‏ Acts 28

1ពេលបាន​រួច​ជីវិត​ហើយ​នោះ​ទើប​យើង​ដឹង​ថា​កោះ​នោះ​ឈ្នោះ​មេលីត 2ហើយពួក​អ្នកកោះ​នោះ​បាន​បង្ហាញ​ចិត្ដ​សប្បុរស​ដល់​យើង​រក​ប្រៀបផ្ទឹម​ពុំ​បាន​ពួកគេ​បាន​បង្កាត់​ភ្លើង​ទទួល​ពួក​យើង​ទាំងអស់​គ្នា​ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ហើយ​ធាតុអាកាស​ក៏​ត្រជាក់។ 3ប៉ុន្ដែពេល​លោក​ប៉ូល​ប្រមូល​អុស​មួយ​ចំនួន​មក​ដាក់​លើ​ភ្លើង​នោះ​មាន​ពស់​វែក​មួយ​ចេញ​មក​ដោយសារ​កំដៅ​ភ្លើង​ហើយ​ចឹក​ដៃ​របស់​គាត់​ជាប់។ 4ពេលពួក​អ្នកកោះ​ឃើញ​ពស់វែក​កំពុង​ព្យួរ​ជាប់​ដៃ​របស់​លោក​ប៉ូល​ពួកគេ​ក៏​និយាយ​គ្នា​ថា៖ ​«មនុស្ស​នេះ​ប្រាកដ​ជា​ឃាតក​ហើយ​ទើប​សេចក្ដី​យុត្ដិធម៌​មិន​ទុក​ឲ្យ​គាត់​រស់​ទោះជា​គាត់​បាន​រួច​ជីវិត​ពី​សមុទ្រ​ក៏ដោយ»។ 5ប៉ុន្ដែលោកប៉ូល​បាន​រលាស់​ពស់​នោះ​ទៅ​ក្នុង​ភ្លើង​ហើយ​គ្មាន​ការឈឺ​ចុកចាប់​អ្វី​ឡើយ។ 6ពួកគេគិត​ថា​គាត់​មុខជា​ហើម​ឬ​ដួល​ស្លាប់​ភ្លាមៗ​មិនខាន​ប៉ុន្ដែ​ពេល​ចាំមើល​យ៉ាងយូរ​ហើយ​មិន​ឃើញ​មាន​អ្វី​ប្លែក​កើតឡើង​ចំពោះ​គាត់​សោះ​ពួកគេ​ក៏​ដូរ​គំនិត​ហើយ​និយាយ​គ្នា​ថា​គាត់​ជា​ព្រះ។ 7មានកន្លែង​មួយ​នៅ​ម្ដុំ​នោះ​ជា​ដី​របស់​មេ​កន្ទ្រាញ​នៃ​កោះ​នោះ​ឈ្មោះ​ពូព្លាស​គាត់​បាន​ស្វាគមន៍​យើង​យ៉ាងរាក់ទាក់​ឲ្យ​ស្នាក់​នៅ​ទីនោះ​បី​ថ្ងៃ 8ពេលនោះឪពុក​លោក​ពូព្លាស​បាន​ដេក​គ្រុន​ទាំង​មាន​រោគមួល​លោក​ប៉ូល​ចូល​ទៅ​អធិស្ឋាន​ដាក់​ដៃ​លើ​គាត់​ប្រោស​គាត់​ឲ្យជា។ 9បន្ទាប់ពីហេតុការណ៍​នេះ​បាន​កើត​ឡើង​អ្នក​ផ្សេង​ទៀត​នៅ​លើ​កោះ​នោះ​ដែល​មាន​ជំងឺ​បាន​នាំ​គ្នា​មក​រក​លោក​ប៉ូល​ហើយ​ក៏​បាន​ជា​ទាំងអស់​គ្នា​ដែរ។ 10ដូច្នេះពួកគេ​បាន​គោរព​យើង​ជាខ្លាំង​ហើយ​ពេល​យើង​ចេញ​ដំណើរ​ពួកគេ​ក៏​បាន​ឧបត្ថម្ភ​អ្វីៗ​តាម​សេចក្ដី​ត្រូវការ​ដែរ។ 11បីខែ​ក្រោយមក​យើង​ក៏​ចេញ​ដំណើរ​តាម​សំពៅ​មួយ​​មកពី​ក្រុង​អ័លេក្សានទ្រា​ដែល​មាន​រូប​ចម្លាក់​កូនភ្លោះ​ព្រះ​ឌីអូស្គូរ​ដែល​បាន​ចត​នៅ​កោះ​នោះ​ក្នុង​រដូវ​រងា 12ហើយពេល​សំពៅ​ចត​នៅ​ក្រុង​ស៊ីរ៉ាគូស​យើង​បាន​ស្នាក់​នៅ​ទីនោះ​បី​ថ្ងៃ 13ចេញពី​ទីនោះ​យើង​បាន​ធ្វើ​ដំណើរ​បត់បែន​ហើយ​ក៏​មក​ដល់​ក្រុង​រេគាម។ ​មួយ​ថ្ងៃ​ក្រោយមក​មាន​ខ្យល់​ពី​ទិស​ខាងត្បូង​មក​យើង​ក៏​មក​ដល់​ក្រុង​ពូទីយ៉ូលី​នៅ​ថ្ងៃ​ទីពីរ 14រួចយើង​បាន​ជួប​ពួក​បងប្អូន​នៅ​ទីនោះ​ពួកគេ​បាន​អញ្ជើញ​យើង​ឲ្យ​ស្នាក់​នៅ​អស់​ប្រាំពីរ​ថ្ងៃ​ហើយ​ដែល​យើង​បាន​មក​ដល់​ក្រុង​រ៉ូម​នោះ​គឺ​យ៉ាងដូច្នេះ 15ពេលពួក​បងប្អូន​ទាំងនោះ​ឮ​ដំណឹង​អំពី​យើង​ពួកគេ​ក៏​មក​រហូតដល់​ផ្សារ​អាប់ភាស​និង​ផ្ទះ​សំណាក់​បី​ខ្នង​ដើម្បី​ជួប​យើង​ហើយ​ពេល​លោក​ប៉ូល​ជួប​ពួកគេ​គាត់​ក៏​អរព្រះគុណ​ព្រះជាម្ចាស់​ទាំង​មាន​ទឹកចិត្ដ​ឡើង​វិញ។ 16ពេលយើង​ចូល​ទៅ​ក្នុង​ក្រុង​រ៉ូម​គេ​អនុញ្ញាត​ឲ្យ​លោក​ប៉ូល​ស្នាក់​នៅ​តែ​ម្នាក់ឯង​ជាមួយ​ទាហាន​ម្នាក់​ដែល​នៅ​យាម​គាត់។ 17បីថ្ងៃ​ក្រោយមក​លោក​ប៉ូល​បាន​ហៅ​ពួក​អ្នក​សំខាន់ៗ​ដែល​ជា​ជនជាតិ​យូដា​មក​ប្រជុំ។ ​ពេល​ពួកគេ​មក​ជួបជុំ​គ្នា​ហើយ​គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖ ​«បងប្អូន​អើយ! ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ប្រឆាំង​ជនជាតិ​ឬ​ទំនៀមទម្លាប់​របស់​ដូនតា​យើង​នេះ​ទេ​ប៉ុន្ដែ​ពួកគេ​បាន​បញ្ជូន​ខ្ញុំ​មក​ក្នុង​ដៃ​របស់​ជនជាតិ​រ៉ូម​ទុក​ដូច​ជា​អ្នកទោស​ពី​ក្រុង​យេរូសាឡិម។ 18រីឯពួក​ជនជាតិរ៉ូម​ពេល​បាន​សាកសួរ​ខ្ញុំ​រួច​ហើយ​ក៏​ចង់​ដោះលែង​ខ្ញុំ​ព្រោះ​ខ្ញុំ​គ្មាន​ទោស​សមនឹង​ស្លាប់​ទេ 19ប៉ុន្ដែពួក​ជនជាតិ​យូដា​បាន​ជំទាស់​ដូច្នេះ​ខ្ញុំ​ក៏​បង្ខំចិត្ដ​ប្ដឹង​ឧទ្ធរណ៍​ដល់​ព្រះចៅ​អធិរាជ​រីឯ​ខ្ញុំ​ផ្ទាល់​មិន​មាន​អ្វី​ចោទប្រកាន់​ជនជាតិ​ឯង​ទេ 20ដោយសារមូលហេតុ​នេះ​ហើយ​បានជា​ខ្ញុំ​អញ្ជើញ​បងប្អូន​មក​ដើម្បី​ជួប​និង​ពិភាក្សា​គ្នា​ព្រោះ​ខ្ញុំ​ជាប់​ច្រវាក់​នេះ​ដោយសារតែ​សេចក្ដី​សង្ឃឹម​របស់​ជនជាតិ​អ៊ីស្រាអែល» 21ពួកគេក៏​ប្រាប់​គាត់​ថា៖ ​«យើង​មិន​បាន​ទទួល​សំបុត្រ​ស្ដី​អំពី​អ្នក​ពី​ស្រុក​យូដា​ទេ​ហើយ​ក៏​គ្មាន​បងប្អូន​ណា​ម្នាក់​មក​ប្រាប់​យើង​ឬ​និយាយ​អ្វី​អាក្រក់​ពី​អ្នក​ដែរ 22ដូច្នេះយើង​ចង់​ស្ដាប់​ចេញ​ពី​អ្នក​ផ្ទាល់​អំពី​អ្វី​ដែល​អ្នក​គិត​ដ្បិត​យើង​ដឹង​ថា​គេ​និយាយ​ប្រឆាំង​គណៈ​នេះ​គ្រប់​ទីកន្លែង» 