‏ Acts 3

1មានពេល​មួយ​នោះ​នៅ​ពេល​អធិស្ឋាន​ម៉ោង​បីរសៀល​លោក​ពេត្រុស​និង​លោក​យ៉ូហាន​បាន​ទៅ​ព្រះ​វិហារ 2ហើយនៅ​ត្រង់​ខ្លោង​ទ្វារ​ព្រះ​វិហារ​ដែល​ហៅ​ថា​ទ្វារ​លំអ​មាន​បុរស​ម្នាក់​ខ្វិន​ពី​កំណើត​ដែល​ត្រូវបាន​គេ​សែង​មក​ដាក់​នៅ​ទីនោះ​រៀងរាល់​ថ្ងៃ​ដើម្បី​សុំ​ទាន​ពី​អស់​អ្នក​ដែល​ចូលទៅ​ក្នុង​ព្រះ​វិហារ។ 3ពេលគាត់​ឃើញ​លោក​ពេត្រុស​និង​លោក​យ៉ូហាន​កំពុង​ចូល​មក​ក្នុង​ព្រះ​វិហារ​នោះ​គាត់​ក៏​សុំ​ទាន​ពីអ្នកទាំងពីរ 4ប៉ុន្ដែលោក​ពេត្រុស​និង​លោក​យ៉ូហាន​បាន​សម្លឹង​មើល​ទៅ​គាត់​រួច​និយាយ​ថា៖ ​«ចូរ​សម្លឹង​មើល​មក​ពួក​យើង!» 5គាត់ក៏​ស្ដាប់​តាម​អ្នក​ទាំង​ពីរ​ដោយ​សង្ឃឹម​ថា​នឹង​ទទួល​បាន​អ្វី​មួយ​ពី​ពួកគេ។ 6ពេលនោះលោក​ពេត្រុស​ប្រាប់​ថា៖ ​«មាស​ប្រាក់​ខ្ញុំ​គ្មាន​ទេ​ប៉ុន្ដែ​អ្វី​ដែល​ខ្ញុំ​មាន​ខ្ញុំ​នឹង​ឲ្យ​អ្នក​គឺ​ក្នុង​ព្រះ​នាម​ព្រះ​យេស៊ូ​គ្រិស្ដ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ចូរ​ក្រោកឡើង​ហើយ​ដើរ​ទៅ!» 7រួចលោក​ពេត្រុស​ក៏​ចាប់​ដៃ​ស្ដាំ​គាត់​ហើយ​លើក​គាត់​ឡើង។ ​ភ្លាមនោះ​ប្រអប់​ជើង​និង​កជើង​របស់​គាត់​ក៏​រឹងមាំ 8គាត់ក៏​ស្ទុះ​ក្រោកឈរ​ឡើង​ដើរ​ទៅមក​ហើយ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ជាមួយ​អ្នកទាំងពីរ​ដោយ​ដើរ​ផង​លោត​ផង​ទាំង​សរសើរ​តម្កើង​ព្រះជាម្ចាស់។ 9ពេលបណ្ដាជន​ទាំងអស់​គ្នា​ឃើញ​គាត់​ដើរ​ទាំង​សរសើរតម្កើង​ព្រះជាម្ចាស់​ដូច្នេះ 10ពួកគេចំណាំ​បាន​ថា​គាត់​ជា​អ្នក​ដែល​បាន​អង្គុយ​សុំ​ទាន​នៅ​ខ្លោង​ទ្វារ​លំអ​នៃ​ព្រះ​វិហារ​នោះ​ពួកគេ​ក៏​នឹកអស្ចារ្យ​ហើយ​ស្ញប់ស្ញែង​យ៉ាងខ្លាំង​ចំពោះ​ហេតុការណ៍​ដែល​កើតឡើង​ដល់​គាត់។ 11កាលគាត់​កំពុង​កៀកដៃ​ជាមួយ​លោក​ពេត្រុស​និង​លោក​យ៉ូហាន​នោះ​បណ្ដាជន​ទាំងអស់​ក៏​រត់មក​ឯ​ពួកគេ​នៅត្រង់​សាលាសំណាក់​មួយ​ដែល​ហៅថា​សាលា​សំណាក់​សាឡូម៉ូន​ទាំង​ស្ញប់ស្ញែង​យ៉ាងខ្លាំង។ 12ពេលលោក​ពេត្រុស​ឃើញ​ដូច្នេះ​គាត់​ក៏​និយាយ​ទៅ​បណ្ដាជន​ទាំងនោះ​ថា៖ ​«ឱ​បងប្អូន​អ៊ីស្រាអែល​អើយ! ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​នឹកអស្ចារ្យ​ចំពោះ​ហេតុការណ៍​នេះ​ដូច្នេះ? ​ហេតុអ្វី​បានជា​អ្នករាល់គ្នា​សម្លឹង​មើល​យើង​ហាក់បី​ដូចជា​យើង​បាន​ធ្វើ​ឲ្យ​បុរស​នេះ​ដើរ​បាន​ដោយសារ​អំណាច​របស់​យើង​ផ្ទាល់​ឬ​ដោយសារ​យើង​គោរព​កោតខ្លាច​ព្រះជាម្ចាស់​ដូច្នេះ? 13ព្រះរបស់​លោក​អ័ប្រាហាំ​លោក​អ៊ីសាក​លោក​យ៉ាកុប​ជា​ព្រះ​នៃ​ដូនតា​របស់​យើង​បាន​លើកតម្កើង​ព្រះ​យេស៊ូ​ជា​អ្នកបម្រើ​ព្រះអង្គ​ដែល​អ្នករាល់គ្នា​បាន​ចាប់​បញ្ជូន​ព្រះអង្គ​និង​បាន​បដិសេធ​នៅចំពោះ​មុខ​លោក​ពីឡាត់​កាល​ដែល​គាត់​សម្រេច​ថា​ដោះលែង​ព្រះអង្គ​នោះ។ 14អ្នករាល់គ្នាបាន​បដិសេធ​ព្រះ​ដ៏​បរិសុទ្ធ​និង​សុចរិត​ហើយ​បែរជា​សុំ​ឲ្យ​គេ​ដោះលែង​ឃាតករ​ឲ្យ​អ្នករាល់គ្នា​វិញ 15អ្នករាល់គ្នាបាន​សម្លាប់​ម្ចាស់​នៃ​ជីវិត​ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​រស់​ពី​ការសោយទិវង្គត​ឡើង​វិញ​រីឯ​យើង​ជា​បន្ទាល់​អំពី​ការនេះ 16ហើយដោយសារ​ជំនឿ​លើ​ព្រះនាម​របស់​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​បុរស​ដែល​អ្នករាល់គ្នា​ឃើញ​និង​ស្គាល់​នេះ​រឹងមាំ​គឺ​ដោយសារ​ជំនឿ​តាមរយៈ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​គាត់​ជា​ទាំង​ស្រុង​នៅចំពោះមុខ​អ្នក​ទាំងអស់​គ្នា។ 17ដូច្នេះបងប្អូន​អើយ! ​ខ្ញុំ​ដឹង​ថា​អ្នករាល់គ្នា​បាន​ប្រព្រឹត្ដ​ដោយ​មិន​ដឹង​ដូច​ដែល​ពួក​អ្នកដឹកនាំ​របស់​អ្នករាល់គ្នា​បាន​ប្រព្រឹត្ដ​ដែរ។ 18ប៉ុន្ដែសេចក្ដី​ដែល​ព្រះជាម្ចាស់​បាន​ប្រកាស​ប្រាប់​ជា​មុន​តាមរយៈ​មាត់​របស់​ពួក​អ្នកនាំព្រះបន្ទូល​ទាំងឡាយ​ថា​ព្រះ​គ្រិស្ដ​របស់​ព្រះជាម្ចាស់​ត្រូវ​រងទុក្ខ​វេទនា​នោះ​ព្រះជាម្ចាស់​បាន​សម្រេច​ការនេះ​តាម​របៀប​នេះឯង។ 19ដូច្នេះចូរ​ប្រែចិត្ដ​ហើយ​វិលមក​ឯ​ព្រះជាម្ចាស់​វិញ​ដើម្បី​ឲ្យ​បាប​របស់​អ្នករាល់គ្នា​បាន​លុប​ចេញ 