​សោះ 34ដូច្នេះហើយខ្ញុំ​សូម​លើក​ទឹកចិត្ដ​អ្នករាល់គ្នា​ឲ្យ​បរិភោគ​អាហារ​ចុះ​សម្រាប់​សុខភាព​របស់​អ្នករាល់គ្នា​ដ្បិត​គ្មាន​សក់​មួយ​សរសៃ​ណា​នឹង​ជ្រុះ​ពី​ក្បាល​របស់​អ្នករាល់គ្នា​ឡើយ» 35ពេលនិយាយ​ដូច្នេះ​រួច​គាត់​ក៏​យក​នំប៉័ង​មក​អរព្រះគុណ​ដល់​ព្រះជាម្ចាស់​នៅមុខ​មនុស្ស​ទាំងអស់​គ្នា​ហើយ​ចាប់ផ្ដើម​កាច់​បរិភោគ។ 36ពួកគេមាន​ចិត្ដ​រីករាយ​គ្រប់គ្នា​ហើយ​ក៏​បរិភោគ​អាហារ​ដែរ 37នៅក្នុងសំពៅ​នោះ​មាន​មនុស្ស​ទាំងអស់​ចំនួន​ពីររយ​ចិតសិប​ប្រាំមួយ​នាក់។ 38ពេលពួកគេ​បាន​បរិភោគ​អាហារ​ឆ្អែត​ហើយ​ពួកគេ​ក៏​សម្រាល​សំពៅ​ដោយ​ទម្លាក់​ស្រូវ​ទៅ​ក្នុង​សមុទ្រ 39លុះភ្លឺ​ឡើង​ក៏​ឃើញ​ដីគោក​ដែល​ពួកគេ​មិន​បាន​ស្គាល់​ប៉ុន្ដែ​មាន​ឆកសមុទ្រ​និង​ឆ្នេរខ្សាច់​មួយ​ដូច្នេះ​ពួកគេ​ក៏​សម្រេច​ចិត្ដ​ឲ្យ​សំពៅ​កឿង​នៅ​ទីនោះ​ប្រសិនបើ​អាច​បាន 40ដូច្នេះពួកគេ​ក៏​កាត់​ខ្សែ​ទុក​យុថ្កា​ចោល​នៅក្នុង​សមុទ្រ​ទាំង​ស្រាយ​ខ្សែ​ពី​ចង្កូត​ហើយ​លើក​ក្ដោង​ខាងមុខ​ឡើង​ឲ្យ​ខ្យល់​បក់​តម្រង់​ទៅ​រក​ឆ្នេរ 41ប៉ុន្ដែពេល​មក​ដល់​កន្លែង​សមុទ្រ​ពីរ​ប្រសព្វគ្នា​សំពៅ​ក៏​កឿង​ហើយ​ពេល​ដែល​ក្បាល​សំពៅ​គាំង​នៅ​ជាប់​ទ្រឹង​កន្សៃ​សំពៅ​ក៏​ត្រូវ​កម្លាំង​រលក​បំផ្លាញ​ខ្ទេច។ 42ពេលនោះពួក​ទាហាន​មាន​ផែនការ​ថា​ពួកគេ​ត្រូវ​សម្លាប់​អ្នកទោស​ចោល​ក្រែងលោ​អ្នកណា​ម្នាក់​ហែល​គេច​ខ្លួន 43ប៉ុន្ដែលោក​នាយទាហាន​ចង់​ជួយ​លោក​ប៉ូល​ក៏​រារាំង​ពួកគេ​ពី​ផែនការ​នេះ​គាត់​ក៏​បាន​បញ្ជា​ពួក​អ្នក​ដែល​អាច​ហែល​ទឹក​បាន​ឲ្យ​លោត​ចុះ​ពី​សំពៅ​ហើយ​ឡើង​ទៅ​ដីគោក​មុន 44រីឯអ្នក​ផ្សេងទៀត​អ្នក​ខ្លះ​បណ្ដែត​ខ្លួន​លើ​បន្ទះ​ក្ដារ​អ្នក​ខ្លះ​ទៀត​លើ​បំណែក​ផ្សេងៗ​ពី​សំពៅ​ដូច្នេះ​យើង​បាន​ទៅ​ដល់​ដីគោក​ដោយ​សុវត្ថិភាព​គ្រប់គ្នា។
Copyright information for KhmKCB