23ពេលដល់​ថ្ងៃ​ណាត់​ជួប​លោក​ប៉ូល​ពួកគេ​ជាច្រើន​បាន​មក​ជួប​គាត់​នៅ​ផ្ទះ​សំណាក់​គាត់​បាន​ពន្យល់​ដល់​អ្នកទាំងនោះ​ដោយ​ធ្វើបន្ទាល់​ប្រាប់​អំពី​នគរ​ព្រះជាម្ចាស់​តាំងពី​ព្រឹក​រហូតដល់​ល្ងាច​ហើយ​បាន​ពន្យល់​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូ​ចាប់ពី​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​រហូតដល់​គម្ពីរ​អ្នកនាំព្រះបន្ទូល។ 24អ្នកខ្លះ​ក៏​ជឿ​សេចក្ដី​ដែល​លោក​ប៉ូល​បាន​និយាយ​ប៉ុន្ដែ​អ្នក​ខ្លះ​ទៀត​មិនជឿទេ 25ដូច្នេះពេល​ពួកគេ​កំពុង​រំសាយ​ទាំង​ខ្វែង​គំនិត​គ្នា​លោកប៉ូល​ក៏​និយាយ​មួយ​ម៉ាត់​ថា៖ ​«ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ថ្លែង​មក​កាន់​ដូនតា​របស់​អ្នករាល់គ្នា​តាមរយៈ​លោក​អេសាយ​ជា​អ្នកនាំព្រះបន្ទូល​នោះ​ត្រូវ​ណាស់​ថា 26ចូរទៅ​ប្រាប់​ប្រជាជន​នេះ​ថា​អ្នករាល់គ្នា​ឮ​ដោយ​ត្រចៀក​មែន​ប៉ុន្ដែ​មិន​យល់​ឡើយ​ហើយ​អ្នករាល់គ្នា​ឃើញ​ដោយ​ភ្នែក​មែន​ប៉ុន្ដែ​មិន​ស្គាល់​ឡើយ 27ដ្បិតចិត្ដ​ប្រជាជន​នេះ​បាន​ត្រលប់ជា​ស្ពឹក​ត្រចៀក​ធ្ងន់​ពិបាក​ស្ដាប់​ហើយ​គេ​ក៏​បិទ​ភ្នែក​បើមិនដូច្នោះទេ​គេ​មុខជា​មើល​ឃើញ​នឹង​ភ្នែក​ស្ដាប់​ឮ​នឹង​ត្រចៀក​យល់​នៅក្នុង​ចិត្ដ​រួច​ប្រែចិត្ដ​ហើយ​យើង​នឹង​ប្រោស​គេ​ឲ្យជា។ 28ដូច្នេះចូរ​ឲ្យ​អ្នករាល់គ្នា​ដឹង​ចុះ​ថា​សេចក្ដី​សង្គ្រោះ​របស់​ព្រះជាម្ចាស់​នេះ​បាន​បញ្ជូន​ទៅ​ឯ​សាសន៍ដទៃ​ហើយ​នោះ​ពួកគេ​នឹង​ស្ដាប់​មិនខាន» 29[ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​នេះ​រួច​ពួក​ជនជាតិ​យូដា​ក៏​ចេញ​ទៅ​ទាំង​ជជែក​គ្នា​យ៉ាង​ខ្លាំង​]។ 30លោកប៉ូល​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជួល​របស់​គាត់​ពេញ​ពីរ​ឆ្នាំ​ហើយ​គាត់​បាន​ស្វាគមន៍​ពួក​អ្នក​ទាំងឡាយ​ដែល​មក​ជួប​គាត់ 31ទាំងប្រកាស​អំពី​នគរ​ព្រះជាម្ចាស់​និង​បង្រៀន​ពី​សេចក្ដី​ទាំងឡាយ​អំពី​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដោយ​ការបើកចំហ​គ្មាន​ការារាំង​ទាំងអស់។
Copyright information for KhmKCB