20និងដើម្បី​ឲ្យ​មាន​ពេល​ល្ហែល្ហើយ​ដែល​មក​ពី​ព្រះ​វត្ដមាន​របស់​ព្រះអម្ចាស់​ព្រមទាំង​ដើម្បី​ឲ្យ​ព្រះអង្គ​ចាត់​ព្រះ​យេស៊ូ​មក​ជាមុន​ជា​ព្រះ​គ្រិស្ដ​ដែល​ព្រះអង្គ​បាន​ជ្រើសរើសទុក​មក​ឯ​អ្នករាល់គ្នា 21ប៉ុន្ដែព្រះយេស៊ូ​នេះ​ត្រូវ​គង់នៅ​ឯ​ស្ថានសួគ៌​រហូតដល់​ពេល​ដែល​ព្រះជាម្ចាស់​ស្ដារ​អ្វីៗ​ទាំងអស់​ឡើង​វិញ​ដូច​ដែល​ព្រះអង្គ​បាន​មានបន្ទូល​មក​តាមរយៈ​មាត់​របស់​ពួក​អ្នកនាំ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ព្រះអង្គ​តាំងពី​ជំនាន់​ដើម។ 22លោកម៉ូសេ​បាន​ថ្លែង​ទុក​ថា​ព្រះអម្ចាស់​ដ៏ជា​ព្រះ​របស់​អ្នករាល់គ្នា​នឹង​តាំង​អ្នកនាំព្រះបន្ទូល​ម្នាក់​ដែល​ដូចជា​ខ្ញុំ​ដែរ​ពី​ក្នុងចំណោម​បងប្អូន​របស់​អ្នករាល់គ្នា​សម្រាប់​អ្នករាល់គ្នា​ចូរ​អ្នករាល់គ្នា​ស្ដាប់​តាម​លោក​គ្រប់​សេចក្ដី​ទាំងអស់​ដែល​លោក​និយាយ​ប្រាប់​អ្នករាល់គ្នា​ចុះ 23រីឯអ្នក​ណា​ដែល​មិន​ព្រម​ស្ដាប់​តាម​អ្នកនាំព្រះបន្ទូល​នោះ​គេ​នឹង​វិនាស​បាត់​ពី​ក្នុងចំណោម​ប្រជារាស្ដ្រ​របស់​ព្រះជាម្ចាស់ 24ហើយអ្នកនាំព្រះបន្ទូល​ទាំងឡាយ​ចាប់ពី​លោក​សាំយូអែល​ព្រមទាំង​អ្នកក្រោយៗ​ទៀត​សុទ្ធតែ​បាន​ប្រកាស​ប្រាប់​ជាមុន​អំពី​គ្រា​នេះ។ 25អ្នករាល់គ្នានេះ​ហើយ​ជា​កូនចៅ​របស់​ពួក​អ្នកនាំព្រះបន្ទូល​និង​ជាកូនចៅ​នៃ​កិច្ចព្រមព្រៀង​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​ជាមួយ​ដូនតា​របស់​អ្នករាល់គ្នា​ដោយ​បាន​មានបន្ទូល​ទៅ​លោក​អ័ប្រាហាំ​ថា​គ្រួសារ​ទាំងអស់​នៅលើ​ផែនដី​នឹង​ទទួល​ពរ​តាមរយៈ​ពូជពង្ស​របស់​អ្នក។ 26ព្រះជាម្ចាស់បាន​ជ្រើសរើស​អ្នកបម្រើ​របស់​ព្រះអង្គ​ហើយ​បាន​ចាត់​លោក​ឲ្យ​មកឯ​អ្នករាល់គ្នា​មុនគេ​ដើម្បី​ប្រទានពរ​ឲ្យ​អ្នករាល់គ្នា​ដោយ​បង្វែរ​អ្នករាល់គ្នា​ចេញ​ពី​សេចក្ដី​អាក្រក់​របស់​អ្នករាល់គ្នា​រៀងៗខ្លួន»។
Copyright information for KhmKCB